តើមនុស្ស​ជោគជ័យ​បំផុតពួកគេតែងតែ​ធ្វើអ្វីខ្លះ​កាលខ្លួននៅក្មេង?

ចែករំលែក ជំនឿ ទស្សនៈ និងប្រវត្តិបុគ្គល អ្នកដឹងទេ

មនុស្សល្បីល្បាញខ្លាំងក្នុងពិភពលោកសព្វថ្ងៃនេះសុទ្ធតែបានដឹងច្បាស់ថាគេចង់បានអ្វីតាំងពីនៅក្មេងមកម្លេះ តែអ្នកខ្លះប្រើពេលឆាប់ ហើយអ្នកខ្លះទៀតប្រើពេលយូរមុននឹងសម្រេចតាមក្តីប្រាថ្នា។ មើលដំណើរជីវិតក្នុងបឋមវ័យរបស់មនុស្សទាំងនេះប្រហែលមានចំណុចខ្លះដូចអ្នកដែរ​៖

 

១/ លោកស្រីJK. Rowlingចូលចិត្តទៅចូលរួមពិធីបុណ្យស្លៀកពាក់ប្លែកៗ

លោកស្រីគឺជាអ្នកនិពន្ធប្រលោមលោកបែបអភិនីហាសម្រាប់កុមារ ហើយជាស្រ្តីទីមួយហើយដែលក្លាយជាមហាសេដ្ឋិនីដោយសារការតែងនិពន្ធខ្សែរឿង Harry Potter។ ប៉ុន្តែលោកស្រីមិនបាននឹកឃើញគំនិតនិពន្ធរឿងបែបស្រមើស្រមៃទាំងនេះទេ រហូតដល់អាយុ២៥ឆ្នាំ។ ដំបូងលោកស្រីជួបភាពលំបាកខ្លាំងក្នុងការរកស្ថាប័នបោះពុម្ពសៀវភៅ ហើយមិនអាចផ្តោតលើការងារបានរហូតដល់គេបណ្តេញឱ្យឈប់ធ្វើការឱ្យអង្គការ Amnesty International។ ពេលនៅក្នុងយុវវ័យ លោកស្រី JK Rowling ចូលចិត្តទៅចូលរួមពិធីបុណ្យស្លៀកពាក់ប្លែកៗនិងដើរឡើងភ្នំជាច្រើនក្នុងប្រទេសអង់គ្លេស។

 

២/ លោកBill Gates រវល់តែសរសេរកម្មវិធីកុំព្យូទ័រ

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានរកឃើញការស្រឡាញ់កុំព្យូទ័រតាំងពីអាយុ១៣ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកBill Gates បានសរសេរកម្មវិធីសម្រាប់កុំព្យូទ័រ ហើយទៅរៀននៅសាលាពាណិជ្ជជាមួយនឹងលោក Paul Allen ដែលជាដៃគូបង្កើតក្រុមហ៊ុន Microsoft។ លោកGates ចូលរៀននៅសកលវិទ្យាល័យHarvard​ តែឈប់រៀនវិញនៅក្នុងវ័យ២០ឆ្នាំ ទៅផ្តោតធ្វើការដែលធ្វើឱ្យលោកក្លាយជាកំពូលអ្នកមានក្នុងពិភពលោក។

 

៣/ លោកស្រី Oprah Winfrey ធ្វើការនៅស្ថានីយវិទ្យុ

សព្វថ្ងៃលោកស្រី Oprah Winfrey ជាម្ចាស់កម្មវិធីជជែកគ្នាល្បីល្បាញបំផុតមួយរូប និងជាផលិតករកម្មវិធីដ៏មានឥទ្ធិពលក្នុងពិភពលោក។ លោកស្រីដឹងថាចូលចិត្តការងារផ្សព្វផ្សាយនៅអាយុ១៤ឆ្នាំ ហើយក៏រកបានការងារនៅក្នុងស្ថានីយវិទ្យុមួយពេលមានអាយុ១៦ឆ្នាំ។ នៅអាយុ១៩ឆ្នាំ លោកស្រីក៏ឈប់រៀនទៅចាប់យកអាជីពក្នុងបណ្តាញផ្សព្វផ្សាយ។ ប៉ុន្តែលោកស្រីក៏ធ្លាប់ត្រូវគេបញ្ឈប់លែងឱ្យធ្វើការក្នុងស្ថានីយទូរទស្សន៍ដែរ។ ដោយជម្នះមិនព្រមចុះចាញ់ លោកស្រីក៏បន្តស្វែងរកការងារក្នុងវិស័យផ្សព្វផ្សាយដដែលរហូតដល់មានប្រជាប្រិយភាពខ្លាំងឡើងៗ និងក្លាយជាមហាសេដ្ឋិនីដ៏មានឥទ្ធិពលមួយរូប។

 

៤/ លោក Morgan Freeman ជាសិល្បករត្រដររស់យ៉ាងលំបាក

បច្ចុប្បន្ននេះលោក Morgan Freeman ជាតារាសម្តែងល្បីបំផុតមួយរូបដែលមានការងាររវល់ខ្លាំងនៅក្នុងពិភព Hollywood។ ប៉ុន្តែជោគជ័យសព្វថ្ងៃនេះមិនមែនបានមកងាយៗទេ គឺលោកបានព្យាយាមណាស់ក្នុងពេលចាប់ផ្តើមដំបូងៗ។ កាលពីនៅក្មេង ក្រោយពេលរៀនចប់វិទ្យាល័យភ្លាម លោកចូលបម្រើការក្នុងកងទ័ពជើងអាកាសនិងក្លាយជាអ្នកយន្តហោះចម្បាំង។ ទោះជាលោកស្រឡាញ់ការសម្តែង ក៏ពេលនោះមិនមែនជារឿងងាយស្រួលក្នុងការចូលប្រឡូកប៉ុន្មានទេ ហើយលោក Freeman បានពុះពារយ៉ាងខ្លាំងនៅក្នុងវ័យ២០ជាង។ ទីបំផុតទេពកោសល្យរបស់លោកក៏លេចធ្លោនៅក្នុងរឿង “Driving Miss Daisy” ក្នុងពេលដែលលោកមានអាយុ៥២ឆ្នាំ។

 

៥/ លោក Richard Branson ឈប់រៀនទៅបង្កើតមុខជំនួញក្នុងវ័យ១៦ឆ្នាំ

ស្ថាបនិកក្រុមហ៊ុន Virgin Group ដែលសព្វថ្ងៃមានក្រុមហ៊ុនសរុបជាង២០០ ក្នុងប្រទេសជាង៣០ បានចាប់ផ្តើមដំណើរសហគ្រិនតាំងពីនៅក្មេង។ លោករៀននៅសាលាមិនចេះ រួចក៏ឈប់រៀនតាំងពីនៅវិទ្យាល័យទៅបង្កើតទស្សនាវដ្តីដែលលក់ពាណិជ្ជកម្មដំបូងបាន៨០០០ដុល្លារ។ ពីរឆ្នាំក្រោយមក លោក Branson ចាប់ផ្តើមលក់ថាសចម្រៀងដែលបន្ទាប់មកទៀតក៏ប្រែក្លាយទៅជាហាងថតចម្រៀង។

 

៦/ លោក Elon Musk បង្កើតល្បែងវីដេអូដោយខ្លួនឯង

ពេលអាយុ១២ឆ្នាំ ស្ថាបនិកក្រុមហ៊ុនPayPal, Tesla Motors និង SpaceX បានសរសេរកម្មវិធីសម្រាប់ល្បែងវីដេអូក្នុងលំហរឈ្មោះ Blastar ហើយនៅក្នុងឆ្នាំ២០១៥ វិស្វករកម្មវិធីកុំព្យូទ័រមួយរូបនៅក្រុមហ៊ុនGoogle បានប្រែក្លាយកម្មវិធីល្បែងវីដេអូនោះទៅជាល្បែងដែលអាចប្រតិកម្មបានក្នុងពេលជាក់ស្តែង។ នៅអាយុ១៧ឆ្នាំ លោក Elon Musk បានទៅរស់នៅក្នុងប្រទេសកាណាដា និងចូលរៀននៅសកលវិទ្យាល័យ Queen តែក្រោយមកក៏ដូរទៅរៀនពាណិជ្ជកម្មនិងរូបវិទ្យានៅសកលវិទ្យាល័យ Pennsylvania វិញ។ បន្ទាប់មកទៀត លោកចុះឈ្មោះបន្តខាងរូបវិទ្យាថាមពលថ្នាក់បណ្ឌិតនៅសកលវិទ្យាល័យ Stanford តែរៀនបានពីរថ្ងៃក៏ឈប់ទៅធ្វើជំនួញ។

 

ប្រភព​៖ Business Insider

Leave a Reply

Your email address will not be published. Required fields are marked *