វិធីសាស្រ្តទាំងនេះជួយព្យាបាលពេលត្រូវរលាកទឹកក្តៅឬរលាកភ្លើង!

សុខភាព

នៅពេលលោកអ្នក ជួបប្រទះនូវបញ្ហារលាកភ្លើងឬរលាកទឹកក្ដៅ អាចអនុវត្តន៍តាមវិធីសាស្រ្ត មួយចំនួនដូចខាងក្រោមនេះ ៖

១.​ប្រញាប់យកវត្ថុដើមហេតុ ចេញពីរាងកាយយើងជាប្រញាប់​ ​ក្នុងករណីត្រូវទឹកក្ដៅរលាក ទាំងសម្លៀកបំពាក់ ចូរប្រញាប់ឆក់ ឬ ដោះសម្លៀកបំពាក់ចេញពីរាងកាយ ឲ្យបានលឿនជាទីបំផុត ឬបើមិនអាចយកចេញបានទេ ចូរប្រញាប់យកទឹកត្រជាក់មកស្រោចពីលើភ្លាម។ ​ក្នុងករណីត្រូវភ្លើងរលាក បើសម្លៀកបំពាក់ឆេះភ្លើង ត្រូវប្រញាប់យកទឹកមកជះពន្លត់ភ្លាម។ បើគ្មានទីកនៅក្បែរទេ ចូរដេកទៅលើដី ហើយប្រមៀលចុះឡើង ដើម្បីពន្លត់ភ្លើងដែលឆេះខោអាវ។

២.ប្រញាប់បញ្ចុះកម្ដៅស្បែកឲ្យបានលឿនជាទីបំផុត ត្រូវបញ្ចុះកម្ដៅស្បែកត្រង់បិវេណរលាក ដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនបញ្ចុះកម្ដៅភ្លាមៗទេ ស្បែកត្រង់បរិវេណនោះវានឹងរីកពង។ ការបញ្ចុះកំដៅស្បែកនេះ អាចធ្វើបានដោយចាក់ស្រោចទឹកត្រជាក់ដោយផ្ទាល់ ឬ​យកទឹកកកខ្ចប់ក្នុងក្រណាត់​ស្អាតមកស្អំពីលើ។ តែហាមយកអ្វីដែលត្រជាក់មិនស្អាត មកបិទជាដាច់ខាត ព្រោះវាអាចធ្វើឲ្យមុខរបួសរលាកភ្លើងឆ្លងមេរោគ។

៣.សម្អាតស្បែកត្រង់បរិវេណ ដែលត្រូវភ្លើង ឬ ទឹកក្ដៅរលាក លាងសម្អាតដោយសាប៊ូថើៗ នឹងទឹកស្អាត។ ចូរចងចាំថា មិនត្រូវដុសស្បែក​ដែលរលាកពងនោះឡើយ ព្រោះអាចធ្វើឲ្យឆ្លងមេរោគ ហើយប្រែទៅជាដំបៅក្លាយខូចស្បែកកាន់តែធំ។

៤.មុខរបួសបិតឬរុំឲ្យជិតស្អាត ក្រោយពេលសម្អាតរួចហើយ ចូរប្រើបង់រុំរបួសឬសំឡីស្អាត ដែលសម្លាប់មេរោគរួចហើយមកជូតស្នាម របួសឲ្យស្អាត។ បន្ទាប់មកបិទមុខរបួសដោយបង់ ដែលគ្មានមេរោគ ដើម្បីការពារស្នាមរបួសឲ្យមានអនាម័យជានិច្ច។

ក្នុងករណីស្នាមរបួសតូចតាច អ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់ រលាកភ្លើង រលាកទឹកក្ដៅ ឬក៏អាចប្រើសាច់ប្រទាលកន្ទុយក្រពើ ដែលចិតសម្រកក្រៅចេញទុកតែ សាច់ខាងក្នុងភ្លឺថ្លាដូចចាហួយ និង​លាងសម្អាតជ័រ ហើយមកបិទពីលើស្នាមរលាកក៏បាន។

៥.គួរទៅជួបគ្រូពេទ្យក្នុងករណី​ – កើតមានអាការស្ហុក (Shock) – មានអាការខ្វះជាតិទឹក ក្នុងករណីរលាកភ្លើងធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យរាងកាយ យើងខ្វះជាតិទឹកបាន។ – ស្នាមរលាកមានមុខធំ ឈឺចាប់ខ្លាំង រលាកហើមប៉ោង ឬ ពងខ្លាំង។ – ក្ដៅខ្លួនខ្លាំងលើស ៣៨ អង្សារសេ។ – រលាកលើផ្នែកសំខាន់ៗ ដូចជាក្បាល ក មុខ ខ្នង ជាដើម។ – អ្នករលាក គឺមនុស្សចាស់ ឬ ក្មេងអាយុតិចជាង ៥ ឆ្នាំ។ – អ្នករលាក គឺអ្នកជំងឺទឺកនោមផ្អែម បេះដូង និង លើសឈាមជាដើម៕

ប្រភព៖ http://www.the-iconmedia.com/?p=4436

Leave a Reply

Your email address will not be published. Required fields are marked *