ទម្លាប់​ល្អ​ទាំង៦​ទាក់ទង​នឹង​លុយ​ដែល​មនុស្ស​ល្បីៗ​អនុវត្ត​ជាប្រចាំ

ចែករំលែក ជំនឿ ជីវិត

តើអ្នកមានទម្លាប់បង្កើតផែនការណ៍គ្រប់គ្រងលុយកាក់ប្រចាំឆ្នាំទេ? ហើយតើអ្នកមានទម្លាប់កំណត់គោលដៅរកលុយឱ្យបានក្នុងមួយឆ្នាំៗទេ? នេះជាទម្លាប់ទាំង៦ដែលអ្នកអាចយកតម្រាប់តាមសេដ្ឋីដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក៖

១/ រក្សាសុទិដ្ឋិនិយមចំពោះហិរញ្ញវត្ថុរបស់គេ

“ឥរិយាបថរបស់ចំពោះលុយគឺ ប្រសិនបើដើរដួល អ្នកត្រូវតែក្រោកឈរបន្តដើរទៅមុខទៀត។ អ្វីដែលអ្នកត្រូវធ្វើគឺព្យាយាមហើយព្យាយាមទៀត។” នេះជាសម្តីរបស់លោកRichard Branson ហើយមនុស្សដែលមានកម្លាំងចិត្តរឹងមាំជាច្រើននាក់ទៀតក៏ដើរតាមផ្លូវនេះដូចគ្នាដែរ។ តាមពិតការស្រាវជ្រាវបង្ហាញថា សុទិដ្ឋិនិយមជាលក្ខណៈលេចធ្លោជាងគេក្នុងការកំណត់គោលដៅហិរញ្ញវត្ថុ។

 

២/ ឧស្សាហ៍ជួបមនុស្សដែលគិតដូចគ្នាក្នុងរឿងលុយ

“សេពគប់តែជាមួយមនុស្សដែលជួយលើកតម្កើងអ្នកឱ្យកាន់តែខ្ពស់ខ្ពស់ឡើង” ​នេះជាទស្សនៈរបស់លោកស្រីOprah Winfrey។ បើអ្នកសេពគប់ជាមួយមនុស្សគួរឱ្យទុកចិត្ត មានឥទ្ធិពលលើកទឹកចិត្ត និងចេះចែករំលែកទស្សនវិស័យរបស់គេចំពោះជោគជ័យហិរញ្ញវត្ថុ អាចធ្វើឱ្យអ្នកក្លាយទៅជាមនុស្សរឹងប៉ឹង។ ហេតុអ្វី? ព្រោះគេពង្រីកព្រំដែនហិរញ្ញវត្ថុរបស់គេតាមរយៈការសហការជាមួយនឹងមនុស្សដែលមានគំនិតដូចគ្នា។

 

៣/ ប្តេជ្ញាចិត្តរៀនយល់ដឹងអំពីហិរញ្ញវត្ថុពេញមួយជីវិត

លោកBill Gates និយាយថា “ខ្ញុំពិតជាមានសុបិនច្រើនណាស់កាលនៅពីក្មេង ហើយខ្ញុំយល់ថាភាគច្រើននៃសុបិនទាំងនោះកើតចេញពីការអានយ៉ាងច្រើនរបស់ខ្ញុំ”។ មនុស្សជោគជ័យនិងមានចិត្តរឹងប៉ឹងជាមនុស្សដែលស្រឡាញ់ការរៀនសូត្រ គឺគេស្រេកឃ្លានចំណេះដឹងជានិច្ច។ គេព្យាយាមអភិវឌ្ឍខ្លួនឱ្យកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំណេះដឹងទាំងនោះបង្កើតបានជាទំនុកចិត្តយ៉ាងរឹងមាំរបស់គេ។ ចំពោះរឿងលុយកាក់ក៏ដូចគ្នានេះដែរ គឺមនុស្សប្រភេទនេះតែងតែរកមធ្យោបាយបង្កើនទ្រព្យសម្បត្តិដើម្បីយកទៅសម្រេចគោលដៅជាច្រើនទៀត។

 

៤/ សម្រេចចិត្តរឿងលុយកាក់ដោយមិនពាក់ព័ន្ធនឹងអារម្មណ៍

លោក Warren Buffett ធ្លាប់និយាយថា “ប្រសិនបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេ អ្នកក៏មិនអាចគ្រប់គ្រងលុយរបស់អ្នកបានដែរ”។ មនុស្សយើងទាំងអស់សុទ្ធតែស្ថិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍ ហើយការសម្រេចចិត្តរបស់យើងក៏មិនអាចគេចផុតពីឥទ្ធិពលនៃអារម្មណ៍ដែរ។ បើទោះជាមនុស្សយើងមិនអាចញែកអារម្មណ៍ឱ្យដាច់ស្រឡះពីសម្រេចចិត្ត ក៏មនុស្សមានចិត្តរឹងមាំព្យាយាមអនុវត្តតាមដំបូន្មានរបស់លោកWarren Buffett ខាងលើនេះដែរ។

 

៥/ ចំណាយតិចជាងចំណូល

លោកស្រី Marsha Collier ជាអ្នកនិពន្ធសៀវភៅជិត៥០ក្បាល មានដំបូន្មានថា “ការចាយវាយតិចជាងទំហំប្រាក់ចំណូលគឺជាយុទ្ធសាស្រ្តមានប្រសិទ្ធភាពដែលមនុស្សអនុវត្តមកច្រើនជំនាន់មកហើយ។ មនុស្សដែលមានចិត្តរឹងប៉ឹងតែងតែមានវិន័យចំពោះលុយកាក់ ហើយចេះទប់ចិត្តក្នុងការចំណាយខ្ជះខ្ជាយលើវត្ថុហ៊ឺហាដែលមិនចាំបាច់។ មនុស្សប្រភេទនេះច្រើនតែគិតវែងឆ្ងាយចំពោះហិរញ្ញវត្ថុរបស់គេ។

 

៦/ ឱ្យតម្លៃខ្លួនឯងជាងអ្នកដទៃ

លោក Robert Kiyosaki អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad សរសេរថា “ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវតែមានវិន័យផ្ទាល់ខ្លួនក្នុងការយកចិត្តទុកដាក់ចំពោះខ្លួនឯងមុនគិតដល់អ្នកដទៃទៀត។ មានន័យថាអ្នកត្រូវតែវិនិយោគលើការអភិវឌ្ឍខ្លួនមុននឹងគិតរឿងចំណាយផ្សេងទៀត។ មុននឹងចាយវាយអ្វីមួយ អ្នកត្រូវតែបែងចែកលុយកាក់ខ្លះដើម្បីវិនិយោគសម្រាប់អនាគតរបស់អ្នក។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Forbes

Leave a Reply

Your email address will not be published. Required fields are marked *