ងាយៗ ក្នុងការគ្រប់គ្រងដំណើរជីវិតទៅថ្ងៃអនាគត បើសិនជាអ្នកយល់ច្បាស់ពីចំណុចទាំងអស់នេះ

ជីវិត

ហេតុអ្វីចាំបាច់​ត្រូវកំណត់គោល​ដៅជីវិត? ការកំណត់គោលដៅ​ជីវិត​ជួយយើងឱ្យ​ផ្តោតចិត្ត​ សម្រួចក្តីស្រមៃ និងផ្តល់ឱ្យ​យើង​នូវលទ្ធភាពដើម្បី​​សំលៀង​សកម្មភាព​ដែលយើងត្រូវការ​​ដើម្បីសម្រេចបានអ្វីៗ​ដែលយើងប្រាថ្នាចង់​បានក្នុងជីវិតនេះ។ ជាងនេះទៅទៀត ​គោលដៅជីវិតជារឿង​សំខាន់ព្រោះវាជំរុញ​ឱ្យយើង​ពង្រីក​សមត្ថភាព​និង​​អភិវឌ្ឍខ្លួន​រហូតដល់កម្រិត​មួយដែលមិននឹកស្មាន​ដល់ក្នុង​ពេលកន្លងមក​។ ដើម្បីសម្រេចបាន​គោលដៅក្នុងជីវិត យើង​ត្រូវតែអភិវឌ្ឍ​ខ្លួន ផ្លាស់ប្តូរ​ និងរីកចម្រើន។

មូលដ្ឋានដើម្បី​ដឹងថា តើយើងចង់​ទៅណា ស្ថិតនៅត្រង់ការដឹងថា​តើយើងមក​ពីណា និងកំពុងតែ​នៅកន្លែងណា។ បន្ថែម​ពីលើនេះ យើងគួរតែដឹងថា​កន្លងមក​យើងបាន​សម្រេចគោលដៅអ្វីខ្លះ​។ នេះជាខ្លឹមសារ​​នៃការវាយ​តម្លៃ​និងការ​ពិចារណា។ ដំណើរនៃ​ការវាយតម្លៃ​គួរតែ​មានលក្ខណៈសាមញ្ញ តែចំណុច​សំខាន់គឺត្រូវមានមូលដ្ឋាន​ដូចខាង​ក្រោមនេះ​៖

 

១/ ស្វែងរកកន្លែងស្ងប់ស្ងាត់

ការពិចារណាអាចធ្វើទៅ​បានល្អបំផុតនៅពេលគ្មាន​ការរំខាន ព្រោះភាពស្ងប់ស្ងាត់​ធ្វើឱ្យចិត្តរបស់យើង​មានភាពទូលំទូលាយ​ដើម្បីគិត។

 

២/ ប្រើពេលពិចារណាឱ្យបានទៀងទាត់

ទោះជាអ្នកមាន​ទម្លាប់ពិចារណាម្តង​ក្នុងមួយសប្តាហ៍​ ឬម្តងក្នុងមួយ​ខែក៏ដោយ អ្នកត្រូវតែ​កំណត់ពេល​ធ្វើឱ្យបាន​ទៀងទាត់ ដោយមិន​ត្រូវមានហេតុផល​អ្វីមករំខាន​ឡើយ។

 

៣/ សំឡឹងមើលអ្វីដែលអ្នកសម្រេចបាននិងទីតាំងរបស់អ្នក

អ្នកត្រូវតែនឹក​រកសមិទ្ធផល​ ឬសម្មភាពជាក់លាក់​ដែលអ្នកធ្វើ​បានសម្រេច ហើយត្រូវតែ​មានភាពស្មោះត្រង់​បំផុត និងហ៊ាន​ទទួលស្គាល់​ការពិតបំផុតចំពោះ​ខ្លួនឯង​។

 

៤/ កត់ត្រាទុកអ្វីៗដែលអ្នកបានធ្វើ

អ្នកគួរតែមាន​ទម្លាប់រក្សាកំណត់ត្រា​ផ្ទាល់ខ្លួន។ ទម្លាប់បែប​នេះ​ជួយអ្នកបាន​ច្រើន​ក្នុងដំណាក់​កាលបន្ទាប់នៃការ​វាយតម្លៃ និងជាកញ្ចក់អាច​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ឱ្យឃើញ​នូវទីតាំងដែល​អ្នកបានបោះ​ជំហានចេញ និងទីតាំង​ដែលអ្នកកំពុង​តែស្ថិតនៅ។ ចំណុច​ដែលសំខាន់​​បំផុតគឺត្រូវស្មោះ​ត្រង់ចំពោះ​ខ្លួនឯង។

 

៥/ សំឡឹងមើលទៅមុខជានិច្ចនិងកំណត់គោលដៅបន្ទាប់

អ្នកត្រូវតែពង្រីក​សមត្ថភាពឱ្យស្រប​តាមអ្វីដែល​អ្នកអាច​ធ្វើបាន និងប្រើប្រាស់​វិធីសាស្រ្តណា​ដែលអនុវត្ត​បានផ្លែផ្កា​សម្រាប់អ្នក។ អ្នកត្រូវប្រាកដ​ក្នុងចិត្តថា​អ្នកបាន​ដើរតាមជំហាន​ទាំងអស់ខាង​លើនេះ និងបានកំណត់​ពេលវេលាជាក់លាក់​សម្រាប់វាយតម្លៃខ្លួន​ឯងនិងពិចារណា។

 

សរុបមកវិញ ​គោលដៅនៃការ​ពិចារណាមានពីរ​យ៉ាងគឺទីមួយវា​ជួយផ្តល់​ឱ្យអ្នក​នូវផែនទី​មួយដែលអ្នក​អាច​មើលឃើញសមិទ្ធផល​របស់អ្នកនិងជាមគ្គុទ្ទេសន៍​តម្រង់ទិសដៅអ្នកឱ្យដើរតាម​ទស្សនវិស័យក្នុ​ងជីវិតរបស់អ្នក។ គោលដៅ​ទីពីរគឺវា​បង្ហាញឱ្យអ្នក​ដឹងថាខ្លួនឯងកំពុងតែ​ស្ថិតនៅកន្លែង​ណា និងជួយឱ្យអ្នក​ដឹងច្បាស់ថា​ត្រូវធ្វើអ្វីខ្លះ​ទៀតដើម្បីបន្ត​ដំណើរ។

 

ប្រភព​៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *