ដល់​វ័យ​ជាង​30​ឆ្នាំតើ​ត្រូវ​ មាន​លុយ​​ក្នុង​គណនី​ សន្សំ​ប៉ុន្មាន​ទើប​សមរម្យ?

ចែករំលែក ជំនឿ ជីវិត បទពិសោធន៍ អ្នកដឹងទេ

អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​​ផ្ដល់​ ដំបូន្មាន​ថា ​នៅ​ពេល​ឈាន​ដល់ ​វ័យ​៣៥​ឆ្នាំ លុយ​សន្សំ​របស់​អ្នក​គួរ ​តែ​ស្មើ​នឹង​លុយ​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ ​នឹង​២។

នៅ​ក្នុង​វ័យ​៣០​ឆ្នាំ បើ​សិន​ជា​អ្នក​រក​ចំណូល​បាន​២៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នោះ​អ្នក​ត្រូវ​ការ​លុយ​ក្នុង​គណនី​សន្សំ​២៥០០​ដុល្លារ​ដែរ។ ហើយ​នៅ​ពេល​មាន​វ័យ​ឈាន​ដល់​៣៥​ឆ្នាំ អ្នក​ត្រូវ​​មាន​ប្រាក់​សន្សំ​យ៉ាង​តិច​លើ​ប្រាក់​បៀវត្ស​សរុប​ប្រចាំ​ឆ្នាំ​របស់​អ្នក​២​ដង។ នេះ​បើ​តាម​ការ​ផ្ដល់​ដំបូន្មាន​របស់​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Fidelity ដែល​មាន​ទី​ស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក។ តែ​គោលដៅ​ខាង​លើ​ជាក់​ស្ដែង​នឹង​ទិដ្ឋភាព​សព្វ​ថ្ងៃ​ដែរ​ឬ​ទេ?

លោកស្រី Sonale Rodrigo វ័យ​៣៤​ឆ្នាំ អ្នក​ជំនាញ​លំដាប់​ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Tomorrow Financial Solutions ជាមួយ​បទ​ពិសោធន៍​ការងារ​១៥​ឆ្នាំ​របស់​ខ្លួន​បាន​ឲ្យ​ដឹង​ថា គោលដៅ​ខាង​លើ​គឺ​មិន​ងាយ​សម្រេច​បាន​នោះ​ឡើយ ត្បិត​សម័យ​​គេ​ត្រូវ​ការ​ចំណាយ​ច្រើន​ដូច​ជា លុយ​មង្គល​ការ លុយ​រំលោះ​ផ្ទះ លុយ​ចិញ្ចឹម​កូន លុយ​ទំនុក​បម្រុង​ឪពុក​ម្ដាយ ហើយ​អាច​មាន​លុយ​ត្រៀម​ពេល​អត់​មាន​ការងារ​ធ្វើ​ទៀត។

“ជំនួស​ឲ្យ​ការ​ព្រួយបារម្ភ​ខ្លាច​ក្រែង​យើង​មិន​អាច​សម្រេច​គោលដៅ​ខាង​លើ​បាន អ្វី​ដែល​សំខាន់​ជាង​គេ​នោះ​គឺ​យើង​ត្រូវ​ដឹង​ថា​យើង​កំពុង​ដើរ​ត្រូវ​ទិស​ដៅ​ឬ​អត់ ទើប​ប្រសើរ​ជាង” លោក​ស្រី​ឲ្យ​ដឹង។ លោក​ស្រី​​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​គុណ​នឹង​២ គឺ​មាន​អត្រា​សម្រេច​ស្ដួចស្ដើង​ណាស់ ដូច​នេះ គោលដៅ​ដែល​មាន​ប្រាក់​សន្សំ​ស្មើ​នឹង​ប្រាក់​ខែ​៣ ទៅ​៦​ខែ​មើល​ទៅ​គឺ​ជាក់​ស្ដែង​ជាង។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ខាង​លើ​​ក៏​បាន​ផ្ដល់​ដំបូន្មាន​សន្សំ​ប្រាក់​សម្រាប់​វ័យ​ផ្សេង​ៗ​គ្នា​ផង​ដែរ៖

វ័យ​២០​ឆ្នាំ៖

ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​សង​បំណុល​ដែល​បាន​ខ្ចី​សម្រាប់​ការ​រៀន​សូត្រ និង​ចាប់​ផ្ដើម​សន្សំ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ។ ក្រៅ​ពី​នោះ នៅ​ក្នុង​វ័យ​នេះ អ្នក​ឧស្សាហ៍​ប្ដូរ​ការងារ ដូច​នេះ​ដើម្បី​បន្ថយ​បន្ទុក​ខ្លះ មិន​ទាន់​ចាំ​បាច់​ទិញ​ធានា​រ៉ាប់រង​ក៏​បាន។

វ័យ​៣០​ឆ្នាំ៖

ក្នុង​វ័យ​នេះ អ្នក​ត្រូវ​កាត់​បន្ថយ​បំណុល​កាន់​តែ​ច្រើន​កាន់​តែ​ល្អ និង​ព្យាយាម​មាន​គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់ ហើយ​អាច​ចាប់​ផ្ដើម​វិនិយោគ​តិចតួច​ជា​ប្រចាំ​ខែ។

វ័យ​៤០​ឆ្នាំ៖

នេះ​គឺ​ពេល​វេលា​ដែល​អ្នក​គួរ​វិនិយោគ​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ ជំនួស​ឲ្យ​ការ​ចាំ​ស៊ី​ការ​ពី​ធនាគារ អ្នក​គួរ​យក​លុយ​មក​វិនិយោគ​វិញ។ ក្រៅ​ពី​នេះ គួរ​ផ្ញើ​លុយ​នៅ​ធនាគារ យ៉ាង​តិច​២​ក្រែង​លោ​មាន​រឿង​ហេតុ​មិន​ល្អ​កើត​ឡើង​ចំពោះ​ធនាគារ​មួយ ហើយ​ត្រូវ​ប្រៀបធៀប​ថា ធនាគារ​ណា​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​គេ៕

ប្រភព៖ vnexpress

Leave a Reply

Your email address will not be published. Required fields are marked *