គន្លឹះល្អៗ មួួយចំនួនចំពោះអ្នកដែលមិនទាន់មានគោលដៅជីវិតច្បាស់លាស់

ចែករំលែក

 

អ្នកមិនអាចដឹងឡើយថានឹងមានអ្វីកើតឡើងនៅ៥ឆ្នាំបន្ទាប់ ប៉ុន្តែអ្នកអាចដឹងពីអ្វីដែលធ្វើអោយអ្នកមានភាពរីករាយនៅពេលបច្ចុប្បន្ន អញ្ចឹងអ្នកត្រូវតែចាប់ផ្តើមធ្វើរឿងទាំងអស់នោះ។

អ្នកមិនអាចដឹងពីអនាគតទាំងស្រុងរបស់អ្នកបានទេ

ត្រូវចងចាំថា អ្នកមិនអាចដឹងថានឹងមានរឿងអ្វីកើតឡើងនៅពេលខាងមុខនោះទេ។ ជីវិតគឺពោរពេញទៅដោយរឿងរ៉ាវគួរអោយចាប់អារម្មណ៍ជាច្រើន រួមមានទាំងការបត់បែនចុះឡើងដែលធ្វើអោយយើងសឹងមិនជឿទៀតផង ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តធ្វើអ្វីដែលអ្នកពេញចិត្តទោះបីអ្វីដែលអ្នកកំពុងធ្វើ មិនថាជាការងារ ឬក៏ការកំសាន្តនោះឡើយ នោះវានឹងធ្វើអោយដំណើរជីវិតរបស់អ្នកកាន់តែគួរអោយចាប់អារម្មណ៍ និងសប្បាយរីករាយ។ អ្នកប្រហែលជាចូលចិត្តបង្កើត និងកែច្នៃគ្រឿងអលង្ការនៅពេលឥឡូវនេះ ហើយអ្នកក៏ប្រហែលជាអាចលក់គ្រឿងអលង្ការដែលអ្នកបានធ្វើ ហើយ ៥ឆ្នាំក្រោយអ្នកប្រហែលជាក្លាយទៅជាអ្នកច្នៃម៉ូតគ្រឿងអលង្ការដ៏ជោគជ័យម្នាក់ ឬក៏អ្នកអាចចាប់ផ្តើមធ្វើអ្វីមួយផ្សេងពីនេះទៀត។ វាមិនចោទជាបញ្ហាអ្វីនោះឡើយ! អ្នកមានបទពិសោធន៍ក្នុងការច្នៃម៉ូតគ្រឿងអលង្ការដើម្បីជាបង្អែកសម្រាប់អ្នក ហើយវាអាចនឹងជួយអ្នកក្នុងគម្រោងផ្សេងៗដែលទាក់ទងនឹងគ្រឿងអលង្ការនៅពេលអនាគតបាន។

ព្យាយាមធ្វើខ្លួនអោយមានភាពស្រណុកស្រួលនៅក្នុងការលំបាក

ពេលខ្លះជីវិតរបស់មនុស្សយើងគឺមិនមែនសុខស្រួលរហូតនោះទេ។ ពេលខ្លះយើងមិនមានលុយគ្រប់គ្រាន់ដើម្បីធ្វើអ្វីដែលយើងចង់ធ្វើនោះទេ។ ហើយប្រសិនបើអ្នកមានអ្វីដែលអ្នកចង់ធ្វើ ឬចង់បន្ត អញ្ចឹងអ្នកត្រូវតែសម្របខ្លួនរបស់អ្នកជាមួយនឹងរឿងដែលធ្វើអោយអ្នកពិបាកដើម្បីធ្វើរឿងដែលអ្នកចង់ធ្វើ។

ជីវិតគឺមិនទៀងទាត់ឡើយ អញ្ជឹងបណ្តោយតាមណ្នឹងចុះ

មានរឿងជាច្រើនអាចកើតឡើងដែលយើងមិនដឹងមុន។ ខ្ញុំធ្លាប់មានអ្វីៗទាំងអស់។ ខ្ញុំមានការងារដ៏អស្ចារ្យមួយ មានផ្ទះដ៏ស្រស់ស្អាតដែលធ្វើពីឈើក្បាច់រចនាយ៉ាងល្អវិចិត្រ ប៉ុន្តែខ្ញុំត្រូវបានគេបណ្តេញចេញពីការងារ ដូច្នេះខ្ញុំត្រូវបាត់បង់ផ្ទះរបស់ខ្ញុំ មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំទើបតែដឹងថាខ្លួនឯងមានផ្ទៃពោះ។ ពិតជារឿងដ៏អស្ចារ្យមែនដែលអ្វីៗគ្រប់យ៉ាងកើតឡើងត្រឹមពេលមួយអាទិត្យ។ ខ្ញុំគេងនៅលើគ្រែរបស់ខ្ញុំប្រហែលជាពីរបីថ្ងៃ ទាំងមិនសប្បាយចិត្ត ប៉ុន្តែខ្ញុំបានប្រមូលសតិអារម្មណ៍របស់ខ្ញុំអោយត្រលប់មកវិញ ហើយសម្រេចចិត្តរៀបចំផែនការឡើងវិញដោយសំរេចចិត្តផ្លាស់ទៅ រដ្ឋAlaska។ ពេលនោះហើយដែលខ្ញុំបានមានឱកាសចាប់ផ្តើមសារជាថ្មី និងទទួលបានជោគជ័យជាងមុនទៀត។ ដូច្នេះរឿងមិនល្អដែលកើតមានឡើង អាចជាឪកាសមួយធ្វើអោយយើងទទួលបានជោគជ័យ និងអាចមានរឿងល្អកើតឡើងផងដែរ។

ព្យយាមជំនះការរំខានផ្សេងៗជុំវិញខ្លួន និងឈប់ពន្យាពេលការងារទៀត

អ្នកមិនមែននៅក្មេងទៀតឡើយ។ ប្រសិនបើអ្នកមិនឈ្លៀតពេលបន្តក្តីសុបិន្តរបស់អ្នកនោះទេ នោះអ្នកនឹងមើលឃើញខ្លួនឯងនៅទីបញ្ចប់នៃជីវិតដែលគ្មានអ្វីទាំងអស់ក្រៅពី ស្តែធើសផ្សេងៗនៅលើហ្វេសប៊ុក និងកម្មវិធីទូរទស្សន៍ជាច្រើនដែលអ្នកបានមើល។ ប្រសិនបើអ្នកមានភាពច្បាស់លាស់ក្នុងការបន្តក្តីសុបិន្តរបស់អ្នក មិនថាជាអ្នកច្នៃម៉ូតគ្រឿងអលង្ការ អ្នកជិះស្គីដ៏ជំនាញ ជាអ្នកមាន ឬក៏ជាអ្នកល្បីល្បាញនោះទេ នោះអ្នកត្រូវតែធ្វើរឿងដែលអ្នកចង់ធ្វើនោះ។ ចាប់យកជំហានដំបូង បិទហ្វេសប៊ុក អឹលឺតរបស់អ្នក ហើយចាប់ផ្តើមធ្វើការដែលអ្នកចង់ធ្វើ។ អ្នកនឹងមិនដឹងថាអ្នកខ្លួនឯងអស្ចារ្យប៉ុណ្ណានោះទេ នៅពេលដែលអ្នកធ្វើអ្វីដែលអ្នកចង់ធ្វើ។

ព្យាយាមសួរខ្លួនឯង

ចំណាយពេលសម្រាប់ខ្លួនឯង។ សិក្សាពីខ្លួនឯង ធ្វើការតាំងសមាធិ ហើយសរសេររាល់ចំនុចដែលធ្វើអោយអ្នកចាប់អារម្មណ៍ ហើយនិងរឿងដែលអ្នកយល់ថាអ្នកអាចធ្វើវាបានប្រសិនបើអ្នកពុំមានបញ្ហាផ្នែកហិរញ្ញវត្ថុ ឬពេលវេលានោះទេ។ ដាក់គោលដៅអោយធំ តាំងចិត្តអោយស្ងប់ ហើយស្រម៉ៃថាខ្លួនឯងកំពុងធ្វើរឿងអស់ទាំងនោះ។

រៀនធ្វើការងារស្ម័គ្រចិត្ត

ប្រសិនបើអ្នកចាប់អារម្មណ៍លើអ្វីមួយមិនថា អ្នកចាំសួនសត្វឫ អ្វីក៏ដោយ ព្យាយាមសាកល្បងធ្វើវា ទើបយើងដឹងថាវាជាចំណង់ចំណូលចិត្តពិតប្រាកដរបស់យើងមែនឬក៏អត់។ គ្មានក្តីស្រមៃណាអាចក្លាយជាការពិតខ្លួនឯងបានទេប្រសិនបើអ្នកមិនសាកល្បងធ្វើការងារនោះ។

ចេះសន្សំ

ប្រសិនបើអ្នកចង់បន្តក្តីសុបិន្តរបស់អ្នក អ្នកត្រូវរកការងារសមស្របណាមួយដើម្បីរកចំនូលជាទុន ដើម្បីសន្សំទុកក្នុងការសំរេចក្តីបំនងរបស់ខ្លួន។

ចាប់យកឱកាស

ឱកាសផ្សេងៗអាចនឹងមករកអ្នកដល់មុខទ្វារ តែប្រសិនបើអ្នកមិនព្រមបើកទ្វារទទួលយកឱកាសនោះទេ តើអ្នកអាចទាញយកផលប្រយោជន៍ពីឱកាសនោះបានដោយរបៀបណា? អ្នកត្រូវតែចាប់យកឱកាសនៅពេលដែលវាមករកអ្នក ប៉ុន្តែពេលខ្លះឱកាសនោះមកដល់មិនត្រូវពេលវេលា ប៉ុន្តែនោះមិនមែនជាបញ្ហានោះទេ។ ត្រូវចេះចាប់យកឱកាសនៅពេលដែលវាមករកអ្នក បើមិនអញ្ចឹងទេឱកាសនោះអាចនិងត្រូវបានអ្នកដ៏ទៃឆក់យកទៅបាត់។ អ្នកត្រូវតែសំរេចចិត្ត ហើយសាកល្បងធ្វើវា បើទោះបីជាអ្នកស្អប់មិនចូលចិត្តវានៅពេលបច្ចុប្បន្នក៏ដោយ ធ្វើបែបនេះអ្នកនឹងមិនមានការស្តាយក្រោយទៅថ្ងៃមុខនៅពេលដែលអ្នកមិនបានសាកល្បងអ្វីទាំងអស់នោះសោះ។ អញ្ជឹងអ្នកគួរទុកទូរស័ព្ទហើយចាប់ផ្តើមធ្វើឥឡូវនេះ។

អត្ថបទល្អផ្សេងទៀត៖ ដើម្បីជីវិតដ៏រីករាយមួយ នេះជារឿងទាំង ៧ ដែលអ្នកគួរធ្វើជារៀងរាល់ថ្ងៃ

ចូរសួរខ្លួនឯងថា តើរាល់ថ្ងៃអ្នកពេញចិត្តនឹងជីវិតរបស់អ្នកដែររឺទេ? មនុស្សមួយចំនួនប្រាកដជារីករាយ នឹងជីវិតរបស់ពួកគេ ដោយពួកគេពេញចិត្តនឹងអ្វីដែលពួកគេមាន ដូចជាគ្រួសារដ៏កក់ក្ដៅមួយ មិត្តភក្ដិល្អមួយចំនួន មានលុយចាយគ្រប់គ្រាន់ មានការងារសមរម្យ រឺមានការស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួនជាដើម ជាហេតុធ្វើឲ្យជីវិតរបស់ពួកគេមានភាពស្រស់បំព្រង។ ដោយឡែក មនុុស្សមួយចំនួនទៀតប្រហែលជាមិនពេញចិត្តនឹងជីវិតសព្វថ្ងៃរបស់ពួកគេនោះទេ ដោយមូលហេតុផ្សេងៗ ឧទាហរណ៍ ពួកគេមិនមានអ្វីដែលពួកគេចង់បាន។ ប៉ុន្ដែ សុភមង្គលក្នុងជីវិតមិនកើតចេញពីអ្វីដែលយើងមានទាំងស្រុងនោះទេ តែចេញពីសកម្មភាពរឺទង្វើដែលយើងធ្វើ។ ជាក់ស្ដែង  បើប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដ៏សប្បាយរីករាយមួយ អ្នកគួរតែធ្វើរឿងទាំង ៧ ខាងក្រោមនេះ។

១.​ ហាត់ប្រាណ៖ លំហាត់ប្រាណមិនមែនសម្រាប់តែមនុស្សដែលចង់មានរាងស្អាតនោះទេ ប៉ុន្ដែមនុស្សមួយចំនួនធ្វើវាដើម្បីសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។​ អ្នកអាចចំណាយពេលត្រឹមតែ ៧ ទៅ ១០​ នាទីប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ប្រាណ ដែលអាចជួយឲ្យអ្នកមានអារម្មណ៍ល្អ។ បន្ទាប់ពីការធ្វើលំហាត់ប្រាណនេះបានមួយរយៈពេល អ្នកប្រាកដជាបានឃើញពីអត្ថប្រយោជន៍របស់វា។

២. ចំណាយពេលនៅខាងក្រៅ៖ ការនៅខាងក្រៅនេះសំដៅលើពេលវេលាខាងក្រៅផ្ទះ រឺសាលារៀន រឺកន្លែងធ្វើការ ដែលយើងចំណាយពេលសឹងតែពេញមួយថ្ងៃនៅកន្លែងទាំងនោះ។ វាអាចជាការទៅហាត់ប្រាណដូចខាងលើ រឺទៅកន្លែងផ្សេងៗដូចជា ការដើរនៅតាមសួនច្បារ ការដើរទៅនេះទៅនោះបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយ រឺគ្រាន់តែអង្គុយនៅខាងមុខរឺខាងក្រោយមួយភ្លែតក៏បាន។ គេជឿថា ការចំណាយពេលនៅខាងក្រៅ ២០ នាទីក្នុងមួយថ្ងៃអាចជួយបង្កើនកម្រិតភាពរីករាយរបស់អ្នក។

៣. អោយតម្លៃលើគ្រួសារ៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ធាតុដែលសំខាន់បំផុតនិងធ្វើឲ្យជីវិតរបស់មនុស្សស្រស់ស្អាតបំផុតនោះគឺជាគ្រួសារ។ ដូច្នេះហើយ មនុស្សដែលរីករាយនឹងជីវិតតែងចំណាយពេលបន្ដិចបន្ដួចជាមួយគ្រួសាររបស់ពួកគេ ដូចជាពេលញ៉ាំអាហារ រឺពេលនិយាយគ្នាលេងជាដើម។

៤. ធ្វើអំពើល្អ៖ អំពើល្អរបស់មនុស្សមួយចំនួនមិនមែនដើម្បីទទួលបានការតបស្នងនោះទេ ប៉ុន្ដែវាជួយបង្កើនសុភមង្គលក្នុងជីវិតរបស់ពួកគេ។ ការធ្វើអំពើល្អ មិនថាតិចតួច រឺច្រើនក្ដី អាចជួយបំបាត់ភាពតានតឹង ព្រមទាំងធ្វើឲ្យពួកគេមានសុខភាពផ្លូវចិត្តល្អផងដែរ។

៥. ចំណាយពេលជាមួយមិត្តភក្ដិ៖ មិត្តភក្ដិប្រៀបដូចជាគ្រួសារដូច្នេះដែរ គ្រាន់តែអ្នកអាចធ្វើការជ្រើសរើសបាន។ មិនថាអ្នករវល់ប៉ុនណានោះទេ ការចំណាយពេលត្រឹម ៥ រឺ ១០ នាទីនិយាយគ្នា រឺជួបជុំគ្នាអាចកែប្រែជីវិតអ្នកឲ្យកាន់តែស្រស់បំព្រងបាន។

៦.​ ធ្វើអ្វីដែលមានន័យសម្រាប់អ្នក៖ អ្វីដែលមានន័យសម្រាប់អ្នក គឺមានតែអ្នកទេដែលអាចកំណត់វាបាន។ ជីវិតដែលរីករាយអាចកើតមានបាន លុះត្រាតែអ្នកពេញចិត្តនឹងអ្វីដែលអ្នកកំពុងតែធ្វើ។ ប៉ុន្ដែអ្នកក៏អាចស្វែងរកផ្នែកណាមួយនៃការងារដែលធ្វើឲ្យអ្នកមានមោទនភាពរឺសប្បាយចិត្ត ប្រសិនបើអ្នកមិនសូវជាពេញចិត្តនឹងការងារសព្វថ្ងៃ។

៧. គេងឲ្យបានគ្រប់គ្រាន់៖ ជាការពិតណាស់ ការគេងមិនបានគ្រប់គ្រាន់មានផលប៉ះពាល់យ៉ាងខ្លាំង។ នៅពេលក្រោកឡើង អ្នកអាចមានអារម្មណ៍មួរម៉ៅ គិតអ្វីមិនសូវចេញ និងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារនោះទេ។ មិនថារវល់ប៉ុណ្ណានោះទេ មនុស្សដែលរីករាយក្នុងជីវិតតែងគេងឲ្យបាន ៧ ទៅ ​៨ ម៉ោងក្នុងមួយថ្ងៃ។

អ្នកប្រហែលជាគិតថា បើត្រូវចំណាយពេលហាត់ប្រាណផង នៅខាងក្រៅផង នៅជាមួយគ្រួសារផង មិត្តភក្ដិផង ត្រូវធ្វើការ ហើយត្រូវគេងឲ្យបានគ្រប់គ្រាន់ទៀត អញ្ចឹងមនុស្សរវល់ប្រហែលជាមិនអាចរីករាយនឹងជីវិតនោះទេ។ ប៉ុន្ដែ អ្វីដែលអ្នកគួរដឹងនោះគឺ សុភមង្គលក្នុងជីវិតអាចកើតមានបាន ដរាបណាជីវិតអ្នកមានតុល្យភាព ពោលគឺមិនផ្ដោតលើរបស់តែម្យ៉ាងនោះទេ៕

ប្រភព៖ Time

Leave a Reply

Your email address will not be published. Required fields are marked *