មេរៀនជីវិតតស៊ូរបស់អ្នកប្រាជ្ញ Thomas Edison ដែលបានរកឃើញ អាគុយ, អំពូលភ្លើង និងទូរស័ព្ទ

ទស្សនៈ និងប្រវត្តិបុគ្គល

 

ថូម៉ាស់ អេឌីសុន (១៨៤៧−១៩៣១) កើតនៅមីឡុង អូហៃយូ សហរដ្ឋអាមេរិក ដែលរស់នៅក្នុង​ត្រកូលគ្រួសារក្រីក្រ​មួយ។ អេឌីសុន​ត្រូវបង្ខំចិត្ត​ទៅរកស៊ី​តាំងពីអាយុ​ ១២ឆ្នាំ។ ក៏ប៉ុន្តែ​ទុកជាស្ថិត​ក្នុងស្ថានការ​ដ៏លំបាក​យ៉ាងនេះក្ដី​កុមារ​ អេឌីសុន នៅ​តែ​ស្រឡាញ់​ជក់ចិត្ត​រៀន​សូត្រ​ដោយខ្លួនឯង ជាពិសេស​ចូលចិត្ត​ធ្វើការ​ពិសោធន៍​រូបវិទ្យា​ និងគីមីវិទ្យា។

ចាប់តាំងពីអាយុ​ ១៥ឆ្នាំ​អេឌីសុន បានចាប់​ផ្ដើម​ក៏សាង​បុព្វហេតុ​នៃការរកឃើញថ្មីមួយ ដោយបង្កើត​ម៉ាស៊ីនទូរស័ព្ទ​ជាលើកដំបូងបង្អស់​ជាមួយនឹង ហុងវ័ណ្ឌខ្សែលួស​ដែលគេក្រវាត់ចោល។ នៅអាយុ ២២ឆ្នាំ អេឌីសុន បើកសហគ្រាស​ជួសជុល​ម៉ាស៊ីន​មួយ​ហើយមិនយូរប៉ុន្មាន​ បានក្លាយជាអ្នក​បច្ចេកទេសដ៏ល្បីល្បាញពេញ​ពិភពលោក​។ ក្នុងមួយជីវិត​ធ្វើសកម្មភាព​ដ៏ពុះកញ្ជ្រោល​របស់ខ្លួន​ លោកបាន​ផ្ដល់​ឲ្យមនុស្ស​លោក​នូវការរកឃើញ​ថ្មីៗ​ជាង​មួយពាន់​មុខ​ដ៏មានតម្លៃ​ដូចជា៖ ម៉ាស៊ីន​ច្រៀង ទូរស័ព្ទ អំពូលភ្លើង ម៉ាស៊ីនអគ្គិសនី។ល។

កាលលោកនៅអាយុ ១៥ឆ្នាំ អេឌីសុនត្រូវទៅរកលុយ​ចិញ្ចឹម​ជីវិត តាមវិធី​បោះពុម្ព​កាសែតលក់​ឲ្យអតិថិជន​នៅតាមរទេះភ្លើង​​។​ ជាមួយនឹងគំនិត​ច្នៃប្រឌិត​របស់ខ្លួន អេឌីសុន បានធ្វើ​ឲ្យ​ទំព័រកាសែត​កាន់​តែ​មាន​សម្រស់​ទទួលបាន​ការពេញចិត្ត​ពីអតិថិជន​។ ហេតុនេះក្រុម​ហ៊ុនរទេះ​ភ្លើង​បានត្រៀម​ខ្លួនជាស្រេច​ រៀប​ចំ​នូវទូររថភ្លើង​មួយដោយ​ឡែក​ធ្វើ​រៀងជាង​បោះពុម្ព​កាសែត​សម្រាប់​ផ្ដល់​​ឲ្យ​ចាងហ្វាង​កាសែត​តូចច្រម៉ក់​នេះ។

ថ្ងៃមួយ​រថភ្លើងកំពុង​តែរត់ សំឡេង​ផ្ទុះ​មួយដ៏ព្រឺព្រួច​បាន​លាន់ឡើង។ អ្នកដំណើរផ្អើលឆោឡោ រថភ្លើង​ក៏បញ្ឈប់ដំណើរ។ បន្ទាប់​ពីនាទីដ៏គួរ​ឲ្យភិតភ័យនេះ គេបានរកឃើញ​ប្រភពនៃ​មហន្តរាយ​នេះ។ ការពិតលោកចាងហ្វាង​កាសែតតូចច្រម៉ក់​បាន​ប្រើប្រាស់​ទូររថភ្លើង ​សម្រាប់​ខ្លួនមិនត្រឹម​តែ​ធ្វើការបោះពុម្ព​កាសែត​ប៉ុណ្ណោះទេ គឺនៅបានដំណើរការពិសោធន៍​ផ្សេងៗទៀត​។ នៅលើកនេះ ដោយធ្វេសប្រហែស​ អេឌីសុន បានធ្វើឲ្យ​​ផ្ទុះទូរថភ្លើង ហើយសឹងតែនឹងធ្វើជីវិត​របស់ អេឌីសុន​ បាត់បង់ផងដែរ។

លោកប្រធាន​រថភ្លើង​ខឹងច្រឡោតយ៉ាងខ្លាំង ក្រោយ​ពីបាន​ដឹងរឿង​នោះ។ គាត់ដាច់ខាត​ត្រូវតែបណ្ដេញអនាគតអ្នកប្រាជ្ញយើង​ និងឲ្យរើ​គ្រឿង​ពិសោធន៍​កំប៉ិចកំប៉ុក​ចេញពីទូរ​រថភ្លើង​មួយរំពេច និងប្រើសម្ដី​គម្រាមកំហែង​ដល់ អេឌីសុន ថា៖ ប្រយ័ត្នណា៎! ឲ្យតែឯងបន្ត​ល្បែងចំកួតបែបនេះទៀត គង់តែ​មានថ្ងៃ​អស់ជីវិត​ ហើយថែមទាំង​អន្តរាយ​ដល់ជីវិត​អ្នកដទៃ​ទៀត​មិនខាន។

តែយុវជន​ដែលស្រឡាញ់​​ការចេះដឹង​ មិនយក​ត្រចៀក​ស្ដាប់សម្ដី​ទាំងនោះឡើយ។ ម្នាក់ឯងជាមួយបាតដៃទាំងពីរ​ អេឌីសុន បាន​ឈាន​លើមាគ៌ាឯកទគ្គកម្មវិទ្យាសាស្ត្រ​យ៉ាង​អង់​អាចក្លាហាន​។

ឆ្នាំ ១៨៧៩ ក្នុងពិធី​តាំងពិពណ៌​មួយនៅបារីស គេបានតាំង​ម៉ាស៊ីន​ច្រៀងមួយដែល​ អេឌីសុន បានផលិតឡើង។ នៅពេល​ដែលឮ​សំឡេង​មនុស្ស​លាន់​ចេញពី​គ្រឿងបំពង​សំឡេង​នៃ​ម៉ាស៊ីន​ច្រៀងនោះ បុរស​ត្រកូលអភិជន​​មួយរូប ដែលមានមុខនៅទីនោះ​មិនព្រមជឿដាច់ខាត ចំពោះការរកឃើញ​ម៉ាស៊ីននេះឡើយ។

វាជាល្បែងបោកប្រាស់​មួយទៀតហើយ! ខ្ញុំសូមអះអាងថា​ គឺអ្នកបញ្ជា​ម៉ាស៊ីននេះ​ឯង ដែលបញ្ចេញសំឡេង​នោះ… បុរសម្នាក់​នោះក៏ស្ទុះទៅបិទមាត់​អ្នកបញ្ជា​ម៉ាស៊ីនច្រៀង… តែជាអកុសល ទោះ​ជាបុរស​ត្រកូលអភិជន​នោះប្រឹង​រកគ្រប់មធ្យោបាយ​ដើម្បីវែកមុខ ​ល្បែងដែលគាត់កំពុងគិតថាជា ល្បែងបោកប្រាស់ នេះយ៉ាងណា​ក៏ដោយ ក៏​ម៉ាស៊ីនច្រៀង​នៅតែបន្ត​បញ្ចេញសំឡេង​របស់ចម្រៀង​… ដដែល។

អេឌីសុន ជានិច្ចកាល​នឹកឃើញដល់​បណ្ដាមធ្យោបាយ​ ដើម្បី​ឲ្យធូរស្រាល​កម្លាំង​ពលកម្ម។ លោកបានរកឃើញ​កន្លែង​សម្រាប់​ប្រើការ​រកឃើញ​ថ្មីៗដោយ​មិនថា​នៅកន្លែងណា​ឡើយ។

នៅវេលាថ្ងៃមួយ​ មានមិត្តម្នាក់​មកលេង​ជាមួយលោក​។ គាត់តម្អូញ​ថា​ ទ្វារនៅខាងក្រៅ​ផ្ទះធ្ងន់ពេក។ អេឌីសុន ផ្ទុះសំណើចទាំងនិយាយថា៖ គ្មានអ្វីគួរឲ្យត្អូញត្អែរទេ… បើសិនជាបងឯង​ដឹងថា​ ភ្ញៀវ​គ្រប់​រូប​ដែលមកកាន់ទីនេះ ពេលរុញ​ទ្វារចូលមក​ម្នាក់ៗ បានជួយ​បូមទឹកជំនួសខ្ញុំ​ដល់ទៅ ៣០លីត្រ​បង្ហូរទៅដាក់​ក្នុង​អាង​នៅលើ​ដំបូលផ្ទះ​។ ការពិតអ្នកប្រាជ្ញយើង​បានឆ្លៀត​ប្រើទ្វារចេញចូល ដើម្បី​ធ្វើជា​ម៉ាស៊ីន​បូមទឹក​សម្រាប់បង្ហូរ​ទៅកាន់​បន្តប់​នានា​។ អេឌីសុន ធ្វើការងារ​មួយដោយម៉ត់​ចត់ណាស់។ មិនចំពោះការងារ​ណា​មួយ​ឡើយ លោកតែងតែ​តស៊ូ​ធ្វើការ​ពិសោធន៍​មួយ​ហើយ​មួយទៀត​រហូត​ដល់​បាន​ទទួល​លទ្ធផល​ដូចបំណង។ ដូចជា​ការស្រាវជ្រាវ​ពីអាគុយ​ជាដើម លោកត្រូវ​ធ្វើពិសោធន៍ដល់ទៅ… ៥ពាន់លើក។ ចំណែក​ក្នុងការរកវត្ថុ​ធាតុ​សម្រាប់​ធ្វើរេស៊ីស្តង់​អំពូលភ្លើង​ តួលេខ​នៃការពិសោធន៍​ឡើងដល់ទៅ ៨ពាន់​លើក​ផង​ដែរ។

មានមិត្តម្នាក់​បានសួរលោកថា៖ បងឯង​មិននឹកឃើញថា ធ្វើបែបនេះ​ជាការប្រុងប្រយ័ត្ន​ហួស​ហេតុពេក​ទេឬ? អេឌីសុន​ឆ្លើយតបវិញថា៖ មានអ្វី​ដែលថាហួសហេតុ​នោះ? បើសិន​ជាគ្មាន​ការពិសោធន៍ ៥០ពាន់​លើកមុននេះ​ វាប្រាកដ​ជាគ្មានអាគុយគម្រូ ៥០,០០១ ដែលខ្ញុំ​ពេញចិត្ត​នេះឡើយ។ អាគុយទី ៥០,០០១ នេះ​គឺអាគុយ​ដែលយើងប្រើ​រហូត​មកទល់សព្វថ្ងៃនេះឯង។

នៅពេលពិសោធន៍រកវត្ថុ​ធាតុសម្រាប់ធ្វើរេស៊ីស្តង់អំពូលភ្លើង អេឌីសុន ត្រូវរិះរក​អស់ពេល​យ៉ាងយូរ​នៅតែមិន​ទាន់​សម្រេច​បានគោលបំណង​។ លោកបានចាត់មនុស្ស​ម្នាក់​ឲ្យទៅប្រទេសជប៉ុន​ រកទិញ​ឫស្សីពកមួយប្រភេទ​ដែលសរសៃ​របស់វា​អាចធ្វើជា​ធ្យូងវត្ថុធាតុដើម សមស្រប​នឹងសំណូមពរ​ជាការកំណត់​របស់លោក។

អ្នកដែលលោកចាត់ទៅ​បានបង្ហាញនូវការអល់ឯក តើរេស៊ីស្តង់​អំពូល​ភ្លើង​មួយគួរ​ចំណាយកម្លាំង​ដល់ថ្នាក់​ហ្នឹងឬ? អេឌីសុន​បញ្ចេញទឹកមុខ​ម៉ឺងម៉ាត់រួចនិយាយថា៖ នែ៎មិត្ត​សម្លាញ់! ធ្វើការជាមួយខ្ញុំ សុំកុំនិយាយ​ដល់ការខាតបង់កម្លាំង​អី! តែគួរសម្លឹង​ទៅកាន់គោលបំណង ដែលយើងត្រូវការវិញ។

មានមួយលើកនោះ ​អេឌីសុន បានប្រគល់ឲ្យសហការី​របស់ខ្លួន​ស្រាវជ្រាវ​រចនា​សម្ព័ន្ធ​កម្លាំង​ម៉ាស៊ីន​នាវាមុជទឹក​មួយ។ សហ​ការី​នេះ យកមក​ឆ្លង​នូវវិធាន​ការបីដែលទាំងបីលើកនោះ​ត្រូវអេឌី​សុន​បដិសេធចោលអស់។ ដល់លើកទី៤ សហការី​និយាយ​ថា៖ ខ្ញុំពិចារណា​រកគ្រប់របៀបហើយ នៅតែមិនអាចធ្វើ​អ្វីឲ្យ​លើស​នេះបានទៀតទេ! ពិតទេ? ពីរថ្ងៃក្រោយមក អេឌីសុន អញ្ជើញសហការី​នោះ​មក​ជួយលោក ហើយបង្ហាញ​ឲ្យឃើញព្រមគ្នា… នូវវិធានការ ៤០ ខុសប្លែកពីគ្នា ដែលអេឌីសុន​សម្ដែងឲ្យឃើញយ៉ាងជាក់ស្ដែង។ ការពិតដើម្បី​បង្ហាញ​ជាគម្រូ​ពីការប្រុងប្រយ័ត្ន​ដល់សហការី​របស់ខ្លួន អេឌីសុន បានចំណាយពេលស្រាវជ្រាវ​លើគ្រប់ជ្រុង​ជ្រោយនៃបញ្ហា ហើយបានដាក់​នូវវិធានការ​សមស្រប​ផ្សេងៗជាច្រើនទៀត ដើម្បីបញ្ជាក់​ឲ្យឃើញថា… ចំនួន ៤ មិនទាន់​ជាឯកតា​លេខ​ធំជាងគេទេ។

គ្មានថ្ងៃណាមួយ​ដែល អេឌីសុន បដិសេធ​ទទួលជួប​ជាមួយ​អ្នកឯកទគ្គកម្ម​ពាក់​កណ្ដាល​រដូវ ដែលមិនព្រម​ស្រាវជ្រាវ​រុករក​ ហើយ​ចេះតែស្រមៃ ចង់ឆក់ ចង់បានលទ្ធផល​ភ្លាមៗឡើយ។ មានម្ដងនោះ ជនម្នាក់​បានមកជួប​ អេឌីសុន ហើយសួរថា៖ ជម្រាបប្រសាសន៍លោក ខ្ញុំកំពុងចង់​រក​ឲ្យ​ឃើញនូវ​អង្គធាតុ​មួយ​ ដែលអាច​នឹងរលាយ​ចូលក្នុង​គ្រប់អង្គធាតុ ដែលជា​សូលុយ​ស្យុង មួយដ៎អស្ចារ្យ ខ្ញុំមកនេះ​ដើម្បីសុំលោក​ជួយបង្ហាញ​​​ណែនាំ​ផ្លូវ​ដែលត្រូវដើរ។ អេឌីសុន សើចញឹមៗ រួចតបទៅវិញថា៖ ជម្រាបប្រសាសន៍លោក មុនពេល​លោកគិតឃើញ​ដល់ការ​រកឃើញ​ថ្មីនូវ​អង្គធាតុ​រលាយដ៏អស្ចារ្យ​នោះ សូមពិចារណាមើល… តើវាអាច​នឹង​ដាក់នៅក្នុង​អ្វីបានសិន? អ្នកបង្កើតថ្មី អៀនរឹងខ្លួន។ ពេលនោះទើបដឹងថា ខ្លួន​ពិតជាល្ងង់​ខ្លៅមែន!

មានមនុស្សខ្លះ​បានសួរ អេឌីសុន ថា៖ ជម្រាបប្រសាសន៍លោក តើអ្នក​បង្កើតថ្មី​គ្រប់រូប​ត្រូវការ​នូវលក្ខណៈ​អ្វីខ្លះ? អេឌីសុន ឆ្លើយ​តបថា៖ ចំពោះអ្នកបង្កើតថ្មី ទេពកោសល្យ​ដែលទេវតាប្រទានឲ្យ​មាន​តែមួយភាគរយប៉ុណ្ណោះ ចំណែក ៩៩%​ ទៀត​ គឺដោយ​ដំណក់ញើស និងទឹកភ្នែក។ អេឌីសុន ជាមនុស្ស​ដែលមានការ​ប្រឹងប្រែង​ដ៏មហស្ចារ្យ។ ជារៀង​រាល់ថ្ងៃ​លោកធ្វើការដល់ ១២ម៉ោង ក្នុងបន្ទប់ពិសោធន៍។ លោកប្រឹង​ប្រែង​ធ្វើពិសោធន៍ អស់​ពីករណី​មួយដល់មួយ រហូត​ដល់រកឃើញ​វិធីដោះស្រាយ​បានយ៉ាង​សមរម្យ​បំផុត។ តែនៅពេលយកចិត្តទុកដាក់​ដល់ការអនុវត្តន៍​ លោក​មានការ​ខ្វះខាត​មួយដោយមើលស្រាលទ្រឹស្ដី។

អ្នកបច្ចេកទេស​អូទ្រីស កូនតេសឡា បានកត់សម្គាល់​ពីអេឌីសុន ថា៖ បើសិន​ជាគាត់​ធ្វើធ្លាក់​ម្ជុលមួយដើម​នៅក្នុង​គំនរចំបើង គាត់​នឹង​រើ​ចំបើង​ម្ដង​មួយ​ទងៗ ដើម្បីរក​ដោយមិនរវល់គិតមើល តើម្ជុល​ធ្លាក់​នៅកន្លែងណាឡើយ។ ក្នុងដំណាក់កាល​ធ្វើ​ពលកម្ម​វិទ្យាសាស្ត្រ​របស់ខ្លួនលោក ត្រូវខាតបង់​កម្លាំងពលកម្ម​យ៉ាងហោចណាស់ ៣០%​ នៃការងារ​របស់លោក៕

ប្រភពដោយ៖ សំខាន់

Leave a Reply

Your email address will not be published. Required fields are marked *