ទម្លាប់​ល្អៗ ទំាង ៣យ៉ាង​របស់​បុគ្គល​ជោគជ័យ ដែលពួកគេតែងតែធ្វើ

គំនិត ចែករំលែក

តើមនុស្សខ្លះអាចសម្រេចកិច្ចការបានយ៉ាងច្រើន​ក្នុងពេលតែមួយថ្ងៃដូចម្តេចកើត? តើបុគ្គលទាំងនោះមានសក្តានុពលពីកំណើតដែលមនុស្សផ្សេងទៀតមិនមានមែនទេ? ការពិតមិនមែនបែបនេះទេ វាគ្រាន់តែជាទម្លាប់​ដែលគេធ្វើប្រចាំថ្ងៃតែប៉ុណ្ណោះ។ ដំណឹងល្អគឺថាមនុស្សគ្រប់គ្នាអាចបង្កើតទម្លាប់បែបនេះបាន​៖

១/ មិនធ្វើការគ្មានពេលសម្រាក

ខុសពីការយល់ច្រឡំរបស់មនុស្សភាគច្រើនដែល​គិតថា​មនុស្សជោគជ័យធ្វើការទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាក។ ការយល់ច្រឡំបែបនេះអាចបំផ្លាញសុខភាពមនុស្សទៅវិញទេ។ នៅពេលអ្នកនឿយហត់ផ្លូវចិត្ត អ្នកមិនអាចធ្វើការបានល្អទេ ព្រោះការអស់កម្លាំងកាយចិត្តអាចបណ្តាលឱ្យ​អ្នក​គ្មានអារម្មណ៍ផ្ចង់ផ្តោតលើកិច្ចការដែលកំពុងតែធ្វើ។​ ភាគច្រើននៃមនុស្សជោគជ័យរៀបចំពេលវេលាផ្តោតធ្វើការនីមួយៗយ៉ាងយកចិត្ត​ទុកដាក់​រយៈពេលប្រហែល៤៥ទៅ៦០នាទី រួចសម្រាកប្រហែល១០ទៅ៣០នាទីមុននឹងចាប់ផ្តើមកិច្ចការថ្មីទៀត។ ការផ្តោតចិត្តលើកិច្ចការអ្វីមួយឱ្យអស់ពីកម្លាំងកាយចិត្តនិងមិនខ្វល់ពីការរំខានទាំងពីខាងក្រៅទាំងអារម្មណ៍រវើរវាយខាងក្នុងពិតជាមានឥទ្ធិពលខ្លាំងណាស់ ហើយមានមនុស្សមិនច្រើននាក់ទេដែលធ្វើបែបនេះ។ ផ្ទុយទៅវិញ មនុស្សភាគច្រើនមានទម្លាប់ធ្វើការពីរបីក្នុងពេលតែមួយដោយយល់ច្រឡំថាគេសន្សំពេលបានច្រើន។

 

២/ ហាត់ពត់កាយនិងចិត្តឱ្យចេះធ្វើការ

សព្វថ្ងៃនេះ​មនុស្សជាច្រើន​ព្យាយាមស្វែងរកឧបករណ៍ឬកម្ម​វិធីដែលជួយគេឱ្យធ្វើការបានច្រើន។ ប៉ុន្តែការប្រមូលកម្មវិធីឬឧបករណ៍មកប្រើច្រើនមិនមែនជាមធ្យោបាយល្អបំផុតដើម្បីធ្វើការបានច្រើននោះទេ។ វិធីដែលល្អនិងមិនចាំបាច់ចំណាយអស់ច្រើនគឺត្រូវអភិវឌ្ឍរាងកាយនិងចិត្តឱ្យស្គាល់របៀបធ្វើការប្រកបដោយប្រសិទ្ធភាព។ តើអ្នកគិតថាសុខភាពនិងអាហារូបត្ថម្ភប្រចាំថ្ងៃមានឥទ្ធិពលលើការងារដែលអ្នកធ្វើដែរឬទេ? បើអ្នកឆ្លើយថាទេ សូមគិតម្តងទៀត។ អ្នកត្រូវដឹងថា​បើថាមពល​ សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកមានដំណើរការមិនល្អទេ តើអ្នកអាច​ធ្វើការបានល្អដូចម្តេចកើត? មានមនុស្សច្រើនណាស់ដែលដឹងថាថ្នាំជក់ គ្រឿងស្រវឹង និងអាហារមានជាតិខ្លាញ់ ស្ករ​ និងប្រៃខ្លាំងមិនល្អសម្រាប់សុខភាព ប៉ុន្តែគេហាក់ដូចជាញៀនមិនអាចគ្រប់គ្រងខ្លួនឯងបាននៅចំពោះមុខរបស់ទាំងនេះ។ សហគ្រិនជោគជ័យជាច្រើនមិនត្រឹមតែគិតគូរសុខភាពផ្លូវកាយទេ គេថែមទាំង​មានទម្លាប់​ធ្វើសមាធិជាប្រចាំទៀតដើម្បីហាត់ពត់ចិត្តកុំឱ្យជ្រួលជ្រើម ឬរវើរវាយក្នុងបរិស្ថានសង្គមដែលរវល់មិនឈប់នេះ។

 

៣/ ស្គាល់ពេលត្រូវធ្វើនិងមិនត្រូវធ្វើ

របៀបដែលអ្នកចាប់ផ្តើម​សកម្មភាពក្រោយពេលក្រោកពីដំណេកមានឥទ្ធិពលពេញមួយថ្ងៃលើរបៀបដែលអ្នកធ្វើការ។ បើអ្នកក្រោកពីដំណេកយឺតពេលហើយចាប់ផ្តើមទៅធ្វើការក្នុងរបៀបប្រញាប់ប្រញាល់ខ្វះមុខខ្វះក្រោយ ស្ថានភាពបែបនេះនឹងតាមលងការងារអ្នកពេញមួយថ្ងៃ។ បើអ្នកមានអារម្មណ៍ថាអ្នកហាក់ដូចជាខិតខំរត់តាមពេលវេលា អ្នកនឹងមិនអាចតាមទាន់វារហូត។ ដូច្នេះអ្នកអាចបង្កើតជម្រើសថ្មីគឺក្រោកពីព្រឹកជាងពេលធម្មតាដើម្បីមានពេលធ្វើកិច្ចការផ្ទាល់ខ្លួន​មុននឹងចាប់ផ្តើមធ្វើការប្រចាំថ្ងៃ។ កិច្ចការផ្ទាល់ខ្លួនរបស់មនុស្សជោគជ័យខ្លះមានដូចជា​៖

ផឹកទឹកឱ្យបានមួយលីត្រ អានសៀវភៅលើកទឹកចិត្ត តែមិនបើក Facebook ឬមើលកាសែតទេព្រោះភាគច្រើនសុទ្ធតែពត៌មានមិនល្អ ទទួលទានអាហារពេលព្រឹកដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ ។ល។

 

ប្រភព​៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *