សញ្ញាណ​ទាំង​៤ប្រាប់​ថា​ ទំនាក់ទំនង​របស់​អ្នក​នឹង​គង់វង្ស​រយៈពេល​វែង

ស្នេហា

និយាយ​ពី​ទំនាក់ទំនង​ស្នេហា​ហាក់​ទូលំទូលាយ​ពេក​ដើម្បី​យើង​អាច​កំណត់​ជា​គោលការណ៍​​ដើម្បី​វាស់វែង​ពី​​លទ្ធភាព​ដែល​អាច​បាក់​បែក ឬ​គង់វង្ស។ ទោះ​យ៉ាង​ណា​ប្រសិន​បើ​៤​ចំណុច​ខាង​ក្រោម​នេះ​ត្រូវ​នឹង​ស្ថានភាព​ក្នុង​ទំនាក់ទំនង​របស់​អ្នក នោះ​វា​គឺ​ជា​សញ្ញាណ​បញ្ជាក់​ថា ទំនាក់ទំនង​របស់​អ្នក​អាច​នឹង​គង់វង្ស​សម្រាប់​រយៈ​ពេល​វែង។

ប្រសិន​បើ​ទំនាក់ទំនង​របស់​​អ្នក​មិន​មាន​៤​ចំណុច​នេះ​ទេ អ្នក​ប្រហែល​ជា​ត្រូវ​ស្វែង​យល់​បន្ថែម​ពី​អារម្មណ៍​នា​ពេល​បច្ចុប្បន្ន​របស់​អ្នក​ និង​អ្វី​​ដែល​អ្នក​អាច​នឹង​ផ្លាស់​ប្ដូរ​នៅ​ថ្ងៃ​មុខ។

១៖ អ្នក​ចូល​ចិត្ត​គ្នា​ដោយ​ត្រង់

ជា​ទូទៅ​មនុស្ស​ចូល​ចិត្ត​អ្នក​​ដែល​មាន​ចរិត​ស្រដៀង​នឹង​ខ្លួន បើ​ទោះ​ជា​អ្នក​នោះ​មាន​ចរិត​ខុស​ប្លែក​ពី​អ្នក​ដទៃ​បន្តិច​ក៏​ដោយ។ ការ​ដែល​អ្នក​ចូល​ចិត្ត​គេ​តាម​ចរិត​របស់​គេ ហើយ​គេ​ចូល​​ចិត្ត​អ្នក​តាម​ចរិត​របស់​អ្នក​មិន​ទាមទារ​ការកែ​ប្រែ​អ្វី​​នោះ​វា​គឺ​ជា​សញ្ញាណ​ដ៏​ល្អ​មួយ​នៅ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក។

២៖ ដៃ​គូ​របស់​អ្នក​ជា​មនុស្ស​កក់​ក្ដៅ អាច​ទុក​ចិត្ត​បាន អាច​ពឹង​ផ្អែក​បាន​

មនុស្ស​មាន​លក្ខខណ្ឌ​ក្នុង​ការ​ជ្រើសរើស​ដៃ​គូ​ខុសៗ​គ្នា ​មិន​ថា​ស្រី​ឬ​ប្រុស​ទេ អ្នក​ខ្លះ​អោយ​តម្លៃ​ទៅ​លើ​​រូបរាង ជាជាង​លុយ​ ឬ​ឋានៈ ចំណែក​អ្នក​ខ្លះ​ផ្ទុយ​មក​វិញ​អោយ​តម្លៃ​ទៅ​លើ​លុយ​ និង​ឋានៈ​ ជាជាង​រូបរាង។ ប៉ុន្តែ​ទោះ​បើ​មាន​ភាព​ខុស​គ្នា​យ៉ាង​នេះ​ក្ដី មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​អោយ​​តម្លៃ​ និង​រើស​ដៃ​គូ​ដោយ​ផ្អែក​ទៅ​លើ ភាព​កក់​ក្ដៅ អាច​ជឿ​ទុក​ចិត្ត​បាន និង​ពឹង​ពាក់​បាន។

៣៖ ដៃ​​គូ​របស់​អ្នក​មាន​ស្ថានភាព​ប្រហាក់​ប្រែល​នឹង​មិត្តភ័ក្ដិ​អ្នក​

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ស្នេហា​ មិន​​ដើរ​តួ​ជា​ប្រធាន​​តែ​មួយ​មុខ​ទេ គឺ​ជា​កម្មបទ​ដែរ។ សូម្បី​តែ​មនុស្ស​មិន​ធ្លាប់​ស្គាល់​អ្នក​សោះ ក៏​គង់​នឹង​យក​ដៃ​គូ​របស់​អ្នក​ទៅ​ប្រៀប​ធៀប​ជាមួយ​នឹង​មិត្ត ឬ​អ្នក​ជុំ​វិញ​ខ្លួន​អ្នក។

បញ្ហា​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​​ទំនាក់ទំនង​ស្នេហា​ នៅ​ពេល​​ដែល​ដៃគូ​របស់​អ្នក​ហាក់​ខុសប្លែក​ពេក​ពី​មិត្ត ឬ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក នេះ​យើង​សំដៅ​ទៅ​លើ​រូបរាង​ របៀប​រស់​នៅ ឋានៈ ទ្រព្យ អត្តចរិត ភាពទាក់ទាញ​ជាដើម។

ជា​រួម​ទៅ ពេល​ដែល​អ្នក​មាន​ដៃ​គូ​ដែល​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​មិត្តភ័ក្ដិ និង​មនុស្ស​ជុំ​វិញ​ខ្លួន​អ្នក នោះ​ទំនាក់ទំនង​របស់​អ្នក​នឹង​រលូន​ ហើយ​មាន​សក្ដានុពល​សម្រាប់​រយៈ​ពេល​វែង។

៤៖ ដៃ​គូ​របស់​អ្នក​ធ្វើ​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​ពី​ខ្លួន​ឯង

ជា​ការពិត​មនុស្ស​ត្រូវ​ការ​ទំនុក​ចិត្ត​ និង​ការ​ពេញ​ចិត្ត​លើ​ខ្លួន​ឯង​គឺ​ជា​រឿង​សំខាន់។ ចុះ​បើ​ដៃ​គូ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​រួម​ចំណែក​ធ្វើ​អោយ​អ្នក​មាន​ទំនុក​ចិត្ត​ និង​ពេញ​ចិត្ត​លើ​ខ្លួន​អ្នក​ថែម​មួយ​កម្រិត​ទៀត​នោះ​ អ្នក​គិត​ថា​បច្ច័យ​នេះ​រួម​ចំណែក​ក្នុង​ការ​សាង​ទំនក់ទំនង​រយៈ​ពេល​វែង​ទេ?

តើ​៤​ចំណុច​ខាង​លើ​ អ្នក​មាន​ប៉ុន្មាន​ចំណុច​នៅ​ក្នុង​ទំនាក់​ទំនង​របស់​អ្នក​នាពេល​នេះ?

ប្រភព៖ Businessinsideer

Leave a Reply

Your email address will not be published. Required fields are marked *