ប្រវត្តិខ្សែជីវិត Jet Li ដែលគ្រប់គ្នាស្គាល់ថាលី លានជា មុនក្លាយជាតារាភាពយន្តហូលីវូដពិតជាមិនធម្មតា

ជីវិត

ជាតារាសម្តែងអាស៊ីដ៏ល្បីល្បាញមួយរូបនៅក្នុងហូលីវូដគឺលោក Jet Li ត្រូវបានគេស្គាល់លោកដោយសារតែក្បាច់គុនវ៉ូស៊ូ (wushu)  (សិល្បៈក្បាច់គុន) ដ៏គួរឱ្យចាប់អារម្មណ៍។

ដូចតារាសម្តែងជនជាតិចិនមួយចំនួនដូចជា Bruce Lee និង Jackie Chan ផងដែរ Jet Li ក៏អាចធ្វើឱ្យស្នាដៃរបស់គាត់នៅក្នុងវិស័យភាពយន្តអាមេរិក។

គាត់បានដើរតួក្នុងខ្សែភាពយន្តដែលមានភាពយុត្តិធម៌ ហើយអ្នកទស្សនាមួយចំនួនតែងសរសើរពីក្បាច់គុនគាត់ជានិច្ច។ ត្រលប់មកវិញ គាត់គឺជាតារាដ៏ល្បីមិនត្រឹមតែជាអ្នកសម្ដែងប៉ុណ្ណោះទេ តែគាត់ក៏ជំនាញខាងផ្នែកកីឡាវ៉ូស៊ូផងដែរ។ លោក Li បានចាប់ផ្តើមដំបូងក្នុងនាមជាអ្នកប្រកួតកីឡាវូស៊ូម្នាក់ដែលបានឈ្នះជើងឯកជាតិនៅអាយុ 11 ឆ្នាំ។

នៅពេលដែលលោក Li បានបង្ហាញសមត្ថភាពឲ្យពិភពលោកបានឃើញពីទេពកោសល្យរបស់គាត់ ជាមូលហេតុដែលគាត់ចូលក្នុងវិថីសិល្បៈ។ មិនយូរប៉ុន្មាន គាត់ក៏ក្លាយជាតារានាំមុខគេក្នុងខ្សែភាពយន្តចិនមួយចំនួន មុនពេលគាត់ចូលក្នុងវិស័យភាពយន្តហូលីវូដ។ ជាមួយនឹងទេពកោសល្យសិល្បៈក្បាច់គុនដ៏អស្ចារ្យរបស់លោក Li និងជំនាញការសម្ដែងដ៏ល្អរបស់គាត់អាចទាក់ទាញពីទស្សនិកជនអាមេរិកគាំទ្រយ៉ាងខ្លាំងក្លា។

មិនយូរប៉ុន្មាន អ្នកផលិតខ្សែភាពយន្តបានចុះហត្ថលេខាជាមួយគាត់ ឲ្យក្លាយជាតារារបស់ហូលីវូដ។ ការប្រឡូកក្នុងហូលីវូដ កាន់តែធ្វើឲ្យល្បីរន្ទឺឡើង។ សព្វថ្ងៃនេះគាត់គឺជាតារាម្នាក់ក្នុងចំនោមតួឯកជនជាតិចិនដទៃទៀត ដែលបានកសាងកេរ្តិ៍ឈ្មោះឲ្យល្បីក្នុងវិស័យភាពយន្តហូលីវូដ​ ថ្វីបើឧបសគ្គខាងភាសា និងភាពខុសគ្នាខាងវប្បធម៌ក៏ដោយ។

១. កុមារភាពដ៏អស្ចារ្យ

លោក Jet Li មានឈ្មោះពិតថា Li Lian Jie គាត់ជាកូនពៅក្នុងចំណោមបងប្អូនប្រាំនាក់ ហើយពេលដែលឳពុករបស់គាត់ស្លាប់ លោកនៅសល់តែបងប្អូន ២ នាក់ប៉ុណ្ណោះ។ នៅពេលគាត់មានអាយុ 8 ឆ្នាំ ក្រុមគ្រួសាររបស់គាត់បានដឹងពីទេពកោសល្យក្បាច់គុនវ៉ូស៊ូ ហើយបានបញ្ជូនគាត់ទៅសាលារៀនសិល្បៈក្បាច់គុន។ ភ្លាមៗនោះគាត់គឺជាផ្នែកសំខាន់មួយនៃក្រុមកីឡាវ៉ូស៊ូល្បីឈ្មោះនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដែលហៅថា “ក្រុមប៉េកាំងវ៉ូស៊ូ” ធ្លាប់បានចូលរួមសម្តែងនៅក្នុង “ល្បែងជាតិនៃសាធារណរដ្ឋប្រជាមានិតចិន” និងអាយុ 11 ឆ្នាំ លោកបានឈ្នះជើងឯកថ្នាក់ជាតិជាលើកដំបូងរបស់គាត់។

ជាលទ្ធផលគាត់បានធ្វើដំណើរដល់ទៅជិត 45 ប្រទេសដើម្បីបង្ហាញពីកីឡានេះ ហើយនៅឆ្នាំ 1974 គាត់បានដាក់បង្ហាញវាសម្រាប់ប្រធានាធិបតីអាមេរិកលោក Richard M. Nixon។ គាត់ក៏បានឈ្នះពានរង្វាន់ “All-Around National Wushu Champion” ក្នុងឆ្នាំនោះដែរ។

២. អាជីព

គាត់បានចូលសិល្បៈសម្តែងក្នុងអាយុ 17 ឆ្នាំ និងបានបង្ហាញខ្លួនដំបូងរបស់គាត់នៅក្នុងឧស្សាហកម្មខ្សែភាពយន្តចិននៅឆ្នាំ 1982 ‘Shaolin Temple’ ។ ខ្សែភាពយន្តនេះ ពិតជាទទួលជោគជ័យយ៉ាងខ្លាំង ហើយបានធ្វើឱ្យគាត់ក្លាយជាតួសម្តែងល្បីនៅក្នុងប្រទេសចិន។ នៅចុងទសវត្សរ៍ទី 80 គាត់បានផ្លាស់ទៅរស់នៅហុងកុង ដែលជាកន្លែងគាត់បានចុះកុងត្រាសម្តែងក្នុងខ្សែភាពយន្តរឿង “Once Upon Time in China” ប្រភេទខ្សែភាពយន្តក្បាច់គុន។ ចំណែកខ្សែភាពយន្តដំបូងរបស់គាត់ក្នុងវិស័យភាពយន្តហូលីវូដគឺរឿង “Lethal Weapon 4” នៅក្នុងឆ្នាំ 1994 ដែលក្នុងនោះគាត់បានសម្ដែងជាតួអាក្រក់ជាមួយនឹងតារាសម្តែងប្រុស Mel Gibson និង Danny Glover ។ នៅឆ្នាំ 2000 គាត់បានសហការជាមួយតារាចម្រៀងរ៉េប DMX និងតារាចម្រៀង Aaliyah សម្រាប់រឿង Romeo Must Die ដែលជាជោគជ័យដ៏ធំមួយ។ នៅឆ្នាំបន្ទាប់គាត់បានសម្ដែងក្នុងរឿង “Kiss of the Dragon” ដែលគាត់ទទួលបានការកោតសរសើរយ៉ាងសម្បើម។

ក្នុងរឿង “Hero” ដែលជាខ្សែភាពយន្តចិនឆ្នាំ 2002 គាត់បានដើរតួជាតួឯកអ្នកចម្បាំងពីសតវត្សទី 3 នៅប្រទេសចិន។ ខ្សែភាពយន្តនេះគឺជាជោគជ័យដ៏អស្ចារ្យដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ នៅឆ្នាំ 2003 គាត់បានសហការជាមួយ DMX ជាថ្មីម្តងទៀតសម្រាប់រឿង “Cradle 2 the Grave” ដែលជារឿងដ៏គួរឱ្យរន្ធត់មួយ ប៉ុន្តែគួរឲ្យស្តាយរឿងនេះមិនសូវជោគជ័យប៉ុន្មានទេ។ បន្ទាប់ពីការសម្រាកមួយឆ្នាំ គាត់បានត្រលប់មកវិញជាមួយនឹងរឿង “Unleashed” នៅក្នុងឆ្នាំ 2005 ដោយដើរតួយ៉ាងសំខាន់។ ខ្សែភាពយន្តនេះទទួលបានភាពល្បីល្បាញ ក៏ដូចជាជោគជ័យផ្នែកពាណិជ្ជកម្មផងដែរ។ ក្រោយមកខ្សែភាពយន្ត “Fearless” (2006) ដែលត្រូវបានផ្អែកលើរឿងពិតនៃបទពិសោធន៍ជិវិតរបស់លោកគ្រូក្បាច់គុន Huo Yuanjia ។ ក្នុងឆ្នាំ 2008 គាត់បានសហការជាមួយតារាសម្តែងជែកគីចាន់នៅក្នុងរឿង ‘The Forbidden Kingdom’ តែទទួលការបរាជ័យទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីបានសម្តែងជាអធិរាជចិនដ៏ឃោរឃៅនៅក្នុងរឿង “The Mummy: Tomb of the Dragon Emperor” លោក Li បានធ្វើឱ្យអ្នកគាំទ្ររបស់គាត់ពេញចិត្តជាថ្មីម្តងទៀត។ ចំណែកខ្សែភាពយន្តថ្មីរបស់គាត់ “The Expendables” ត្រូវបានចេញផ្សាយនៅឆ្នាំ 2010 ។ គាត់បានសម្តែងជាមួយ Sylvester Stallone និង Jason Statham ក្នុងចំនោមតារាសម្តែងផ្សេងៗទៀត។

៣. ការងារសំខាន់ៗ

“Romeo Must Die” ដែលគាត់ដើរតួជា “ហានស៊ីង” ជាតួឯក។ រឿងមួយនេះ មានអ្នកទស្សនាដ៏ច្រើនបំផុតរហូតមកដល់បច្ចុប្បន្ន។ ខ្សែភាពយន្តនេះទទួលបានប្រាក់ចំណូលជាង 91 លានដុល្លារ ដែលជាប់ចំណាត់ថា្នក់លេខ 2 នៅ box-office សហរដ្ឋអាមេរិក។ ខ្សែភាពយន្តនេះបានលក់អស់ជាងមួយលាននៅដំណាច់ឆ្នាំ។

ភាពជោគជ័យធំជាងនេះគឺក្នុងខ្សែភាពយន្ត ‘Hero’ ដែលរកប្រាក់ចំណូលបាន 177 លានដុល្លារឯណោះ។ វាក៏ជាខ្សែភាពយន្តភាសាបរទេសដែលរកចំណូលបានខ្ពស់បំផុតលំដាប់ទីបួននៅ box-office និងត្រូវបានគេជ្រើសរើសជា “ភាពយន្តភាសាបរទេសល្អបំផុត” នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ 2003 ។

៤. រង្វាន់ និងសមិទ្ធផល

ក្នុងឆ្នាំ 2007 គាត់បានឈ្នះពានរង្វាន់ហុងកុងជា “តារាសម្តែងឆ្នើមបំផុត” សម្រាប់ខ្សែភាពយន្ត “Fearless” ។ លោក Li បានទទួលពានរង្វាន់ភាពយន្តហុងកុងសម្រាប់តារាសម្តែងឆ្នើមបំផុតក្នុងឆ្នាំ 2008 សម្រាប់ខ្សែភាពយន្តរឿង The Warlords ជារឿងចិនបុរាណក្នុងរជ្ជកាលរាជវង្សឈីងនិយាយអំពីបងប្អូនប្រុសបីនាក់។ នៅក្នុងឆ្នាំ 2008 គាត់ក៏បានឈ្នះពានរង្វាន់ Shanghai Film Critics Award សម្រាប់តារាភាពយន្តដ៏ល្អបំផុតសម្រាប់ខ្សែភាពយន្តរឿង The Warlords ។

៥. ជីវិតផ្ទាល់ខ្លួន & កេរ្តិ៍ដំណែល

លោក Li បានរៀបការជាមួយនឹងនាង Huang Qiuyan ក្នុងឆ្នាំ 1987 ហើយអ្នកទាំងពីរមានកូនស្រី ២ នាក់គឺ Si និង Taimi ។ ប៉ុន្តែក្រោយមកប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ 1990 ។ គាត់បានរៀបការជាមួយតារាភាពយន្តស្រី Nina Li Chi ក្នុងឆ្នាំ 1999 ហើយក៏មានកូនស្រី ២ នាក់ផងដែរក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

ក្នុងឆ្នាំ 2004 តារាសម្តែងរូបនេះត្រូវបានគេជួយសង្គ្រោះនៅក្នុងប្រទេសម៉ាល់ឌីវ ត្រូវវាយប្រហារដោយរលកយក្សស៊ូណាមីហើយក៏មានពាក្យចចាមអារ៉ាមអំពីការស្លាប់របស់គាត់ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ គាត់គ្រាន់តែមានរបួសជើងតិចតួចប៉ុណ្ណោះ។ ចាប់តាំងពីខែមករាឆ្នាំ 2006 គាត់បានក្លាយជា “ឯកអគ្គរដ្ឋទូតសប្បុរសធម៌” នៃសមាគមកាកបាទក្រហមចិន។

នៅឆ្នាំ 2007 រយៈពេលបីឆ្នាំបន្ទាប់ពីគ្រោះមហន្តរាយរលកយក្សស៊ូណាមីគាត់បានបង្កើតអង្គការសប្បុរសធម៌មួយរបស់ខ្លួនគឺ The One Foundation។ លោកលីបានលាលែងពីសញ្ជាតិអាមេរិកនៅឆ្នាំ 2009 ហើយបានក្លាយជាពលរដ្ឋសិង្ហបុរីវិញ។

៦. ចចាមអារ៉ាម

ក្នុងឆ្នាំ 2004 តារាសម្តែងដ៏ល្បីល្បាញរបស់ចិនរូបនេះគឺនៅជាមួយក្រុមគ្រួសាររបស់គាត់នៅក្នុងប្រទេសម៉ាល់ឌីវ ដែលរងគ្រោះដោយរលកស៊ូណាមី។ ពាក្យចចាមអារ៉ាមបាននិយាយថាតារាសម្តែងលោក Jet Li បានស្លាប់បាត់ហើយ៕

ដោយ រស្មី

ប្រភពៈ បរទេស

សូមចែករំលែកអោយគ្រប់គ្នាបានឃើញផង! សូមអរគុណ!

Leave a Reply

Your email address will not be published. Required fields are marked *