ប្រវត្តិព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang) ជាព្រះចៅអធិរាជដ៏ល្បីល្បាញមួយរូបក្នុងប្រវត្តិសាស្ត្រចិន

ទស្សនៈ និងប្រវត្តិបុគ្គល

ព្រះចៅអធិរាជ ឈិនស៊ី (Qin Shi Huang)

ព្រះចៅអធិរាជ ឈិនស៊ី ជាស្តេចដ៏​ល្បីល្បាញ​បំផុត​មួយ​អង្គ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។ ព្រះអង្គ​គឺជា​អ្នក​បង្រួបបង្រួម​ អាណាចក្រ​តូច​ធំ​ទាំងឡាយ​ឲ្យ​រួម​បញ្ចូល​គ្នា ​ក្នុង​រយៈពេល​តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។  ព្រះចៅ ឈិនស៊ី បាន​ប្រើ​វិធី​ឃោរឃៅជាងក្សត្រអង្គដទៃទាំងអស់ ដែលធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។

មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានវិនិច្ឆ័យថា ព្រះចៅអធិរាជ ឈិនស៊ី គឺជាក្សត្រផ្តាច់ការមួយអង្គ ឈ្លក់វង្វេងនឹង អំណាច គំរាមកំហែងប្រជារាស្រ្តដើម្បីសាងអំណាចផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ថ្វីត្បិតដូច្នេះក៏ដោយ ទង្វើរបស់ព្រះអង្គ ក៏បានបណ្តុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេគោរពកោត និង សរសើរថា  ជាមហាក្សត្រដែលបានបង្រួបបង្រួមផែនដីចិនឲ្យក្លាយជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀម ទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកទល់នឹងបច្ចុប្បន្ននេះ។

ផែនទីប្រទេសចិននាសម័យ ព្រះចៅអធិរាជ ឈិនស៊ី

ដើមកំណើតរបស់ព្រះចៅអធិរាជ ព្រះចៅអធិរាជ ឈិនស៊ី ដែលមានព្រះនាមដើមថា ជឹង សែ អ៊ិង ត្រូវបានគេសន្និដ្ឋានថា ព្រះអង្គប្រហែលជា​ប្រសូត​នៅ​ខែ​វិច្ឆិកា ឬខែធ្នូ ២៦០ ឆ្នាំមុនគ.ស.។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅតែគ្មានឯកសារណាបញ្ជាក់​ឲ្យ​បាន​ច្បាស់​នៅឡើយទេ។

ការបង្រួបបង្រួមអំណាច ប្រទេសចិនក្នុងសម័យនោះ មាននគរធំៗចំនួន៧ ហើយនគរនីមួយៗ សុទ្ធតែមានក្សត្រគ្រប់គ្រងរៀងៗខ្លួននិងតែង​តែធ្វើសង្រ្គាមដណ្តើមទឹកដីគ្នាទៅវិញទៅមកជាប្រចាំ។  នៅពេលដែលព្រះរាជបុត្រា  អ៊ិងជឹង  ឡើងគ្រងរាជ្យបន្តពីព្រះបិតាមក ព្រះអង្គក៏កម្ចាត់មហាឧបរាជ លីពូវើយ ដែលជាសម្រាស់បន្លា ធ្វើឲ្យរាំងស្ទះដល់ការគ្រប់គ្រងរបស់ព្រះអង្គ។ ដោយសារកម្លាំងកងទ័ពដ៏ខ្លាំងពូកែ រួមទាំង​ភាពរីក​ចម្រើនខាងសេដ្ឋកិច្ចលើសពីនគរដទៃផ្សេងៗផងនោះ ធ្វើឲ្យព្រះអង្គអាចបង្រ្កាបនគរទាំង៦ ទៀតបានដោយងាយ ដោយចាប់ផ្តើមពី នគរហាន់ នៅក្នុងឆ្នាំ ២៣០ មុនគ.ស.។ បន្តមក នគរចាវ នគរវើយ(ឬនគរអ៊ុយ) នគរឈូ នគរយាន និងនគរឈី តាមលំដាប់។

ការចូលទិវង្គត នៅចុងរាជសម័យរបស់ព្រះចៅអធិរាជ ឈិនស៊ី ព្រះអង្គបានយាងទៅប្រពាតទស្សនីយភាពដល់តំបន់ យុនម៉ុង ដើម្បីបួងសួងដល់វិញ្ញាណបុព្វក្សត្ររាជវង្សផ្សេងៗ ដែលធ្លាប់គ្រងរាជ្យក្នុងសម័យអតីតកាល។ ដោយសារតែទ្រង់​បំពេញរាជកិច្ច​យ៉ាងធ្ងន់ធ្ងរតែមួយអង្គឯងជារៀងរហូតមកទាំងថៃ្ងទាំងយប់នោះ ទើបបណ្តាលឲ្យព្រះកាយពលចុះទ្រុឌទ្រោម  និងធ្លាក់ប្រឈួនជាខ្លាំង ក្នុងជន្មាយុត្រឹមតែ ៤៩ព្រះវស្សាតែប៉ុណ្ណោះ។ ទីបំផុតព្រះអាការៈរោគនេះកាន់តែធ្ងន់ទៅៗធ្វើឲ្យទ្រង់​ត្រូវសោយទិវង្គតនៅតាមផ្លូវធ្វើដំណើរនោះទៅ។

ដោយសារតែព្រះចៅអធិរាជ ឈិនស៊ី សោយទិវង្គតនៅតាមផ្លូវដូច្នេះ ពួកអាមាត្យ សេនាបតី​បាន​បំបិទ​រឿង​នេះ​មិន​ ឲ្យ​បុគ្គល​ខាង​ក្រៅ​ដឹង​ទេ​  ដោយពួកគេខំរៀបចំសម្តែងលក្ខណៈខាងក្រៅ​ឲ្យ​មើលទៅ ហាក់ដូចជា​ព្រះអង្គនៅមាន​ ​ព្រះជន្មធម្មតានៅឡើយ។ ដោយសារផ្លូវធ្វើដំណើរវិលត្រឡប់មកកាន់រាជវាំងមានចម្ងាយឆ្ងាយ​ត្រូវចំណាយ​ពេល​ ដល់ទៅច្រើនថៃ្ងនោះ ព្រះសពរបស់ទ្រង់ក៏ចាប់ផ្តើមធំក្លិនស្អុយចេញមកជាខ្លាំង។ ដើម្បីកុំឲ្យគេសង្ស័យអំពី​រឿងក្លិន ​នេះ ពួកសេនាអាមាត្យទាំងអស់ក៏យកត្រីស្អុយមកដាក់លើរទេះគ្រប់រទេះអមដំណើរ ដើម្បីបន្លំភ្នែកមហាជន៕

ប្រភពដោយ៖ mindbooks

Leave a Reply

Your email address will not be published. Required fields are marked *