ហេតុផលទំាង ៤ យ៉ាង ដែលបង្ហាញថាអ្នកដល់ពេលវេលា​ត្រូវ​លាឈប់​ពី​ការងារហើយ

ជីវិត

ជា​ការ​ពិត​ក្រោយ​បម្រើការ​នៅ​កន្លែង​មួយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ មនុស្ស​ជា​ច្រើន​តែង​ពិចារណា​ពី​ការ​លា​ឈប់ ទោះ​​ជា​ក្នុង​រូបភាព​ទៅ​ចាប់​ការងារ​នៅ​កន្លែង​ថ្មី ឬ​ដំណើការ​អាជីវកម្ម​ដោយ​ខ្លួន​ឯង។

មនុស្ស​គ្រប់​គ្នា​សម​នឹង​ទទួល​បាន​ភាព​រីករាយ​នៅ​កន្លែង​ធ្វើ​ការ​ដូច្នេះ​ហើយ​ស្ថានភាព​នៅ​កន្លែង​ការងារ​ជា​កត្តា​សំខាន់​ចំពោះ​ការ​សម្រេច​របស់​បុគ្គលិក។

ប៉ុន្តែ​មុន​នឹង​លា​ឈប់​ពី​កន្លែង​ធ្វើ​ការ​របស់​អ្នក​ដោយ​ប្រញាប់ញាល់ អ្នក​គួរ​តែ​ពិចារណា​ដល់​​បរិយាកាស​កន្លែង​ការងារ​បែប​ណា​ដែល​អ្នក​គិត​ថា​ស័ក្ដិ​សម​នឹង​អ្នក។ រឿង​មួយ​ទៀត​ដែល​អ្នក​គួរ​តែ​ចងចាំ​គឺ ការ​ស្វែង​ការងារ​ថ្មី​គឺ​ជា​រឿង​ងាយ​ស្រួល​ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ការ​នៅ​កន្លែង​មួយ។

ដូច្នេះ​មុន​នឹង​អ្នក​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​កន្លែង​មួយ​អ្នក​គួរ​ថ្លឹង​ថ្លែង​ពី​ស្ថានភាព នឹង​លទ្ធផល​ដែល​​អាច​នឹង​កើត​ឡើង។ ខាង​ក្រោម​នេះ​ជា​តម្រុយ​នៃ​ការ​វាស់​ស្ទង់​ដើម្បី​ថ្លឹងថ្លែង​ថា អ្នក​ដល់​ពេល​ត្រូវ​លា​ឈប់​ពី​កន្លែង​ការ​ងារ​បច្ចុប្បន្ន​ហើយ​ឬ​នៅ?

មហិច្ឆតា

ជា​ការ​ពិត​អ្នក​ចង់​អោយ​អាជីព​របស់​អ្នក​ប្រសើរ​ និង​បោះ​ជំហាន​ទៅ​មុខ។ ប៉ុន្តែ​ដំបូង​អ្នក​ត្រូវ​តែ​មាន​គោលដៅ​នៅ​ក្នុង​គំនិត​​សិន បើ​មិន​ដូច្នោះ​ទេ​អ្នក​នឹង​បន្ត​ត្រាច់ចរ​ដោយ​គ្មាន​គោលដៅ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ។ ដូច្នេះ​ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​គិត​ពី​គោលដៅ​រយៈ​ពេល​វែង​របស់​អ្នក​ទេ ចូរ​ធ្វើ​នៅ​ពេល​នេះ។ ចូរ​គិត​ពី ការងារ​ និង​ទំនួល​ខុស​ត្រូវ​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​រយៈពេល​៥ឆ្នាំ ១០​ឆ្នាំ​​ក្រោយ ហើយ​ថា​តើ​ការងារ​បច្ចុប្បន្ន​របស់​អ្នក​​កំពុង​តម្រង់​ទិស​អ្នក​​ទៅ​កាន់​គោលដៅ​នោះ​ទេ?

ជំនាញ

អ្នក​នឹង​ពេញ​ចិត្ត​នៅ​ក្នុង​តួនាទី​មួយ​ដែល​អ្នក​អាច​ប្រើ​ជំនាញ​របស់​អ្នក​ដែល​មាន​ស្រាប់ ហើយ​ពង្រីក​ចំណេះ​ដឹង​ដោយ​ការ​រៀន​ជំនាញ​ថ្មី​រាល់​ថ្ងៃ។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា មិន​សូវ​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការងារ អ្នក​អាច​នឹង​មិន​មាន​បរិយាកាស​ការងារ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង និង​ធ្វើ​ការ​អោយ​អស់​ពី​សក្ដានុពល​របស់​អ្នក។ ដូច្នេះ​ចូរ​សួរ​ខ្លួន​ឯង​ថា អ្នក​បាន​​ប្រើ​ជំនាញ​នៅ​ក្នុង​ការងារ​បច្ចុប្បន្ន​របស់​អ្នក​​ដល់​ចំណុច​ខ្ពស់​បំផុត​ហើយ​នៅ ហើយ​អ្នក​កំពុង​អភិវឌ្ឍ​ជំនាញ​ថ្មី​ឬ​ទេ?

រង្វាន់​លើក​ទឹក​ចិត្ត

កញ្ចប់​ប្រាក់​លើក​ទឹក​ចិត្ត​ និង​ចំណូល​របស់​អ្នក​គឺ​ជា​រឿង​សំខាន់។ ប៉ុន្តែ​លុយ​មិន​មែន​ជា​អ្វី​គ្រប់​យ៉ាង​ទេ អ្នក​អាច​នឹង​ទទួល​បាន​ប្រាក់​ខែ​គុណ​នឹង​៦​ដង ហើយ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​មិន​ពេញ​ចិត្ត​នឹង​កន្លែង​ការងារ។ ការងារ​របស់​អ្នក​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត រង្វាន់​លើក​ទឹក​ចិត្ត​ដែល​ចេញ​ពី​ការងារ​ប្រឹង​ប្រែង​ធ្វើការ​ប្រចាំ​ថ្ងៃ។

ភាពជា​អ្នក​ដឹកនាំ

ទំានាក់ទំនង​មិន​ល្អ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គឺ​ជា​ហេតុ​ផល​ចម្បង​ដែល​​បុគ្គលិក​ជា​ច្រើន​ តាម​ប្រមាញ់​រក​ការងារ​ថ្មី។ អ្នកត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​​ថ្នាក់​ដឹក​នាំ​របស់​អ្នក​ពិត​ជា​បញ្ហា​យ៉ាង​ប្រាកដ​នៅ​កន្លែង​ធ្វើ​ការ​​មែនទេ ហើយ​ជា​ពិសេស​ប្រសិន​បើ​គាត់​មិន​ទុក​ប្រយោជន៍​របស់​អ្នក​នៅ​ក្នុង​ចិត្ត។

មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ធំៗ ដូចជា​ការ​ផ្លាស់​ប្ដូរ​ការងារ​ជាដើម វា​គឺ​ជា​ការ​គិត​ពិចារណា​យ៉ាង​ល្អិតល្អន់ និង​ពិនិត្យ​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក។ ពេល​អ្នក​ដឹង​ចម្លើយ​ចំពោះ​ចំណុច​ទាំង​នេះ​ហើយ ពេល​នោះ​អ្នក​នឹង​ច្បាស់​ពី​ចំណុច​ខ្វះ​ខាត និង​អ្វី​ដែល​រៀបរយ​ហើយ។ ពេល​នោះ​អ្នក​អាច​សម្រេច​ចិត្ត​ប្រកប​ដោយ​ហេតុ​ផល​ជាមួយ​នឹង​គោលដៅ​ច្បាស់​លាស់​បាន​ហើយ៕

 

ប្រភព៖ INC

Leave a Reply

Your email address will not be published. Required fields are marked *