ជីវប្រវត្តិរបស់បុរសខ្លាំងកូរ៉េខាងត្បូង លោក ប៉ាក់ ជុងហុី ដែលកែប្រែកូរ៉េខាងត្បូងក្លាយជាមហាអំណាចសេចដ្ឋកិច្ចនៅអាសុី

ទស្សនៈ និងប្រវត្តិបុគ្គល

នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​១៩៧៤ ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី បាន​ធ្វើជា​អធិបតី​នៅក្នុង​ពិធី​លាង​សាយភោជន៍​នាពេល​ល្ងាច​នៅឯ​កន្លែង​វាយកូនគោល​មួយកន្លែង​នា​ភាគ​ខាងជើង​ទីក្រុង​សេ​អ៊ូ​ល​។ លោក​ប្រធានាធិបតី ស​.​រ​.​អា ហ្សេ​រ៉ា​ល់ ហ្វ​ដ​ត៍ ដែល​ទើបតែ​បញ្ចប់​ទស្សនកិច្ច​ប្រកបដោយ​ជោគជ័យ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​លោក​ប៉ាក់ ជុង​ហ៊ី មាន​អារម្មណ៍​រីករាយ​សម្បើម​ណាស់​។ ភ្ញៀវ​វាយកូនគោល​របស់លោក​ប៉ាក់ ​រួមមាន​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក រិ​ឆាត ស្មិ​ច​ដ័​រ និង​ឧ​ត្ត​ម​សេនីយ៍ រិ​ឆាត ស្ទីល​វែ​ល មេបញ្ជាការ​កងកម្លាំង​សហប្រជាជាតិ​។ ឯ​ភ្ញៀវ​កូរ៉េ​ដែល​ចូលរួម​ក្នុង​ពិធី​លាង​សាយភោជន៍៍​នោះ​រួមមាន​លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​លោកនាយក​ចារកម្ម​និង​ភ្ញៀវ​ដទៃទៀត​ដែល​ធ្លាប់​សិក្សា​នៅ WESTPOINT ភ្ញៀវ​ទាំងនេះ​មិនមាន​និយាយ​អ្វី​ទេ​លុះត្រាតែ​ប្រធានាធិបតី​ប៉ាក់ ជុង​ហ៊ី ឧទ្ទេសនាម​ឈ្មោះ​របស់គេ​។​

​បន្ទាប់ពី​ស្ថិតនៅក្នុង​ភាព​ស្ងៀមស្ងាត់​អស់​មួយរយៈ​ធំ ខ្ញុំ​បាន​សួរ​ទៅ​ប៉ាក់ ជុង​ហ៊ី ​ថា​តើ​លោក​ធ្លាប់​ដែល​ធ្វើការ​ប្រៀបធៀប​ខ្លួនឯង​ទៅនឹង​លោ​កមូ​ស្តា​ហ្វា កេ​ម៉ា​ល់​អា​តា​ទូក (Mostafa Kemal Ataturk) ដែលជា​ស្ថាបនិក​នៃ​ប្រទេស​ទួរគី​ទំនើប​ទេ​? ប៉ាក់​បាន​បង្វែ​ក្រសែភ្នែក​មករក​ខ្ញុំ​ដែលជា​ម្ចាស់​សំណួរ ​ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​ហើយ​មើលទៅ​គាត់​ដូចជា​ពស់​កំពុង​បើកព​ពារ​អញ្ចឹង​! បន្ទាប់ពី​ស្ងាត់ស្ងៀម​មួយសន្ទុះ​លោកប៉ា​ក់ បាន​ឆ្លើយតប​មកវិញ​ថា “​ខ្ញុំ​មិន​ស្គាល់​កេ​ម៉ា​ល់​ច្បាស់​ទេ តែ​ខ្ញុំ​មានបំណង​ធ្វើ​អ្វី​ម្យ៉ាង​ចំពោះ​ប្រជាជន​កូរ៉េ​ដូចដែល​កេ​ម៉ា​ល់​បានធ្វើ​ចំពោះ​ប្រទេស​ទួរគី​ដូច្នោះ​ដែរ នោះ​គឺ​ការធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្លាំង និង​ស្ថិរភាព​កម្លាំងយោធា​”​។ ប៉ាក់ ជុង​ហ៊ី​បន្ថែមទៀតថា គាត់​តែងតែ​គិតថា​គាត់​មិនមាន​បំណង​ធ្វើជា​ប្រធានាធិបតី​ដោយ​គ្មាន​ទីបញ្ចប់​នោះទេ ហើយ​ជារឿយៗ​គាត់​គិតថា​មិន​ឈរ​ធ្វើជា​ប្រធានាធិបតី​ក្នុង​អាណត្តិ​ឆ្នាំ ១៩៧២​ទៀត​ទេ ដែល​ពេលនោះ​ប្រពន្ធ​របស់គាត់​នៅរស់​នៅឡើយ​។ អ្នកស្រី​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៧៤​ ក្នុង​អំពើ​ឃាតកម្ម​មួយ​ដែល​ប៉ុនប៉ង​ផ្តាច់ជីវិត​លោកប៉ា​ក់ ជុង​ហ៊ី​។​

៥​ឆ្នាំ​ក្រោយមក ប៉ាក់ ជុង​ហ៊ី ក៏​ត្រូវគេ​ធ្វើឃាត​បានសម្រេច។ បន្ទាប់ពី​រយៈពេល​១៨​ឆ្នាំ ​ក្នុងឋានៈ​ជា​អ្នកដឹកនាំ​ប្រទេស គាត់​ធ្វើ​ឲ្យ​ខ្លួនឯង​កាន់តែ​ឯកោ​ពី​ប្រជាជន​ និង​ពី​របប​របស់គាត់​ដែល​ពេលនោះ​កត់សម្គាល់ឲ្យ​ឃើញ​យ៉ាង​ជាក់ស្តែង​នូវ​ការគាបសង្កត់​យ៉ាង​ហួសវិស័យ​។ និន្នាការ​នេះ​រួម​ជាមួយនឹង​ការធ្លាក់ចុះ​ផ្នែក​សេដ្ឋកិច្ច​ដែល​បានធ្វើ​ឲ្យ​ប្រជាជនមាន​អារម្មណ៍​ថា ប៉ាក់ ជុង​ហ៊ី ដូចជា​នៅក្នុង​តំណែង​ប្រធានាធិបតី​យូរអង្វែង​ពេក​ហើយ​។​ ​​ស​.​រ​.​អា មិនដែល​បាន​បង្កើត​ឲ្យ​បាន​ទំនាក់ទំនង​ដ៏​ងាយស្រួល​ជាមួយ​ប៉ាក់ ជុង​ហ៊ី​ម្តងណា​ឡើយ​។ ប៉ាក់ ជុង​ហ៊ី ចូលចិត្ត​ដឹកនាំ​តាមរបៀប​សេចក្តីត្រូវការ​ភ្លាមៗ​របស់​ប្រទេស គឺ​មិន​ចាប់អារម្មណ៍​ទៅ​និង​បញ្ហា​ធំៗ តួយ៉ាង​ដូចជា​បញ្ហា​សិទ្ធិមនុស្ស ឬ​បញ្ហា​ពាណិជ្ជកម្ម​សេរី​ទេ​។ ប៉ាក់ ជុង​ហ៊ី ជា​អ្នកស្នេហាជាតិ​មួយរូប​ តែ​ជា​មនុស្ស​ដែល​ចិញ្ចឹមចិត្ត​សង្ស័យ​ទៅលើ​ជនបរទេស​ជានិច្ច​។ ពេលដែល​គាត់​បាន​ដណ្តើម​កាន់អំណាច​នៅ​ឆ្នាំ ១៩៦១ ប៉ាក់ ជុង​ហ៊ី ស្ទើរតែ​មិនបាន​ស្គាល់​មន្ត្រី​អាមេរិក​ណា​ម្នាក់​ឡើយ​។ ដោយ​ធ្លាប់​បានទទួល​ការហ្វឹកហាត់​នៅក្នុង​ជួរ​កងទ័ព​ជប៉ុន និង​ប្រហែល​ធ្លាប់មាន​ការទាក់ទង​ជាមួយ​ពួកឆ្វេងនិយម​ផង​នោះ ប៉ាក់ ជុង​ហ៊ី គឺ​ពិត​មិនមែជាន​មនុស្ស​ដែល ស​.​រ​.​អា បានជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស​កូរ៉េ​ថ្មី​នេះ​ទេ​។

​ ​​ប៉ុន្តែ​ផ្ទុយ​មកវិញ ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជន​កូរ៉េ​ត្រូវការ​។​ នៅ​ឆ្នាំ ១៩៦១ ផល​ចំណូល​ប្រជាជន​កូរ៉េខាងត្បូង​ម្នាក់ៗ​ក្នុង​មួយឆ្នាំ​គឺ​តិចជាង​១០០​ដុល្លារ​។ ចំណែក​កូរ៉េខាងជើង​ ដែលជា​ប្រទេស​មាន​មូលដ្ឋាន​ឧស្សាហកម្ម និង​ធនធាន​រ៉ែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ប្រទេសមួយ​ខ្លាំង​ក្នុង​ឧបទ្វីប​កូរ៉េ​។ ប៉ាក់ ជុង​ហ៊ី​បានកែតម្រូវ​យ៉ាង​ឆាប់រហ័ស​នូវ​អតុល្យភាព​នេះ​។ ប៉ុន្មាន​អាទិត្យ​បន្ទាប់ពី​រដ្ឋប្រហារ​រប​ស់គា​ត់ ប៉ាក់ ជុង​ហ៊ី បាន​បង្កើត​ក្រុមប្រឹក្សា​មួយ​ដើម្បី​ផ្តល់​ឲ្យ​រដ្ឋាភិបាលកណ្តាល​នូវ​ទិសដៅ​ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​។ ផែនការ​៥​ឆ្នាំ​ ត្រូវបាន​អភិវឌ្ឍន៍ ឯ​ប៉ាក់ ជុង​ហ៊ី ខ្លួនឯង​ដែល​ជំនាញ​ខាង​សេដ្ឋកិច្ច​ជ្រាលជ្រៅ​នោះ​គឺជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ប្រតិបត្តិ​ផែនការ​នេះ​។ ដោយ​មើលឃើញ​នូវ​តម្រូវការ​នៃ​ដើមទុន​របស់​បរទេស​ដ៏​ធំ​សម្បើម​ដែល ប៉ាក់ ជុង​ហ៊ី ទទួលយក​នោះបាន​បង្កើត​ឲ្យ​មាននូវ​ការមិន​ពេញចិត្ត​ជាច្រើន​ពី​សំណាក់​ប្រជាជន ចំពោះ​ទំនាក់ទំនង​ការទូត​ជា​ប្រក្រតី​ជាមួយ​ប្រទេស​ជប៉ុន​។

ទង្វើ​នេះ​បានធ្វើ​ឲ្យ​មានការ​បាតុកម្ម​ក្នុង​បរិវេណ​មហាវិទ្យាល័យ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នា​ឆ្នាំ​១៩៦៤ ដែល​ពេលនោះ ប៉ាក់ ជុង​ហ៊ី ក៏បាន​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​មួយ​រហូត​ទាល់តែ​សភាពការណ៍​បាន​ស្ងប់​មកវិញ​។ ប្រក្រតី​ភាវូបនីយកម្ម​នៃ​ទំនាក់ទំនង​ជាមួយ​ជប៉ុន​បាន​បង្កើត​ឲ្យ​មាន​ឡើងវិញ​ក្នុង​ឆ្នាំ​១៩៦៥ ជាហេតុ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​បានទទួល​ជំនួយ​សេដ្ឋកិច្ច​ដល់​ទៅ​៨០០​លាន​ដុល្លារ​។​ ​ក្នុង​ឆ្នាំ​នោះ ប៉ាក់ ជុង​ហ៊ី បាន​យល់ព្រម​ប​ញ្ចូ​ន​កងទ័ព​កូរ៉េ​២​កងពល​ទៅ​រួមជាមួយ​កងទ័ព​អាមេរិក​ក្នុង​សង្គ្រាម​វៀតណាម ជាហេតុ​ធ្វើ​ឲ្យ​កូរ៉េ​បានទទួលរ​ង្វ​ន់​ពី​ក្រុង​វា​ស៊ីន​តោន​ផងដែរ​។ នៅ​ពាក់កណ្តាល​ទសវត្សរ៍​១៩៦០​ប្រាក់ចំណូល​ដែល​បានមកពី​ការចូលរួមចំណែក​ក្នុង​ការជួយ​ធ្វើសង្គ្រាម​នៅ​វៀតណាម គឺជា​ប្រភព​រូបិយប័ណ្ណ​បរទេស​មួយគត់​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​។ ប្រាក់​ទាំងនោះ​បាន​ជួយ​រួមចំណែក​រុញច្រាន​ប្រទេស​កូរ៉េ​ឲ្យ​ចេញ​ផុតពី​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​អន់ថយ​ទៅជា​ប្រទេស​ឧស្សាហកម្ម​ផលិតផល​ដែកថែប ឧស្សាហកម្ម​នាវា សារធាតុ​គីមី​៘​ ​​សក្តានុពលភាព​នៃ​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​មាន​ភាព​តូចចង្អៀត​ណាស់​សំរាប់ ប៉ាក់ ជុង​ហ៊ី ហើយ​មានការ​ចោទ​ជា​បញ្ហា​យ៉ាងច្រើន​ទៀតផង​។ នៅ​ឆ្នាំ​១៩៧២​ដោយ​បារម្ភ​ចំពោះ​ឥទ្ធិពល​នយោបាយ​របស់ គីម ដេ​ជុង ប៉ាក់​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ដោយ​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត “​មិន​ចំពោះ​” ដែល​ប្រព័ន្ធ​បែបនេះ អាច​អនុញ្ញាត​ឲ្យ​គណបក្ស​កំពុងកាន់​អំណាច​អាច​ត្រួតត្រា​សភាពការណ៍​នៃ​ដំណើរការ​បោះឆ្នោត​បាន​។

ក្នុង​ឆ្នាំ ១៩៧២ និង​ឆ្នាំ​១៩៧៨ ប៉ាក់ ជុង​ហ៊ី​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ជាប់​គ្នា​២​អាណត្តិ ដែល​មួយ​អាណត្តិ​មាន​រយៈពេល​៦​ឆ្នាំ​។​ ​​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ គឺជា​ដំណាក់កាល​សំខាន់​ក្រៃលែង នៅក្នុង​ទំនាក់ទំនង​អាមេរិក​ជាមួយ​កូរ៉េ​។ បើតាម​ការ​ប្រ​មើ​មើល​របស់​ប៉ាក់ ជុង​ហ៊ី គឺថា​បរាជ័យ​របស់​អា​មេ​រិ​ក​នៅក្នុង​សង្គ្រាម​វៀតណាម​បានធ្វើ​ឲ្យ​សម្ព័ន្ធភាព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​នេះ អាច​ថមថយ​ឥទ្ធិពល​ដោយ​ពេលនោះ​កូរ៉េខាងត្បូង​ត្រូវតែ​ខិតខំ​បង្កើន​កម្លាំង និង​អនុវត្ត​វិធី​ខ្លួន​ទីពឹង​ខ្លួន​។ ប្រព័ន្ធ Yushim (​ជីវិត​ថ្មី និង​ភាព​ក្លៀវក្លា​) នា​ឆ្នាំ​១៩៧២​បាន​តម្រូវ​ឲ្យ​កូរ៉េ​វិលត្រឡប់​ទៅរក​ភាព​ផ្តាច់ការ​វិញ​។ មេដឹកនាំ​នយោបាយ​ជាច្រើន​ត្រូវបាន​គេ​ចាប់ខ្លួន​តាមតែ​អំពើ ឯ​បរិយាកាស​ខាង​សន្តិសុខ​បាន​ធ្លាក់​ទៅក្នុង​ដំណាក់កាល​មួយ​ឃោរឃៅ​ខ្លាំងណាស់​។​ ​អ្នក​ខ្វែងយោបល​ទាំងឡាយ​ត្រូវគេ​ជាន់ពន្លិច​និង​ត្រូវ​រង​នូវ​ការធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​។ គីម ដេ​ជុង បាន​រត់គេច​ផុតពី​ការចាប់ខ្លួន​ដោយសារតែ​គាត់​ស្ថិត​នៅឯ​ក្រៅប្រទេស​។ ក្នុងអំឡុងពេល​នោះដែរ ប៉ាក់ ជុង​ហ៊ី បាន​ពង្រឹង​មូលដ្ឋាន​នយោបាយ​របស់​ខ្លួន​ថែមទៀត​ដោយ​ប៉ុនប៉ង​បង្កើត​ឲ្យ​មានការ​ពិភាក្សា​ដោយផ្ទាល់​ជាមួយ​កូរ៉េខាងជើង​។​ ​​នៅ​ខែឧសភា​ឆ្នាំ​១៩៧២ ប៉ាក់ ជុង​ហ៊ី បា​នប​ញ្ចូ​ន​ជាសម្ងាត់​នូវ​មិត្តភក្តិ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ម្នាក់​ឈ្មោះ លី ហ៊ុយ​រ៉ា​ក់​ប្រធាន​ចារកម្ម​ឲ្យ​ទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ជួប​ជាមួយ​គីម អ៊ី​ល ស៊ុ​ង​។ លី បាន​សម្តែង​ការកោតសរសើរ​ប្រកបដោយ​ចំណាប់អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គីម​ថា “​គាត់​ជាម​នុស្ស​ក្លៀវក្លា ជា​អ្នកដឹកនាំ​ដ៏​សំខាន់​”! ជា​ការពិត​ប្រព័ន្ធ Yushin របស់​កូរ៉េខាងត្បូង​មាន​បញ្ហា​ជាច្រើន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​នយោបាយ​ជូ​ឆេ (Juche ខ្លួន​ទីពឹង​ខ្លួន​) របស់​កូរ៉េខាងជើង​។ ការធ្វើឃាត​ទៅលើ​ភរិយា​របស់លោក ប៉ាក់ ជុង​ហ៊ី​នា​ឆ្នាំ ១៩៧៤ ដោយ​ឃាតករ​ម្នាក់​ជា​អង្គរក្ស​កូរ៉េខាងជើង​។ បានធ្វើ​ឲ្យ​ដំណើរការ​ពិភាក្សា​រវាង​កូរ៉េខាងត្បូង​និង​ខាងជើង​ឈានដល់​ទីបញ្ចប់​។ ប៉ុន្តែ​ប៉ាក់ ជុង​ហ៊ី គួរតែ​ត្រូវ​ផ្តល់​កិ​តិ្ត​យស​ដោយ​ការ​តែ​គាត់​ជា​អ្នក​ចាប់ផ្តើម​ដំណើរការ​នេះ​។​ ​

ថ្ងៃមួយ​ក្នុង​ខែសីហា​ឆ្នាំ​១៩៧៣ គីម ដេ​ជុង​ដែលជា​អ្នកក្លាហាន​រិះគន់​ខ្លាំងៗ​ដោយ​ឥត​សំចៃ​ទៅលើ​ប្រព័ន្ធ Yushin ត្រូវបាន​ចាប់ខ្លួន​ចេញពី​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​តូ​ក្យូ​។ ឯកអគ្គរដ្ឋទូត ស​.​រ​.​អា ភី​លី​ប ហា​ប៊ី​ប បានចេញ​បញ្ជា​ជាបន្ទាន់​ឲ្យ​ជំនួយការ​របស់គាត់រ​ក​ឲ្យ​ឃើញថា តើ​មេដឹកនាំ​ប្រឆាំង​នេះ​ត្រូវគេ​យកទៅ​លាក់ទុក​នៅឯណា​។ ព្រឹក​បន្ទាប់មក ហា​ប៊ី​ប បានទទួល​ពត៌មាន​ថា​លោក គីម ដេ​ជុង ត្រូវបាន​ភ្ងា​ក់​ងារ​កូរ៉េខាងត្បូង​ជា​អ្នក​ចាប់ខ្លួន​គាត់​។ ហា​ប៊ី​ប​បាន​បញ្ជា​ឲ្យ​មន្ត្រី​វិមាន​ប្រធានាធិបតី (Blue House) ជូន​ពត៌មាន​នេះ​ទៅ​លោក​ប៉ាក់ ជុង​ហ៊ី​ជាបន្ទាន់​។ ជា​លទ្ធផល​គឺ គីម ដេ​ជុង​ដែល​ស្ថិតនៅលើ​ទូក​តូច​មួយ​ដៃ​ជាប់​ចំណង រង់ចាំតែ​ពេលវេលា​ដែល​គេ​ត្រូវ​ដឹកយក​ទៅ​ទម្លាក់ចោល​នៅ​សមុទ្រ​ខាងកើត​នោះ​ត្រូវបាន​ប​ញ្ចូ​ន​ឲ្យ​ត្រឡប់​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​វិញ​ប្រកបដោយ​សុ​វត្តិភាព​។ ក្រោយពី​ព្រឹត្តិការណ៍​នោះ​បន្តិច​មក ប៉ាក់ ជុង​ហ៊ី​បានសម្រេច​បណ្តេញ លី ហ៊ុយ​រ៉ា​ក់  ចេញពី​តំណែង​ដោយសារ​បានដឹងថា អាមេរិក​បាន​តាមដាន​យ៉ាងខ្លាំង​ចំពោះ​ភ្នាក់ងារ​ចារកម្ម​របស់​ប៉ាក់​ដែល​ប្រឆាំង​រាល់​ប្រជាជន​កូរ៉េខាងត្បូង​ទាំងឡាយណា ដែល​វាយប្រហារ​ទៅលើ​ប្រព័ន្ធ Yushin ។ តួនាទី​របស់​នាយក​ចារកម្ម​នេះ​ត្រូវ​បានប្រគល់​ឲ្យ​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​មួយរូប​ដែល​ក្រោយពី​ឡើងកាន់តំណែង​នេះ​មក គាត់​បាន​អនុវត្ត​ការធ្វើ​ទារុណកម្ម​ជា​បន្តទៀត​។​ ​បណ្តា​ឆ្នាំ​ចុងក្រោយ​នៅក្នុង​តំណែង​របស់ ប៉ាក់ ជុង​ហ៊ី មិនសូវ​ជា​គាប់ប្រសើរ​ណាស់ណា​ទេ​សម្រាប់​រូបគាត់​។ ប៉ាក់ ជុង​ហ៊ី បាន​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​ហើយ​ក៏បាន​ដកខ្លួន​ចេញ​យ៉ាង​ស្ងប់ស្ងៀម​ពី​តំណែង​ប្រធានាធិបតី​របស់ខ្លួន​។ ប្រជាជន​កូរ៉េ​ស្ថិតក្នុង​សភាព​ជ្រួលច្របល់​នៅក្រោម​ការដឹកនាំ​ដ៏​យូរអង្វែង​របស់គាត់​។ ការ​ប៉ែង​ជើង​កាច់​កុង​បានកើត​មាននៅ​ក្នុងចំនោម​សហសេវិក​របស់គាត់​។ ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងត្បូង​កាន់តែ​ជូរចត់​ដោយសារតែ រឿងអាស្រូវ​សូកប៉ាន់​របស់​សមាជិក​សភា​កូរ៉េខាងត្បូង​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​និង​ការសំរេចចិត្ត​របស់​ប្រធានាធិបតី​ជី​មី កា​ទ័​រ ក្នុង​ការដក​កងទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង​។ តំលៃ​ដែល​ត្រូវ​បង់​ចំពោះ​ការកាន់កាប់​តំណែង​ជា​ប្រធានាធិបតី​យូរអង្វែង​ពេក​របស់​ប៉ាក់​គឺ​ការធ្វើឃាត​លើ​រូបគាត់​។ ប៉ាក់ ជុង​ហ៊ី​ត្រូវបាន​សំលាប់​ដោយ​នាយក​ចារកម្ម​ចុងក្រោយបង្អស់​របស់គាត់ គឺ​រយៈពេល​យ៉ាងហោចណាស់​ក៏​ប្រហែល​មួយ​ទសវត្សរ៍​ក្រោយ​ពេលដែល​ប៉ាក់​បាន​បាត់បង់​តំលៃ​ទៅហើយនោះ​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​បន្តិច​ម្តងៗ​សមិទ្ធផល​សេដ្ឋកិច្ច​របស់ ប៉ាក់ ជុង​ហ៊ី ភាពជា​អ្នកស្នេហាជាតិ គោលការណ៍​សន្សំសំចៃ និង​កម្លាំង​នៃ​ចរិតលក្ខណៈ​របស់គាត់ បាន​រីកដុះដាល​ជា​សាធារណៈ​នៅក្នុង​ទឹកចិត្ត​របស់​ប្រជាជន​កូរ៉េ​។

សូម្បីតែ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បច្ចុប្បន្ន​គីម ដេ​ជុង​ក៏បាន​និយាយ​អំពី​រយៈពេល​នៃ​ការ​កាន់តំណែង​ជា​វិជ្ជមាន​របស់​ប៉ាក់​និង​បាន​លើកសរសើរ​អំពី​តួនាទី​របស់គាត់ ក្នុង​ការនាំ​ចំលង​យក​កូរ៉េ​ចេញពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅកាន់​ឋានៈ​ជា​ប្រទេស​មហា​ឧស្សាហកម្ម​ដែរ​។ បច្ចុប្បន្ននេះ​នៅ​កូរ៉េខាងត្បូង​ឈ្មោះ​របស់​ប៉ាក់ ជុង​ហ៊ី ត្រូវបានគេទទួលស្គាល់ និង​គោរព​ស្ងប់​ស្ងែ​ង​ដោយ​ចាត់ទុកថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​។​ ​​នៅ​កូរ៉េខាងត្បូង​ពោរពេញ​ទៅដោយ​កេរដំណែល​របស់​ប៉ាក់ ជុង​ហ៊ី រួមទាំង​រោងចក្រ​ដែកថែប​យ៉ាង​ធំ​សម្បើម កន្លែង​ដំឡើង​នាវា​និង​រោងចក្រ​នានា​រហូត​ទៅដល់​ផ្លូវ​គមនាគមន៍​ទំនើប​ដែល​គាត់​បាន​កសាងឡើង​។ ប្រជាជន​កូរ៉េ​សុទ្ធតែ​នឹកឃើញ​ទៅដល់​មនុស្ស​ម្នាក់​ដែល​បាន​ស្ថាបនា​កូរ៉េ​ដែល​រហូតមកដល់​បច្ចុប្បន្ន​បាន​ស្ថិតនៅ​ក្នុងស្ថានភាព​សេដ្ឋកិច្ច​ដ៏​សំខាន់​។ ប៉ាក់ ជុង​ហ៊ី បាន​អនុវត្តតាម​ដំបូន្មាន​មួយ​ដែល​គាត់​ខ្លួនឯងបាន​លើកឡើង​កាល​ឆ្នាំ​១៩៧៤​នៅឯ​ពិធីជប់លៀង​ពេល​ល្ងាច​នា​កន្លែង​វាយកូនគោល​ថា​គាត់​នឹង​នៅតែ​រស់​ជានិច្ច​ដោយ​ក្តី​រីករាយ​ចំពោះ​ប្រជាជាតិ​មួយ​ដ៏​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ដែល​រូបគាត់​សម​នឹង​ទទួល​នូវ​ភាពសំបូរ​សប្បាយ​នេះដែរ​៕ (ដកស្រង់​ចេញពី​សៀវភៅ ជន​មាន​ឥទ្ធិពល​នៅ​អាស៊ី​)

ប្រភពដោយ៖ Lemdoeundaloem

Leave a Reply

Your email address will not be published. Required fields are marked *