ដំណើរ​ផ្សងព្រេង​របស់ ហូ ជី​ម៉ិ​ញ ដើម្បី​ប្រទេសជាតិ និង​ប្រជាជន​វៀតណាម (​ភាគ​១)

ទស្សនៈ និងប្រវត្តិបុគ្គល

លោក ហូ ជី​ម៉ិ​ញ (​ឆ្នាំ​១៨៩០ ដល់​ឆ្នាំ​១៩៦៩) ដែល​គេ​ដឹងថា​មានឈ្មោះ​ផ្សេង​ទៀតថា ង្វៀន ស៊ីន កុង (Nguyen Sinh Cung) ឬ ង្វៀន តា​ត់ ថា​ញ់ (Nguyen Tat Thanh) ឬ ង្វៀន អៃ កុក (Nguyen Ai Guoc) គឺជា​ប្រមុខ​ដឹកនាំ​ចលនា​បដិវត្តន៍​វៀតណាម​ដ៏​ឆ្នើម​មួយ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ចន្លោះ​ឆ្នាំ ១៩៤៥-១៩៥៥ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ ១៩៥៥-១៩៦៩ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម (​វៀតណាម​ខាងជើង​)​។ ហូ ជី​ម៉ិ​ញ ជា​ជំហរ​ទាំងស្រុង​មិនអាច​ខ្វះ​បាន និង​ជា​កម្លាំង​ស្នូល នៃ​ចលនា​យោធា​ទាំងអស់​របស់​វៀតណាម​។ ជាពិសេស គឺ​ចលនា វៀត ម៉ិ​ញ និង វៀត កុង ក្នុងកំឡុងពេល​សង្គ្រាម​វៀតណាម​ទាំង​ពីរលើក​។​

ហូ ជី​ម៉ិ​ញ បាន​ដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ វៀត ម៉ិ​ញ ចាប់តាំងពី​ឆ្នាំ​១៩៤១ ហើយ​ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង​នៅ​ឆ្នាំ​១៩៥៤ ដោយបាន​វាយ​ឲ្យ​អាណានិគមនិយម​បារាំង បរាជ័យ​ទាំងស្រុង​នៅ ឌៀ​ន ប៊ៀ​ន​ភូ ហើយ​ព្រម​ប្រគល​ឯករាជ្យភាព​មក​ឲ្យ​វៀតណាម​ទាំងស្រុង ក៏ដូចជា​ឥណ្ឌូចិន​ទាំងមូល​តែម្តង​។ លុះដល់​ឆ្នាំ​១៩៥៥ ហូ ជី​ម៉ិ​ញ បាន​សុំលាលែង​ពី​តំណែង​ជា​ផ្លូវការ ព្រោះ​បញ្ហា​សុខភាព​។ ប៉ុន្តែ​នៅតែ​រក្សាទុក​មុខនាទី​ធំ និង​មាន​ឥ​ទិ្ធ​ពល​ដដែល​ក្នុង​ជួរ​បក្ស​កុ​ម្មុយ​នី​សត្ត​វៀតណាម ក៏ដូចជា​នៅក្នុង​ដូង​ចិត្ត​ប្រជាជន​វៀតណាម រហ​តដល់​ដាក់ឈ្មោះ​ទីក្រុង​សៃ​ហ​គន (​ព្រៃនគរ​) ថា​ទីក្រុង ហូ ជី​ម៉ិ​ញ​។​

​ហូ ជី​ម៉ិ​ញ មាន​បងប្អូន​បង្កើត​៣​នាក់​។ កាល​នៅ​ពី​ក្មេង ហូ ជី​ម៉ិ​ញ ចាប់ផ្តើម​សិក្សា​នៅផ្ទះ​ជាមួយ​ឪពុក​ខ្លួន មុន​ចូលរៀន​នៅ​សាលារៀន​របស់​រដ្ឋ​។ ដោយមាន​ភាព​ឆ្លាត​វៃ​តាំងពី​កំណើត ហូ ជី​ម៉ិ​ញ ចេះ​សរសេរ​ភាសា​ចិន​យ៉ាង​ឆាប់រហ័ស ហើយ​អាច​ការសិក្សា​លទ្ធិ​ខុង​ជឺ​បាន​យ៉ាង​ល្អ ។ ក្រៅពី​ការសិក្សា ហូ ជី​ម៉ិ​ញ ជា​ក្មេង​ចូលចិត្ត​ដើរ​ផ្សងព្រេង បង្ហោះ​ខ្លែង និង​ស្ទូចត្រី​។​

​ផ្ទុយ​ពី​ឪពុក​ខ្លួន​ដែលជា​គ្រូបង្រៀន​លទ្ធិ​ខុង​ជឺ ហូ ជី​ម៉ិ​ញ បានទទួល​ការអប់រំ​តាមបែប​បារាំង ដោយបាន​ចូលរៀន​នៅ​វ​ទ្យា​ល័យ ហ៊េ (Lycee in Hue) ដែលជា​កន្លែង ហូ ជី​ម៉ិ​ញ បាន​ស្គាល់​ជាមួយ ផាម វ៉ាន​ដុង និង គូ ឌៀ​ន យ៉ាប់ ។ ក្រោយមកទៀត ហូ ជី​ម៉ិ​ញ បាន​បោះបង់​ការសិក្សា​របស់ខ្លួន ហើយ​បាន​សម្រេចចិត្ត​ធ្វើជា​គ្រូបង្រៀន​។

​ពី​ឆ្នាំ​១៩១១ ដល់​ឆ្នាំ​១៩១៨ ហូ ជី​ម៉ិ​ញ បាន​ធ្វើជា​ចុងភៅ​នៅលើ​កា​ប៉ាល់ ដែល​លោក​បានធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ហើយ​រស់ក្នុង​ទីក្រុង​ញ៉ូ​យ៉​ក និង​បុ​ស្តុ​ន ជា​កន្លែង​ដែល​លោក​ធ្វើការ​ជា​អ្នក​ដុត​នំប៉័ង​នៅក្នុង​សណ្ឋាគារ Parker House Hotel ។ ឆ្លងកាត់​ការងារ​ជាច្រើន ហូ ជី​ម៉ិ​ញ ក៏​ធ្លាប់​បានធ្វើការ​ឲ្យ​គ្រួសារ​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នា​ក់នៅ​ប្រុក​លីន (Brooklyn) និង​ធ្វើជា​អ្នកគ្រប់គ្រង​សង្វាក់​ផលិតកម្ម​ឲ្យ​ក្រុមហ៊ុន General Motors ផងដែរ​។ នៅ​ទីនោះ​ហើយ ដែល​គេ​ជឿជាក់ថា លោក​បាន​ស្គាល់​ជាមួយ​ក្រុម​អ្នក​ជាតិនិយម​កូរ៉េ ហើយ​បាន​ទទួលយក​បទពិសោធ​ន៍​ជាច្រើន ដើម្បី​ពង្រីក និង​អភិវឌ្ឍន៍​គំនិត​នយោបាយ​របស់លោក​។​

នៅ​ចន្លោះ​ឆ្នាំ​១៩១៩ ដល់​ឆ្នាំ​១៩២៣ ហូ ជី​ម៉ិ​ញ បាន​ទៅ​រស់នៅ​ប្រទេស​បារាំង ហើយ​ទទួលបាន​នូវ​ទស្សនៈ និង​គំនិត​កុ​ម្មុយ​នី​ស តាមរយៈ​មិត្តភក្តិ​របស់លោក និង​សម​មិត្ត Marcel Cachin នៅក្នុង​គណបក្ស​សង្គម​និយម​វៀតណាម​។ នៅ​កំឡុង​ឆ្នាំ​១៩២០ ហូ ជី​ម៉ិ​ញ បាន​ក្លាយជា​សមាជិក​ស្ថាបនិក នៃ​គណបក្ស​កុម្មុយនីស្ត​បារាំង (Parti Commniste Francais)​។ ហើយ​កំឡុង ១៩២៣ ហូ ជី​ម៉ិ​ញ បាន​ចាក​ចេញពី​បារាំង​ទៅ​ម៉ូស្គូ (Moscow) ដែលជា​កន្លែង​លោក​បានទទួល​ការបណ្តុះបណ្តាល​នៅ​សកល​វិទ្យាល័យ​កុ​ម្មុនី​ស The Toilers of the East ។

​នៅ​ឆ្នាំ ១៩២៥ ហូ ជី​ម៉ិ​ញ បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ដែលជា​កន្លែង​លោក​ធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ Mikhail Borodin ជា​ជន​បដិវត្តន៍​នាំមុខ​នៅ​ចិន​។ នៅ​ប្រទេស​ចិន ហូ ជី​ម៉ិ​ញ បាន​បង្កើត «​សម្ព័ន្ធ​យុវជន​បដិវត្តន៍​» គេ​ហៅ​ជាទូទៅ​ថា «​យុវជន​» ដែលមាន​សមាជិក​សុទ្ធសឹងតែ​ជា​យុវជន​វៀតណាម ដែល​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ប្រទេសរ​ត់ទៅ​នៅ​ប្រទេស​ចិន​។ គោលបំណង​បង្កើតជា​ចលនា​មួយ ដើម្បី​វាយ​ចូលមក​ប្រទេស​វៀតណាម​វិញ​នៅ​ថ្ងៃ​ណាមួយ​។

​លុះដល់​ឆ្នាំ ១៩២៧ ហូ ជី​ម៉ិ​ញ បាន​បណ្តេញ​ចេញពី​ប្រទេស​ចិន ដោយ​ប្រមុខ​ដឹកនាំ​គណបក្ស​ជាតិនិយម (​គូ​មីន​តាំង​) នៅ​ចិន គឺ ជាង កាយ​ជៀក បានធ្វើការ​វាយ​បំបែក​យ៉ាង​ចាស់ដៃ​ទៅលើ​ក្រុម​អ្នកប្រឆាំង ដែលមាន​និន្នាការ​កុម្មុយនីស្ត និង​ក្រុមកម្មករ​ជាច្រើន ហើយ​កាត់ទោស និង​ឃុំខ្លួន​។ ពេលនោះ ហូ ជី​ម៉ិ​ញ បានរ​ត់ទៅ​សហភាពសូវៀត​។ លោក​បាន​ចំណាយពេល​ពីរ​បី​ឆ្នាំ​នៅ​ទីនោះ ប៉ុន្តែ​ក៏បាន​ធ្វើដំណើរ​មក​ប្រទេស​ចិន​ស្ងាត់ៗ ជា​ញឹកញាប់​ផងដែរ ដើម្បី​ជ្រើសរើស​សមាជិក​យុវជន​។​

ប្រភព : https://thmeythmey.com/?page=detail&id=35105

Leave a Reply

Your email address will not be published. Required fields are marked *