ចង់ដឹង​ថាលោក Elon Musk រៀន​រហ័ស​កម្រិត​ណាទេ?

ចែករំលែក ជំនឿ ជីវិត ទស្សនៈ និងប្រវត្តិបុគ្គល

តើលោក Elon Musk អាចបង្កើតក្រុមហ៊ុនតម្លៃរាប់ពាន់​លានដុល្លាររហូតដល់ទៅ៤ក្នុងវិស័យផ្សេងគ្នាបានដោយរបៀបណាក្នុងពេលដែល​ទើបតែមានវ័យជាង៤០ឆ្នាំ​? ដើម្បីបកស្រាយជោគជ័យ​មហាសាលបែបនេះ អ្នកខ្លះ​បានព្យាយាម​ចង្អុលប្រាប់អំពីការ​ប្រឹងប្រែងខ្លាំងគឺ​លោកធ្វើការប្រហែល​៨៥ម៉ោងក្នុងមួយ​សប្តាហ៍ និងសមត្ថភាព​ក្នុងការគិតទៅដល់​អនាគត។ ប៉ុន្តែបើយោង​តាមការតាមដាន​សិក្សាដំណើរ​ជីវិតយ៉ាងលម្អិតរបស់​លោក Musk គេរកឃើញថា លោកជា​មនុស្ស​ដែលរៀន​ជំនាញក្នុង​វិស័យផ្សេងៗ​ជាច្រើន​។​

លោក Kimbal Musk ដែល​ជាប្អូនប្រុសលោក Elon Musk បានឱ្យដឹងថា ចាប់ផ្តើមតាំង​ពីនៅក្នុងវ័យ​ជាង១០ឆ្នាំមក លោក Musk អានសៀវភៅខុសៗ​គ្នាជាមធ្យម​ពីរក្បាលក្នុង​មួយថ្ងៃ។ បើ​យើង​ប្រៀប​ធៀបជា​មួយមនុស្ស​ដែលអាន​សៀវភៅមួយក្បាល​ក្នុងពេល​មួយខែ លោក Musk អានសៀវភៅ​៦០ក្បាល​ក្នុងមួយខែ​។ សៀវភៅដែលលោក Musk អាន​ក្នុងពេលដំបូងៗ​មានដូចជា ប្រលោមលោក​បែបវិទ្យាសាស្រ្ត ទស្សនវិជ្ជា សាសនា កម្មវិធីកុំព្យូទ័រ ប្រវត្តិរូបអ្នកវិទ្យាសាស្រ្ត និងសហគ្រិន​។ នៅពេលកាន់​តែ​ចម្រើនវ័យ​ឡើង ចំណាប់​អារម្មណ៍ក្នុង​ការអាន​សៀវភៅរបស់​លោក Musk បាន​ទៅ​គ្រប​ដណ្តប់​លើ​រូបវិទ្យា វិស្វកម្ម ការច្នៃប្រឌិតផលិតផល ពាណិជ្ជកម្ម បច្ចេកវិទ្យា និងថាមពល​។ ការស្រេកឃ្លាន​ចំណេះដឹងបែបនេះ​ហើយដែលរុញច្រាន​ឱ្យលោកព្យាយាម​អានមុខ​វិជ្ជាជាច្រើន​ដែលមិនចាំបាច់​សម្រាប់​កិច្ចការសាលា​។

លោក Elon Musk ក៏ពូកែ​ខាងជំនាញរៀន​មួយប្រភេទ​ដែលមនុស្សភាគច្រើន​មិនដឹង គឺសំយោគ​ការរៀន​។ សំយោគការរៀន​គឺការយកចំណេះ​ដឹងពីបរិបទ​មួយទៅអនុវត្តលាយ​គ្នាក្នុ​ងបរិបទមួយផ្សេង​ទៀត យកការ​អនុវត្តក្នុងវិស័យ​មួយទៅច្របាច់​បញ្ចូលគ្នាក្នុងវិស័យមួយ​ផ្សេងទៀត ឬយក​ចំណេះដឹងរៀនពីសាលានិងសៀវភៅទៅអនុវត្តជាក់​ស្តែង។ ត្រង់នេះហើយជាចំណុច​ខ្លាំងរបស់លោក Musk​។

ដើម្បីពង្រឹងជំនាញ​សំយោគការរៀន លោក Elon Musk ប្រើប្រាស់​គន្លឹះពីរ គឺទីមួយលោក​បំបែកចំណេះដឹងដែលមាន​ស្រាប់ទៅជាបំណែក​នៃគោលការណ៍មូលដ្ឋាន គឺត្រូវមើល​ចំណេះដឹងឱ្យ​ដូចគ្នានឹង​ឈើមួយ​ដើមដែល​មានដើម មែក ស្លឹក​។ ហើយ​បន្ទាប់មកទៀតលោក Musk យកគោលការណ៍​គ្រឹះទាំងនោះ​ទៅបង្កើតឡើង​វិញក្នុង​វិស័យថ្មីមួយ​ទៀត​។

លោកសាស្រ្តាចារ្យចិត្តវិទ្យា Keith Holyoak ក៏ណែនាំឱ្យ​មនុស្សសួរខ្លួនឯង​សំណួរពីរនេះ​ជាប្រចាំដើម្បី​ពង្រឹងជំនាញដែល​មាន គឺសួរ​ថាតើចំណុច​មួយនេះធ្វើ​ឱ្យខ្ញុំនឹក​ឃើញដល់​រឿងអ្វី? ហើយ​តើហេតុ​អ្វីបាន​ជាវា​ធ្វើឱ្យខ្ញុំនឹក​ឃើញដល់រឿងនោះ​?

ប្រភព​៖ CNBC

Leave a Reply

Your email address will not be published. Required fields are marked *