កិច្ចការមួយចំនួន​ដែល​មនុស្សជោគជ័យ​ តែងតែធ្វើនៅពេល​ល្ងាច​ថ្ងៃសុក្រ

ចែករំលែក ជំនឿ ជីវិត ទស្សនៈ និងប្រវត្តិបុគ្គល

របៀបដែលអ្នកបញ្ចប់សប្តាហ៍នៃការងាររបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើសប្តាហ៍បន្ទាប់ទៀត។ នេះជាកិច្ចការដែលមនុស្សជោគជ័យតែងតែធ្វើនៅល្ងាចថ្ងៃសុក្រមុនពេលសម្រាករយៈពេលចុងសប្តាហ៍និងចាប់ផ្តើមសប្តាហ៍ថ្មីបន្តទៀត៖

 

១/ ពិចារណាស្មាដៃដែលបានសម្រេចក្នុងមួយសប្តាហ៍នេះ

មនុស្សយើងងាយងប់ងុលនឹងកិច្ចការដែលធ្វើមិនទាន់បានសម្រេចណាស់។ ប៉ុន្តែមនុស្សជោគជ័យធ្វើផ្ទុយពីទម្លាប់នេះទៅវិញ គឺគេរំលឹកខ្លួនឯងអំពីស្នាដៃដែលគេបានធ្វើសម្រេច បើទោះជាជោគជ័យនោះតូចតាចបែបណាក៏ដោយ។ ការទទួលស្គាល់និងការស្ញប់ស្ញែងចំពោះស្នាដៃរបស់អ្នកជាមធ្យោបាយតែមួយគត់ដើម្បីបង្កើនកម្រិតនៃភាពរីករាយក្នុងការងារ។

 

២/ គិតទុកជាមុនអាទិភាពការងារនៅសប្តាហ៍បន្ទាប់

មនុស្សជោគជ័យប្រើប្រាស់ល្ងាចថ្ងៃសុក្រដើម្បីពិចារណាអំពីជីវិតផ្ទាល់ខ្លួននិងអាជីព ហើយនឹករកអាទិភាពការងារពីបីទៅប្រាំដែលគេចង់សម្រេចឱ្យបាននៅសប្តាហ៍ខាងមុខ រួចបង្កើតជាផែនការណ៍ដែលត្រូវអនុវត្តទុកជាមុន។ ការកំណត់ទុកជាមុនថាត្រូវធ្វើអ្វីនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍ក្រោយជួយសន្សំពេលអ្នកបានច្រើនក្នុងការរកនឹកពេលចាប់ផ្តើមធ្វើការ។

 

៣/ បែងចែកពេលវេលាសម្រាប់ផ្ទាល់ខ្លួននិងការងារ

មនុស្សធ្វើការជាប្រចាំងាយនឹងធ្លាក់ខ្លួនស្រវឹងនឹងការងារណាស់ ហើយក៏ងាយបាត់បង់ទិសដៅវែងឆ្ងាយដោយសារភាពរវល់ជុំវិញខ្លួនដែរ។ ដើម្បីបញ្ជៀសបញ្ហានេះ មនុស្សជោគជ័យបែងចែកពេលវេលាទុកជាមុន គឺគេគិតរករបៀបដែលគេអាចរក្សាតុល្យភាពរវាងការងារនិងជីវិត។ ទោះជាមានការងារច្រើនដែលត្រូវធ្វើនៅសប្តាហ៍បន្ទាប់ ក៏គេត្រូវតែមានពេលវេលាផ្ទាល់ខ្លួនខ្លះដែរ។

 

៤/ រៀបចំទុកដាក់ការងារនិងការិយាល័យ

អ្នកជោគជ័យក្នុងការងារមានទម្លាប់ចំណាយពេល១៥ទៅ៣០នាទីរៀងរាល់ល្ងាចថ្ងៃសុក្រដើម្បីរៀបចំឯកសារទុកដាក់តាមប្រភេទការងារដែលធ្វើហើយ និងការងារដែលនៅសេសសល់ ព្រមទាំងសម្អាតការិយាល័យ។ ធ្វើបែបនេះគេនឹងមានអារម្មណ៍ស្រស់ថ្លាពេលត្រឡប់ចូលមកធ្វើការវិញនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ សម្រាប់អ្នកខ្លះទៀត ការរៀបចំបែបនេះក៏ជួយជម្រះភាពស្មុគស្មាញក្នុងចិត្តដែលបណ្តាលមកពីភាពវីវក់នឹងការងារអស់ជិត៥ថ្ងៃកន្លងមកនេះ។

 

៥/ គិតដល់ផែនការចុងសប្តាហ៍

ប្រសិនបើអ្នកមិនមានផែនការណ៍ចុងសប្តាហ៍នៅល្ងាចថ្ងៃសុក្រទេ អ្នកគួរតែចំណាយពេលខ្លះដើម្បីគិតដល់អ្វីដែលអ្នកចង់ធ្វើក្រៅពីការងារ។ ប្រហែលអ្នកចង់ទៅទទួលទានអាហារជួបជុំគ្រួសារនៅកន្លែងណាមួយ អ្នកចង់ចំណាយពេលនៅជាមួយកូន ឬអ្នកចង់ធ្វើការងារផ្ទះ។ អ្នកមិនចាំបាច់គ្រោងលម្អិតពេកទេ ប៉ុន្តែកំណត់ទុកជាមុនកិច្ចការពីរបីដែលអ្នកដឹងច្បាស់នឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់ក្នុងការចាប់ផ្តើមធ្វើការទាំងនោះ។

 

៦/ ទទួលស្គាល់ស្នាដៃនិងការព្យាយាមរបស់អ្នកដទៃ

មេដឹកនាំល្អចំណាយពេលខ្លះនៅល្ងាចថ្ងៃសុក្រនិយាយទូរសព្ទ ឬដើរទៅការិយាល័យរបស់បុគ្គលិកដើម្បីសម្តែងអំណរគុណចំពោះកិច្ចការដែលក្រុមការងារបានធ្វើពេញមួយសប្តាហ៍មកនេះ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យបុគ្គលិកមានអារម្មណ៍ដឹងចំពោះការទទួលស្គាល់ពីថ្នាក់ដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើឱ្យគេសប្បាយចិត្តនិងមានអារម្មណ៍ថាចង់ត្រឡប់មកបន្តកិច្ចការទៀតនៅដើមសប្តាហ៍បន្ទាប់។

 

ប្រភព​៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *