គន្លឹះទាំង ៦ យ៉ាងសម្រាប់អ្នកបែកបាក់ស្នេហាគ្រាដំបូង ដែលអាចធ្វើអោយ​ធូរ​ស្បើយ​អារម្មណ៍​​ និងឆាប់​ត្រឡប់ទៅ​កាន់ភាពរីករាយដូចពីមុន

ស្នេហា

តើអ្នក ឬមិត្តរបស់អ្នក​កំពុងតែខូចចិត្តមែនទេ? បើមែននោះ ​សង្ឃឹមថាអត្ថបទនេះអាចជួយ​អោយ​អ្ន​ក​បាន​ធូរ​ស្បើយ​អារម្មណ៍​​ និងឆាប់​ត្រឡប់ទៅ​កាន់ភាពរីករាយដូចពីមុន។

ទទួលស្គាល់​ការពិត​ថា​អ្នក​កំពុង​ត្រូវការ​មនុស្ស​ម្នាក់​ដែលអ្នក​អាចនិយាយ​ជាមួយ និង​ទុកចិត្តបាន

មានអារម្មណ៍ថាដូចជាកូនក្មេងពេក នៅពេលដែលអ្នករត់ទៅរកអ្នកម្តាយ​ ហើយរៀបរាប់​ពី​រឿងរាវ​ខូចចិត្ត​របស់​អ្នកប្រាប់គាត់ ប៉ុន្តែអ្នកដឹងទេថាគាត់​ជាមនុស្ស​ម្នាក់​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ ហើយ​គាត់​ក៏ប្រហែលជា​ធ្លាប់​ឆ្លងកាត់​បញ្ហាទាំងនេះមុនអ្នក។ អ្នកម្តាយ​គឺជា​គ្រូ​បង្រៀន​​ដ៏ល្អម្នាក់​ ដែលអាចចែករំលែកបទពិសោធន៍ជីវិត និងផ្តល់​ដំបូន្មាន​ល្អៗ​ដល់អ្នក។​ សំខាន់​បំផុត​ គាត់​គឺជាមនុស្សម្នាក់ដែលនឹងមិន​បោះបង់​អ្នក​ចោល​ ទោះស្ថិតក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។​​ ក្រៅពីអ្នកម្តាយ បងប្អូន ឬមិត្តភក្តិជិតស្និទ្ធ​របស់​អ្នក​ សុទ្ធ​តែ​ស្មគ្រ័ចិត្តចាំ​ជួយ​ជូត​ទឹក​ភ្នែក​អោយ​អ្នក។ បើក្នុងពេលនេះ អ្នក​កំពុង​តែ​ខូច​ចិត្ត​ សូមទូរស័ព្ទ​ទៅ​កាន់​ពួក​គេ​ឥឡូវនេះ ដើម្បីជជែក​គ្នាលេង ឬដើម្បី​រៀបរាប់ពី​អារម្មណ៍របស់​អ្នក។ បើ​ទោះបី​ជា​ពួក​គេ​មិន​អាច​ជួយអ្វី​អ្នក​បាន តែ​យ៉ាង​ហោចណាស់​ពួក​គេ​នឹង​ធ្វើ​ជា​អ្នក​ស្តាប់​ដ៏ល្អ​របស់​អ្នក ហើយ​ក៏អាច​អោយ​អ្នក​ខ្ចីស្មាផ្អែក នៅពេល​ដែលអ្នក​មាន​អារម្មណ៍​ថាទន់ខ្សោយ​បំផុត។

 

បញ្ចេញអារម្មណ៍របស់​អ្នក​មក​ក្រៅ តែមិនមែន​បើកចំហរជា​សាធារណៈទេ

សូមកុំព្យាយាមលាក់អារម្មណ៍ឈឺចាប់របស់​អ្នក​នៅ​ខាង​ក្នុង គួរតែបញ្ចេញវា​មក​ក្រៅខ្លះ តែ​ក្នុង​លក្ខណៈឯកជន។ ការស្ងៀមស្ងាត់​ បិទបាំងអារម្មណ៍ខ្លួនឯង អាចធ្វើអោយអ្នក​កាន់តែមាន​សម្ពាធ និង​តប់ប្រមល់ ហេតុដូច្នេះទើបយើង​សំណូមពរអោយ​អ្នក​រក​មនុស្ស​ម្នាក់​ដែលអាច​ទុក​ចិត្ត​បាន​ មកពិភាក្សា (ដូចចំនុចទីមួយ)។ តែសូមចងចាំថា ទោះបីជាអ្នក​ខូចចិត្ត​ខ្លាំង​កំរិត​ណា​ក៏​ដោយ​ រឿងជំងឺបេះដូងនេះ​ មិនមែន​កើតមាន​រហូតនោះទេ គង់តែមានពេលណាមួយ អ្នក​នឹងត្រឡប់​មក​សភាព​ដើម គ្រាន់តែថាយូរ ឬឆាប់ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នក​អង្គុយយំនៅ​ទី​សាធារណៈ​ អ្នកដទៃ​នឹង​មាន​រឿង​និយាយ​ពី​អ្នក​រហូត ហើយអ្នក​អាចនឹង​ស្តាយក្រោយ​ ចំពោះទង្វើដែល​អ្នក​បាន​ធ្វើទៅ​តាម​អារម្មណ៍​មួយ​ឆាវនេះ។

 

ធ្វើខ្លួន​អោយ​រឹង​មាំ​ពេល​នៅ​ជា​មួយ​អ្នក​ដទៃ

​យើង​ទទួល​ស្គាល់​ថា​ នេះ​ជា​រឿង​ពិបាក​មួយ ដែល​ត្រូវ​ធ្វើ​ខ្លួន​រឹង​មាំ​ ទាំងដែលធាតុពិត ផ្លូវ​ចិត្តរបស់​អ្នក​កំពុង​ទន់ជ្រាយ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​តែ​គិត​ពី​អ្នក​ដទៃនៅ​ជុំវិញ​ខ្លូន​អ្នក​ដែរ។ បើ​ជាអ្នក អ្នក​ក៏​គង់​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់​ដែរ ប្រសិន​បើ​មិត្ត​របស់​អ្នក​ សំដែង​អាការៈ​ខូចចិត្ត​ ឬ​បន្ត​និយាយ​ពី​រឿង​សង្សារ​ចាស់​របស់​គេ​ដដែល​ៗ​យូរ​ពេក។​ ដូច្នេះគួរ​ព្យាយាមបង្រួម​អាការៈ​ខូច​ចិត្ត​នេះ​អោយ​បាន​ខ្លី ត្រឹម​មួយ​អាទិត្យ​កាន់​តែ​ល្អ បើទោះបី​ជា​ធាតុ​ពិត​អ្នក​កំពុង​តែ​ត្រូវ​ការ​ពេលវេលា​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​នេះក៏​ដោយ ក៏គួរធ្វើ​វា​ក្នុង​កំរិត​ផ្ទាល់​ខ្លួន ទើបជាការ​ប្រសើរ​។ អ្នក​គួរ​បង្ហាញគ្រប់គ្នា​អោយ​ឃើញថា​អ្នក​រឹង​មាំ​ និង​ចាស់​ទុំគ្រប់​គ្រាន់​ក្នុង​ការ​ប្រឈមមុខ​នឹង​បញ្ហា​ជីវិត ជាជាង​បង្ហាញអោយ​គេ​ឃើញ​ពី​ភាពទន់ខ្សោយរបស់​អ្នកមួយ   គ្រា។

 

៤​ចាប់ផ្តើម​ត្រឡប់​មក​លេង​ល្បែង​ស្នេហា

មួយរយៈក្រោយ​មក អ្នក​ប្រហែលជាចង់​សាកល្បង​ចាប់​ផ្តើម មាន​ទំនាក់ទំនងជាមួយ​អ្នកថ្មី ប៉ុន្តែយឺតៗ! អ្នកអាចសាក​បើកចិត្ត​អោយទូលាយ​ មើលអ្នក​ថ្មី សាក​ណាត់​ជួប​គ្នា​ អោយបាន​បី​ទៅ​បួន​ដង​សិន ហើយ​ផ្តល់​ពេលវេលា​អោយ​ខ្លួន​ឯង​អោយ​បាន​ច្រើន មុននឹង​អ្នក​ដាក់​ចិត្ត​លើ​នរណា​ម្នាក់។ អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ម្តង​រួចទៅ​ហើយ ស្នេហា​លើក​ក្រោយ​អាច​ជា​ស្នេហា​ពិត ដូច្នេះ​សូម​កុំបិទ​ឱកាសខ្លួនឯង តែក៏ត្រូវ​ប្រយ័ត្នប្រយែង​ដែរ។

 

ព្យាយាម​ចែចង់​អោយ​បាន​ច្រើន

ការចែចង់​ មិន​ត្រឹមតែ​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អប្រសើរ​ចំពោះ​ខ្លួន​ឯង​នោះទេ​ តែ​ក៏​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ល្អ​ដូច​គ្នា​ដែរ។ វាធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភាព​ទាក់​ទាញ មាន​មនុស្ស​ចាប់​អារម្មណ៍​លើ​អ្នក និងបង្កើន​ទំនុក​ចិត្ត​របស់​អ្នក​អោយ​កាន់តែ​ខ្ពស់។

 

កុំទុក​បញ្ហា​នេះ​ជាទីបញ្ចប់​នៃ​ពិភពលោក បើទោះ​ជា​អ្នក​មាន​អារម្មណ៍​បែ​បនេះ​ក៏​ដោយ

ភាពឈឺចាប់​មិនមែន​និរន្តភាព​នោះទេ! មាន​ពេល​មួយ អ្នក​នឹង​ងាក​ក្រោយ​មើល​ទំនាក់​ទំនង​មួយនេះ ហើយ​អ្នក​នឹង​ចង​ចាំ​តែ​អនុស្សាវរីយ៍ល្អៗ​ប៉ុណ្ណោះ។ អ្នកអាចនឹង​នៅ​តែ​ចងចាំអារម្មណ៍​នៃ​ការ​បាត់​បង់ ប៉ុន្តែវា​នឹង​ក្លាយ​ទៅ​ជា​ចំណែក​មួយ​នៃរឿងរ៉ាវ​ជីវិតរបស់​អ្នក។ អ្វីដែល​សំខាន់​អ្នកគួរ​ប្រើជីវិត​បច្ចុប្បន្ន​របស់​អ្នក​អោយ​បាន​ល្អ​តាម​ដែរ​អាច​ធ្វើ​ទៅ​បាន។

 

យើងគ្រប់​គ្នា​ទទួល​ស្គាល់​ថា​ ការបែកបាក់​ស្នេហា​ពិតជាធ្វើអោយអ្នកឈឺចាប់ តែសូមរៀន​ទទួល​យក​ការ​ពិត ​ព្រោះមាន​តែ​ទទួល​យក​ការ​ពិត​ថា​ ទំនាក់​ទំនង​របស់​អ្នក​បាន​ចប់ទៅ​ហើយ​នោះទេ ទើបអាច​ជួយ​អោយ​អ្នក​ឆាប់​បំភ្លេចភាពឈឺចាប់​បាន។ មិនថា​អ្នក​បែកបាក់​ពី​ស្នេហា​ដោយ​មូលហេតុអ្វី​នោះទេ តែ​សូមកុំភ្លេចអោយ​តម្លៃខ្លួនឯង ស្រលាញ់​ខ្លួនឯង​អោយ​បាន​ច្រើនៗ គិត​ពី​ខ្លូនឯង​​អោយបាន​ច្រើនៗ និងគិតដល់មនុស្ស​ដែលស្រលាញ់ និងបារម្ភ​ពីយើង ជាពិសេសលោកឪពុក អ្នកម្តាយ ​ក្រុមគ្រួសារ និងមិត្តភក្តិរបស់​យើង៕

 

ប្រភព៖ WikiHow

Leave a Reply

Your email address will not be published. Required fields are marked *