ស្នេហា​អ្នក​ជិត​រលាយ​ហើយ (បែកបាក់) បើសិន​មាន​សញ្ញា​ទាំង ៧​នេះ

ស្នេហា

ក្រោយ​ចំណាយ​ពេល​ជាមួយ​គ្នា​យូរ​ទៅ អ្វីៗ​ចាប់ផ្ដើម​ប្រែប្រួល​មិន​ដូច​​មុន ម្នាក់ៗ​ចាប់ផ្ដើម​មាន​វិបត្តិ​ផ្លូវ​ចិត្ត​រៀង​ខ្លួន រស់នៅ​មួយ​ថ្ងៃ​ ដើម្បី​មួយ​ថ្ងៃ មិន​ដឹង​ថា​ស្នេហា​មួយ​នេះ​មាន​សង្ឃឹម​អាច​បន្ត​ទៅ​មុន​បាន​ទៀត​ឬ​អត់​។ ប្រសិន​អ្នក​កំពុង​វិលវល់​ចំពោះ​រឿង​មួយ​នេះ សូម​សង្កេត​សញ្ញា​ទាំង​៧​ខាង​ក្រោម ព្រោះ​វា​អាច​ឲ្យ​អ្នក​ប្រាកដ​ថា​ស្នេហា​អ្នក​ជិត​ដើរ​ដល់​ផ្លូវ​បំបែក​ហើយ​៖​

១. ហេតុផល​នៃ​ការ​បែក​គ្នា នៅ​ពេញ​ខួរក្បាល​អ្នក​

ឈ្លោះ​គ្នា​ច្រើន​ពេក ហត់នឿយ​និង​គ្នា​ខ្លាំង​ពេក ក្នុង​ខួរក្បាល​របស់​អ្នក​​​នឹក​មិន​ឃើញ​រឿង​អ្វី​ផ្សេង ក្រៅ​ពី​​ការ​បែក​គ្នា​​ឡើយ​​​​។​ មិន​មែន​​អ្នក​​មាន​ញាណ​ពិសេស អាច​ដឹង​​​អំពី​រឿង​អនាគត ថា​នឹង​កើតឡើង​ជា​មុន​នោះ​ទេ ប៉ុន្តែ​​បើ​មាន​ហេតុភេទ​ជា​សញ្ញា​ច្រើន​យ៉ាង​ហ្នឹង រឿង​អី​ដែល​ថា​ទាយ​មិន​ត្រូវ​នោះ​។ ​

២. អ្នក​លែង​ចំណាយ​​ពេល​នៅ​ជាមួយ​គ្នា​​ច្រើន​ដូច​ពី​មុន​

តើ​ដៃ​គូ​របស់​អ្នក​កំពុង​ចំណាយ​ពេល​លើ​បណ្ដាញ​សង្គម​ច្រើន​ជាង​អ្នក​មែន​ទេ​។ តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា ការ​បែក​បាក់ លែង​លះ ​ផិត​ក្បត់ មាន​​ទំនាក់ទំនង​ជា​មួយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ខ្លាំង​។ អ្នក​ត្រូវ​តែ​ព្រួយ​បារម្ភ​ នៅ​ពេល​គាត់​ព្យាយាម​ដក​ខ្លួន មិន​សូវ​ចង់​នៅ​ក្បែរ​អ្នក​​ច្រើន​ដូច​មុន​។​

៣. ការ​សន្ទនា​គ្នា​គួរ​ឲ្យ​ធុញ​

ប្រសិន​កិច្ច​សន្ទនា​របស់​អ្នក​ទាំង​ពីរ​ទាក់ទង​តែ​អំពី​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ គ្មាន​លាយ​បញ្ចូល​មនោសញ្ចេតនា​ស្នេហា​​ប្រុស​ស្រី ក្ដី​ស្រមៃ​នៅ​ថ្ងៃ​អនាគត សំណើច ឬ​ការ​​ជំរុញ​​ទឹក​ចិត្ត​គ្នា​​​ទៀត​ទេ មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​គ្រាន់​តែ​បំពេញ​តួនាទី​ប៉ុណ្ណោះ លែង​មាន​អារម្មណ៍​ស្រឡាញ់​សម្រាប់​គ្នា​ហើយ​។​​

៤. អ្នក​មាន​សម្ពាធ​ផ្លូវ​ចិត្ត​​

ប្រសិន​​ភាគច្រើន​នៃ​ពេល​វេលា​ដែល​រស់នៅ​ក្បែរ​គ្នា អ្នក​តែងតែ​ធុញថប់ ភ័យ​ខ្លាច មួម៉ៅ ព្រួយ​បារម្ភ​ ខឹង ឈឺចាប់ ក្រៀមក្រំ មាន​ន័យ​ថា​ទំនាក់ទំនង​មួយ​នេះ​កំពុង​បំផ្លាញ​សុខភាព​ផ្លូវ​ចិត្ត​អ្នក​យ៉ាង​ខ្លាំង​​។ អ្នក​គួរ​បង្ហាញ​អារម្មណ៍​ពិត​ប្រាប់​គាត់ ហើយ​ប្រសិន​គាត់​នៅ​តែ​មិន​អើពើ​ទៀត អ្នក​ក៏​ត្រូវ​បណ្ដោយ​តាម​ព្រហ្មលិខិត​ចុះ។ រស់នៅ​បៀម​ទុក្ខសោក​រាល់​ថ្ងៃ​បែប​នេះ មិន​ដឹង​ថា​ត្រូវ​បន្ត​ទៀត​ដើម្បី​អ្វី​។​

៥. ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​​ប្រែប្រួល​ខ្លាំង​

គាត់​ប្រហែល​កំពុង​តែ​ទាក់ទង​ជាមួយ​អ្នក​ថ្មី ប្រសិន​អ្នក​សង្កេត​ឃើញ​ភាព​ប្រែប្រួល​ដូចជា៖ ចេញ​ពី​ធ្វើការ​យប់​ជាង​មុន រឿង​លើ​គ្រែ​ធ្លាក់​ចុះ​ខ្លាំង ចាយ​លុយ​ច្រើន​លើ​រឿង​ចម្លែកៗ ឧស្សាហ៍​ចុះ​ខេត្ត ធ្វើ​ខ្លួន​ស្អាតៗ ជា​ដើម​។

៦. អ្នក​លែង​ជឿជាក់​គាត់​​ដូច​មុន​

នៅ​ពេល​អ្នក​សួរ​គាត់​ថា តើ​គាត់​ទៅ​ណា ជាមួយ​អ្នក​ណា ចម្លើយ​របស់​គាត់​ធ្វើ​ឲ្យ​អ្នក​ស្រពិចស្រពិល មិន​ច្បាស់​ថា​​គាត់​កំពុង​ប្រាប់​ការ​ពិត​ឬ​អត់​។ មិន​ដឹង​ថា​ខ្លួន​ឯង​ប្រែប្រួល​ជា​មនុស្ស​ពូកែ​សង្ស័យ ឬ​ក៏​គាត់​ប្រែប្រួល​ជា​មនុស្ស​ពូកែ​កុហក​។ ទោះ​ជា​យ៉ាង​ណា អ្នក​ត្រូវ​ប្រមូល​ភស្តុតាង​ជា​មុន​សិន មុន​​នឹង​សួរនាំ​គាត់​ជា​លក្ខណៈ​ផ្លូវការ​។​

៧. អ្នក​ស្រមៃ​អំពី​រឿង​អនាគត​ជាមួយ​គាត់​លែង​ឃើញ​

អារម្មណ៍​​ភ័យ​ខ្លាច ព្រួយ​បារម្ភ ថា​អ្នក​ទាំង​ពីរ​មិន​អាច​ដើរ​ជាមួយ​គ្នា​ត​ទៅ​ទៀត​ តែងតែ​នៅ​វិលវល់​ក្នុង​ខួរក្បាល​របស់​អ្នក​។ អ្នក​ថែម​ទាំង​ស្រមៃ​មិន​ចេញ​​ទៀត​ថា រយៈ​ពេល​១​ឆ្នាំ ២​ឆ្នាំ ឬ​១០​ឆ្នាំ​ក្រោយ តើ​អនាគត​អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​យ៉ាង​ណា​ ប្រសិន​ទំនាក់ទំនង​មួយ​នេះ​នៅ​តែ​ដុនដាប​បែប​នេះ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *