ចរិតម​ហាសេដ្ឋី​ទាំង៥​​ចំណុច​ដែល​អ្នក​អាចយក​គំរូតាម​បើទោះជា​អ្នក​មិនមាន ​លុយ​ច្រើន​ក៏ដោយ

ចែករំលែក ជំនឿ

មហាសេដ្ឋីភាគច្រើនព្យាយាមរកផ្លូវដើរទៅរកជោគជ័យដោយខ្លួនឯង មិនមែនកើតមកក្លាយជាមហាសេដ្ឋីភ្លាមនោះទេ។ តើមហាសេដ្ឋីមានលក្ខណៈដូចគ្នាត្រង់ណាខ្លះ? ចរិតទាំង៥នេះធ្វើឱ្យមហាសេដ្ឋីលេចធ្លោខុសពីមនុស្សទូទៅ​៖

១/ គេមិនរង់ចាំឱ្យអ្នកដទៃទៅបង្រៀនគេទេ

កាលពីឆ្នាំ២០១១ លោក Patrick និងលោក John Collison បាននាំគ្នាបង្កើតក្រុមហ៊ុន Stripe ក្រោមការគាំទ្រពីលោក Elon Musk និងលោក Peter Thiel។ ជោគជ័យរបស់យុវវ័យទាំងពីរនាក់នេះកើតឡើងដោយសារការងុបងុលនឹងបច្ចេកវិទ្យា និងការសរសេរកម្មវិធីដែលបងប្អូនទាំងពីរនាក់នេះរៀនខ្លួនឯងតាំងពីពួកគេមានអាយុមិនទាន់ដល់១០ឆ្នាំម៉្លេះ។

លោកBill Gates បានបង្កើតកម្មវិធីកុំព្យូទ័រទីមួយនៅពេលដែលលោកមានអាយុ១៣ឆ្នាំ ហើយនៅពេលលោកមានអាយុ១៦ឆ្នាំ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Traf-O-Data និងចាប់ផ្តើមរកលុយតាមកុំព្យូទ័រ។

ចំណែកលោក Jack Ma បានចាប់ផ្តើមរៀនភាសាអង់គ្លេសដោយខ្លួនឯងនៅអាយុ១២ឆ្នាំ។ លោកជិះកង់៤០នាទីរាល់រាល់ព្រឹកទៅសណ្ឋាគារមួយក្បែរភូមិរបស់លោកដើម្បីធ្វើជាអ្នកនាំផ្លូវភ្ញៀវទេសចរដោយមិនយកលុយព្រោះតែចង់រៀនភាសាអង់គ្លេស។

 

២/ កម្រិតនៃការអប់រំរបស់គេមិនមែនជាកត្តាកំណត់ជោគជ័យរបស់គេទេ

ស្ថាបនិកក្រុមហ៊ុនFacebook លោក Mark Zuckerberg ឈប់រៀននៅសកលវិទ្យាល័យHarvard ដើម្បីទៅបង្កើតកម្មវិធីបណ្តាញសង្គម។

ស្ថាបនិកក្រុមហ៊ុន Stripe លោក Patrick បានឈប់រៀននៅវិទ្យាស្ថានបច្ចេកវិទ្យា MIT ហើយលោកJohn ក៏ឈប់រៀននៅសកលវិទ្យាល័យHarvard ទៅសហការគ្នាបង្កើតក្រុមហ៊ុនទីមួយឈ្មោះ Auctomatic ដែលបង្កើតប្រព័ន្ធគ្រប់គ្រងទីផ្សារសម្រាប់ក្រុមហ៊ុនធំៗដូចជា eBay ជាដើម។

ហើយសូម្បីតែលោក Evan Spiegel ក៏បានឈប់រៀននៅសកលវិទ្យាល័យStanford ទៅបង្កើតកម្មវិធី Snapchat ក្នុងពេលដែលនៅសល់តែបន្តិចទៀតប៉ុណ្ណោះត្រូវរៀនចប់ក៏ដោយ។

ក្រៅពីនេះក៏មានមហាសេដ្ឋីដែលមិនបានទៅរៀននៅសកលវិទ្យាល័យល្បីៗដែរ ដូចជាលោកJack Ma ជាដើម។ លោកMa រៀនMBA នៅសកលវិទ្យាល័យ Cheung Kong នៅពេលដែលលោកបានបង្កើតក្រុមហ៊ុនAlibaba រួចទៅហើយ។

 

៣/ គេមានចរិតគោរពគេឯងណាស់

ក្រៅពីទេពកោសល្យ បងប្អូន Collison ទាំងពីរនាក់ជាមនុស្សមានចរិតគោរពគេឯងរហូតដល់ពួកគេទទួលបានការទុកចិត្តនិងភាពជឿជាក់ពីវិនិយោគិននិងអតិថិជន។

លោកWarren Buffett ប្រធានក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសរុបប្រហែល៧៣.១ពាន់លានដុល្លារ ប៉ុន្តែលោកនៅតែរស់នៅក្នុងផ្ទះដែលលោកទិញតាំងពី៥០ឆ្នាំមុនក្នុងតម្លៃ៣១,៥០០ដុល្លារ។ លោកBuffett បានបរិច្ចាគទ្រព្យជាង២.៨៦ពាន់លានដុល្លារសម្រាប់កិច្ចការមនុស្សធម៌។

ចំណែកប្រធានក្រុមហ៊ុនFacebook លោក Mark Zuckerberg ក៏មានជីវិតសាមញ្ញណាស់ដែរ គឺលោកពាក់តែអាវយឺតពណ៌ប្រផេះទៅធ្វើការរាល់ថ្ងៃ។ អាពាហ៍ពិពាហ៍របស់លោកជាមួយនឹងលោកស្រី Priscilla Chan រៀបចំឡើងនៅខាងក្រោយផ្ទះរបស់លោក ហើយក្នុងដំណើរកម្សាន្តក្រោយអាពាហ៍ពិពាហ៍ក្នុងប្រទេសអ៊ីតាលី គេឃើញប្តីប្រពន្ធទាំងពីរនាក់នេះកាន់ McDonald ទទួលទានក្នុងទីសាធារណៈ។

 

៤/ គេអានច្រើនណាស់

លោកWarren Buffett ចាត់ទុកថាការសម្រេចចិត្តត្រូវដែលនាំឱ្យមានលុយច្រើនដូចសព្វថ្ងៃនេះ គឺដោយសារលោកមានទម្លាប់អានច្រើន។ លោកប្រាប់គេថាលោកចំណាយពេល៨០ភាគរយក្នុងមួយថ្ងៃៗដើម្បីអាន។

ចំណែកបងប្អូន Collison ទាំងពីរនាក់ នៅពេលពួកគេមិនរវល់គ្រប់គ្រងក្រុមហ៊ុន ពួកគេចំណាយពេលអាន(អ្នកទាំងពីរមានសៀវភៅប្រហែល៦០០ក្បាល)។

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានក្លាយជាអ្នកញៀនអានសៀវភៅតាំងពីនៅក្មេងមកម្ល៉េះ។ លោក Musk ធ្លាប់ហៅខ្លួនឯងថាជាក្មេងដង្កូវសៀវភៅ។ នៅពេលធំឡើង លោកអាចអានសៀវភៅចប់ពីរក្បាលក្នុងមួយថ្ងៃ។ នៅពេលគេសួរថាតើលោកអាចរៀនបង្កើតយានទៅកាន់ភពអង្គារបានដោយរបៀបណា លោក Musk ឆ្លើយយ៉ាងសាមញ្ញថាគឺ”ខ្ញុំអានសៀវភៅ”។

លោក Li Ka Shing កំពូលអ្នកមាននៅអាស៊ីក៏ជាមនុស្សដែលអានច្រើនដែរ និងបានឱ្យគុណសម្បត្តិច្រើនចំពោះជោគជ័យរបស់លោកទៅលើសមត្ថភាពនៃការរៀនដោយឯករាជ្យ។

 

៥/ គេមិនបណ្តោយឱ្យបរាជ័យរារាំងពួកគេទេ

ទោះបីជាទទួលបានជោគជ័យយ៉ាងធំធេងក្នុងកម្មវិធី Snapchat ក៏លោក Evan Spiegel មិនបានដើរមកដល់គោលដៅដោយត្រង់បែបនេះទេ។ ក្នុងការព្យាយាមបង្កើតកម្មវិធី Picaboo លោក Evan Spiegel បរាជ័យ រួចក៏ប្តូរឈ្មោះទៅជាកម្មវិធី Snapchat វិញដោយមានការកែប្រែចំណុចខ្លះៗ។

ក្រោយពីបង្កើតក្រុមហ៊ុន Alibaba លោក Jack Ma បរាជ័យជាច្រើនដង។ ក្នុងរយៈពេល៣ឆ្នាំដំបូង ក្រុមហ៊ុននេះគ្មានបានចំណេញអ្វីទេ ហើយមានដំណាក់កាលមួយនោះ ក្រុមហ៊ុនស្ទើរតែដួលរលំ។

ក្នុងឆ្នាំ២០០៩ ក្រុមហ៊ុន Airbnb ជិតដួលរលំ ដោយសារតែក្រោយពីបង្កើតក្រុមហ៊ុនហើយ គ្មាននរណាម្នាក់ចាប់អារម្មណ៍។

ប្រភព​៖ Asia One

Leave a Reply

Your email address will not be published. Required fields are marked *