វិធីសាស្រ្ត ៣ យ៉ាងដែលអាចជួយ​រក្សា​សុខភាពផ្លូវចិត្ត​អោយល្អប្រសើរ និងមានភាពជឿជាក់លើខ្លួនឯង

ចែករំលែក ជំនឿ សុខភាព

ចិត្តរបស់យើងគឺជារបាំងធំបំផុតនៃជោគជ័យ ព្រោះវាប្រាប់យើងថាយើងមិនល្អទេ ឬយើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេសម្រាប់ការប្រជែងនៅចំពោះមុខ។ ដោយសារចិត្តបែបនេះ យើងបោះបង់ការព្យាយាមចោលងាយៗ។ ការធ្វើខ្លួនជាសហគ្រិនគឺការរៀនព្រងើយកន្ទើយចំពោះការសង្ស័យលើសមត្ថភាពខ្លួនឯង។ ពេលខ្លះយើងត្រូវតែជឿជាក់លើខ្លួនឯង ហើយជម្នះធ្វើកិច្ចការដែលចេះមិនអស់។ ស្គាល់គន្លឹះមួយចំនួននេះដើម្បីឈប់និយាយបដិសេធចំពោះឱកាស និងបង្កើនជំនឿចិត្តលើខ្លួនឯងដើម្បីជម្នះឧបសគ្គផ្លូវចិត្ត​៖

 

១/ អាហារ

ស្តាប់ទៅដូចជារឿងសាមញ្ញពេក ប៉ុន្តែអាហារដែលអ្នកទទួលទានអាចមានឥទ្ធិពលយ៉ាងខ្លាំងលើអារម្មណ៍របស់អ្នក។ អាហារដែលធ្វើឱ្យអ្នកមានភាពស្វាហាប់ និងផ្តល់អារម្មណ៍វិជ្ជមានច្រើនដើម្បីបង្កើតគំនិតច្នៃប្រឌិតបានល្អគឺប្រភេទបន្លែពណ៌បៃតង គ្រាប់ធញ្ញជាតិដែលមានប្រេងច្រើន និងសូកូឡាពណ៌ខ្មៅ។ ចំណែកអាហារដែលសម្បូរជាតិOmega 3 ដូចជាត្រីជាដើមជួយបង្កើនកម្លាំងខួរក្បាលឱ្យបំពេញការងារបានយ៉ាងល្អ។

 

២/ លំហាត់ប្រាណ

មនុស្សគ្រប់គ្នាដឹងថាលំហាត់ប្រាណជារឿងល្អសម្រាប់សុខភាព។ ការហាត់ប្រាណជួយបង្កើនដំណើរការផលិតអ័រម៉ូនដែលជួយដល់គំនិតវិជ្ជមាន។ ការហាត់ប្រាណក៏ជួយបង្កើនការឱ្យតម្លៃខ្លួនឯងដែរ ដូច្នេះការហាត់ប្រាណជាប្រចាំមុនចាប់ផ្តើមធ្វើការអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លានិងគិតបានរហ័ស។ ការសិក្សារកឃើញថាមនុស្សដែលហាត់ប្រាណរហូតដល់កម្រិតអស់កម្លាំងមានអារម្មណ៍បើកទូលាយក្នុងការទទួលយកគំនិតថ្មីៗដើម្បីដោះស្រាយបញ្ហាបានល្អជាងមនុស្សដែលនៅតែអង្គុយស្ងៀមមួយកន្លែង។

 

៣/ ផ្តាច់ខ្លួនចេញពីអ៊ីនថឺណិត

អ្នកអាចនឹងមានអារម្មណ៍ថាដូចជាមានការងារត្រូវធ្វើច្រើនណាស់នៅពេលអ្នកនៅលើអ៊ីនថឺណិតគ្រប់ពេល។ ការផ្តាច់ខ្លួនចេញពីអ៊ីនថឺណិតម្តងម្កាលអាចធ្វើឱ្យអ្នកមានពេលស្រឡះដើម្បីគិតដល់រឿងជីវិតជាក់ស្តែង។ ការរំខានធំបំផុតសម្រាប់មនុស្សសម័យទំនើបនេះគឺបណ្តាញសង្គម ដែលធ្វើឱ្យអ្នករវល់រកតែពេលគិតសម្រាប់ខ្លួនឯងស្ទើរតែមិនបាន ហើយភាគច្រើននៃរឿងរ៉ាវលើបណ្តាញសង្គមច្រើនតែផ្តល់គំនិតអវិជ្ជមាន ទោះបីជារឿងខ្លះពិត ហើយរឿងខ្លះទៀតជាការប្រឌិតដើម្បីទាក់ទាញចំណាប់អារម្មណ៍។ ពេលវេលាដែលអ្នកផ្តាច់ខ្លួនចេញពីអ៊ីនថឺណិត គឺជាពេលវេលាសម្រាប់ខ្លួនអ្នករស់នៅយ៉ាងមានសេរីភាព។

 

ប្រែសម្រួល​៖ វេហា

ប្រភព៖ Virgin Group

Leave a Reply

Your email address will not be published. Required fields are marked *