បញ្ហា​ជីវិតទាំង ៧​យ៉ាង​ដែល​អ្នក​នឹង​យល់​​បាន​​ជ្រាលជ្រៅ​ពេល​ឈាន​ចូល​វ័យ ២៥ឆ្នាំ

ជីវិត

វ័យ ២៥ឆ្នាំ គឺ​ជា​វ័យ​ដែល​ត្រូវ​ជួប​ប្រទះ​នឹង​អ្វី​ៗ​ជា​ច្រើន ដែល​អាច​ហៅ​បាន​ថា​ជា​វ័យ​ផ្លាស់​ប្ដូរ​ឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់​ក៏​ថា​បាន ព្រោះ​នៅ​អាយុ​នេះ​ភាគ​ច្រើន​យើង​ក៏​បាន​រៀន​ចប់ និង​ចូល​ធ្វើ​ការ​បាន​មួយ​រយៈ។ ដូច្នេះ​អាច​និយាយ​បាន​ថា​នេះ​ជា​វ័យ​ដែល​យើង​អាច​យល់​ដឹង​ពី​ជីវិត។ ថ្ងៃ​នេះ កញ្ញា សូម​លើក​ឧទាហរណ៍​ចំនួន ៧​រឿង​ដែល​មនុស្ស​យើង​នឹង​​អាច​យល់​យ៉ាង​ស៊ី​ជម្រៅ​នៅ​ពេល​ឈាន​ដល់​អាយុ​២៥​ឆ្នាំ៖

១. យល់​បាន​ថា​សង្គម​ការងារ​មាន​ភាព​ស្មុគស្មាញ​​ជាង​សង្គម​រៀន​សូត្រ​ច្រើន

កាល​នៅ​រៀន តួនាទី​ចម្បង​ដែល​យើង​មាន​គឺ​គ្រាន់​តែ​យក​ខំ​​រៀន​។ បើ​យើង​យក​ចិត្ត​ទុក​ដាក់​ លទ្ធផល​សិក្សា​របស់​យើង​នឹង​បាន​ល្អ ប៉ុន្តែ​បើ​សិន​ជា​មិន​តាំង​ចិត្ត​រៀន​ទេ លទ្ធផល​នឹង​មិន​ល្អ ដែល​ភាគ​ច្រើន​លទ្ធផល​ទាំង​នោះ​គឺ​យ៉ាង​អាច​ស្មាន​ដឹង​យ៉ាង​ងាយ។ ផ្ទុយ​ទៅ​វិញ​ក្នុង​ពិភព​ការងារ​ ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​មិន​ប្រាកដ​ថា​នឹង​ទទួល​បាន​ផល​ល្អ​រហូត​នោះ​ទេ ព្រោះ​ការ​ធ្វើ​ការងារ​​ទាមទារ​ឲ្យ​មាន​បច្ច័យ​ផ្សេង​ៗ​ច្រើន​ទៀត​ក្រៅ​ពី​ការ​ខំ​ធ្វើ​ការ។ ​ នៅ​វ័យ​នេះ​អ្នក​​​នឹង​បាន​រៀន​សូត្រ​ពី​ទស្សនៈ និង​សិល្បៈ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ចរិត​លក្ខណៈ​ផ្សេង​ៗ​កាន់​តែ​ច្រើន​ជាង​កាល​នៅ​រៀន ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​អាច​យល់​ពី​ចិត្ត​មនុស្ស​កាន់​តែ​ច្រើន​ដូច​គ្នា។

២. សុខភាព​រាង​កាយ​របស់​អ្នក​មិន​មាំទាំ​ដូច​មុន​ទៀត​ទេ

ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​គិត​ថា អ្ហើយ​ទើប​ ២៥ឆ្នាំ​សោះ! ប៉ុន្តែ​អ្នក​ធ្លាប់​សង្កេត​ឬ​អត់​ថា ទោះ​បី​សុខភាព​របស់​អ្នក​មិន​បាន​ទ្រុឌទ្រោម​ច្បាស់​នឹង​ភ្នែក ប៉ុន្តែ​​វា​មិន​អាច​ធន់​ទ្រាំ​ស្មើ​​កាល​ពី​មុន​ឡើយ ​ដែល​មិន​ថា​អ្នក​ធ្វើ​បាប​ខ្លួន​​ឯង​ដោយ​ទៅ​ជប់លៀង​ដល់​យប់​​យ៉ាង​ណា ពេល​ងើប​ឡើង​វិញ​ក៏​មាន​អារម្មណ៍​ស្រស់​ស្រាយ។ ប៉ុន្តែ​ពេល​នេះ អ្នក​ចាប់​ផ្ដើម​នឿយ​ហត់ និង​អស់​កម្លាំង​លឿន​ជាង​មុន ទម្ងន់​ក៏​ពិបាក​សម្រក ដូច្នេះ​ហើយ​ទើប​អ្នក​ចាប់​ផ្ដើម​មើល​ថែ​សុខភាព​ខ្លួន​ឯង​កាន់​តែ​ច្រើន​។

៣. អ្នក​ចាប់​ផ្ដើម​មិន​ខ្វល់ពី​មនុស្ស​ដែល​គ្មាន​ន័យ​​ទាល់​តែ​សោះ​សម្រាប់​ជីវិត​អ្នក

ពាក្យ​ថា “មិន Care” និយាយ​ងាយ ប៉ុន្តែ​បើ​​ធ្វើ​បាន​ពិបាក។ កាល​ពី​មុន​អ្នក​អាច​នឹង​និយាយ​ថា មិន​ខ្វល់​ពី​អ្នក​និយាយ​ដើម អ្នក​ដែល​ស្អប់​អ្នក ឬ​សូម្បី​តែ​អ្នក​និយាយ​មួល​បង្កាច់​អ្នក ប៉ុន្តែ​ការពិត​ ភាគ​ច្រើន​អ្នក​​ប្រាកដ​ជា​ទ្រាំ​មិន​​ស្ត្រេស​មិន​បាន និង​យក​ពាក្យ​សម្ដី​ទាំង​នោះ​ទៅ​គិត​ហើយ​យំ​ម្នាក់​ឯង​ជា​ញឹកញាប់។ ប៉ុន្តែ​ពេល​ឈាន​ដល់​អាយុ ២៥ឆ្នាំ​ អ្នក​នឹង​មាន​អារម្មណ៍​លែង​ខ្វល់ខ្វាយ​ពី​មនុស្ស​ដែល​គ្មាន​​ន័យ​សម្រាប់​ជីវិត​អ្នក​បាន​ពិត​ប្រាកដ។ បើ​មនុស្ស​ម្នាក់​នោះ​គ្មាន​ន័យ​អ្វី​សោះ​សម្រាប់​អ្នក​ អ្នក​នឹង​មាន​អារម្មណ៍​ថា​ពាក្យ​និន្ទា​អាក្រក់​ៗ​នានា​​របស់​គេ គឺ​គ្មាន​ប្រយោជន៍​អ្វី​ឲ្យ​អ្នក​យក​មក​ទុក​ក្នុង​ខួរ​ក្បាល​នោះ​ទេ។

៤. អ្នក​កាន់​តែ​ប្រយ័ត្ន​ក្នុង​ការ​រាប់​អាន​មិត្ត

បទពិសោធន៍​ជា​ច្រើន​ ដែល​អ្នក​បាន​ឆ្លង​កាត់​ក្នុង​ជីវិត​អាច​នឹង​ប្រាប់​អ្នក​ថា​ការ​មាន​មិត្ត​តិច ប៉ុន្តែ​មាន​គុណភាព គឺ​ល្អ​ជាង​ការ​មាន​មិត្ត​ច្រើន​ ប៉ុន្តែ​រក​​មិត្ត​ល្អ​ណា​ម្នាក់​មិន​បាន តែ​ថែម​ទាំង​នាំ​រឿង​ក្ដៅ​ក្រហាយ​​មក​ឲ្យ​អ្នក​ទៀត។ ដូច្នេះ​ហើយ​ទើប​អ្នក​កាន់​តែ​ប្រុងប្រយ័ត្ន​ក្នុង​ការ​រាប់​អាន​មិត្ត​។ អ្នក​អាច​​នឹង​សម្រេច​ចិត្ត​កាត់​នរណា​ម្នាក់​ចេញ​ពី​ជីវិត ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ​អ្នក​ក៏​អាច​ត្រូវ​បាន​នរណា​ម្នាក់​កាត់​ចេញ​ពី​ជីវិត​របស់​គេ​ដូច​គ្នា។ នេះ​ជា​រឿង​ធម្មតា។

៥. អ្នក​ងាក​មក​យក​ចិត្ត​ទុកដាក់​នឹង​គ្រួសារ​កាន់​តែ​ច្រើន

ពី​មុន​ធ្លាប់​តែ​ផ្ដោត​សំខាន់​លើ​រឿង​រៀន រឿង​មិត្តភ័ក្ដិ និង​ភាព​សប្បាយរីករាយ​តាម​វ័យ នៅ​ពេល​នេះ​អ្នក​អាច​នឹង​ចាប់​ផ្ដើម​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ពី​សមាជិក​ក្នុង​គ្រួសារ​កាន់​តែ​ច្រើន ជា​ពិសេស ជាមួយ​ឪពុក​ម្ដាយ អ្នក​នឹង​សង្កេត​ឃើញ​ថា “ពុក​ម៉ែ​ចាស់​អស់​ហើយ” ហើយ​អ្នក​នឹង​​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជាមួយ​គ្រួសារ។

៦. អ្នក​នឹង​លែង​មាន​អារម្មណ៍​រវើរវាយ​ចង់​​មាន​ស្នេហា​​ដូច​ពី​មុន

ពិត​ប្រាកដ​ណាស់​ថា​វា​អាច​មាន​អារម្មណ៍​ឯកោ​ខ្លះ ប៉ុន្តែ​អ្នក​មាន​សតិ​​​​ក្នុង​ការ​បន្ត​ដំណើរ​ជីវិត​​កាន់​តែ​ច្រើន និង​មិន​ប្រើ​អារម្មណ៍​ច្រើន​ជាង​ហេតុផល​ដូច​ដែល​កាល​​នៅ​ក្មេង​ជាង​នេះ។ ប្រសិន​បើ​មើល​ឃើញ​ថា​ការ​មាន​គូ​ស្នេហ៍​ធ្វើ​​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ដុនដាប អ្នក​នឹង​សុខ​ចិត្ត​អត់ធ្មត់ រង់​ចាំ​មនុស្ស​ដែល​ល្អ​ជាង​នេះ​ប្រសើរ​ជាង។

៧. អ្នក​នឹង​មាន​អារម្មណ៍​មិន​ចង់​ចំណាយ​ពេល​វេលា​ជាមួយ​រឿង​ឥត​ប្រយោជន៍

អាច​ដោយ​សារ​អ្នក​មាន​អារម្មណ៍​ថា​ខ្លួន​កាន់​តែ​ធំ ដូច្នេះ​ក៏​យល់​ថា​ពេល​វេលា​មួយ​នាទី​ៗ​មាន​​តម្លៃ​ណាស់ ហើយ​ក៏​មិន​សូវ​ចំណាយ​ពេល​ឈ្លោះ​គ្នា​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ដោយ​សារ​រឿង​ឥតប្រយោជន៍​ដូច​មុន ឬ​អ្នក​មិន​ចង់​ចំណាយ​ពេល​​យក​ចិត្ត​ទុក​ដាក់​នឹង​រឿង​ដែល​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត ឬ​រឿង​រ៉ាវ​ផ្សេង​ៗ​ដែល​គ្មាន​អ្វី​ពាក់ព័ន្ធ​ដល់​ខ្លួន​អ្នក​សោះ​ឡើយ ដូច​ជា​ការ​និយាយ​ដើម​អេចអូច​ឥត​ប្រយោជន៍​ជា​ដើម។

យ៉ាង​ណា​ដែរ ក្នុង​ចំណោម​៧​ចំណុច​ខាង​លើ​នេះ តើ​មាន​ចំណុច​ណា​ខ្លះ​ដែល​កើត​ឡើង​រួច​ហើយ​លើ​ខ្លួន​អ្នក​?

Leave a Reply

Your email address will not be published. Required fields are marked *