ជីវប្រវត្តិរបស់ Johannes Kepler ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូបខាងវិទ្យាសាស្ត្រ

ទស្សនៈ និងប្រវត្តិបុគ្គល

 

លោក ចូហានេស ឃេប្លេ (១៥៧១−១៦៣០) ជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ដ៏ល្បីល្បាញមួយរូប។ ក្នុងមួយជីវិតរបស់លោកបានផ្សារភ្ជាប់ទៅនឹងការរុករកនូវអាថ៌កំបាំងទាំងឡាយក្នុងអវកាស។ ឈ្មោះរបស់លោក ត្រូវបានគេយកមកប្រើប្រាស់សម្រាប់​ហៅច្បាប់ទី៣ ស្ដីអំពីការធ្វើចលនា​របស់​បណ្ដាលពិភព ដែលជាក្រោយមក​ក្លាយជា​ទ្រឹស្ដីយោង​នៃច្បាប់ទំនាញសកល​របស់លោក អ៊ីសាក់ ញូតុន ។ រឿងមួយទៀតដែលគួរឲ្យ​កោតស្ញប់​ស្ញែង គឺឃេប្លេបានសម្រេច​នូវស្នាដៃ ឯកសារបែប​​វិទ្យាសាស្ត្រ​ដ៏ធំធេង​ បើទោះជាជួបនូវការលំបាក ដូចជាកង្វះខាត​ខាងសម្ភារៈ ក៏ដូចជាការឈឺចាប់​ច្រើនបែប​ច្រើន​យ៉ាងខាងស្មារតីក៏ដោយ។ កាល់ម៉ាក់ធ្លាប់វាយ​តម្លៃឃេប្លេថាជា “វីរបុរស​មួយរូប ដែល​លោកស្រឡាញ់ពេញចិត្ត”។

ឃេប្លេ នៅត្រូវបានអ្នកជំនាន់់ក្រោយៗ វាយតម្លៃផងដែរថា ជាអ្នកគណិតសាស្ត្រ​ដ៏មានទេពកោសល្យ ជាឥដ្ឋមួយដុំដំបូងគេបង្អស់ ដែលគេ​បាន​ដាក់សម្រាប់​ការត្រៀម​ឲ្យ​មានកំណើត​នៃក្បួន​លំហាត់​គណនា​អនុគមន៍ទំនើប។

ចូហានេស ឃេប្លេ បានបង្ហាញ​ឲ្យឃើញនូវទេពកោសល្យ​គណិតសាស្ត្រ​តាំងពីលោក​នៅមានវ័យក្មេង​ម្លេះ។ តែដោយ​មកពី​ឪពុកម្ដាយ​របស់លោក​ក្រលំបាកពេក មិនអាច​ឲ្យកូនទៅរៀនសូត្រ​បានដូចគេ ម្លោះហើយ​បង្ខំចិត្ត​ឲ្យលោក​ត្រូវពឹង​ផ្អែក​លើវិជ្ជា​ស្ថានពូជសាសន៍ ដើម្បីជួយ​មើលខុស​ត្រូវ​ដល់ការរៀនសូត្រ​របស់កូន។

ឃេប្លេ ត្រូវបានវិទ្យាស្ថានពូជសាសន៍ឲ្យ​សិក្សា​ខាងផ្នែក​​ទេវវិទ្យា​របស់​មហាវិទ្យាល័យ ទុយប៊ីនហ្គេន ​ដើម្បីក្លាយជាអ្នកបួសខាងសាសនា។ ឃេប្លេ រៀនបានយ៉ាងពូកែ ក៏ប៉ុន្តែ​ក្រៅពី​ការប្រឡង​បញ្ចប់​ឆ្នាំសិក្សា​គណៈមេប្រយោគ​បានឯកភាពគ្នាថា លោក​មិន​គ្រប់​លក្ខណៈសម្បត្តិ​ជាបុព្វជិតឡើយ។ ដោយហេតុផល​មួយសាមញ្ញ គឺ​មកពីលោក​ជក់ចិត្ត​នឹងការអានសៀវភៅ​របស់​ នីកូឡា កូប៉ែតនិក (តារាវិទូ​ជនជាតិ​ប៉ូឡូញឆ្នាំ ១៤៧៣-១៥៤៣) ដែល​និយាយអំពី​ការវិលរបស់ភព ឬ ទ្រឹស្ដីបិសាច ដែលពិពណ៌នាថា​ផែនដី​វិលជុំវិញ​ព្រះអាទិត្យ ព្រោះបើតាម​គម្ពីរសាសនា​បាននិ​យាយ​ថា ផែនដី​ជាមជ្ឈមណ្ឌល​នៃ​សកលលោក។

ក្រោយ​ពីប្រឡងជាប់​កម្មសិក្សា​នៅមហាវិទ្យាល័យ ឃេប្លេ​ត្រូវ បាន​ចាត់​ឲ្យ​ធ្វើជាសាស្ត្រាចារ្យ​នៅវិទ្យាល័យ​ក្រាស (ប៉ែកខាងត្បូង​ប្រទេស​អូទ្រីស)។ ទាំងសិស្ស​ ទាំង​មជ្ឈដ្ឋានគ្រូ​បង្រៀន​នៅ​វិទ្យាល័យ​នេះ ទុកចិត្ត​និង​ស្រឡាញ់​រាប់អានលោក​សាស្ត្រាចារ្យ​វ័យ​ក្មេង​ឃេប្លេ​ណាស់។ លោក ឃេប្លេ ថ្វីបើមានរាងស្គម​ទន់ខ្សោយ ក៏ប៉ុន្តែលោក​មាន​ស្មារតី​តស៊ូ ព្យាយាម និងខ្លាំងពូកែណាស់។ គ្រប់មេរៀន​ដែលលោកបានពន្យល់ គឺមានភាពច្បាស់​លាស់ នឹង​មានអំណះអំណាងជាក់លាក់ ព្រោះ​ថា​លោក​ជាមនុស្ស​ចូលចិត្តការរៀនសូត្រ និងស្រាវជ្រាវ​ខាងវិទ្យាសាស្ត្រណាស់។ រយៈពេល​បួនឆ្នាំដែលលោកបានបំពេញការងារនៅក្រាស ឃេប្លេបានបង្កើតនូវស្នាដៃ​ល្បីៗមួយចំនួនដូចជា៖

  • សៀវភៅ​ប្រវិត្តិសាស្ត្រ​ (១៥៩៤) ក្នុងនោះ​មាន​និយាយអំពី​ផ្នែកស្ទង់មើល​កម្រិត​សីតុណ្ហភាព។
  • សៀវភៅ​ប្រជុំវិញ្ញាសារ​ស្រាវជ្រាវ​ពីលំហអវកាស (១៥៩៧) ក៏ប៉ុន្តែ​រហូតមកដល់ទល់ឆ្នាំ ១៥៩៩ ពុំមាន​សាលា​ណាមួយ​នៅក្រាស​ហ៊ានអញ្ជើញ​លោក ឃេប្លេ មកបង្រៀនទៀតឡើយ ដោយគេសង្ស័យថា​លោកបានចូលរួម​ក្នុង​សកម្មភាព​ប្រឆាំង​នឹងទ្រឹស្ដីសាសនា​បែបបុរាណ។

លោកត្រូវបាត់​បង់ការងារ ហើយ​ទទួលរងនូវការគម្រាមកំហែង​ទៀតផង។​ ចុងបញ្ចប់​លោក​ត្រូវបង្ខំចិត្ត​ នាំក្រុមគ្រួសាររបស់លោក​រត់គេចខ្លួន ដើម្បីរួចផុតពីគ្រោះថ្នាក់។

ចាប់ពីឆ្នាំ ១៦០១ ឃេប្លេ​ ត្រូវបាន​ព្រះមហាក្សត្រ​អូទ្រីស តែងតាំង​ឲ្យធ្វើជា​អ្នកគណិតសាស្ត្រ​របស់ព្រះរាជា ទទួលបន្ទុក​ស្ថានីយ​តារាសាស្ត្រនៅ​ប្រាក។ នៅសម័យនោះ​គេជឿថា វាសនារបស់​មនុស្ស​ម្នាក់ៗ សុទ្ធសឹង​តែមានការជាប់ទាក់ទង​ទៅនឹង​ចលនា​បស់ផ្កាយ​នៅលើ​មេឃ។ ក្បួន​ជោគតារា​ជាក្បួន​សម្រាប់​ទស្សន៍ទាយ វាសនាមនុស្ស​តាមរយៈផ្កាយនៅលើមេឃ។

ក្នុងនាមជាអ្នកគណិតសាស្រ្តរបស់ព្រះរាជា លោក​អាចធ្វើអ្វី​តាម​ចំណង់​ចិត្ត ប៉ុន្តែ​ទាស់ត្រង់​ព្រះរាជា​ពុំ​មាន​ប្រាក់បៀវត្សន៍សម្រាប់​លោកឡើយ ព្រោះតែសង្គ្រាម​ដែលអូសបន្លាយ​ជាមួយបណ្ដាលប្រទេស​ដ៏ទៃ​បានបង្ហិន​រីងស្ងួត​នូវថវិការ​របស់ប្រទេស​ស្ទើរ​តែអស់​ទៅហើយ។ ពីរបីឆ្នាំជាប់គ្នា មិនទទួលបានប្រាក់​បៀវវត្សន៍​សូម្បីតែមួយកាក់មួយសេន។ ដើម្បីរស់​និងបន្តដង្ហើម បន្តការស្រាវជ្រាវ​វិទ្យាសាស្ត្រ ឃេប្លេ បានបង្ខំចិត្ត​ត្រូវធ្វើជា​គ្រូទស្សន៍ទាយ​ជោគតារា ឲ្យ​អស់​លោក​នាម៉ឺនមន្ត្រី ក្នុងព្រះរាជវង្ស។ ឃេប្លេ​បានកត់សម្គាល់​ដោយភាពល្វីងជូរចត់ថា៖ ក្បួន​ជោគតារា​ផ្ដេស​ផ្ដាស់នេះ បានចិញ្ចឹម​បំប៉ន​នូវបណ្ដាល​ស្នាដៃ​វិទ្យាសាស្ត្រ​ដ៏បរិសុទ្ធ​របស់ខ្ញុំ។

ច្បាប់ឃេប្លេថ្លែង​យ៉ាងសាមញ្ញថា៖

  • ពិភព​ទាំងអស់​សុទ្ធសឹង​ធ្វើចលនាជុំវិញ​ព្រះអាទិត្យ តាមគោលចររាង​អេលីប ដែលមានព្រះអាទិត្យ​ជាចំណុច​មួយក្នុង​ចំណោមចំណុចរួមពីរ។
  • បណ្ដាលផ្ទៃក្រឡាដែលបង្ក​ឡើង​ដោយ​កាំវ៉ិចទ័រ​របស់ភពនិមួយៗ សមាមាត្រ​ជាមួយនឹងថេរវេលាចលនា​ចរ​របស់វា។
  • ការរ៉េនៃ​ថេរវេលា​វិល​នៃភពជុំវិញព្រះអាទិត្យ​សមាមាត្រ​ជា​មួយ​គូប​នៃ​ចំងាយ​មធ្យម​របស់​វា​ទៅកាន់ព្រះអាទិត្យ។

មនុស្សតិច​ណាស់​ដែល​បានដឹងថា ឃ្លាអក្សរ​ខ្លីៗប៉ុន្មាន​នេះ គឺបាន​មកពីកិច្ចខិត​ខំប្រឹងប្រែង​យ៉ាងធំធេងរបស់លោក។ ច្បាប់ទី ២ ដំបូងដែលលោក ឃេប្លេ បានរកឃើញក្រោយ​ពីការធ្វើ​ពលិកម្ម​ ៥ឆ្នាំ​យ៉ាងតានតឹង​ដោយត្រូវធ្វើលេខរាប់លានតួ ដែលកត់ត្រា​បានពីតារាសាស្ត្រ​របស់តារាវិទូ ទីខូប្រាហ (តារាវិទូ​ជនជាតិដាណឺម៉ាក់ ១៥៤៦-១៦០១) បន្សល់ទុកមក។ ចំណែកច្បាប់ទី៣ លោកត្រូវ​ចំណាយកម្លាំងចំនួន ៩ឆ្នាំ យ៉ាងនឿយហត់​ គឺថាលោក​ឃេប្លេត្រូវធ្វើ​ការសង្កេតមើលបណ្ដើរ កត់ត្រាតួលេខតារាសាស្ត្រ​បណ្ដើរ ដោយត្រូវកែសម្រួល និងគិតលេខបណ្ដើរ។

មួយជីវិតរបស់លោក ឃេប្លេ ហាក់ទុក​សម្រាប់​ទទួល​នូវការសាកល្បង​ពេលវេលា។ វាសនា​អភ័ព្វតែងតែ​សង្កត់​ធ្ងន់​មក​លើ​ស្មាទាំងគូរបស់លោក។ ប្រពន្ធស្លាប់ កូនស្លាប់ ម្ដាយត្រូវ​ជាប់គុក​ដោយ​ត្រូវគេចោទប្រកាន់ថា​ធ្វើធ្មប់។ ឃេប្លេ ត្រូវ​រស់នៅ​យ៉ាង​វេទនា​ដើម្បីរំដោះ​ជីវិតម្ដាយ​ពីទុក្ខទោស ហើយសម្រាប់​លោក​ក៏ត្រូវ​តែត្រូវរង​ទទួល​ការចោទប្រកាន់​ថាធ្វើការផ្សព្វផ្សាយ ទ្រឹស្ដីបិសាចរបស់កូប៉ែកនិក។ ប៉ុន្តែលោក ឃេប្លេ បានពុះពារ​ឆ្លងកាត់​គ្រប់ការលំបាក់​ក្រប់ឧបសគ្គ​ដោយភាពក្លាហាន​អង់អាច។ ច្បាប់ទី៣ របស់លោក ឃេប្លេ ដែល​បានរកឃើញក្នុងកំឡុង ១១ឆ្នាំ គឺជាពេល​ដែល​គ្រួសាររបស់លោក​ត្រូវជួបនូវវាសនា​អាក្រក់​ខ្លាំង​ក្លា​ជា ទីបំផុត។

ឃេប្លេ បានដក់ដង្ហើម​ចុងក្រោយ​បំផុត ក្នុងដំណើរដោយរទេះ​សេះមួយ​ពីទីក្រុង​លីន្ស ទៅកាន់​រេហ្គេន្សប៊ួ។ ក្នុងហោប៉ៅ​របស់លោក​នៅពេលនោះ​មានប្រាក់​តែ ២២អេវី ជិតស្មើនឹង​មួយកាក់ ក៏ប៉ុន្តែ​ដំណើរ​ជីវិត​របស់លោកពោរពេញទៅដោយ​មោទនភាព។ លោកបានពោលពាក្យមួយឃ្លាថា «ខ្លួនខ្ញុំជិតបាន​វាស់ដីហើយ ក៏ប៉ុន្តែ​ខ្ញុំធ្លាប់​វាស់​ផ្ទៃមេឃរួចហើយដែរ! រូបកាយ​ខ្ញុំជិត​នឹងបានកប់​ក្នុងជម្រៅ​ដីដ៏ត្រជាក់ ក៏ប៉ុន្តែព្រលឹង​ខ្ញុំធ្លាប់​បានហោះហើរ​ពេញផ្ទៃមេឃ»។

បើទោះម្ដាយត្រូវចោទប្រកាន់ថាជាធ្មប់ ហើយសាមីខ្លួនត្រូវចោទថាក្បត់សាសនា រហូតដល់ក្រុមដែលវង្វេងសាសនាជាច្រើននៅលីន្ស បានសម្រុកចូលវាយកំទេច​ផ្ទះលោក​ ហើយគម្រាមកំហែង​ធ្វើបាប​ដល់គាត់ទៀតផង។ មិត្តភ័ក្ដ​ជាច្រើន​បានណែនាំ​ឲ្យ​លោក​ភៀស​ខ្លួន​ទៅនៅអ៊ីតាលី។ គេបានអះអាងថា ទេព្យកោសល្យរបស់លោក​នឹងត្រូវបានគេប្រើប្រាស់ បើសិនជាលោក​ព្រមប្រកាស​បដិសេធចោល​ទ្រឹស្ដី​កូប៉ែកនិក។ ឃេប្លេ ប្រកែកដាច់​អហង្ការ​ចំពោះ​យោបល់ទាំងនោះ បើទោះជាជីវភាពគ្រួសាររបស់លោក​នៅពេលនោះទីទ័លក្រយ៉ាងណាក្ដី។ គេបានព្រួយបារម្ភជួសលោក មិនដឹងថាលោក​នឹងរស់នៅ​ដោយរបៀបណា តែ ឃេប្លេបាននិយាយដោយមោទនថា៖ “ខ្ញុំរស់នៅដោយក្ដីសង្ឃឹមជានិច្ច” ៕

(ដកស្រង់​ពី​សៀវភៅ​កម្រង​ជីវិត​អ្នកប្រាជ្ញ ចងក្រង​ដោយ ចាន់ សុខហេង)

Leave a Reply

Your email address will not be published. Required fields are marked *