ឃើញ​ប្រពន្ធ​​​​​ចាស់​​ខ្លាំង​ពេក​ក៏​សុំ​លែង តែ​មិន​ដល់​មួយ​ថ្ងៃ​ផង​ស្រាប់តែ​ទឹក​ភ្នែក​រហាម

ស្នេហា

គេ​ចាប់​ផ្ដើម​ពី​ការ​ធ្វើ​ការ​ជា​ជាង​សំណង់​តូច​តាច ហើយ​យូរ​ៗ​ទៅ​ក៏​ឡើង​តំណែង​ជា​មេ​ជាង​សំណង់។ មិន​យូរ​ប៉ុន្មាន​គេ​ក៏​បាន​​បង្កើត​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សំណង់​​ដោយ​ខ្លួន​ឯង ដែល​នៅ​ខណៈ​នេះ​ក្រុមហ៊ុន​សំណង់​របស់​គេ​គឺ​ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​គួរ​សម ហើយ​នេះ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​កើត​មាន​ភាព​ត្រេកត្រអាល​ក្នុង​ចិត្ត​របស់​គេ។

ភរិយា​អតីត​ជាង​សំណង់​ក្រីក្រ​ម្នាក់​នេះ តែង​ចាំ​​មើល​ថែ​ប្ដី​រហូត​មក​រយៈ​ពេល​ច្រើន​ឆ្នាំ​នេះ។ ពី​មនុស្ស​ស្រី​ដែល​មាន​រាង​ស្វ៊ែល​ស្អាត​ក៏​ចាប់​ផ្ដើម​ក្លាយ​ជា​ធាត់ ស្បែក​ដែល​ធ្លាប់​តែ​តឹង​រលោង​ក៏​ប្រែ​ជា​ជ្រីវជ្រួញ​ទៅ​ៗ​រៀង​រាល់​ថ្ងៃ។ ស្បែក​​ក្រិន​គគ្រាត​របស់​នាង​បាន​ធ្វើ​ឲ្យ​​គេ​មាន​អារម្មណ៍​មិន​ល្អ​​នៅ​ពេល​ប្រៀបធៀប​ជាមួយ​ប្រពន្ធ​អ្នក​ដទៃ។ លក្ខណៈ​រូបរាង​របស់​ប្រពន្ធ ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ធុញ​ទ្រាន់ ហើយ​នៅ​ពេល​​ឃើញ​ប្រពន្ធ គេ​ក៏​គិត​​ឃើញ​​តែ​រឿង​ពិបាក​ៗ​ចិត្ត​កាល​ពី​មុន។ គេ​គិត​ថា​ជីវិត​គូ​របស់​គេ​ទាំង​ពីរ​ប្រហែល​ជា​ល្មម​​ត្រូវ​បញ្ចប់​​ហើយ។

គេ​បាន​រៀប​ចំ​លុយ​ក្នុង​​កុង​​ឲ្យ​ប្រពន្ធ ៣០ម៉ឺន​ដុល្លារ ដែល​គ្រប់គ្រាន់​​ឲ្យ​នាង​កសាង​ជីវិត​ថ្មី​បាន​​នៅ​ក្នុង​ក្រុង។ គេ​មិន​មែន​ជា​មនុស្ស​ប្រុស​គ្មាន​ទំនួល​ខុស​ត្រូវ​នោះ​ទេ ដូច្នេះ​ហើយ​គេ​បាន​រៀប​ចំ​ផែនការ​អនាគត​ទុក​ឲ្យ​ប្រពន្ធ។ បើ​គេ​មិន​​ធ្វើ​ដូច្នេះ គេ​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ខុស​ឆ្គង​មិន​ខាន ព្រោះ​មិន​ចង់​ឲ្យ​ប្រពន្ធ​លំបាក។

នៅ​ទី​បំផុត​គេ​ក៏​​សុំ​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ

នាង​ទទួល​យក​សំណើរ​របស់​ប្ដី​ដោយ​ស្ងប់ស្ងៀម មិន​តវ៉ា​អ្វី​ទាំង​អស់។ ​ដល់​ថ្ងៃ​​​​ដែល​នាង​ត្រូវ​​រើ​ចេញ​ទៅ​នៅ​ផ្ទះ​ដែល​គេ​ទិញ​ទុក​ឲ្យ​ ​​ពេល​រសៀល​​គេ​គិត​ថា​​នឹង​ត្រលប់​មក​ជួយ​រើ​អីវ៉ាន់​ប្រពន្ធ ហើយ​នោះ​ក៏​ជា​ការ​បិទ​ឆាក​ស្នេហា​ជាង ២០​ឆ្នាំ​រវាង​អ្នក​ទាំង​ពីរ​ដោយ​ស្ងៀមស្ងាត់​ដែរ។

រយៈ​ពេល​ធ្វើ​ការ​ពេញ​មួយ​ព្រឹក ដោយ​សារ​អារម្មណ៍​ចេះ​តែ​រសាប់រសល់ ដល់​ពេល​រសៀល​ក៏​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ ហើយ​ក៏​ដឹង​ថា​ប្រពន្ធ​បាន​ចេញ​ពី​ផ្ទះ​​បាត់​ទៅ​ហើយ។ នាង​បាន​ទុក​កូន​សោរ​ផ្ទះ​​ដែល​គេ​ទិញ​ឲ្យ​ ជាមួយ​សៀវភៅ​ធនាគារ​​​មាន​ប្រាក់ ៣០ម៉ឺន​ដុល្លារ​ដែល​គេ​​ផ្ញើ​ទុក​ឲ្យ​នាង ព្រមទាំង​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ថា…

ខ្ញុំ​ទៅ​ហើយ​ណា ខ្ញុំ​នឹង​ត្រលប់​ទៅ​នៅ​ផ្ទះ​ម្ដាយ​ខ្ញុំ

កម្រាល​ពូក ភួយ​បោក​រួច​ និង​ហាល​ស្ងួត​អស់​ហើយ ខ្ញុំ​បត់​ទុក​នៅ​ខាង​ស្ដាំ​ទូ​ខោ​អាវ។ អាកាស​ធាតុ​ត្រជាក់ កុំ​ភ្លេច​យក​វា​មក​ប្រើ។ អាវ​ឈុត​​ទាំង​អស់​ទុក​នៅ​ក្នុង​ទូ​ខោ​អាវ ស្រោម​ជើង ខ្សែ​ក្រវ៉ាត់ គឺ​ទុក​នៅ​​ផ្នែក​ខាង​ក្រោម​ទូ។ ពេល​ខ្ញុំ​ចេញ​ទៅ កុំ​ភ្លេច​ញ៉ាំ​ថ្នាំ ក្រពះ​បង​មិន​សូវ​ល្អ ខ្ញុំ​បាន​ផ្ញើ​មិត្តភ័ក្ដិ​ឲ្យ​ទិញ​ថ្នាំ​ទុក​ឲ្យ​បង​ហើយ គួរ​តែ​ល្មម​អាច​ទុក​ញ៉ាំ​បាន​កន្លះ​ឆ្នាំ។

នៅ​មាន​រឿង​មួយ​ទៀត បង​ឧស្សាហ៍​ភ្លេច​​កូន​សោរ​ផ្ទះ​ញឹកញាប់ ចឹង​ហើយ​ខ្ញុំ​បាន​ផ្ញើ​កូន​សោរ​សាគួរ​នៅ​កន្លែង​សន្តិសុខ​យាម បើសិន​ភ្លេច​អី​អាច​ទៅ​យក​នៅ​ទី​នោះ​បាន។

នៅ​ពេល​ព្រឹក​មុន​ចេញ​ទៅ​ធ្វើ​ការ កុំ​ភ្លេច​បិទ​បង្អួច ព្រោះ​បើ​មាន​ភ្លៀង វា​នឹង​សាច​ចូល​ផ្ទះ​ធ្វើ​​ឲ្យ​កម្រាល​ឥដ្ឋ​ក្នុង​ផ្ទះ​សើម និង​ខូច​បាន។

ខ្ញុំ​បាន​ធ្វើ​គាវ​ដែល​បង​ចូល​ចិត្ត​ទុក​នៅ​ក្នុង​ផ្ទះ​បាយ ពេល​មក​វិញ​អាច​ស្ងោរ​ហូប​ខ្លួន​ឯង​បាន។”

អក្សរ​របស់​នាង​ក្នុង​សំបុត្រ​មើល​ទៅ​អាក្រក់​បន្តិច ប៉ុន្តែ​គ្រប់​តួ​អក្សរ​គឺ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​ដ៏​ជ្រាលជ្រៅ ធ្វើ​ឲ្យ​បុរស​ជា​ប្ដី​មាន​អារម្មណ៍​ថា​ឈឺ​ពេញ​ដើម​ទ្រូង។

គេ​អង្គុយ​សម្លឹង​មើល​គាវ​ដែល​នាង​ខ្ចប់​ទុក​ឲ្យ ធ្វើ​ឲ្យ​គេ​នឹក​ដល់​​កាល​ពី ២០​ឆ្នាំ​មុននៅ​ពេល​ដែល​គេ​នៅ​ជា​ជាង​សំណង់​ក្រីក្រ​ម្នាក់ នឹក​ដល់​សំឡេង​ចិញ្ច្រាំ​បន្លែ​សម្រាប់​ខ្ចប់​គាវ​ឲ្យ​គេ ធ្វើ​ឲ្យ​គេ​មាន​ក្ដី​សុខ និង​សន្យា​ជាមួយ​ខ្លួន​ឯង​ថា  “ខ្ញុំ​នឹង​ធ្វើ​ឲ្យ​នារី​ម្នាក់​នេះ​មាន​ក្ដី​សុខ​បំផុត”

គេ​ប្រញាប់​ជិះឡាន​ចេញ​ទៅ​តាម​ប្រពន្ធ​ភ្លាម។ កន្លះ​ម៉ោង​ក្រោយ​មក គេ​ក៏​បាន​ជួប​ប្រពន្ធ​នៅ​ស្ថានីយ​រថភ្លើង។ រាង​កាយ​របស់​គេ​បែក​ញើស​ជោគ ហើយ​ក៏​និយាយ​ទាំង​អារម្មណ៍​ឆេវឆាវ​ថា៖

“ហើយ​ចង់​ទៅ​ណា ខ្ញុំ​ទើប​តែ​ចេញ​ពី​ធ្វើ​ការ ហត់​នឿយ​ពេញ​មួយ​ថ្ងៃ មក​ផ្ទះ​វិញ​មិន​ទាន់​បាន​​ហូប​បាយ នេះ​ឬ​តួ​នាទី​របស់​ប្រពន្ធ? ទៅ​ផ្ទះ​យើង​វិញ​ឥលូវ​នេះ!”

ប្រពន្ធ​របស់​គេ​រលីងរលោង​ទឹក​ភ្នែក ហើយ​ក៏​ងើប​ឡើង​ដើរ​តាម​ពី​ក្រោយ​ប្ដី​។ ស្នាម​ទឹក​ភ្នែក​របស់​នាង​ក៏​ប្រែ​ក្លាយ​ជា​ស្នាម​ញញឹម ប៉ុន្តែ​នាង​មិន​ដឹង​ឡើយ​ថា​បុរស​ដែល​ដើរ​នៅ​ខាង​មុខ ពេល​នោះ​យំ​ខ្លាំង​​ណាស់។

មនុស្ស​ប្រុស​ម្នាក់​នេះ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ នៅ​ពេល​​​ជិះ​ឡាន​មក​ស្ថានីយ​រថភ្លើង។ គេ​ខ្លាច​ថា​នឹង​រក​នាង​មិន​ឃើញ ខ្លាច​បាត់​បង់​នាង​ទៅ​អស់​មួយ​ជីវិត។ គេ​ជេរ និង​បន្ទោស​ខ្លួន​ឯង​ថា ហេតុ​អី​ល្ងង់​បែប​នេះ? ល្ងង់​ហួសហេតុ​ដែល​គិត​ថា​នឹង​បោះបង់​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​​ខ្លាំង មនុស្ស​ស្រី​ដែល​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គេ​អស់​ជាង ២០ឆ្នាំ ហើយ​​ក៏​ក្លាយ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​ដែល​មិន​អាច​ខ្វះ​បាន។

ក្ដី​សុខ​ពិត​ប្រាកដ មិនមែន​ជា​ចំនួន​លុយ​ក្នុង​កុងធនាគារ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​យល់​ចិត្ត ការ​សន្ដោស និង​ស្នាម​ញញឹម​របស់​មនុស្ស​ជាទី​ស្រឡាញ់។

កុំ​ភ្លេច​មនុស្ស​ដែល​លំបាក​មក​ជាមួយ​គ្នា បើ​គ្មាន​ថ្ងៃ​នោះ​ទេ ក៏​អាច​មិន​មាន​អ្នក​ក្នុង​ថ្ងៃ​នេះ​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *