ភាពទាក់ទាញទាំង ៧ យ៉ាង ដែលធ្វើអោយមនុស្សជុុំវិញខ្លួនចូលចិត្ត និងស្រលាញ់រាប់អានអ្នក

កម្សាន្ត អ្នកដឹងទេ

មនុស្ស​ខ្លះ​មានចំណេះ​ច្រើន និងជំនាញ​ខ្លាំងពូកែ​ហើយ​តែមិន​សូវ​មានអ្នក​រាប់រក​ ដូច្នេះ​ជីវិត​របស់​គេហាក់​ដូច​ជាមិន​សូវ​ជោគជ័យ​ជាដុំ​កំភួន​អ្វី​ឡើយ​។​ ការធ្វើខ្លួន​ឱ្យគេចូល​ចិត្ត​គឺជា​កត្តា​កំណត់​ភាព​លេចធ្លោ​របស់​មនុស្ស​ក្នុង​សង្គម ព្រោះពេល​មនុស្សគេ​ចូលចិត្ត​យើង​ គេនឹង​ជួយយើង​ឱ្យ​សម្រេច​គោល​ដៅ​ក្នុងជីវិត​បាន​ឆាប់​។ វិធីទាំង​៧យ៉ាង​ខាងក្រោម​នេះជាអ្វី​ដែលអ្នក​ជំនាញ​ណែនាំ​ឱ្យអនុវត្ត​ដើម្បី​មាន​គេចូល​ចិត្ត​ច្រើន​៖

១/ ញញឹម

នៅពេល​លោកអ្នក​ទៅណា​មកណា កុំដាក់​ខ្សែ​ស្តាប់​សំឡេង​ក្នុង​ត្រចៀក ហើយ​ក៏កុំសំឡឹង​មើល​រវល់​តែ​ទូរសព្ទ​ដៃពេក​។ ងើប​មុខ​ឡើង​ ហើយ​ញញឹម​ចេញ​ពីក្នុងចិត្តពី​របីនាទី​រាក់ទាក់​ដាក់​មនុស្សម្នា​នៅជុំវិញ​ខ្លួន​។ ត្រូវ​ចាំថា​ទំនាក់ទំនង​យូរអង្វែង​ចាប់ផ្តើម​ចេញស្នាម​ញញឹម​របស់​លោក​អ្នក។

 

២/ សំឡឹងមើលមនុស្សម្នា

ក្រោយ​ពី​ញញឹម​រួច​​ ទំនាក់​ទំនង​តាមភ្នែក​គឺជាគោល​ការធំបំផុត​ដើម្បី​ឱ្យគេចូល​ចិត្ត។ កុំ​សំឡក់​គេ​ ហើយ​ក៏កុំសំឡឹ​ងទៅឆ្ងាយ​ចេញពី​មុខគេ​នៅ​ពេល​គេនិយាយជា​មួយ។​ រៀនផ្សាផ្ជាប់​នឹងមនុស្ស​ដែល​លោកអ្នក​កំពុង​តែ​និយាយជាមួយ​តាមរយៈ​ការសំឡឹង​ឱ្យ​ចំភ្នែក​គេ។

 

៣/ កុំបត់បែនតាមអារម្មណ៍ពេក

មិត្តរួម​ការងារ​ខ្លះមានអារម្មណ៍​ប្រែប្រួល​ឡើង​ចុះ មួយ​ថ្ងៃសប្បាយ​រីករាយ​សើចលេង​ តែមួយ​ថ្ងៃទៀត​ក៏ឡូឡា​ប​ញ្ចេញ​កំហឹង​ដាក់​គេឯង។​ ពេល​ស្ថិត​នៅក្នុងស្ថានភាព​បែបនេះ​ យើង​គួររក្សា​ចរិតឱ្យ​នឹងធឹង​មិនត្រូវ​ផ្តេកផ្តួល​ទៅ​តាមអារម្មណ៍​អ្នក​ដទៃ​ឡើយ។

 

៤/ រៀនអភិវឌ្ឍខ្លួន

មនុស្ស​ដែលមាន​គេចូលចិត្ត​ច្រើន គឺជា​មនុស្ស​ដែល​ចេះ​អភិវឌ្ឍ​ខ្លួន​។ គេ​តែងតែ​ព្យាយាម​ធ្វើខ្លួន​ឱ្យប្រសើរ​ជានិច្ច​។ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ ត្រូវ​ខិតខំ​រក​វិធី​គិតល្អៗ​ និង​វិធីបង្កើន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹងអ្នកដទៃ​ឱ្យកាន់​តែមានប្រសិទ្ធភាព​។

 

៥/ កុំចូលចិត្តវាយតម្លៃគេពេក

មនុស្ស​យើងម្នាក់ៗ​មានទស្សនៈផ្ទាល់​ខ្លួន។ ពេល​នៅម្នាក់​ឯង​ក្នុងផ្ទះ​ដែល​មិនមានអ្វី​ខ្វាយខ្វល់​នឹងការងារ​ជាក្រុម លោក​អ្នកអាច​គិត ឬនិយាយ​អ្វីក៏​ស្រេច​តែចិត្ត​ចង់។ ប៉ុន្តែ​ពេលនៅក្នុង​បរិស្ថាន​ការងារ​ជាក្រុម​ដែលមាន​មនុស្សផ្សេងៗ​គ្នា លោក​អ្នកត្រូវ​ទុកការ​វាយតម្លៃ ឬទស្សនៈ​ផ្ទាល់​ខ្លួន​មួយ​កន្លែង។

 

៦/ កុំគិតតែខ្លួនឯងពេក

ពេលលោក​អ្នកជាផ្នែក​មួយនៃ​ក្រុមការងារ លោក​អ្នកត្រូវ​ចងចាំ​ជានិច្ច​ថា មិនត្រូវ​គិត​តែអំពី​ខ្លួន​ឯង​ទេ តែត្រូវ​គិតដល់​ក្រុមទាំង​មូល។ ធ្វើយ៉ាង​ណាឱ្យ​ក្រុមការងារ​ជឿទុក​ចិត្តថា លោកអ្នក​គឺជាមនុស្ស​ដែល​មិន​យកមុខ​មាត់តែ​ឯង។ ​នៅពេល​មនុស្សមាន​អារម្មណ៍ថា លោកអ្នក​ពិតជាផ្តល់​តម្លៃ​ដល់​គេឯង ​គេ​នឹង​ជួយការងារ​រហូត​សម្រេច​ជោគជ័យ​រួម។

 

៧/ ត្រូវឆាប់ចេះសុំការអភ័យទោស

នេះជាវិធី​ដ៏អស្ចារ​បំផុត​ដើម្បី​យកឈ្នះ​មិត្ត និងបង្កើត​ឥទ្ធិពល​លើ​គេឯង។ ពេលខ្លះ​មិត្តរួម​ការងារ​មិនសូវ​មានអារម្មណ៍​ល្អ ដែល​យើង​មិនទាំង​ដឹងខ្លួន​ថាបាន​ធ្វើអ្វីខុសផង​។ ដើម្បី​បន្ធូរ​ភាព​តានតឹង យើង​ត្រូវ​ចេះ​និយាយ​ពាក្យ​សុំអភ័យ​ទោស ដោយ​មិនខ្វល់ថា​យើង​ខុស ឬត្រូវឡើយ។ ​ធ្វើខ្លួន​ជា​មនុស្ស​ទីមួយ​ដែល​បោះ​បង់​កំហឹង​ចោល៕

ប្រភព ៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *