ផ្នត់គំនិតទាំង 3 យ៉ាងដែលសេដ្ឋី​មាន តែមនុស្សធម្មតាគ្មាន

ចែករំលែក ជំនួញ ជំនឿ ទស្សនៈ និងប្រវត្តិបុគ្គល បទពិសោធន៍

តើអ្នកគិតថាអ្វីដែលមានអំណាចខ្លាំងបំផុតក្នុងពិភពលោកនេះ? តើអ្នកនឹងថាដូចម្តេចប្រសិនបើគេប្រាប់ថាអ្នកមានអំណាចនោះក្នុងខ្លួនរួចទៅហើយ? មនុស្សម្នាក់ៗសុទ្ធតែកើតមកជាមួយនឹងអំណាចខ្លាំងបំផុត ប៉ុន្តែមនុស្សភាគច្រើនមិនស្គាល់វា ឬមិនចេះប្រើប្រាស់វា។ មនុស្សយើងប្រែប្រួលច្រើនណាស់នៅក្នុងមួយជីវិតដូចជារូបរាង ឥរិយាបថ និងចំណង់ចំណូលចិត្ត។ល។

 

ប៉ុន្តែប្រសិនបើអ្នកមិនផ្លាស់ប្តូរផ្នត់គំនិតទេ អ្នកនឹងជួបតែបទពិសោធន៍ដដែលៗពេញមួយជីវិត។ លោកស្រី Oprah Winfrey ធ្លាប់និយាយថាអ្នកត្រូវតែចាប់ផ្តើមយកចិត្តទុកដាក់ចំពោះជីវិតរបស់អ្នក និងស្តាប់ការខ្សឹបប្រាប់ពីខាងក្នុងចិត្តរបស់អ្នក។ ជីវិតនេះខ្សឹបប្រាប់អ្នកគ្រប់ពេល ហើយបើអ្នកមិនស្តាប់ការខ្សឹបប្រាប់នោះទេ អ្នកនឹងដើរទៅរកបញ្ហា។ ហើយប្រសិនបើអ្នកនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហានោះទៀត វានឹងប្រែក្លាយទៅជាមហន្តរាយសម្រាប់ជីវិតអ្នក។

 

ផ្ទុយទៅវិញ បើអ្នកចងចាំនិងអនុវត្តតាមគន្លឹះទាំង៣នេះ អ្នកនឹងជួបរឿងជោគជ័យកាន់តែច្រើន៖

 

១/ បិទការរិះគន់រំខាន់ពីខាងក្នុង

អ្នកវិទ្យាសាស្រ្តប៉ាន់ប្រមាណថាឱកាសដែលអ្នកអាចក្លាយជាមនុស្សនេះមានតែមួយភាគ៤០០កោដិប៉ុណ្ណោះ។ តើមានន័យដូចម្តេច? គឺអ្នកមានជោគជ័យធំណាស់ដែលបានកើតមក ហើយអ្នកត្រូវចេះឱ្យតម្លៃខ្លួនឯង។ អ្នកជាមនុស្សពិសេសជាងគេបំផុតក្នុងប្រវត្តិសាស្រ្តមនុស្សលោកលើផែនដីនេះ គ្មាននរណាម្នាក់ដូចអ្នកទេ។ អ្នកមានទេពកោសល្យនិងសមត្ថភាពកប់ក្នុងខ្លួនយ៉ាងមហិមាដើម្បីធ្វើអ្វីៗបានទាំងអស់នៅពេលចេះប្រើប្រាស់ទេពកោសល្យនិងសមត្ថភាពនោះបានត្រឹមត្រូវ។

 

២/ លើកតម្កើងបទដ្ឋានជីវិត

តើមានអ្វីខុសគ្នារវាងកិច្ចការដែលអ្នកគួរតែធ្វើ និងកិច្ចការដែលអ្នកត្រូវតែធ្វើដោយខានមិនបាន? លោក Jim Rohn អ្នកជំនាញខាងលើកទឹកចិត្ត និយាយថាកិច្ចការដែលមនុស្សងាយស្រួលធ្វើ ក៏ជាកិច្ចការដែលមនុស្សងាយនឹងមិនធ្វើដែរ។ និយាយមួយបែបទៀតមានន័យថា កិច្ចការដែលអ្នកគួរធ្វើគឺជាកិច្ចការដែលអ្នកងាយនឹងមិនធ្វើដែរ ដូច្នេះអ្នកមិនធ្វើវាទេ។ ជាក់ស្តែង អ្នកគួរតែហាត់ប្រាណដើម្បីសុខភាព ប៉ុន្តែអ្នកមិនធ្វើទេ។

 

ប៉ុន្តែនៅពេលអ្នកត្រូវតែធ្វើកិច្ចការអ្វីមួយដែលហាក់ដូចជាជីវិតរបស់អ្នកពឹងអាស្រ័យទាំងស្រុងលើកិច្ចការនោះ ស្រាប់តែមានការផ្លាស់ប្តូរនៅក្នុងខ្លួនអ្នក។ ប្រសិនបើអ្នកមិនព្រមអនុវត្តតាមរបបអាហារត្រឹមត្រូវដើម្បីសុខភាពទេ អ្នកនឹងស្លាប់ ពេលនោះអ្នកនឹងព្រមធ្វើភ្លាម។ នៅពេលអ្នកតម្លើងបទដ្ឋាននៃជីវិត និងកែប្រែពីពាក្យថាគួរតែ ទៅជាពាក្យថាត្រូវតែវិញ អ្នកប្តូរទៅរកការគ្រប់គ្រងលើគុណភាពជីវិតបានទាំងស្រុង។

 

៣/ ហ្វឹកហាត់មិនឈប់ពេលនៅម្នាក់ឯង

លោកTony Robbins និយាយថាមនុស្សយើងទទួលបានការកោតសរសេរក្នុងទីសាធារណៈចំពោះកិច្ចការដែលគេបានហ្វឹកហាត់មកជាច្រើនឆ្នាំក្នុងពេលនៅតែឯង។ ប្រសិនបើអ្នកចង់គិតដូចសេដ្ឋី អ្នកត្រូវតែហាត់គិតឱ្យបានញឹកញាប់។ អ្នកនិពន្ធ Brendon Burchard ប្រាប់ថាត្រូវតែហ្វឹកហាត់ធ្វើជាម្ចាស់ការនៃជំនាញ។ ការហ្វឹកហាត់គឺជាទម្លាប់ដដែលៗក្នុងការអនុវត្តជំនាញអ្វីមួយដែលអ្នកចង់ចេះស្ទាត់។ បើមិនមុជឱ្យជ្រៅទៅក្នុងជំនាញដែលអ្នកព្យាយាមរៀននោះទេ អ្នកនឹងមិនអាចធ្វើជាម្ចាស់ការលើជំនាញនោះបានទេ។

ប្រភព​៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *