ទោះបីជាធ្វើ​ការ​មួយ​ជាតិ​ទៀត ក៏​មិន​មាន​ដែរ បើ​​នៅ​​ធ្វើ​បែប ៦​យ៉ាង​នេះ

ជីវិត

មនុស្ស​ខំ​ប្រឹង​ធ្វើ​ការ​ភាគ​ច្រើន​គឺ​សុទ្ធ​តែ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​អ្នក​ខ្លះ​ក៏​មិន​បាន​ដឹង​ដែរ​ថា​ទង្វើ​មួយ​ចំនួន​ដែល​ពួក​គេ​ធ្វើ​រាល់​ថ្ងៃ​អាច​រារាំង​មិន​ឲ្យ​ពួក​គេ​​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ទោះ​ត្រូវ​ប្រើ​ពេល​ធ្វើ​ការ​មួយ​ជីវិត​ក៏​ដោយ។ ជាក់​ស្ដែង បើ​អ្នក​មិន​បញ្ឈប់​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម​នេះ​ទេ ទោះ​ធ្វើ​ការ​មួយ​ជាតិ​ទៀត​ក៏​មិន​អាច​​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ៖

១. ខំ​ធ្វើ​ការ តែ​មិន​ប្រើ​ភាព​វៃ​ឆ្លាត

ប្រិយមិត្ត​​ជា​ច្រើន​ប្រាកដ​ជា​បាន​ដឹង​​ហើយ​ថា​ការ​​​​ខំ​ធ្វើ​ការ​តែ​មួយ​មុខ មិន​អាច​ធានា​ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ​ ឬ​មាន​មាស​ប្រាក់​ច្រើន​​នោះ​ឡើយ ប៉ុន្តែ​ការ​ធ្វើ​ការ​ដោយ​ប្រើ​ភាព​វៃ​ឆ្លាត​ទៅ​វិញ​ទេ​ទើប​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ទាំង​អស់​នេះ​មក។ ការ​ខិត​ខំ​ធ្វើ​ការ​អាច​ឲ្យ​យើង​រក​បាន​ចំណូល​មួយ​ចំនួន​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​ពេលវេលា​កន្លង​ផុត​ លុយ​មួយ​ចំនួន​នោះ​ក៏​វា​មិន​អាច​រីក​ចម្រើន​ទៅ​ណា។ ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​​អភិវឌ្ឍ​សមត្ថភាព​​ខ្លួន​ឯង​ជានិច្ច និង​​​មាន​ផែនការ​​នាំ​ប្រាក់​ដែល​រក​បាន​នោះ​ទៅ​បណ្ដាក់​ទុន​ផ្សេង​ៗ​ដែល​យើង​គិត​ថា​អាច​រីក​ចម្រើន។

២. ចាយ​លុយ​ហួស​មាឌ និង​លើស​ពី​អ្វី​ដែល​ចាំបាច់

ការ​ចាយ​វាយ​សម្ញែង​ទ្រព្យ​មិន​មែន​ជា​គោលការណ៍​របស់​មហាសេដ្ឋី​​នោះ​ទេ។​ បើ​ដឹង​ថា​ខ្លួន​មាន​ចំណូល​តិច អ្នក​គួរ​ចែក​ឲ្យ​ដាច់​នូវ​អ្វី​ដែល​ចាំ​បាច់ និង​អ្វី​ដែល​មិន​ចាំ​បាច់ ហើយ​​ព្យាយាម​ចំណាយ​តែ​លើ​អ្វី​ដែល​ចាំបាច់​បាន​ហើយ។

៣. ​ចាំ​តែ​ប្រាក់​ខែ

មនុស្ស​ភាគ​ច្រើន​​ធ្វើ​ការ​រង់​ចាំ​តែ​ថ្ងៃ​បើក​ប្រាក់​ខែ ខណៈ​ដែល​អ្នក​មាន​ភាគ​ច្រើន​ខិត​ខំ​ធ្វើ​ការ​ឲ្យ​បាន​​ប្រាក់​ច្រើន​លឿន​បំផុត ដោយ​ការ​បង្កើត​​ជំនួញ ឬ​រក​ចំណូល​ផ្សេង​បន្ថែម​ពី​លើ​ការងារ​ពេញ​ម៉ោង។

៤. មិន​កំណត់​គោលដៅ​ថា​ចង់​មាន​ប្រាក់​សន្សំ​ប៉ុណ្ណា

អ្នក​​មិន​ធ្លាប់​កំណត់​គោលដៅ​ថា​ខ្លួន​ចង់​បាន​អ្វី ហើយ​ត្រូវ​​មាន​ប្រាក់​សន្សំ​ប៉ុន្មាន​ៗ​ទើប​អាច​បាន​របស់​នោះ​មក ដូច​ជា​ទិញ​ផ្ទះ ទៅ​រស់​នៅ​ក្រៅ​ប្រទេស ឬ​ដើរ​លេង​ឆ្ងាយៗ ដោយ​រវល់​តែ​មើល​ស្រាល​ខ្លួន​ឯង ខណៈ​ពួក​មហាសេដ្ឋី តែង​តែ​មាន​គោលដៅ ហើយ​នឹង​ផ្ដោត​លើ​គោលដៅ​របស់​ពួក​គេ​រហូត​ទាល់​តែ​បាន​សម្រេច។

៥. ចាយ​សិន សល់​ប៉ុន្មាន​សឹម​សន្សំ

បើ​ចង់​ក្លាយ​ជា​អ្នក​មាន ត្រូវ​ដក​លុយ​សន្សំ​សិន សល់​ប៉ុន្មាន​សឹម​ចាយ។ គួរ​បង្កើត​ទម្លាប់​បែង​ចែក​លុយ​សម្រាប់​ចាយ​ពេល​អាសន្ន ឬ​សន្សំ​ទុក ឲ្យ​ហើយ​នៅ​គ្រប់​ពេល​ដែល​បាន​លុយ​មក។

៦. ជឿ​ថា​ខ្លួន​ឯង គ្មាន​ថ្ងៃ​ក្លាយ​ជា​អ្នក​មាន

សៀវភៅ The Secret ដែល​ជា​សៀវភៅ​ល្បី​លំដាប់​ពិភពលោក បាន​បង្រៀន​ថា បើ​ចង់​បាន​អ្វី​ ត្រូវ​​មាន​ភាព​មោះមុត ជឿជាក់ និង​ខិតខំ​ធ្វើ​យ៉ាង​អស់​ពី​សមត្ថភាព ប៉ុន្តែ​បើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​ជ្រើសរើស​អ្វី​​ពិសេស​មួយ​​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន និង​ជឿ​ជាក់​ឲ្យ​អស់​ពី​ចិត្ត​ថា​អ្នក​ត្រូវ​តែ​មាន!! ប៉ុន្តែ​បើ​មិន​ជឿជាក់​ខ្លួន​ឯង សូម្បី​១%​ក៏​ដោយ​ក៏​ល្មម​អាច​ឲ្យ​អ្នក​ក្រ​បាន​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *