សីលធម៌​​​​បុគ្គលិក​ការិយាល័យ​ ៦​ ចំណុច ​ដែល​អ្នក​ត្រូវ​ដឹង​

ចែករំលែក

ធ្វើ​ការ​ជា​មួយ​មនុស្ស​ច្រើន មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដូច​អ្នក​ធ្វើ​ការ​​នៅ​ផ្ទះ​ម្នាក់​ឯង​នោះ​ទេ​។​ ជម្លោះ ការ​ខ្វែង​​គំនិត សង្គ្រាម​ត្រជាក់ បរាជ័យ ​​អាច​កើត​ឡើង​គ្រប់​​​ពេល​ប្រសិន​អ្នក​មិន​​ចេះ​បត់​បែន​​ សម្រប​ខ្លួន ឬ​​រៀនសូត្រ​​ពី​វិន័យ​ចាំបាច់​​របស់​បរិយាកាស​​កន្លែង​ធ្វើការ​​នីមួយៗ​​។ តួយ៉ាង ខាង​ក្រោម​នេះ​ជា​សីលធម៌​ ៦​ ចំណុច សម្រាប់​បុគ្គលិក​ការិយាល័យ ដែល​អ្នក​ដាច់​ខាត​ត្រូវ​តែ​ដឹង​៖​

១. កុំ​ចូលរួម​ក្នុង​ការ​និយាយ​ដើម​គេ​

គេច​​មិន​ផុត កន្លែង​ធ្វើ​ការ​ណា​ក៏​ដូច​គ្នា តែងតែ​មាន​បណ្ដុំ​បុគ្គលិក​ស្និទ្ធស្នាល​ជា​ក្រុមៗ ចូលចិត្ត​និយាយ​​ដើម​​គេ​ នៅ​ពេល​ជួបជុំ​។ ការ​ចែក​រំលែក​រឿង​ចចាមអារ៉ាម ឬ​និយាយ​អាក្រក់​ពី​អ្នក​ដទៃ​ក្រោយ​ខ្នង​​ គឺ​ជា​ទង្វើ​​ខុស​ឆ្គង ព្រម​ទាំង​ប៉ះពាល់​ដល់​វិជ្ជាជីវៈ​ការងារ​ ដូច្នេះ​អ្នក​គួរ​ចៀស​ឲ្យ​ឆ្ងាយ​។​

២. ប្រគល់​បញ្ហា​ទៅ​​បុគ្គល​ដែល​ពាក់ព័ន្ធ​

អ្នក​នឹង​មិន​ចេះ​តែ​ជួប​មនុស្ស​ដែល​មាន​គំនិត​ដូច​គ្នា​រហូត​​នោះ​ទេ​។ ពេល​ខ្លះ របៀប​ធ្វើ​ការ ឬ​​អត្តចរិត​អ្នក អាច​ប៉ះ​ទង្គិច​ជា​មួយ​អ្នក​ផ្សេង​ទៀត​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចង​ចិត្ត​គុំគួន ជា​ដាច់​ខាត ត្រូវ​រក្សា​ភាព​ថ្លៃថ្នូរ​ក្នុង​វិជ្ជាជីវៈ​ការងារ។ ​ព្យាយាម​ដោះស្រាយ​ដោយ​សន្តិវិធី ឬ​​ប្រាប់​ទៅ​ថ្នាក់​លើ​ប្រសិន​បើ​រឿង​នោះ​​ហួស​ពី​សមត្ថភាព​របស់​​អ្នក​​​។​

៣. ស្ម័គ្រ​ចិត្ត​ជួយ​គេ តាម​តែ​អាច​ទៅ​រួច​

ការ​ធ្វើ​ការ​ជា​ក្រុម ទាមទារ​ឲ្យ​មាន​ការ​សហការ​ និង​យក​​អសារ​គ្នា​ខ្លាំង​​ ដើម្បី​សម្រេច​ជោគជ័យ​​រួម​។ ប្រសិន​អ្នក​ឃើញ​មិត្ត​រួម​ការងារ​​កំពុង​លើក​​របស់​ធ្ងន់ៗ ច្រើន រយីងរយោង​ ឆាប់​ទៅ​ជួយ​គេ​ទៅ​។ ទម្លាប់​ខ្លួន​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​បែប​នេះ ទោះ​ទៅ​ធ្វើ​ការ​នៅ​ទី​ណា​ក៏​មិន​ខ្វះ​អ្នក​ចូល​ចិត្ត​ដែរ​។​

៤. យក​ចិត្ត​ទុក​ដាក់​​​គ្រប់​ពេល​

នៅ​ពេល​​អ្នក​កំពុង​រវល់ ហើយ​ស្រាប់​តែ​​មាន​អ្នក​ណា​ម្នាក់​មក​និយាយ​​ជាមួយ​ អ្នក​អាច​បែក​អារម្មណ៍ ដោយ​គ្រាន់​តែ​ស្ដាប់​ ឬ​យល់ព្រម​តាម​បែប​ឥត​ខ្វល់​។ វា​ពិត​ជា​ខុស អ្នក​គួរ​ឲ្យ​តម្លៃ និង​យក​ចិត្ត​ទុក​ដាក់​រាល់​​សម្ដី ឬ​កិច្ច​​សន្ទនា​ជាមួយ​មនុស្ស​ជុំវិញ​។ បើ​អាច​អ្នក​គួរ​សុំ​ឲ្យ​គាត់​​មក​និយាយ​​ម្ដង​ទៀត​​ក្រោយ​ពេល​​អ្នក​រួច​ដៃ​។​

៥. ជួយ​លើក​ទឹក​ចិត្ត​​គ្នា​

នៅ​ពេល​អ្នក​ឃើញ​មិត្ត​រួម​ការងារ​​​កំពុង​កើត​ទុក្ខ អារម្មណ៍​មិន​ល្អ ឬ​ព្រួយ​បារម្ភ​ជាមួយ​​រឿង​អ្វី​មួយ អ្នក​គួរ​ជួយ​និយាយ​លួងលោម ឬ​​​នៅ​ក្បែរ ផ្ដល់​កម្លាំង​ចិត្ត​ពេល​គេ​ត្រូវការ​។ ធ្វើ​ការ​ជា​ក្រុម​ប្រាកដ​ជា​រីករាយ ប្រសិន​ម្នាក់ៗ​មាន​ភាព​ស្និទ្ធស្នាល និង​ស្រឡាញ់​គ្នា​បែប​នេះ​។​

៦. តែងតែ​និយាយ​ជាមួយ​បុគ្គលិក​ថ្មី​

​កុំ​ភ្លេច ត្រូវ​ឧស្សាហ៍​​សួរ​នាំ ជជែក​លេង​ ជាមួយ​បុគ្គលិក​ថ្មីៗ ឲ្យ​បាន​ច្រើន នៅ​​​អាទិត្យ​​​ដំបូង​របស់​ពួកគេ​។ ទង្វើ​​នេះ​ជួយ​ឲ្យ​ពួកគេ សប្បាយ​ចិត្ត​ រីករាយ មិន​ឯកា​ កណ្ដោចកណ្ដែង​ ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​​ឆាប់​ស្គាល់​​ពួកគេ​​រឹត​តែ​ច្បាស់​​៕

Leave a Reply

Your email address will not be published. Required fields are marked *