ទៅមើលភាពភ័យខ្លាចទាំង ៥ យ៉ាង​ដែល​អ្នក​ត្រូវ​ពុះពារ​ដើម្បី​ក្លាយ​ជា​បុគ្គល​ជោគជ័យ

ជីវិត

ដើម្បី​ជោគជ័យ​ក្នុង​ជីវិត និង​សម្រេច​ក្ដី​សុបិន​ដ៏​ធំ​របស់​អ្នក អ្នក​ត្រូវ​តែ​ជម្នះ​ការ​ភ័យ​ខ្លាច​ជា​ច្រើន​។ ការ​ភ័យ​ខ្លាច​មួយ​ចំនួន​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ភ័យ​ខ្លាច​ដទៃ​ទៀត​ក្នុង​ការ​ទាញ​យើង​អោយ​ថយ​ក្រោយ។ ខាង​ក្រោម​នេះ​ជា​ការ​ភ័យ​ខ្លាច​ទាំង​៥ដែល​អ្នក​ត្រូវ​តែ​ពុះពារ​ដើម្បី​ឆ្ពោះ​ទៅ​រក​ជោគជ័យ​​ពិត​ប្រាកដ​នៅ​ក្នុង​ជីវិត៖

១៖ ខ្លាច​ការ​រិះគន់

មនុស្ស​ជា​ច្រើន​មិន​ហ៊ាន​បោះ​ជំហាន​សំដៅ​ទៅ​​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ទេ ព្រោះ​តែ​ខ្លាច​អ្នក​ដទៃ​និយាយ​ពី​ពួក​គេ។ បុគ្គល​មួយ​ចំនួន​មាន​គំនិត​បើក​ជំនួញ​ដ៏​ល្អ ប៉ុន្តែ​ក្រោយ​ពី​មាន​ការ​ផ្ដល់​យោបល់ និង​បង្អាក់​ទឹក​ចិត្ត​ គេ​ចាប់​ផ្ដើម​គិត​ដល់​ថ្ងៃ​ដែល​គេ​បរាជ័យ​នៅ​ក្នុង​មុខ​ជំនួញ​នោះ គិត​ដល់​អ្នក​ផ្ដល់​យោបល់​ទាំង​នោះ​នឹង​គិត​យ៉ាង​ណា​ចំពោះ​គេ​។ ប៉ុន្តែ​ដើម្បី​ឆ្លង​កាត់​ការ​ភ័យ​ខ្លាច​នេះ​អ្នក​គួរ​តែ​គិត​ត្រលប់​មក​វិញ​ថា ចុះ​បើ​អ្នក​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​នោះ​ តើ​ពួក​គេ​នឹង​គិត​យ៉ាង​ណា​ទៅ​វិញ។ ត្រូវ​ហើយ​គ្មាន​នរណា​អាច​ជោគជ័យ​​គ្រប់​រឿង​នោះ​ទេ ដូច្នេះ​ហេតុអ្វី​អ្នក​មិន​ស្ដាប់​តាម​គំនិត​ខ្លួន​ឯង សុបិន​ខ្លួន​ឯង​ហើយ​បោះ​ពួយ​អោយ​សំដៅ​ទៅ​គោលដៅ​នោះ?

២៖ ខ្លាច​ភាពក្រីក្រ

ឃ្លា​នេះ​អាច​ស្ដាប់​ទៅ​ធ្វើ​អោយ​ច្រឡំ ព្រោះ​មនុស្ស​​ខ្លាច​ភាព​ក្រីក្រ​នឹង​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​អ្នក​មាន ប៉ុន្តែ​នៅ​ក្នុង​ន័យ​នេះ​ការ​ដែល​អ្នក​ខ្លាច​ភាព​ក្រីក្រ​ធ្វើ​អោយ​អ្នក​រារែក ឬ​មិន​ហ៊ាន​បោះទុន​ដើម្បី​បើក​អាជីវកម្ម ឬ​បង្កើត​ក្រុមហ៊ុន​ក្នុង​ក្ដី​សុបិន​របស់​អ្នក។ ព្រោះ​តែ​ការ​ខ្លាច​ខាត​បង់​នេះ​ហើយ ទើប​អ្នក​មិន​អាច​បង្កើត​អ្វី​បាន​​ទាំង​អស់​ ហើយ​ក្ដីសុបិន​របស់​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​សម្រេច​បាន​ដែរ។

៣៖ ខ្លាច​អាយុ​ចាស់​ពេក

នៅ​ក្នុង​ដំណាក់កាល​មួយ​នៃ​ជីវិត​របស់​មនុស្ស​ មនុស្ស​នឹង​បោះបង់​ក្ដី​ប្រាថ្នា​ជា​ច្រើន​របស់​ខ្លួន នេះ​ជា​ការ​ពិត​របស់​ធម្មជាតិ។ ប៉ុន្តែ​តើ​អ្នក​ពិត​ជា​ចាស់​​ខ្លាំង​ពេក​​រហូត​​មិន​ចង់​សម្រេច​ក្ដី​សុបិន​របស់​អ្នក? បុគ្គល​មួយ​ចំនួន​ធ្លាប់​លើក​ឡើង​នៅ​ក្នុង​ការ​ផ្លាស់​ប្ដូរ​អាជីព “ខ្ញុំ​ធ្វើ​ការ​ផ្នែក​ធានា​រ៉ាប់រង​​ពេញ​មួយ​ជីវិត​មក​ហើយ ពេល​នេះ​ខ្ញុំ​អាយុ​៤៦​ឆ្នាំ​ តើ​ខ្ញុំ​អាច​ទៅ​​រៀន​​ពី​ការងារ​អចលនទ្រព្យ​ និង​ធ្វើ​ការងារ​នោះ​អោយ​ល្អ​បាន​ដោយ​របៀប​ណា​ទៅ?”

ទោះ​ជា​យ៉ាង​ណា​ក៏​អ្នក​មិន​ត្រូវ​យក​កត្តា​អាយុ​មក​វាស់​វែង​នៅ​ក្នុង​សមត្ថភាព​ការងារ ឬ​បើក​អាជីវកម្ម​នោះ​ទេ ព្រោះ​អាយុ​ពិត​ជា​មិន​សំខាន់​ដល់​ការ​ជឿ​លើ​ខ្លួន​​ឯង​ឡើយ។

៤៖ ខ្លាច​បរាជ័យ

ការ​ភ័យ​ខ្លាច​នេះ​កើត​ឡើង​ភាគ​ច្រើន​ទៅ​លើ​មនុស្ស​ដែល​ចូល​ចិត្ត​សួរ​ថា “ចុះបើ”។ ហើយ​ការ​សួរ​នោះ​សំដៅ​ទៅ​លើ​ផល​អវិជ្ជមាន​ដូច​ជា ចុះបើ​វា​មិន​ដំណើរការ? ចុះ​បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ត? ចុះ​បើ​វា​បរាជ័យ?

នេះ​ជា​សំនួរ​ខុស​សម្រាប់​អ្នក​ដែល​មាន​បំណង​ឆ្ពោះ​ទៅ​រក​ជោគជ័យ។ ជំនួស​អោយ​ការ​គិត​ថា​ខ្លួន​អ្នក​បរាជ័យ អ្នក​អាច​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ពី​របៀប​ណា​មួយ​ដែល​អ្នក​អាច​នឹង​ជោគជ័យ។ បើ​ទោះ​ជា​​អ្នក​បរាជ័យ ឬ​ធ្វើ​អោយ​មាន​កំហុស វា​នឹង​ផ្ដល់​ឱកាស​អោយ​អ្នក​បាន​ឆ្លុះ​បញ្ចាំង​​ឡើង​វិញ និង​កែ​តម្រូវ​កំហុស​នោះ។ អ្នក​ត្រូវ​តែ​បរាជ័យ មុន​នឹង​ជោគជ័យ។ បុគ្គល​ជោគជ័យ​ល្បីល្បាញ​ជា​ច្រើន​សុទ្ធ​តែ​បរាជ័យ​ម្ដង​នៅ​ក្នុង​ជីវិត។ ដូច្នេះ​កុំ​រារែក ឆាប់​បោះ​ជំហាន​សំដៅ​ទៅ​សម្រេច​ក្ដី​សុបិន​របស់​អ្នក​ទៅ!

៥៖ ខ្លាច​គេ​មើល​មក​ដូច​ឆ្កួត

ពាក្យ​នេះ​ដូច​ជា​ធ្ងន់​បន្តិច តែ​សម្រាប់​​មនុស្ស​សំដៅ​ទៅ​សម្រេច​គោល​បំណង​ធំ​គួរ​តែ​ទទួល​យក​ពាក្យ​គេ​ថា​ យើង​ឆ្កួត​នេះ​ទុក​ក្នុង​ចិត្ត។ មនុស្ស​មើល​រឿង​តែ​មួយ​ឃើញ​​ខុស​គ្នា ដូច្នេះ​ការ​ចាប់​ផ្ដើម​មួយ​ដែល​អ្នក​គិត​ថា ល្អ និង​អាច​សម្រេច​លទ្ធផល​ធំ អ្នក​ដទៃ​មួយ​ចំនួន​អាច​នឹង​គិត​ថា ការ​ចាប់​ផ្តើម​កិច្ចការ​នោះ​គឺ​ជា​រឿង​ឆ្កួត។ ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ សួរ​ខ្លួន​ឯ​ង​ថា​អ្នក​ស្រលាញ់​កិច្ចការ​នោះ​ទេ អ្នក​ចង់​បាន​លទ្ធផល​ចុង​ក្រោយ​របស់​វា​សម្រាប់​ជីវិត​របស់​អ្នក​ទេ ប្រសិន​បើ​អ្នក​ពិត​ជា​ស្រលាញ់ ហើយ​សុបិន​ចង់​សម្រេច​កិច្ចការ​នោះ កុំ​​ខ្វល់​រឿង​គេ​ថា​ អ្នក​ឆ្កួត តែ​ត្រូវ​បោះជំហាន​អោយ​លឿន​ទៅ​សម្រេច​កិច្ចការ​ក្នុង​ក្ដីស្រមៃ​របស់​អ្នក។

តើ​ការ​ភ័យ​ខ្លាច​ទាំង​​៥​នេះ​អ្នក​កំពុង​ខ្លាច​មួយ​ណា​ខ្លះ? អ្នក​ត្រៀម​នឹង​ជម្នះ​វា​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ដែរ​ទេ? ជូនពរ​អោយ​ដំណើរ​ផ្សងព្រេង​ក្នុង​ជីវិត​របស់​អ្នក​ទទួល​បា​ជោគជ័យ!

ប្រភព៖ EP

Leave a Reply

Your email address will not be published. Required fields are marked *