គន្លឹះទាំង ៦ ក្នុងការសរសេរតែងសេចក្តីភាសាអង់គ្លេសអោយបានល្អ!!

ចែករំលែក

ក្នុងការប្រើប្រាស់ភាសាមួយៗ ត្រឹមតែចេះនិយាយគឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។ ក្នុងនោះអ្នកត្រូវតែចេះប្រើប្រាស់វាក្នុងការសរសេរផងដែរ ដោយសារប្រសិនជាអ្នកចង់ធ្វើការអ្វីមួយដែលទាក់ទងនឹងភាសានោះ អ្នកប្រាកដជាត្រូវតម្រូវអោយប្រើប្រាស់ដើម្បីសរសេរជាអត្ថបទ រឺលិខិតអ្វីមួយជាក់ជាមិនខាន។

ថ្ងៃនេះយើង ចង់លើកបង្ហាញពីវិធីសរសេរតែងសេចក្តីភាសាអង់គ្លេសអោយបានល្អវិញម្តង ដោយសារវានឹងអាចផ្តល់ជាប្រយោជន៍ដល់អ្នកក្នុងការសិក្សា ក៏ដូចជាក្នុងការប្រកបការងារផងដែរ។ គន្លឹះទាំងនោះមានដូចជា៖

១. សរសេរ សរសេរ និងសរសេរ

អ្នកត្រូវមានទម្លាប់សរសេរជាប្រចាំទោះបីជាវាមិនចាំបាច់ក៏ដោយ។ ជារៀងរាល់ថ្ងៃ អ្នកអាចព្យាយាមសរសេរអត្ថបទអ្វីមួយខ្លីដោយប្រើប្រាស់ភាសាអង់គ្លេស។ អ្នកអាចសរសេរពីប្រធានបទអ្វីក៏បានដែរ អោយតែអ្នកនឹកឃើញចង់សរសេរ ព្រោះមានតែការអនុវត្តន៍តែមួយគត់ដែលអ្នកធ្វើអោយអ្នកជោគជ័យ។ នៅពេលដែលអ្នកមានទម្លាប់សរសេរកាន់តែច្រើន អ្នកនឹងចាប់ផ្តើមមានគំនិតច្រើនដូចគ្នា ដែលវានឹងជួយដល់អ្នកក្នុងការសរសេរតែងសេចក្តី មិនអោយអ្នកឈប់នៅនឹងមួយកន្លែងដោយសារតែអស់ពាក្យនិយាយ។

២. រៀបគម្រោងមុននឹងសរសេរ

ដើម្បីសរសេរតែងសេចក្តីមួយអោយមានលក្ខណះទាក់ទាញ និងសមហេតុផលតាមដើមចមរបស់ប្រធានបទ អ្នកគួររៀបគម្រោងតែងសេចក្តីអ្នកសិនមុនពេលដែលអ្នកចាប់ផ្តើមសរសេរ។ អ្នកត្រូវសិក្សាពីប្រធានបទដែលអ្នករៀបនឹងសរសេរ ហើយគិតមើលថាតើអ្នកចង់រៀបចំលំដាប់នៃការសរសេររបស់អ្នកដោយរបៀបណា ដូចនេះហើយទើបនៅពេលដែលអ្នកសរសេរតែងសេចក្តី វាមិនធ្វើអោយអ្នកវង្វេង រឺសរសេរដដែលៗ។ ការដែលធ្វើដូចនេះក៏ជួយអោយអ្នករៀបចំតែងសេចក្តីរបស់អ្នកអោយមានរបៀបរៀបរយល្អផងដែរ។

៣. អានអោយបានច្រើន

ការអានផ្តល់ផលប្រយោជន៍ណាស់ដល់ការសរសេរ ដោយសារនៅពេលដែលអ្នកអាន អ្នកមិនត្រឹមតែទទួលបានគំនិតល្អៗពីសៀវភៅដែលអ្នកបានអាននោះទេ អ្នកថែមទាំងអាចរៀនពីរបៀបដែលគេសរសេរ និងរៀបពាក្យមកប្រើប្រាស់ផងដែរ។ វាជាប្រយោជន៍ដ៏ធំសម្រាប់អ្នក នៅពេលដែលអ្នកត្រូវសរសេរពីប្រធានបទអ្វីមួយ។ នៅពេលដែលអ្នកមានគំនិតច្រើន និងស្គាល់ពាក្យច្រើនហើយ អ្នកនឹងរឹតតែអាចតែងសេចក្តីបានមកល្អទៀត។

៤. អានកិច្ចការចាស់ៗរបស់អ្នកដទៃ

ប្រសិនជាអ្នកត្រូវសរសេរពីប្រធានបទអ្វីមួយ ប៉ុន្តែអ្នកមិនអាចផ្គុំគំនិតមកសរសេរបានទាល់តែសោះ កុំទាន់បារម្ភអី។ អ្នកអាចរកមើលការងាររបស់អ្នកដទៃដែលគេធ្លាប់សរសេរពីមុននៅតាមគេហទំព័រនានានៅលើអ៊ីនធឺណែត ហើយអានសំនេររបស់ពួកគេ ដើម្បីរកគំនិតសរសេរពីប្រធានបទរបស់អ្នក។

៥. បន្ទាប់ពីសរសេរចប់ ត្រូវអានឡើងវិញ

នៅពេលដែលអ្នកកំពុងសរសេរ អ្នកប្រហែលជាមិនបានគិតគូរវែងឆ្ងាយដល់ការប្រកប រឺការប្រើប្រាស់ពាក្យបានត្រឹមត្រូវឥតខ្ចោះនោះទេ។ ដូចនេះវាជាការចាំបាច់ដែលអ្នកត្រូវអានសំនេររបស់អ្នកម្តងហើយម្តងទៀត ដើម្បីធានាអោយបានថាអ្វីដែលអ្នកសរសេរគឺអាចយកជាការបានហើយ ហើយវាគ្មានកំហុសអ្វីទៀតនោះទេ។

៦. ប្រើប្រាស់វេបសាយដើម្បីជួយក្នុងការសរសេរ

សម័យនេះ បច្ចេកវិទ្យារីកចម្រើនណាស់ អ្នកមិនចាំបាច់ទាល់តែមានមនុស្សម្នាក់មកអង្គុយប្រាប់អ្នកពីការសរសេររបស់អ្នកគ្រប់ពេលវេលានោះទេ ព្រោះពេលខ្លះគេក៏មានការងាររបស់គេផងដែរ។ ដូច្នេះហើយ អ្នកអាចរកមើលថាតើសំនេររបស់អ្នកមានកំហុសវេយ្យាករអ្វីរឺអត់ដោយគ្រាន់តែចូលទៅក្នុងវេបសាយមួយចំនួនដូចជា www.italki.com រឺ www.lang-8.com ដែលវេបសាយទាំងពីរនេះសុទ្ធតែមិនគិតប្រាក់។

សង្ឃឹមថាគន្លឹះទាំងនេះនឹងជួយអ្នកអោយសរសេរតែងសេចក្តីជាភាសាអង់គ្លេសអោយល្អជាងមុន៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *