ខ្លះៗ ! ពីរៀបរបៀបកែប្រែបញ្ហាអោយទៅជា ឪកាសវិញបាន

ជីវិត

រស់នៅ​ក្នុង​ពិភពលោក​សតវត្ស​ទី ២១ ​​​ការ​ប្រកួតប្រជែង​ជា​រឿង​ដែល​ជៀស​មិន​ផុត​រហូត​ពេល​ខ្លះ​អ្នក​​អាច​បាត់បង់​ជំនឿ​ចិត្ត ​និង​ក្តី​សង្ឃឹម។ ​​​​​​អ្នក​អាច​កំពុង​បារម្ភ​ថា ​តើ​ធ្វើ​ម៉េច​ទើប​រក​ប្រាក់​បាន​ច្រើន​បើ​​មនុស្ស​ដែល​មាន​ជំនាញ​ដូច​អ្នក​សុទ្ធ​តែ​ពូកែៗ​ជាង​អ្នក​ទៅ​ទៀត? ​ធ្វើ​ម៉េច​ទៅ​អាច​ចាប់​ផ្ដើម​​អាជីវកម្ម​មួយ​​បើ​អ្នក​រក​ស៊ី​ឥលូវ​ច្រើន​ និង​មាន​​ការ​ច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ? ​បើ​បាត់បង់​ការងារ​តើ​ខ្លួន​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា?​​ ​​ជា​ញឹកញាប់​ អ្នក​ច្រើន​តែ​យក​បញ្ហា​ជា​ធំ ​តែ​បើ​អ្នក​ចេះ​សម្លឹង​រក​វិធី​កែខៃ​បញ្ហា​ដែល​អ្នក​កំពុង​ប្រឈម ​នោះ​អ្នក​នឹង​ឃើញ​ឱកាស​ជា​ច្រើន​នៅ​នឹង​មុខ​អ្នក ​ព្រោះ​ឱកាស​ច្រើន​ស្ថិត​ក្នុង​ឫស​គល់​នៃ​បញ្ហា។ ​សំណួរ​គឺ​ថា ​តើ​កែ​ប្រែ​ដោយ​វិធី​ណា?

 

 

​​​តាម​ពិត​ទៅ​ ​អ្វី​ៗ​គឺ​ស្ថិត​នៅ​លើ​ថា ​តើ​អ្នក​​សម្លឹង​មើល​ស្ថានភាព​ជុំវិញ​ខ្លួន​ដោយ​វិធី​ណា។ ​បើ​អ្នក​​ច្រើន​សម្លឹង​មើល​ឃើញ​គ្រប់​យ៉ាង​សុទ្ធ​តែ​លំបាក​ សុទ្ធ​តែ​មិន​អាច​ទៅ​រួច ​នោះ​​ខួរ​ក្បាល​អ្នក​នឹង​បញ្ជា​ឲ្យ​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច ​ឆេវឆាវ ​​អស់សង្ឃឹម ​និង​គ្មាន​កម្លាំង​ជា​មិន​ខាន។ ​​​​ហើយ​​ពេល​ខ្លះ​ទៀត ​មិន​ថា ​អ្នក​មាន​សុទិដ្ឋិនិយម​ប៉ុណ្ណា​ទេ ​តែ​ពេល​ជួប​បញ្ហា ​​ឬ​មាន​ការ​រំខាន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ ​វា​នឹង​រុញ​អារម្មណ៍​អ្នក​​​ឲ្យ​បារម្ភ ​ឬ​មិន​មាន​សុវត្ថិភាព​ជា​ដើម។ ​

​​មិន​ថា ​អ្នក​ធ្លាប់​មាន​អារម្មណ៍​មិន​ស្រណុក ​ឬ​ប្រឈម​នឹង​បញ្ហា​យ៉ាង​ណា ​ថ្ងៃ​នេះ​ The Phnom Penh Times ​នឹង​លើក​យក​វិធី​បួន​សម្រាប់​កែប្រែ​បញ្ហា​ប្រឈម​ទាំង​នោះ​ទៅ​ជា​ឱកាស។

​​១ ​​កត់​ចំណាំ​បន្តិច​មើល៍​ថា ​តើ​អ្នក​ភ្ជាប់​ខ្លួន​ទៅ​នឹង​សារ​មិន​ល្អ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ញឹកញាប់​ប៉ុណ្ណា។ ​​​​បើ​ច្រើន ​គួរ​ព្យាយាម​កាត់​បន្ថយ​វា​​ឲ្យ​ដល់​កម្រិត​ទាប​បំផុត​សម​ល្មម​​​ដែល​អ្នក​អាច​ទទួល​បាន​មិន​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រឈម​ត​ទៅ​ទៀត។ ​វា​ជា​ចំណុច​ចាប់​ផ្តើម​ទៅ​រក​ភាព​វិជ្ជមាន។

២ ​​​សរសេរ​​ពី​ផល​ប៉ះពាល់​នៃ​បញ្ហា​បច្ចុប្បន្ន​របស់​អ្នក​ទៅ​លើ​ជីវិត​ខ្លួន​ឯង។ ​ឧទហរណ៍​​នៅ​ផល​ប៉ះពាល់​ទាំង​នោះ​ដូចជា ​«ខ្ញុំ​​បារម្ភ​ខ្លាច​បាត់បង់​ការងារ» «» «ការ​លក់​ធ្លាក់​ចុះ​ ​ធ្វើ​ឲ្យ​ជំនួញ​កាន់​តែ​យ៉ាប់»។

​៣ ​ក្រោយ​សរសេរ​ចេញ​នូវ​ចំណុច​ជា​បញ្ហា​ប្រឈម​ទាំង​នោះ​ហើយ។ ​ព្យាយាម​កែប្រែ​វា​ទៅ​ជា​ឱកាស​ដោយ​ផ្អែក​លើ​ធនធាន​ដែល​អ្នក​អាច​ធ្វើ​បាន​បច្ចុប្បន្ន។ ​សាក​មើល​បញ្ហា​ប្រឈម​ខាង​លើ​៖

– «ខ្ញុំ​បារម្ភ​ខ្លាច​បាត់បង់​ការងារ»។ ​​កែប្រែ​ជា​ឱកាស៖ ​​ត្រូវ​ Update ​ប្រវត្តិរូប​ (CV) ​​ហើយ​ព្យាយាម​ទាក់ទង​​មនុស្ស​ដែល​អាច​ឲ្យ​ខ្ញុំ​អាច​រក​​ការងារ​ដែល​ខ្ញុំ​ចង់​ធ្វើ​នៅ​ពេល​ ១ ​ឆ្នាំ​ ឬ​ ២ ​ឆ្នាំ​ទៀត។

– «ខ្ញុំ​មិន​មាន​លុយ​ទៅ​ញ៉ាំ​អាហារ​ខាង​ក្រៅ​ញឹកញាប់»។ ​​កែប្រែ​ជា​ឱកាស៖ ​ទិញ​សៀវភៅ​ធ្វើ​ម្ហូប ​ឬ​រៀន​ធ្វើ​ម្ហូប​ពី​មិត្តភ័ក្ដិ។ ​ចាប់​ផ្ដើម​ធ្វើ​ម្ហូប​ងាយៗ​ចំណាយ​តិច​នៅ​ផ្ទះ ​​​និង​ញ៉ាំ​អាហារ​ជាមួយ​គ្រួសារ​ឲ្យ​ញឹកញាប់​ជាង​មុន។

– «ការ​លក់​ធ្លាក់​ចុះ​ ​ធ្វើ​ឲ្យ​ជំនួញ​កាន់​តែ​យ៉ាប់»។ ​​កែប្រែ​ជា​ឱកាស៖ ​ការ​លក់​ធ្លាប់​ចុះ​ សល់​ពេល​ច្រើន​មិន​ដឹង​ធ្វើ​អ្វី។ ​ម៉េច​មិន​យក​ពេល​នេះ​មក​រៀបចំ​ការិយាល័យ​​​ឲ្យ​កាន់​តែ​មាន​របៀប​​ និង​ទាក់ទាញ។ ​​គួរ​រក​សម្ភារៈ​ធ្វើ​ម៉ាឃីតធីង​​​ឲ្យ​កាន់​តែ​ប្រសើរ។ ​ទាក់ទង​ទៅកាន់​អតិថិជន​ចាស់ៗ​ ដែល​អ្នក​ខាង​ទាក់ទង​ជា​យូរ​មក​ហើយ​ឡើង​វិញ។

​​​​​​​៤ ​​​ការ​កំណត់​បញ្ហា​ប្រឈម​របស់​ខ្លួន​នេះ​ឯង​ដែល​អាច​​ឲ្យ​អ្នក​ងាយ​រក​វិធី​កែប្រែ​ទៅ​ជា​ឱកាស។ ​ចំណុច​នោះ​គឺ​ថា ​តើ​អ្នក​គិត​ទៅ​លើ​វា​ដោយ​វិធី​ណា។ ​ជា​ធម្មតា​គឺ​មាន​ទ្វា​រពីរ​ ​តែ​ពេល​ជួប​បញ្ហា​មនុស្ស​ច្រើន​សម្លឹង​ទៅ​ទ្វា​រដែល​បិទ​ជិត​ហើយ​ថា ​គ្មាន​ច្រក​ចេញ ​ស្រប​ពេល​ទ្វា​រម្ខាង​ទៀត​ចំហ​ចាំ​ស្រាប់​រង់ចាំ​តែ​អ្នក​ក្រឡេក ​នឹង​ដើរ​តម្រង់​ទៅ​រក​វា​ប៉ុណ្ណោះ។​​ ​ជួប​បញ្ហា​​ប្រឈម ​កុំ​បាក់​ទឹកចិត្ត ​ព្យាយាម​សម្លឹង​រក​វិធី​ដើរ​ចេញ​ ​រក​មិត្តភ័ក្ដិ ​ឬ​គ្រូ​ដើម​ដែល​អាច​ពិភាក្សា​ និង​ឲ្យ​គំនិត​ល្អៗ ​កុំ​ទៅ​ក្បែរ​មនុស្ស​ដែល​ចាំ​តែ​និយាយ​ថា ​អ្នក​ធ្វើ​នេះ​មិន​កើត​ធ្វើ​នោះ​មិន​កើត។

ប្រភព៖ ​Huffingtonpost

Leave a Reply

Your email address will not be published. Required fields are marked *