ភាពសោកស្ដាយទំាង ៥ យ៉ាងដែលមនុស្សមួយចំនួនតែងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន

ជីវិត

ការ​សិក្សា​ថ្មី​មួយ​​ដែល​ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ កូឡុមប៊ី បាន​រក​ឃើញ​ថា មនុស្ស​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ច្រើន​ជាង​៧០​លើក​ក្នុង​មួយ​ថ្ងៃ។

យោង​តាម​ការ​សិក្សា​របស់​សកលវិទ្យាល័យ តិក្សាស បាន​បង្ហាញ​ថា នៅ​ពេល​ត្រូវ​សម្រេច​ចិត្ត​ ខួរក្បាល​របស់​យើង​ផ្ដោត​លើ​រឿង​ជាក់​លាក់ និង​ការ​ចងចាំ​លម្អិត។

អ្នក​ស្រី Bronnie Ware បាន​បម្រើការ​ជា​គិលានុបដ្ឋាយិការ​​ពេញ​មួយ​ជីវិត អ្នក​ស្រី​ធ្វើ​តែ​ជាមួយ​មនុស្ស​ដែល​សល់​ពេល​សម្រាប់​ការ​រស់​នៅ​ចន្លោះ​ពី​៣​ទៅ​១២​ខែ។ អ្នក​ស្រី​បាន​ទម្លាប់​ក្នុង​សួរ​មនុស្ស​ទាំង​នោះ​ពី​រឿង​ដែល​ពួក​គាត់​សោកស្ដាយ​បំផុត​នៅ​ក្នុង​ជីវិត ហើយ​អ្នក​ស្រី​បាន​ស្ដាប់​រឿង​ប្រាប់​យ៉ាង​ដែល​អ្នក​ទាំង​នោះ​លើកឡើង​ម្នាក់​ហើយ​ម្នាក់​ទៀត។

ដោយ​ការ​ស្វែង​យល់​ពី​រឿង​​សោកស្ដាយ​ទាំង​៥​នេះ​ អ្នក​នឹង​ត្រៀម​ខ្លួន​ដើម្បី​គេច​ចេញ​ពី​ការ​ធ្លាក់​ខ្លួន​​ទៅ​ក្នុង​រឿង​សោកស្ដាយ​ទាំង​នេះ។

១៖ សម្រេច​ចិត្ត​ផ្អែក​លើ​អ្វី​ដែល​អ្នក​ផ្សេង​គិត

ពេល​ដែល​អ្នក​សម្រេច​ចិត្ត​ផ្អែក​លើ​​គំនិត​របស់​អ្នក​ដទៃ មាន​រឿង​ពីរ​ដែល​អាច​នឹង​កើត​ឡើង៖

– អ្នក​សម្រេច​ជ្រើស​យក​​អាជីព​មិន​ត្រឹម​ត្រូវ​៖ មាន​មនុស្ស​ជា​ច្រើន​ដែល​ចាប់​យក​ជំនាញ​សិក្សា​ហើយ​ស្ដាយ​ក្រោយ ឬ​ខ្លះ​ថែម​​ទាំង​ចំណាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​ធ្វើ​ការ​ដែល​ខ្លួន​មិន​ពេញ​ចិត្ត។ បើ​ទោះ​​ជា​អ្នក​ត្រូវ​ការ​ការ​យល់​ព្រម​ពី​អាណាព្យាបាល ដើម្បី​ចាប់ជំនាញ​សិក្សា និង​អាជីព ប៉ុន្តែ​ការ​សម្រេច​ចិត្ត​ខុស​ពី​ចំណង់ចំណូល​ចិត្ត​របស់​អ្នក​ អ្នក​នឹង​ត្រូវ​បំពេញ​ការងារ​នោះ​ពេញ​មួយ​ជីវិត។

– អ្នក​ក្បត់​នឹង​ខ្លួន​ឯង៖ ពេល​អ្នក​ដែល​គិត​ពី​អ្វី​ដែល​អ្នក​ជុំវិញ​ខ្លួន​​មើល​មក​អ្នក​ពេក ហើយ​ដើម្បី​សម្រប​ទៅ​តាម​ការ​គិត​របស់​អ្នក​ទាំង​នោះ អ្នក​អាច​នឹង​ធ្វើ​រឿង​ជា​​ច្រើន​បញ្ច្រាស់​នឹង​ការ​ពិត​នៅ​ក្នុង​ខ្លួន​អ្នក។

ដើម្បី​កុំ​អោយ​សោកស្ដាយ​​ដោយ​សារ​ការ​ធ្វើ​តាម​គំនិត​អ្នក​ដទៃ អ្នក​ត្រូវ​តែ​រំឭក​ខ្លួន​ថា គំនិត​របស់​មនុស្ស​គ្រាន់​តែ​ជា​គំនិត​ប៉ុណ្ណោះ។ មិន​ថា​ពួក​គេ​គិត​ថា អ្នក​អស្ចារ្យ ឬ​អន់​យ៉ាង​ណា​នោះ​ទេ នោះ​គឺ​គ្រាន់​តែ​ជា​គំនិត​របស់​ពេក​ប៉ុណ្ណោះ។ ការ​ពិត​របស់​អ្នក​គឺ​នៅ​​ក្នុង​ខ្លួន​អ្នក​ដែល​​គ្មាន​អ្នក​ទី​ពីរ​មើល​ដឹង​ក្រៅ​ពី​ខ្លួន​អ្នក​ទេ។

២៖ ប្រឹង​ធ្វើ​ការ​ពេក

ប្រឹង​ប្រែង​ធ្វើ​ការ​គឺ​ជា​មធ្យោបាយ​អស្ចារ្យ​បំផុត​ដើម្បី​ផ្លាស់​ប្ដូរ​ពិភពលោក ដើម្បី​រៀន ដើម្បី​រីកចម្រើន ដើម្បី​ទទួល​អារម្មណ៍​ជោគជ័យ ហើយ​ពេល​ខ្លះ​គឺ​ដើម្បី​ទទួល​បាន​សុភមង្គល ប៉ុន្តែ​វា​អាច​ក្លាយ​ជា​បញ្ហា​ពេល​ដែល​អ្នក​ប្រឹង​ប្រែង​រហូត​ភ្លេច​មនុស្ស​ដែល​នៅ​ជិត​អ្នក​បំផុត។

និយាយ​អោយ​ចំ​ទៅ​ ជា​ញឹកញាប់​យើង​​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ប្រាក់​ដើម្បី​មនុស្ស​ដែល​យើង​យក​ចិត្ត​ទុកដាក់ ឬ​ស្រលាញ់ តែ​យើង​អាច​នឹង​មិន​បាន​ដឹង​ថា​ ពួក​គេ​អោយ​តម្លៃ​លើ​ការ​នៅ​ជាមួយ ឬ​ការ​កំដ​របស់​អ្នក​ជាង​លុយ​​ទៅ​ទៀត។

រឿង​សំខាន់​គឺ​អ្នក​ត្រូវ​​ថ្លឹងថ្លែង​ពី​ពេល​វេលា​ដែល​អ្នក​ធ្វើ​កិច្ចការ​ដែល​អ្នក​ស្រលាញ់ និង​ពេល​វេលា​ដែល​អ្នក​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់។ បើ​មិន​ដូច្នោះ​ទេ ពេល​អ្នក​មាន​វ័យ​ជ្រេ​បន្តិច​អ្នក​នឹង​ប្រាថ្នា​អោយ​អ្នក​មាន​ពេលវេល​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់។

៣៖ បរាជ័យ​ក្នុង​ការ​សម្ដែង​ពី​អារម្មណ៍​​របស់​អ្នក

ការ​បង្ហាញ​អារម្មណ៍​របស់​អ្នក​ចេញ​ម​ក​ក្រៅ​ពេល​ខ្លះ​នឹង​ធ្វើ​អោយ​អ្នក​ឈឺ​ចាប់ ប៉ុន្តែ​វា​នឹង​ធ្វើ​អោយ​អ្នក​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ខ្លួន​ឯង។

ឧទាហរណ៍​ថា អ្នក​មាន​អារម្មណ៍​ថា​អ្នក​ទទួល​បាន​ប្រាក់​ខែ​មិន​សម​នឹង​ការងារ​របស់​អ្នក​ អ្នក​ត្រូវ​ណាត់​ជួប​​ថ្នាក់​គ្រប់គ្រង​របស់​អ្នក​ ហើយ​លើក​ពី​ហេតុផល​ថា​ហេតុ​អ្វី​ទើប​អ្នក​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​នេះ។

លទ្ធផល​មាន​តែ​ពីរ​ទេ ទីមួយ​គឺ​ថ្នាក់​គ្រប់គ្រង​របស់​អ្នក​នឹង​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​អោយ​អ្នក​ ទីពីរ​គឺ​​ប្រាប់​អ្នក​ពី​ចំណុច​ខ្វះខាត​របស់​​អ្នក​ ហើយ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ទទួល​បាន​ប្រាក់​ខែ​ដែល​អ្នក​ចង់​បាន។

៤៖ នៅ​មិន​រក្សា​មិត្តភាព​ជាមួយ​មិត្តភ័ក្ដិ​

ពេល​អ្នក​ដែល​មាន​ទម្លាប់​អ្វី​មួយ​ត្រូវ​ធ្វើ​ជារៀងរាល់​សប្ដាហ៍​ហើយ អ្នក​ងាយ​នឹង​ដាច់​ឆ្ងាយ​ពី​មនុស្ស​ដែល​សំខាន់​ចំពោះ​អ្នក ជា​ពិសេស​មនុស្ស​ដែល​អ្នក​ត្រូវ​ចំណាយ​ពេល​វេលា​ជាមួយ។

ទំនាក់​ទំនង​ជាមួយ​មិត្ត​ចាស់ៗ​គឺ​ជារឿង​ដែល​អ្នក​ត្រូវ​គិត​មុន​គេ​ពេល​ដែល​អ្នក​រវល់។ មិត្ត​ជិត​ស្និទ្ធ​បំផុត​នាំ​កម្លាំង​ចិត្ត​ អារម្មណ៍​ស្រស់ស្រាយ និង​វិញ្ញាណ​នៃ​ការ​មាន​គ្នា ដែល​អារម្មណ៍​បែប​នេះ​មិន​មាន​នរណា​អាច​បង្កើត​អោយ​អ្នក​បាន​ឡើយ​ក្រៅ​ពី​មិត្ត​ស្និទ្ធ​ស្នាល​របស់​អ្នក។

៥៖ មិន​ធ្វើ​ខ្លួន​អោយ​សប្បាយ

ពេល​ដែល​ជីវិត​ឈាន​ដល់​វ័យ​ជ្រេ​ខ្លាំង អារម្មណ៍​ដែល​​អ្នក​រង​ទុក្ខ​លំបាក​គឺ​មាន​ទំហំ​ធំ​ជាង​ការ​សោយសុខ​ដល់​ទៅ​៣​ដង។

ទោះ​បី​ជា​មនុស្ស​គ្រប់​រូប​ជៀស​មិន​ផុត​ពី​ការ​រង​​ទុក្ខ ឬ​ការ​ឈឺ​ចាប់ ប៉ុន្តែ​​របៀប​នៃ​ការ​ប្រឈម​នឹង​ទុក្ខ ឬ​ការ​ឈឺ​ចាប់​នោះ​សុទ្ធ​តែ​អ្នក​អាច​​គ្រប់​គ្រង​បាន គឺ​ដូច​ជា​លទ្ធភាព​ដែល​អាច​​ទទួល​យក​ក្ដីរីករាយ​ដូច្នោះ​ដែរ។ សូម​អ្នក​រៀន​សើច រៀន​ញញឹម ហើយ​ធ្វើ​ខ្លួន​អោយ​សប្បាយ ដើម្បី​ប្រកួត​ប្រជែង​នឹង​ពេល​វេលា​ដ៏​លំបាក​ក្នុង​ជីវិត៕

ប្រភព៖ BI

Leave a Reply

Your email address will not be published. Required fields are marked *