ជីវប្រវត្តិ​​របស់​លោក Steve Jobs ស្ថាបនិករបស់ Apple និងស្នាដៃរបស់លោក

ទស្សនៈ និងប្រវត្តិបុគ្គល

លោក Steve Jobs គឺជាអ្នកច្នៃប្រឌិតនិងជាពាណិជ្ជករដ៏ល្បីឈ្មោះមួយរូប។ លោកជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple Inc. ដែលផលិត iPad និង iPhone និងបានធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាមានតម្លៃបំផុតរបស់ពិភពលោក។

លោក Steve Jobs ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតមួយរបស់ពិភព លោក Apple Inc. បានទទួលមរណៈភាពក្នុងវ័យ ៥៦ឆ្នាំ កាលពីឆ្នាំ២០១១។ ខាងក្រោមនេះ គឺជាខ្សែជីវិត និងអាជីពរបស់លោក ៖

  • លោក Jobs កើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងរដ្ឋសាន់ ហ្វ្រាន់ស៊ីស្កូ។ ម្តាយរបស់លោកឈ្មោះ Joanne Carole Schieble។ មានឪពុកឈ្មោះ Abdulfattah John Jandali ជាជនជាតិស៊ីរី។ លោកត្រូវបានយកមកចិញ្ចឹមដោយលោកស្រី Clara និងលោក Paul Jobs ដែលបានដាក់ឈ្មោះឲ្យរូបលោកថា Steven Paul Jobs។
  • នៅឆ្នាំ ១៩៧២ លោក Jobs បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Homestead នៅក្នុងក្រុង Cupertino ជាទីដែលលោកបានស្គាល់។ លោក Wozniak ដែលជាដៃគូពាណិជ្ជកម្មនាពេលអនាគតរបស់លោក។ លោក Jobs បានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed នៅទីក្រុង Portland ក្នុងរដ្ឋ Oregon និងបានបោះបង់ចោលការសិក្សាបន្ទាប់ពីចូលរៀនបានមួយឆមាស។ ឆ្នាំ១៩៧៤ លោក Jobs បានវិលត្រឡប់មករដ្ឋកាលីហ្វ័រនីញ៉ាវិញ និងបានធ្វើការជាអ្នកបង្កើតវីដេអូហ្គេមនៅក្រុមហ៊ុន Atari Corp ។
  • ឆ្នាំ១៩៧៥ លោក Jobs និង Wozniak បានចំណាយពេលនៅក្លិបកុំព្យូទ័រ Homebrew ដែលជាកន្លែងជួបជុំគ្នារបស់វិស្វករ និងអ្នកដែលមានចំណូលចិត្តផ្នែកនេះ ដើម្បីផ្លាស់ប្តូរគំនិតគ្នាទៅវិញទៅមក។ គាត់ទាំងពីរនាក់ បានបង្អួតកុំព្យូទ័រ Apple I និង Apple II នៅពេលជួបគ្នាក្នុងក្លិបនេះ។
  • ថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ លោក Wozniak និងលោក Ron Wayne បានបង្កើតក្រុមហ៊ុន Apple។ លោក Wayne បានបោះបង់ចោល ភាគហ៊ុន ១០ភាគរយរបស់ខ្លួននៅក្រុមហ៊ុន Apple ក្នុងរយៈពេលមិនដល់ពីរសប្តាហ៍។
  • ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៧ លោក Wozniak និងលោក Jobs បានបង្ហាញកុំព្យូទ័រ Apple II ដែលជាកុំព្យូទ័រទទួលបានជោគជ័យលើកដំបូង។
  • ខែឧសភា ឆ្នាំ១៩៧៨ លោកស្រី Chrisann Brennan មិត្តស្រីរបស់លោក Jobs បានកើតកូនស្រីម្នាក់ និងបានដាក់ឈ្មោះឲ្យនាងថាLisa Brennan-Jobs។
  • នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៨០ ក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនសាធារណៈ ដោយមានភាគហ៊ុនតម្លៃ ២២ដុល្លារក្នុងមួយហ៊ុន តែបច្ចុប្បន្នភាគហ៊ុនរបស់ក្រុមហ៊ុន Apple មានតម្លៃជិតដល់ ៣៧៨,២៥ដុល្លារក្នុងមួយហ៊ុន។
  • ខែមករា ឆ្នាំ១៩៨៣ ក្រុមហ៊ុន Apple បានចេញលក់កុំព្យូទ័រឈ្មោះ Lisa។
  • ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់កុំព្យូទ័រ Macintosh។ ខែកញ្ញា ឆ្នាំ១៩៨៥ លោក Jobs បានលាឈប់ពីតំណែងប្រធានក្រុមហ៊ុន និងបានបង្កើតក្រុមហ៊ុន NeXT Computer Inc។ ខែកុម្ភៈ ឆ្នាំ១៩៨៦ លោក Jobs បានទិញយកក្រុមហ៊ុនរចនាក្រាហ្វិកកុំព្យូទ័ររបស់ George Lucas នៅក្នុងតម្លៃ ១០លានដុល្លារ និងបានប្តូរឈ្មោះក្រុមហ៊ុននេះទៅជា Pixar Inc វិញ។
  • ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៩១ លោកបានរៀបការជាមួយនឹងនាង Laurene Powell មានកូនប្រុសម្នាក់ និងស្រីពីរនាក់។
  • ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រុមហ៊ុន Pixar បានដាក់លក់ខ្សែភាពយន្តដែលមានលក្ខណៈពិសេសដំបូងរបស់ខ្លួន ដែលមានឈ្មោះថា «Toy Story» ដែលរកប្រាក់ចំណូលសរុបបានចំនួន ៣៦០លានដុល្លារ និងទទួលបានពានរង្វាន់អូស្កាបី។
  • ថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុន NeXT ក្នុងតម្លៃ ៤០០លានដុល្លារ ហើយជួលលោក Jobs ឲ្យធ្វើជាទីប្រឹក្សាវិញ ដើម្បីជួយក្រុមហ៊ុនកែលម្អកម្មវិធី Macintosh ដ៏សំខាន់របស់ខ្លួន។
  • ថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៩៧ ក្រោយមកលោក Jobs បានក្លាយជាអគ្គនាយកបណ្តោះអាសន្ន។
  • ខែឧសភា ឆ្នាំ១៩៩៨ ក្រុមហ៊ុន Apple បានដាក់បណ្ដាញកុំព្យូទ័រ iMac។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០០០ លោក Jobs បានក្លាយជា CEO ជាផ្លូវការ។
  • ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០១ ក្រុមហ៊ុន Apple បានដាក់លក់ iPod ។ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០០៣ ក្រុមហ៊ុន Apple បានបង្ហាញ iTunes Music Store។ ខែតុលា ឆ្នាំ២០០៣ លោក Jobs ត្រូវបានពិនិត្យតាមដានថា មានជំងឺមហារីកលំពែង។
  • ថ្ងៃទី១ ខែសីហា ឆ្នាំ២០០៤ លោក Jobs បានបង្ហើបឲ្យដឹងលើកដំបូងថា លោកមានជំងឺមហារីក។
  • ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៥ លោកនិយាយពីជំងឺមហារីករបស់លោក ក្នុងពេលថ្លែងសុន្ទរកថាផ្តល់អនុសាសន៍នៅសាកលវិទ្យាល័យ Stanford។ ខែមករា ឆ្នាំ២០០៦ ក្រុមហ៊ុន Walt Disney បានប្រកាសពីការទិញយកក្រុមហ៊ុន Pixar ក្នុងតម្លៃ ៨,០៦ពាន់លានដុល្លារដែលធ្វើឲ្យលោក Jobs ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Disney និងក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលមួយរូបផងដែរ។
  • ថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ លោក Jobs បានបង្ហាញទូរស័ព្ទ iPhone។
  • ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានដាក់បង្ហាញទូរស័ព្ទដៃ iPhone 3G ។ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០៨ លោក Jobs បានរៀបរាប់ថា គាត់បានជាសះស្បើយពីជំងឺមហារីកហើយ។ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៨ លោក Jobs បានដាក់បង្ហាញឧបករណ៍ចាក់ភ្លេង iPod ថ្មី។
  • ថ្ងៃទី៥ ខែមករា ឆ្នាំ២០០៩ លោកបានប្រាប់ថា លោកមានជំងឺអតុល្យភាពអ័រម៉ូន (hormone imbalance) ដែលធ្វើឲ្យគាត់ស្គម និងបានសន្យាថានឹងនៅតែបន្តធ្វើជាអគ្គនាយកក្រុមហ៊ុនដដែល ក្នុងអំឡុងពេលលោកទទួលការព្យាបាលជំងឺ។
  • ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ លោក Jobs បានបណ្តុះថ្លើម ហើយទទួលបានលទ្ធផលល្អប្រសើរ។ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ ក្រុមហ៊ុន Apple បានប្រកាសពីការវិលត្រឡប់មកធ្វើការរបស់លោក Jobs វិញ។ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៩ លោក Jobs បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីលោកវិលត្រឡប់មក ធ្វើការវិញដោយបង្ហាញម៉ូដែល iPod ថ្មីនៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ។
  • ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០ លោកបានបង្ហាញផលិតផល iPad។ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១១ លោក Jobs បានចាប់ផ្តើមចាកចេញទៅព្យាបាលជំងឺម្តងទៀត។
  • ថ្ងៃទី២ ខែមីនា ឆ្នាំ២០១១ លោក Jobs ក្នុងវ័យ ៥៦ឆ្នាំ បានបង្ហាញខ្លួនក្រោយពីឈប់សម្រាកព្យាបាល ដើម្បីបង្ហាញកុំព្យូទ័រខ្នាតតូច iPad ស៊េរីថ្មី។
  • ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ វិនិយោគិនក្នុងក្រុមហ៊ុន Disney បានបោះឆ្នោតជ្រើសរើសលោក Jobs ធ្វើជាក្រុមប្រឹក្សាភិបាលម្តងទៀត។
  • ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ លោក Jobs បានលាលែងចេញពីតំណែងអគ្គនាយកក្រុមហ៊ុន Apple។
  • ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្រុមហ៊ុន Apple បានប្រកាសពីមរណភាពរបស់លោក Steve Jobs៕

ប្រភពដោយ៖ Lemdoeundaloem

 

Leave a Reply

Your email address will not be published. Required fields are marked *