ទម្លាប់​សាមញ្ញ មួយចំនួន​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ ប្រែក្លាយទៅជា​កំពូល​មនុស្ស​ជោគជ័យបាន

ចែករំលែក អ្នកដឹងទេ

ទម្លាប់ទាំង១២​នេះអាចធ្វើឱ្យលោកអ្នក​ជោគជ័យកាន់​តែច្រើនប្រសិន​បើ​អនុវត្តបានរាល់ថ្ងៃ​។ តើលោកអ្នក​មានទម្លាប់បែប​នេះប៉ុន្មាន​? ការសិក្សា​មួយរកឃើញថា​មនុស្សភាគច្រើន​គិតថា​ជោគជ័យគឺការ​សម្រេចបាន​គោលដៅ​ផ្ទាល់ខ្លួន​។ តាមពិតកំពូល​មនុស្សជោគជ័យ​មានគ្រប់ផ្នែកទាំងអស់​នៃជីវិត​គឺទ្រព្យសម្បត្តិ ​គ្រួសារ ​មិត្តភាព​ សុខភាព​ ហើយពេញ​ចិត្តនឹងអ្វីៗ​​ទាំងអស់ដែល​គេមាន​។ ទម្លាប់ទាំង១២​ខាងក្រោមនេះ​ធ្វើឱ្យគេទទួល​បានជោគជ័យ​គ្រប់ជ្រុងជ្រោយ​នៃជីវិត​៖

១/ ជាមនុស្សនឹងធឹង

កំពូលមនុស្ស​ជោគជ័យជា​មនុស្សនឹងធឹង​ដោយសារ​គេតែងតែ​ពិនិត្យ​តាមដានអារម្មណ៍របស់​គេគ្រប់ពេល​ រួចប្រើប្រាស់​ចំណេះដឹង​ដើម្បីឆ្លើយ​តបទៅ​នឹងស្ថានការ​ប្រឈម។ ពេលស្ថានការ​ដុនដាបមិនអាចគ្រប់គ្រង​បាន​ គេ​មានអារម្មណ៍​ស្ងប់ស្ងៀម​ រួចបត់បែន​និងនៅតែរីករាយ​ចំពោះជីវិត​គ្រប់ពេល។

២/ ជាមនុស្សចេះដឹងច្រើន

កំពូលមនុស្សជោគជ័យ​ដឹងច្រើនជាង​មនុស្សដទៃ​ដោយសាគេ​ខិតខំ​បង្កើនការយល់ដឹង​ជានិច្ច។ គេតែងតែ​ឆ្លៀតឱកាស​រៀនសូត្រ​គ្រប់ពេល ​ហើយ​គេមិនមែនរៀន​ដើម្បីតែ​បង្អួតអ្នក​ដទៃទេ គឺគេ​រៀនព្រោះ​តែគេចង់​ចេះចង់ដឹង​។

៣/ ជាមនុស្សមានសេរីភាព

កំពូលមនុស្ស​ជោគជ័យ​សម្រេចចិត្ត​តាមរយៈ​ការគិត​យ៉ាងល្អិតល្អន់​ និង​សួររកដំបូន្មាន​ពីអ្នកដទៃ​។ គេក៏ដឹង​ទៀតថា​ការពឹងផ្អែក​ជ្រុល​តែលើគំនិត​ខ្លួនឯង​ច្រើ​ន​​តែនាំទៅ​រកផ្លូវខុស។ ការមាន​សមត្ថភាពបន្ថយល្បឿន​នៃស្ថានការ​និងគិតគូរវែងឆ្ងាយធ្វើឱ្យមាន​ការខុសគ្នារវាងមនុស្សជោគជ័យ​និងមនុស្សមិន​ជោគជ័យ​។

៤/ និយាយក្នុងភាពជឿជាក់

កម្រឃើញកំពូល​មនុស្សជោគជ័យ​និយាយពាក្យរ​ដិបរដុប​ ឬពាក្យថា​ខ្ញុំដូច​ជាមិនច្បាស់​។ មនុស្សជោគជ័យ​និយាយច្បាស់លាស់​ព្រោះគេដឹងថា​គេពិបាកអូសទាញ​ឱ្យមនុស្សស្តាប់​គេនិយាយ​ប្រសិនបើ​គេមិនអាច​បង្ហាញ​គំនិតឱ្យច្បាស់​និងជាក់លាក់​។

៥/ ប្រើប្រាស់ភាសាកាយវិការវិជ្ជមាន

ការស្គាល់រ​បៀបប្រើប្រាស់​កាយវិការ ​និងរបៀប​លើកដាក់​សំឡេង​ពេលនិយាយ ​ធ្វើឱ្យមនុស្សចាប់​អារម្មណ៍ចង់ស្តាប់​។ ការប្រើប្រាស់​ដៃលើក​ដាក់ចុះឡើងទៅ​តាមសាច់រឿង​ដែលនិយាយ ​និងរក្សាទឹក​មុខនិងភ្នែក​ផ្តោត​លើមនុស្សដែលនៅ​ចំពោះមុខគឺជា​អាថ៌កំបាំងនៃ​ឥទ្ធិពលរបស់​មនុស្ស​ជោគជ័យ។

៦/ តែងតែធ្វើឱ្យអ្នកដទៃចាំមិនភ្លេចក្រោយពីជួបបានម្តង

ការសិក្សាស្រាវជ្រាវ​បង្ហាញថា​មនុស្សភាគ​ច្រើនសម្រេច​ចិត្តថា​គេចូលចិត្ត​ណាម្នាក់​ឬអត់នៅក្នុង​ពេល៧វិនាទី​ដំបូងនៃការជួបគ្នា​។ បន្ទាប់​មកការ​សន្ទនាទាំងមូល​គ្រាន់តែ​ជាការព្យាយាម​ឱ្យហេតុផល​ទៅលើការ​ចូលចិត្ត​ឬមិនចូលចិត្តនោះ​តែប៉ុណ្ណោះ​។ ការដឹង​បែបនេះ​លោកអ្នកអា​ចទាញយក​ប្រយោជន៍បានច្រើន​ពីទំនាក់ទំនង​ប្រចាំថ្ងៃ​។

៧/ ស្វែងរកតាំងពីជោគជ័យតូចតាចឡើងទៅ

មនុស្សជោគជ័យ​ចូលចិត្តប្រជែង​ខ្លួនឯងនិង​ប្រកួតគ្នាបើទោះ​ជាការ​ប្រឹងប្រែងរបស់​គេផ្តល់ផល​មកវិញតែ​បន្តិចបន្តួច​ក៏ដោយ។ ជោគជ័យ​តូចតាច​បង្កើតបានជាផ្នត់​គំនិតថ្មីៗ​សម្រាប់សន្សំ​ទុកលើក​ទឹកចិត្តនៅ​ពេលក្រោយ​។​ ពេលជោគជ័យ​តូចតាចនៃផ្តុំគ្នា​បានច្រើនឡើង​និងយូរទៅវានឹង​ផ្តល់ទំនុក​ចិត្ត​ដើម្បីប្រជែង​ក្នុងពេល​អនាគត។

៨/ មិនចេះភ័យខ្លាច

ការភ័យខ្លាចគ្មាន​អ្វីក្រៅពីអារម្មណ៍​ដែលបញ្ឆេះដោយការ​ស្រមើស្រមៃ​នោះទេ។​ ការភ័យខ្លាចគឺជាជម្រើស​។ មនុស្សខ្លាំងពូកែ​ដឹងចំណុច​នេះជាង​មនុស្សទូទៅ ​ដូច្នេះគឺកាច់បង្វែ​ការភ័យខ្លាច​បានគ្រប់​ពេលដែលវាកើត​ឡើង។

៩/ ជាមនុស្សថ្លៃថ្នូរ

មនុស្សថ្លៃថ្នូរ​មានទាំងភាព​ខ្លាំងនិងទន់ភ្លន់​។ គេមិនចូល​ចិត្តគម្រាម​កំហែង បញ្ចេញ​កំហឹង​ ដើម្បីយក​ឈ្នះលើអ្នក​ដទៃទេ​​ ព្រោះគេជា​មនុស្ស​ទន់ភ្លន់​ និងនិស្ស័យល្អ​។ ពាក្យទន់ភ្លន់​អាចនាំឱ្យច្រឡំ​ជាមួយនឹង​ភាពទន់ជ្រាយ​ឬកម្សាក តែតាម​ពិតភាពទន់ភ្លន់​គឺជាភាពថ្លៃថ្នូរ​ដែលផ្តល់ឥទ្ធិពល​ឱ្យមនុស្សពូកែ​។

១០/ ជាមនុស្សស្មោះត្រង់

កំពូលមនុស្សជោគជ័យ​ជឿជាក់ថា​ភាពស្មោះត្រង់​និងភាពសុចរិត​ បើទោះ​ជាពេលខ្លះ​ធ្វើឱ្យខាតបង់​ ក៏នឹងជួយ​ឱ្យគេទទួលបាន​លទ្ធផលល្អ​បំ​ផុតក្នុង​ពេលអនាគតយូរអង្វែងដែរ​។ គេថែមទាំងដឹង​ទៀតថាភាពស្មោះ​ត្រង់ជួយ​បង្កើតទំនាក់ទំនង​ពិតប្រាកដ​ជាមួយទូទៅ​។ ផ្ទុយស្រឡះ​ពីការកុហក​ភូតភរ​ដែលតែងតែត្រូវ​បកអាក្រាត​នៅពេលណាមួយ​។

១១/ ជាមនុស្សចេះដឹងគុណ

កំពូលមនុស្ស​ជោគជ័យ​ដឹងថាគេត្រូវ​ការមហិច្ឆតា​ ឆន្ទៈ ​និងការព្យាយាម​ច្រើនណាស់​ដើម្បីទៅឱ្យចំណុច​ដែលគេចង់​បានក្នុងជីវិត​។ គេដឹង​ទៀតថា​គ្រូបង្រៀន ​មិត្តរួមការងារ​ ក្រុមគ្រួសារ ​និងមិត្តភក្តិ​ទាំងអស់​របស់គេ​បានដើរតួរយ៉ាង​សំខាន់ក្នុង​ដំណើរជោគជ័យ​របស់គេ​។

១២/ ជាមនុស្សចេះពោលសរសើរនិងទទួលស្គាល់

មនុស្សជោគជ័យ​ពិតប្រាកដដែល​ទទួលបាន​សមិទ្ធផលច្រើន​ក្នុងជីវិតគឺដោយសារគេ​ដឹងអំពីសារៈសំខាន់​នៃការបន្ទាប​ខ្លួន​ និងទទួលស្គាល់​ និងពេញចិត្តចំពោះ​អ្វីគ្រប់យ៉ាង​ដែលកំពុងតែមាន​។ គេថែមទាំង​ដឹងថាគំនិត​វិជ្ជមាន និងការលើក​ទឹកចិត្តកើតចេញពីសមត្ថភាព​របស់គេដែលអាចដាក់​ខ្លួននិងឱ្យតម្លៃ​ដល់គ្រប់ឱកាស​ទាំងអស់ក្នុងជីវិត៕

ប្រភព ៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *