របៀបដោះស្រាយបញ្ហានៅពេលដែល អ្នកត្រូវធ្វើការជាមួយបុគ្គលដែលអ្នកមិនចូលចិត្ត

ជីវិត

ធ្លាប់​ទេ?​ នៅកន្លែង​ធ្វើ​ការ អ្នក​ពេញ​ចិត្តអ្វីៗគ្រប់យ៉ាង​ ទាំង​តួនាទី ទាំងការងារ​ដែល​អ្នក​ត្រូវធ្វើ តែបែរ​ជាមាន​រឿង​ម្យ៉ាង​ដែល​ធ្វើ​អោយ​អ្នក​ គ្រាន់តែ​គិត​ក៏ធុញថប់ស្ទើរធ្លាយទ្រូង​ទៅ​ហើយ នោះ​គឺ​​អ្នក​ត្រូវ​ធ្វើ​ការ​រួមជាមួយ​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬប្រភេទ​មនុស្ស​ដែល​អ្នក​គិត​ថា​មាន​ចរិត​យ៉ាប់ ពិបាកធ្វើ​ការ​ជាមួយ។

កុំបារម្ភ! មិនមែនមានតែ​អ្នក​ម្នាក់ឯង​ទេ​ដែល​ជួប​បញ្ហា​បែប​នេះ!

អ្នកជំនាញ​ខាងចិត្ត​សាស្រ្ត​មួយក្រុម​បាន​ធ្វើ​ការ​សាកសួរ​ និង​ស្ទង់​មតិ​អ្នក​ធ្វើ​ការ​ជាង​១១០០នាក់ អំពី​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះក្នុង​ការងារ។ ពួកគេ​រក​ឃើញ​ថា ៨០ភាគរយ​នៃ​អ្នក​ធ្វើ​ការ​ ទទួលរង​សម្ពាធ ធុញថប់តប់​ប្រមល់​ ដោយសារ​ត្រូវ​ប្រឈម​មុខ​ និងធ្វើការ​ជាមួយ​មនុស្ស​ដែលខ្លួនមិនចូលចិត្ត​។

ធ្វើការ​ជាមួយ​មនុស្ស​ប្រភេទនេះ​ មិនមែន​ជា​រឿង​ចម្លែកនោះទេ ប៉ុន្តែ​វា​អាចជា​កត្តាដ៏ធំមួយ​ដែល​ជំរុញ​អោយ​អ្នក​ធុញ​ទ្រាន់​នឹង​ការងារ មួយវិញទៀត​គឺ​ធ្វើ​អោយ​ភាព​រីករាយ​នៅ​កន្លែង​ធ្វើការ​តូ្រវ​បាត់​បង់។

ប្រសិនបើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​​ត្រូវ​ធ្វើ​ការ​ជាមួយ​​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬគេមិនចូល​ចិត្ត​អ្នកវិញបែបនេះ អញ្ចឹង​អ្នក​គួរ​ធ្វើ​ការ​សញ្ជឹងគិតឡើងវិញ និងស្វែងរក​ដំណោះស្រាយចំពោះ​បញ្ហានេះ ដោយ​វិភាគទៅលើចំនុច​ពី​រ​ធំៗ ទីមួយខ្លួន​អ្នក​ផ្ទាល់ និង​ទី​ពីរ​គឺ​បុគ្គល​ដែល​អ្នក​មិន​ចូលចិត្ត។

 

ដោះស្រាយ​បញ្ហា​ជាមួយ​ខ្លួន​អ្នក​ផ្ទាល់

កុំចាត់​ទុក​ថា​ជា​រឿង​ផ្ទាល់​ខ្លួន

ជំហាន​ដំបូង​ អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ​គ្រប់​គ្រង​ខ្លួន​ឯង។ សាកល្បង​គិត​សារ​ជាថ្មី​មើល៍ បើសិន​ជា​បុគ្គល​ម្នាក់​នោះ​បង្ករការ​លំបាក​ដល់​អ្នក​ក្នុង​ការ​ធ្វើ​ការ​ងារ គេ​ក៏​ប្រហែល​ជា​ធ្វើ​អោយ​អ្នក​ដទៃ​លំបាក​ដូច​គ្នា។

ប្រសិន​បើ​បញ្ហា​កើត​ឡើងរវាង​អ្នក​ និង​បុគ្គល​នោះ ​ទាក់​ទង​នឹង​ចរិតផ្ទាល់ខ្លួន អ្នក​គួរ​តែ​គិត​ថាទង្វើរបស់បុគ្គល​នោះ​មិនមែន​សំដៅមក​លើ​អ្នក​ទេ ហើយ​អ្នក​ក៏​មិន​ចាំ​បាច់ខ្វល់​ខ្វាយ បញ្ជេញ​សកម្មភាព​តបត​ទៅ​វិញ​ដែរ។

អ្នក​អាចដឹងថា​តើ​នេះជា​ចរិត​ផ្ទាល់ខ្លួនរបស់​បុគ្គលនោះ​ឬក៏អត់ ដោយគ្រាន់តែសង្កេត​មើលឥរិយាបថរបស់​គេ​ចំពោះ​អ្នក​ដទៃ។

ធ្វើការ​វិភាគទៅលើ​អារម្មណ៍របស់អ្នក

ពេលនេះអ្នក​គួរ​សួរ​ខ្លួនឯង ថាហេតុអ្វី​បាន​ជា​អ្នក​មិន​ចូល​ចិត្ត ឬ​ពិបាកធ្វើការ​ជាមួយបុគ្គល​ម្នាក់​​នោះ។ អ្នក​ប្រហែល​ជា​មាន​មូលហេតុ​សមរម្យ​ក្នុង​ការ​មិន​ចូល​ចិត្ត​នរណា​ម្នាក់ ឬមួយ​គ្រាន់​តែ​ជា​អារម្មណ៍​ ឬ​គំនិត​អគតិរបស់អ្នក​ចំពោះ​បុគ្គល។

អ្នក​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​ខ្លួនឯង​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំនួរ និងចំពោះ​ស្ថានភាព​ពិតនៃ​បញ្ហា។

អ្នកអាចរៀន​សង្កេត​មើល​អ្នក​ដទៃ (មិត្ត​រួមការងារ) តើ​គេ​មាន​បញ្ហា​ដូចជា​អ្នក​ដែរ​ទេ? ហើយ​គេ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ​បុគ្គល​នោះ​ដោយ​របៀប​ណា អ្នក​ប្រហែល​អាច​ទទួលបាន​ចម្លើយ​នៃ​បញ្ហា​នៅ​ពេល​រៀន​មើល​អ្នក​ជុំវិញខ្លួន។

រក្សានូវ​អាកប្បកិរិយាល្អរបស់អ្នក

ជាជាង​ធ្វើ​ការ​តបតរទៅ​កាន់បុគ្កល​ដែល​អ្នក​មិន​ចូល​ចិត្ត​​ ដោយ​មិន​បាន​គិត​ អ្នក​គួរ​ធ្វើ​ការ​ពិចារណា​រក​វិធី​ដោះស្រាយ​បញ្ហា​ទុក​ជា​មុន មិន​មែន​ចាំ​ដល់​ពេល​មាន​បញ្ហា​ទើប​ដោះ​ស្រាយ​នោះ​ទេ។

សូម​ចាំថា​អ្នក​អាច​គ្រប់​គ្រង​អារម្មណ៍ និង​ការគិត​របស់​អ្នក តែមិន​អាច​គ្រប់​គ្រង​អ្នក​ដទៃ​បានទេ ដូច្នេះ​បើសិន​ជា​អ្នក​ត្រូវ​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ដែល​អ្នក​មិនចូល​ចិត្ត អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ គឺតាំង​ចិត្ត​ខ្លួន​ឯងអោយ​ស្ងប់ ​ប្រើ​គំនិត​សុទិដ្ឋិនិយម និងប្រកាន់​នូវ​ជំហរ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ។

​​. កុំនិយាយដើម​គេ

មានពេល​ខ្លះ​អ្នក​តែង​តែ​ចង់​និយាយ​ប្រាប់គេឯង និងបង្ហាញ​ពី​ភាព​ធុញទ្រាន់ដែល​អ្នក​មាន ចំពោះមនុស្សដែលអ្នកមិន​ចូល​ចិត្ត នៅ​កន្លែងធ្វើ​ការ​។ ប៉ុន្តែ ដឹង​អត់? ថា​ការ​ដើរ​និយាយ​ដើម​​អ្នក​ដទៃ​ម្តង​ហើយ​ម្តង​ទៀត មិន​បានជួយ​ដោះស្រាយ​បញ្ហា​អោយ​អ្នក​នោះទេ​ វារឹតតែ​ធ្វើ​អោយ​អ្នក​មាន​បញ្ហា។

បើសិន​ជា​អ្នក​ត្រូវ​ការ​និយាយ​អោយ​បាន​ធូរទ្រូង គួរ​រើស​យក​នរណា​ម្នាក់​ដែល​អ្នក​អាច​ទុក​ចិត្ត​បាន ឬមនុស្ស​ដែល​មិនពាក់ព័ន្ធ​នឹង​ការងាររបស់​អ្នក។ និយាយ​ប្រាប់​គេ​តែ​ម្តង បន្ទាប់មក​យកបញ្ហានេះ​ចេញ​ពី​ខួរ​ក្បាល​ និង​ផ្តោតអារម្មណ៍​ទៅ​លើ​ការងារ​ដែល​អ្នក​ត្រូវ​បំពេញ។ ​​សូមចាំថា​ការនិយាយ​ដើម​គេ ឬការ​រអ៊ូរទាំរបស់​អ្នក មិនបាន​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​ប្រសើរនោះ​ទេ មាន​តែ​ធ្វើ​អោយ​អ្នក​ដទៃ​វាយតម្លៃអ្នក​ថា​ជា​មនុស្ស​មិន​ចេះ​ស៊ូទ្រាំ ឬគ្មាន​វិជ្ជាជីវៈ។

 

ដោះស្រាយ​បញ្ហា​ជាមួយ​ភាគីម្ខាងទៀត

ប្រសិនបើ​អ្នក​អនុវត្ត​គ្រប់​វិធីសាស្ត្រដើម្បី​ធ្វើ​អោយ​ស្ថានភាព​បាន​ល្អ​ប្រសើរហើយ ប៉ុន្តែនៅ​តែ​មិន​បានផល នេះ​ប្រហែល​ជា​ដល់​ពេល​ដែល​អ្នកត្រូវ​ស្វែងរក​ជំនួយហើយ។ ខាងក្រោម​នេះ ជា​វិធិសាស្ត្រមួយចំនួន ​ដែល​អាចជួយ​កែខៃ​បញ្ហា និង​បង្វែ​ស្ថានភាព មិនអោយ​ធ្លាក់ដល់​ចំណុច​ធ្ងន់ធ្ងរ។

រក្សាគម្លាតរបស់​អ្នក

បើអាច​ទៅ​រួច សូមនៅ​អោយ​ឆ្ងាយ​ពី​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត​ ឬព្រងើយ​កន្តើយ​នឹង​គេ (តែជៀសវាង​ប្រើអាកប្បកិរិយា​មិនសមរម្យ)។ ការរក្សា​ចម្ងាយ​ពី​គ្នា អាច​ជួយ​អោយ​កំហឹង ឬ​អារម្មណ៍​អាក់អន់​ស្រពោនចិត្ត​របស់អ្នក​នឹង​គេ បាន​ស្រាកស្រាន្ត ដោយ​សារ​អ្នក​ទាំង​ពីរ​មិនចាំបាច់​តទល់​គ្នា​ដោយ​ផ្ទាល់។

បង្ហាញ​អោយ​គេ​ដឹង​ពី​កំរិតនៃ​ការ​អត់​ធ្មត់របស់​អ្នក

ប្រសិនបើ​ឬស​គល់​នៃ​បញ្ហា​មិនមែន​មកពី​អ្នក អ្នក​គួរ​ធ្វើ​អោយ​មនុស្ស​ដែល​អ្នក​មិនចូល​ចិត្ត​នោះដឹង​ពី​កំរិត​នៃ​ការ​អត់​ធ្មត់​របស់​អ្នក​។ បង្ហាញ​អោយ​គេ​ដឹង​ថា​ អ្នក​មិន​សប្បាយ​ចិត្ត​ ឬ​មិន​ចូល​ចិត្ត​ចំពោះ​ទង្វើ​ដែល​គេ​ធ្វើ​ចំពោះអ្នក។

ប្រសិន​បើ​គេ​ឈាន​ជើង​ហួសគំនូសព្រំដែននៃ​ការ​អត់​ធ្មត់​របស់​អ្នក​ អ្នកត្រូវ​សុំអោយ​គេ​បញ្ឈប់​ទង្វើទាំង​នេះ​ជា​បន្ទាន់។ ឱកាសដែល​មាន​គឺប្រសិនបើ​បុគ្គល​នោះ​មិន​អាក្រក់​ហួសហេតុ គេ​អាចនឹង​កាត់​បន្ថយ ឬបញ្ឈប់​ទង្វើ​នោះ​ដោយ​សន្តិភាព។

ដំបូងអ្នកអាច​ធ្វើ​ការ​ដាស់តឿន​ដោយ​សុភាពរាប​សារ ប៉ុន្តែ​បើ​នៅ​តែ​មិន​បានផល អ្នកអាច​ធ្វើ​ការ​ដាស់តើន​ជា​ផ្លូវការ តាមវិធីណា​ដែលអាចអោយ​គេ​ដឹង​ថា អ្នក​មិនបាន​និយាយ​លេង និង​មិន​អាច​អត់​ធ្មត់​តទៅ​ទៀត​បាន​ បើ​គេ​នៅ​តែ​ធ្វើ​ទង្វើដដែលៗ។

បញ្ឈប់​អោយ​បាន​មុនបញ្ហា​កើត​ឡើង

ប្រសិនបើ​មនុស្ស​ដែលអ្នក​មិន​ចូល​ចិត្ត​លើក​ប្រធាន​បទអ្វី​មួយ​ដែល​ធ្វើ​អោយ​អ្នក​ធុញទ្រាន់ ឬមាន​អារម្មណ៍​មិន​ល្អ​ អ្នក​គួរ​ផ្លាស់ប្តូរ​ប្រធាន​បទ និយាយ​ពី​រឿង​ផ្សេង​ដែល​អាច​ជៀសពី​ជម្លោះ​ ឬមួយដើរចេញពី​ការសន្ទនា​ដោយ​សន្តិភាព ដោយលើកយក​លេស​ណា​មួយ​ដែល​បង្ហាញ​ថា​អ្នក​មិន​អាច​ឈរ​ស្តាប់ ឬចូលរួម​ក្នុង​ការ​សន្ទនា​នេះ​បន្ត។

សូមចាំថា អ្នក​ត្រូវ​ដើរ​ចេញ​អោយ​បាន​មុន​ពេល​ដែល​អ្នក​ផ្ទុះកំហឹង ដើម្បី​ជៀស​អោយ​ផុត​ពី​ការ​បង្កបរិយាកាស​អាប់​អួរ​ដល់​អ្នក​ធ្វើការ​ផ្សេងៗទៀត។

ជម្រើសចុងក្រោយ

មនុស្សខ្លះ​ពិត​ជា​ពិបាក​ក្នុង​ការ​យល់​ពី​អ្នក​ដទៃណាស់ ហើយ​មិន​បាន​បែក​ចែក​អោយ​ច្បាស់​ចំពោះ​រឿង​ផ្ទាល់​ខ្លួន​ និងការ​ងារ​ឡើយ ដែល​ពេល​ខ្លះ​ធ្វើ​អោយ​ការងារ​រាំង​ស្ទះដោយ​សារ​ការ​មិន​ចុះសម្រុង​របស់​​គេនឹង​អ្នក។

ប្រសិន​បើ​ស្ថានភាព​ចូល​ដល់​ចំណុចដែលបង្កបញ្ហា​ដល់​​ការងារ​បែបនេះ ហើយការ​ដោះស្រាយ​ជាមួយបុគ្គលផ្ទាល់មិន​បាន​ផលវិជ្ជមាន នោះដល់​ពេល​ហើយ​ដែលអ្នកត្រូវ​ប្រាប់​អ្នក​គ្រប់​គ្រង​របស់អ្នក ឬ​ប្រធាន​ផ្នែកធនធាន​មនុស្ស​ តាមរយៈ​លិខិត​ផ្លូវការណាមួយ អោយ​គេ​ដឹង​អំពី​បញ្ហា​ដែល​បាន​កើត​ឡើង និង​ជា​ការ​ដាស់តឿន​​ទៅ​កាន់​អ្នកទាំង​អស់ថា​អ្នក​ទ្រាំ​លែង​បាន​ទៀត​ហើយ។

ធម្មតា​នៅ​កន្លែង​ធ្វើ​ការ បុគ្គល​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ភា​ពចុះសម្រុងគ្នា ដើម្បី​សំរេច​ការងារ​អោយ​ដល់​គោលដៅ។ ប៉ុន្តែ​អ្នក​ត្រូវ​យល់ថា អ្នក​មិន​ចាំបាច់​ក្លាយ​ជា​មិត្ត​ជិត​ស្និទ្ធិនឹង​មនុស្ស​​គ្រប់​គ្នា​នោះ​ទេ ហើយ​វា​ជា​រឿង​ធម្មតា​ដែល​មាន​ពេលខ្លះ​អ្នក​ត្រូវ​ធ្វើ​ការ​ជាមួ​យ​មនុស្ស​ដែល​អ្នក​មិន​ចូល​ចិត្ត ឬមិនចូលចិត្ត​អ្នក។

អ្វីដែល​អ្នក​ត្រូវចង​ចាំ​នោះ​ គឺអ្នក​មាន​សិទ្ធិ​ក្នុង​ការ​ចូល​ចិត្ត​ ឬ​មិន​ចូល​ចិត្ត​អ្នក​ណា​ម្នាក់ ប៉ុន្តែ​សូម​បែក​ចែក​អោយ​ដាច់​រវាង​បញ្ហា​ផ្ទាល់​ខ្លួន និង​ការងារ។ សូមប្រកាន់​យក​ជំហរ​នៃ​បុគ្គល​ដែល​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ​ ក្នុង​កិច្ចប្រកប​ការងារ​ និង​ជីវិត​រស់​នៅ​ផង​ដែរ៕

 

កែសម្រួល៖ បងកាហ្វេ

ប្រភព៖ Career Intelligence/fastcampany/wikihow

Leave a Reply

Your email address will not be published. Required fields are marked *