ចំណុចសំខាន់ៗ ៤យ៉ាងដែលអ្នកត្រូវធ្វើ បើសិនជាចង់អោយគេជឿជាក់លើពាក្យសម្ដីរបស់អ្នក

គំនិត ចែករំលែក

ជាទូទៅ​តាម​រយៈ​ការ​ស្លៀកពាក់ សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ទូរសព្ទ​ទំនើប និង​រថយន្ត​ដែល​អ្នក​បើក​ជា​ដើម​គឺ​អាច​ទាញ​ចំណាប់​អារម្មណ៍ និង​ការ​ស្ងើច​ពី​អ្នក​ដទៃ​បាន។

ប៉ុន្តែ​ការ​បង្អួត​សម្ភារៈ​មិន​មាន​ប្រសិទ្ធភាព​ដូច​សម័យ​មុន​ទៀត​ទេ។ វិធី​ដែល​មាន​ប្រសិទ្ធភាព និង​មាន​ឥទ្ធិពល​យូរ​បំផុត​នៃ​ការ​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរ​គឺ​តាម​រយៈ​ការ​សន្ទនា​ប្រកប​ដោយ​អត្ថន៍យ​ជា​មួយ​ពួក​គេ។
អ្នក​អាច​គិត​​មួយ​ខណៈ​ខ្លី​ និង​ធ្វើ​បញ្ជី​ឈ្មោះ​មុស្ស​ដែល​ធ្វើ​អោយ​អ្នក​ចាប់​អារម្មណ៍ និង​ស្ងើច​សរសើរ​កាល​ពី​អតីតកាល។ ប្រាកដ​ណាស់​មនុស្ស​​ភាគ​ច្រើន​ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​អ្នក​គឺ​មិន​មែន​ជា​មនុស្ស​ទ្រព្យ ឬសម្ភារៈ​ទេ ប៉ុន្តែ​គឺ​ជា​មនុស្ស​មាន​ចំណេះដឹង មនុស្ស​ឆ្លាត ឬ​ពូ​កែ​កំប្លែង ជាពិសេស​គឺ​ពេល​និយាយ​ជាមួយ​អ្នក។

ដូច្នេះ​មិន​ថា អ្នក​ត្រូវ​ការ​អោយ​គេ​ចាប់​អារម្មណ៍​ដើម្បី​ទទួល​បាន​ការងារ ចៅហ្វាយ​ដំឡើង​តំណែង ឬ​ដើម្បី​ធ្វើ​អោយ​មិត្ត​ភាព​កាន់​តែ​ប្រសើរ​ឡើង​ទេ មាន​អាថ៌កំបាំង​បួន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​បាន៖

 

១៖ រក្សា​ទំនុក​ចិត្ត​លើ​ជំនឿ​ជាក់​របស់​អ្នក

ការ​ពិត​នៅ​ក្នុង​លោក​នេះ​គឺ គ្មាន​អ្នក​ណា​​ម្នាក់​​ត្រូវ​គ្រប់​ពេល​វេលា​នោះ​ទេ។ យើង​អាច​ខុស​ពី​រឿង​ពិត​ ជំនឿ ឬ​ការ​​វិនិច្ឆ័យ​ណា​មួយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​តែង​តែ​សង្ស័យ​លើ​ខ្លួន​ឯង អ្នក​នឹង​ឃ្លាត​ឆ្ងាយ​ពី​ការ​តាំង​ជំហរ​លើ​ជំនឿ​របស់​អ្នក អ្នក​នឹង​មិន​អាច​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍​​អ្នក​ទេ។

 

គ្មាន​អ្វី​គួរ​អោយចាប់​អារម្មណ៍​ជាង​ការ​និយាយ​ជាមួយ​មនុស្ស​ម្នាក់​ដែល​លើក​រឿង​មួយ​ឡើង​ជាមួយ​នឹង​មូលហេតុ​គាំទ្រ​ដ៏​ស័ក្ដិសម​នោះ​ទេ។ មនុស្ស​ដែល​មាន​គំនិត​លើ​បញ្ហា​តែង​ទទួល​បាន​ការ​គោរព​ជាង​មនុស្ស​ដែល​មាន​មន្ទិល​លើ​ហេតុ​ផល​ និង​ប្រាជ្ញា​របស់​ខ្លួន។ ដូច្នេះ​ដើម្បី​ធ្វើ​អោយ​អ្នក​ដទៃ​ចាប់​អារម្មណ៍ អ្នក​ត្រូវ​តែ​និយាយ​ដោយ​ការ​ជឿជាក់ ប៉ុន្តែ​មិន​បង្ហាញ​ពី​​អត្តនោម័តិ​នោះ​ទេ។

 

២៖ លើក​សរសើរ​គេ​ដោយ​ចំៗ

អ្នក​ជំនាញ​​ខាង​លើក​ទឹក​ចិត្ត​មនុស្ស Dale Carnegie បាន​សរសេរ​នៅ​ក្នុង​សៀវភៅ​របស់​លោក How to Win Friends and Influence People ថា មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ត្រូវ​ការ​អោយ​គេ​ទទួល​ស្គាល់​ និង​សរសើរ។ នោះ​គឺ​អារម្មណ៍​ខាង​ក្នុង​ដែល​មនុស្ស​មាន​​ស្ទើរ​តែ​គ្រប់​គ្នា។

តាម​រយៈ​ការ​លើក​សរសើរ​នៅ​ពេល​ដែល​ស័ក្ដិសម​នឹង​ធ្វើ​អោយ​មនុស្ស​មាន​អារម្មណ៍​ល្អ​ពីខ្លួន​ឯង។ បើ​ទោះ​ជា​អ្នក​មិន​ពេញ​ចិត្ត​នឹង​របស់​ដែល​គេ​ប្រើ​ដូច​ជា​ស្បែក​ជើង ឬ​នាឡិកា​ជា​ដើម​ អ្នក​គួរតែ​សរសើរ​​។ យ៉ាង​ណា​អ្នក​មិន​ត្រូវ​សរសើរ​អោយ​លើស​ពី​ការ​ពិត​ដែល​គួរ​និយាយ​ឡើយ ការ​សរសើរ​តាម​អារម្មណ៍ និង​ពាក្យ​ធម្មតាៗ​មាន​ប្រសិទ្ធភាព​បាន​យូរ។

 

៣៖ សម្លឹង​មើល​ដៃ​គូ​សន្ទនា​អោយ​ចំ​កែវ​ភ្នែក

អំឡុង​ពេល​​សន្ទនា ការ​សម្លឹង​ចំកែវ​ភ្នែក​គឺ​ជា​រឿង​ល្អ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា។ អ្នក​អាច​នឹង​មើល​ទៅ​បែប​ជា​មនុស្ស​មិន​ជឿជាក់​លើ​ខ្លួន​ឯង​ប្រសិន​បើ​អ្នក​គេច​ពី​ការ​សម្លឹង​អោយ​ចំ​កែវ​ភ្នែក​ដៃ​គូ​សន្ទនា។ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន​ការ​ចាប់​អារម្មណ៍​អ្នក​ត្រូវ​តែ​សម្លឹង​អោយ​ចំ​កែវ​ភ្នែក​ដៃគូ​សន្ទនា​របស់​អ្នក​អំឡុង​ពេល​ជជែក​គ្នា។

 

៤៖ ញញឹម!

មនុស្ស​ដែល​មិន​ញញឹម​អំឡុង​ពេល​ជជែក​គ្នា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជាមនុស្ស​មិន​អាច​ទុក​ចិត្ត​បាន។ យោង​តាម​ការ​ស្រាវជ្រាវ​ចិត្តវិជ្ជា​នៅ NYU, Peter Mede Siedlecki។ ពេល​អ្នក​ញញឹម​ខណៈ​កំពុង​និយាយ អ្នក​នឹង​មាន​ឱកាស​ប្រើ​ឥទ្ធិពល​លើ​អ្នក​ដទៃ។ ប៉ុន្តែ​គួរ​ជៀសវាង​ការ​ញញឹម​ស្ញេញ​ដោយ​គ្មាន​ហេតុ​ផល​រហូត ជា​ពិសេស​ពេល​និយាយ​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​គ្នា វា​ធ្វើ​អោយ​អ្នក​ក្លាយ​ជាមនុស្ស​មិន​អាជីព ឬ​បង្ហាញ​ពី​អាកប្បកិរយា​ចង់​ញ៉ែ​គេ។

សាក​ល្បង​គន្លឹះ​ទាំង​នេះ​ដើម្បី​ធ្វើ​អោយ​ការ​សន្ទនា​របស់​អ្នក​មាន​ប្រសិទ្ធិភាព មិន​ថា​នៅ​ក្នុង​អាជីព ឬ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន!

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ GC

Leave a Reply

Your email address will not be published. Required fields are marked *