វិធី​ងាយៗ ក្នុងការដោះស្រាយ​អារម្មណ៍​តានតឹង​របស់អ្នកពេលជួបបញ្ហាអ្វីមួយ

ចែករំលែក ជំនួញ ជំនឿ ជីវិត

អារម្មណ៍តានតឹងជាផ្នែកមួយនៃការងារប្រចាំថ្ងៃរបស់មនុស្សសម័យថ្មីនេះ ប៉ុន្តែមិនមែនមានន័យថាអ្នកត្រូវតែចុះចាញ់វាទេ។ នៅពេលដោះស្រាយបានត្រឹមត្រូវ យើងអាចទប់អារម្មណ៍តានតឹង ធ្វើឱ្យកាន់តែតូចទៅ និងយកឈ្នះលើវាបានទាំងស្រុង។ នេះជារបៀបខ្លះៗដែលមេដឹកនាំពាណិជ្ជកម្មអនុវត្តបានជោគជ័យ៖

១/ ប្រឈមនឹងអារម្មណ៍តានតឹង

ប្រសិនប្រភពនៃអារម្មណ៍តានតឹងជាបញ្ហាដែលអ្នកព្រងើយកន្តើយមកយូរហើយ ដល់ពេលដែលអ្នកត្រូវប្រឈមនឹងវាហើយ។ លោកJeff Bezos ស្ថាបនិក និងCEOក្រុមហ៊ុនAmazon ប្រាប់ថា “ អារម្មណ៍តានតឹងជាទូទៅមិនកើតចេញពីការមិនធ្វើសកម្មភាពដែលអ្នកអាចគ្រប់គ្រងបាន។ ខ្ញុំកំណត់ដឹងមូលហេតុនោះ និងចាប់ផ្តើមធ្វើសកម្មភាពភ្លាម បើទោះជាត្រូវហៅទូរសព្ទ ផ្ញើអ៊ីម៉ែល ឬធ្វើអ្វីក៏ដោយ គឺត្រូវដោះស្រាយបញ្ហាភ្លាមៗ។

 

២/ រកកន្លែងស្ងប់ស្ងាត់

ពេលមានអារម្មណ៍ក្តៅខ្លាំង ទៅរកកន្លែងសម្រាក។ នេះជាវិធីដែលលោកស្រី Oprah Winfrey តែងតែអនុវត្ត។ សេដ្ឋិនីខាងបណ្តាញផ្សព្វផ្សាយនេះបានសរសេរក្នុងសៀវភៅ What I Know for Sure របស់លោកស្រីថា “មានថ្ងៃខ្លះ ខ្ញុំចង់ស្រែកឱ្យខ្លាំងនៅពេលដោះស្រាយបញ្ហាស្មុគស្មាញ។ ប៉ុន្តែរឿងមួយដែលខ្ញុំដឹងច្បាស់ គឺខ្ញុំមិនស្រែកទេ។ ខ្ញុំតែងតែទៅរកកន្លែងស្ងប់ស្ងាត់ដូចជាបន្ទប់ទឹកជាដើម រួចបិទភ្នែក និងដកដង្ហើម។

 

៣/ សម្រាកខ្លះ

ពេលខ្លះ ការសម្រាកពីការងារគឺជាយុទ្ធសាស្រ្តល្អបំផុតសម្រាប់ការចាប់ផ្តើមធ្វើការជាថ្មីយ៉ាងមានប្រសិទ្ធមាន។ លោកស្រី Susan Wojicki ដែលជាCEOរបស់ក្រុមហ៊ុនYouTube និយាយថាខ្ញុំយល់ថាវាជារឿងសំខាន់ដែលមនុស្សត្រូវរកពេលសម្រាកពីការងារខ្លះ។ ហើយខ្ញុំក៏បានរកឃើញថាពេលខ្លះយើងទទួលបានចំណេះដឹងនិងគំនិតល្អៗពីការសម្រាកនោះ។

 

៤/ គេងឱ្យបានគ្រប់គ្រាន់

ការងារប្រចាំថ្ងៃដែលមានប្រសិទ្ធភាពតាមពិតចាប់ផ្តើមតាំងពីយប់មកម្លេះ នេះបើតាមលោកស្រី Arianna Huffington ដែលយកការគេងជារឿងអាទិភាព។ លោកស្រីបានប្រាប់ក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ២០១៣ថា មានភាពស្រស់ថ្លាជាពិសេសបន្ទាប់ពីបានគេងលក់ស្រួល គឺអ្នកមានអារម្មណ៍ថាអ្នកអាចដោះស្រាយរឿងអ្វីក៏បានដែរ។

 

៥/ ដើរចេញពីកន្លែងធ្វើការ

អ្នកអាចយកគំរូតាមលោក Jack Dorsey ដែលមានទម្លាប់ហាត់ប្រាណនៅពេលព្រឹកនិងដើរចេញពីកន្លែងធ្វើការពេលមានអារម្មណ៍តានតឹង។ សហស្ថាបនិកក្រុមហ៊ុនTwitter រូបនេះក្រោកពីដំណេកនៅម៉ោង៥និង៣០នាទីព្រឹក ដើម្បីធ្វើសមាធិ និងរត់ហាត់ប្រាណ រួចដើរចុះឡើងក្រៅកន្លែងធ្វើការដើម្បីឱ្យស្រឡះអារម្មណ៍។

 

៦/ ចងចាំរឿងដែលមានខ្លឹមសារ

សហគ្រិនបណ្តាញសង្គម Gary Vaynerchuk មានទម្លាប់រក្សាចិត្តលើដែលមានខ្លឹមសារ ព្រោះនៅទីបញ្ចប់ទៅអ្វីៗទាំងអស់នេះគ្រាន់តែមុខជំនួញប៉ុណ្ណោះ។ លោកបានបកស្រាយថា នៅពេលខ្ញុំជួបអារម្មណ៍ពិបាកក្នុងការដោះស្រាយបញ្ហា ខ្ញុំថយក្រោយ និងធ្វើដូចជាមនុស្សម្នាក់ផ្សេងទៀតដែលមកប្រាប់ដំណឹងសំខាន់ក្រៅពីការងារ ដែលធ្វើឱ្យខ្ញុំគិតរឿងសំខាន់នោះជាជាងរឿងដែលខ្ញុំកំពុងតែប្រឈម។

 

៧/ ស្វែងរកលំនឹងសម្រាប់ខ្លួនឯង

ស្ថាបនិកក្រុមហ៊ុន Indiegogo លោក Slava Rubin ប្រឈមនឹងអារម្មណ៍តានតឹងដោយប្រើប្រាស់វិធីសាស្រ្តលើសពីការធ្វើសមាធិទៅទៀត។ លោកបានប្រាប់របៀបដែលជំនឿជាជ្វីសរបស់លោកជួយក្នុងការដោះស្រាយបញ្ហាប្រចាំថ្ងៃថា ជីវិតជាសហគ្រិនពិតជាជួបរឿងស្មានមិនដល់ច្រើនណាស់ វាមានការឡើងនិងចុះរាប់មិនអស់ ហើយខ្ញុំយល់ថាជារឿងល្អដែលមនុស្សយើងត្រូវស្វែងរកលំនឹងដើម្បីទប់ខ្លួននៅពេលអាជីវកម្មជួបបញ្ហា។

 

ប្រភព៖ Fortune

Leave a Reply

Your email address will not be published. Required fields are marked *