វិធីសាស្រ្តមួយចំនួនដែលអាចជួយអោយអ្នក រៀនមិនចេះធុញ និងគ្មានគំនិតចង់ឈប់រៀន

អ្នកដឹងទេ

ការរៀនគឺជាការចង់ចេះចង់ដឹងដោយគ្មានអ្នកបង្ខំ ហើយចំណេះដឹងក៏មិនមែនជាវេទមន្តពិសេសអ្វីដែលធ្លាក់មកពីលើមេឃដែរ។ ដូច្នេះការរៀនពិតប្រាកដគឺជាការយកចិត្តទុកដាក់ស្វែងយល់អ្វីៗដែលកំពុងតែកើតឡើងជុំវិញខ្លួនយើង។ ប៉ុន្តែការយកចិត្តទុកដាក់ក៏មិនកើតឡើងដោយស្វ័យប្រវត្តិដែរទេ។

អ្នកមិនអង្គុយរង់ចាំចម្លើយរត់មករកអ្នកទេ តែអ្នកត្រូវខ្នះខ្នែងស្វែងរកចម្លើយពីគ្រប់អ្វីៗទាំងអស់ជុំវិញខ្លួនអ្នក។ អ្នកមិនមែនគ្រាន់តែរៀននៅពេលនឹកឃើញនោះទេ ហើយក៏មិនគួររៀនតែអ្វីដែលអ្នកចង់រៀននោះដែរ។ ពេលខ្លះគេត្រូវប្រើប្រាស់ស្ថានភាពដុនដាបបំផុតក្នុងជីវិតដើម្បីរៀបចំផែនការអនាគតល្អបំផុត។ ហើយពេលខ្លះទៀតគេត្រូវរៀនមេរៀនដដែលៗជាច្រើនដងក្នុងរបៀបផ្សេងៗ។

 

ការរៀនគឺជាដំណើរចង់ចេះចង់ដឹង​ចេញពីក្នុងចិត្ត គឺជាការដេញដោលសួររហូតដល់បានដឹងចម្លើយ និងយល់ច្បាស់។ ដូច្នេះអ្នកអាចជជីកសួរសំណួរទាំងអស់នេះ​៖ សូមប្រាប់ខ្ញុំបន្ថែមទៀតមក…ខ្ញុំនៅមិនទាន់យល់ច្បាស់ទេ…តើអាចជួយបញ្ជាក់បន្ថែមទៀតបានទេ? ទោះជាអ្នកប្រើប្រាស់ពាក្យពេចន៍ដូចម្តេចខ្លះក៏ដោយ ចំណុចសំខាន់គឺត្រូវបន្តសួររហូតដល់អ្នកយល់ច្បាស់។

 

មនុស្សគ្រប់គ្នាត្រូវការរៀន ប៉ុន្តែតើអ្នកពិតជាកំពុងតែរៀនដែរទេ? បើមិនរៀនទេ កំពុងតែជ្រើសរើសផ្លូវបរាជ័យ មុជមិនជ្រៅ ទៅមិនឆ្ងាយ ជាប់គាំងមួយកន្លែង និងភ័យខ្លាច។

 

ផ្លូវទៅរកជោគជ័យគឺត្រូវស្វែងរកចំណេះដឹងកុំឈប់។ គ្មាននរណាម្នាក់​អាចមកបញ្ឈប់អ្នកបានទេ នៅពេលអ្នកបដិសេធមិនព្រមឈប់រកចម្លើយ។ មានវិធីរៀនច្រើនបែប ហើយអ្នកត្រូវចងចាំជានិច្ចថាពេលអ្នករៀនពិតប្រាកដ អ្នកត្រូវយកខ្លួនឯងធ្វើជាបន្ទប់ពិសោធន៍៖

១/ កត់ត្រាទុកពាក្យពេចន៍ល្អៗនៅពេលអានសៀវភៅ

២/ សាកសួរអ្នកមានបទពិសោធន៍ដើម្បីរកវិធីអភិវឌ្ឍខ្លួន

៣/ ស្តាប់គំនិតយោបល់ដែលផ្ទុយពីការគិតរបស់អ្នក

៤/ ហ៊ានលើកសំណួរប្រថុយប្រថាននៅក្នុងចំណោមមនុស្ស

៥/ ស្រែកសុំជំនួយពេលជីវិតជួបការលំបាកមិនអាចដោះស្រាយបាន

៦/ សរសេរទុកមូលហេតុ៥ចម្បងៗដែលធ្វើឱ្យអ្នកបរាជ័យក្នុងគម្រោងអ្វីមួយ

៧/ ឈប់និយាយស្របតាមគេនៅពេលអ្នកមិនដឹង ឬយល់មិនច្បាស់

៨/ ត្រូវដឹងគុយចំពោះមេរៀនដែលអ្នកមិនបានរំពឹងទុក

៩/ បង្កើតបញ្ជីចំណងជើងសៀវភៅដែលអ្នកចង់អាន ហើយត្រូវចាប់ផ្តើមអាន

១០/ ចែករំលែកចំណេះដឹងល្អៗដែលអ្នកបានរៀន

១១/ នាំមិត្តថ្មី៣នាក់ទៅជជែកគ្នានៅហាងកាហ្វេ និងរៀនពីទេពកោសល្យរបស់គេ

១២/ ឈប់មើលទូរទស្សន៍ និងលេងបណ្តាញសង្គមច្រើនពេក

១៣/ ប្រមូលរៀបរៀងមេរៀនដែលអ្នកបានរៀនទុកមួយកន្លែង

១៤/ អានកាសែត ទស្សនាវដ្តី ព្រឹត្តបត្រ និងរបាយការណ៍ផ្សេងបន្ថែមពីលើសៀវភៅ

ប្រភព​៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *