​មូលហេតុ​ទាំង 8 យ៉ាងដែលធ្វើ​ឲ្យ​មនុស្ស​ប្រុស​​ភ័យ​ខ្លាច​​ពេល​និយាយ​ដល់​​រឿង​រៀបការ

ស្នេហា

មនុស្ស​ស្រី​ភាគ​ច្រើន បើ​ស្រឡាញ់​អ្នក​​ណា​ហើយ​ក៏​តែង​ចង់​ឲ្យ​មនុស្ស​ម្នាក់​នោះ​ក្លាយ​ជា​មនុស្ស​ចុង​ក្រោយ​ដែល​អាច​រៀបការ​ជាមួយ​គ្នា និង​រស់​នៅ​ជាមួយ​គ្នា​រហូត​ដល់​ស្លាប់ ប៉ុន្តែ​ហេតុអ្វី​​មនុស្ស​ប្រុស​ធ្វើ​​ធម្មតា​ៗ ហាក់​ដូច​មិន​មាន​រឿង​អ្វី​សោះ? ប៉ុន្តែ​ទោះ​យ៉ាង​ណា​មុន​នឹង​ទៅ​រក​រឿង​ស្ដីបន្ទោស​ខាង​ប្រុស ស្រី​ៗ​យើង​ត្រូវ​ស្វែង​រក​ដើម​ហេតុ​ឲ្យ​បាន​ដឹង​ជា​មុន​សិន​ថា​ហេតុ​អ្វី​បាន​ជា​គេ​មើល​ទៅ “មិន​ចង់​រៀបការ” ពុំ​ដូច្នោះ​ទេ​គេ​នឹង​មាន​អារម្មណ៍​រង​សម្ពាធ​កាន់​តែ​ខ្លាំង រហូត​ដោះដៃ​ពី​យើង​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​មូលហេតុ៖

១. គេ​នៅ​ស្ដាយ​ភាព​នៅ​លីវ

ពី​បុរស​ម្នាក់​ដែល​​មាន​សេរី​ភាព ចង់​ទៅ​ណា​ក៏​ទៅ​ហ្នឹង មិត្តភ័ក្ដិ​បបួល​ទៅ​ណា​ក៏​ទៅ​បាន តែ​បើ​រៀបការ​ហើយ​គឺ​នឹង​ត្រូវ​ត្រលប់​មក​ផ្ទះ​ឲ្យ​ទាន់​ពេល​ទាន់​វេលា លួច​មើល​ស្រីផ្សេង​​ក៏​មិន​បាន។ គេ​ប្រហែល​ជា​មាន​គំនិត​ដូច្នេះ។

២. គេ​មិន​ប្រាកដ​ប្រជា​ជាមួយ​យើង

ស្ដាប់​ទៅ​គួរ​ឲ្យ​ឈឺ​ចិត្ត ប៉ុន្តែ​វា​គឺ​ជា​រឿង​ពិត​ណា​ស្រី​ៗ។ រវាង​យើង​និង​គេ​ប្រហែល​ជា​អាច​មាន​អ្វី​ម្យ៉ាង​ដែល​នៅ​មិន​ទាន់​​ចូល​គ្នា​១០០% ដែល​ធ្វើ​ឲ្យ​គេ​នៅ​ស្ទាក់ស្ទើរ​ថា​ទំនាក់ទំនង​លើក​នេះ​អាច​ឈាន​ដល់​ការ​រៀបការ​ដែរ​ឬ​ក៏​អត់។

៣. គេ​ខ្លាច​ការ​ផ្លាស់​ប្ដូរ

មិន​មែន​គេ​មិន​ស្រឡាញ់​យើង​ទេ គ្រាន់​តែ​គេ​អាច​នឹង​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ថា​ការ​រៀបការ​វា​នឹង​ល្អ​ដូច​ក្នុង​រឿង​ដែរ​ឬ​ក៏​អត់ ហើយ​មិត្ត​ស្រី​ដែល​គួរ​ឲ្យ​ស្រឡាញ់​ដូច​យើង តើ​អាច​ក្លាយ​ជា​ពូកែ​រអ៊ូ ឬ​កាច​ដែរ​ឬ​អត់​ពេល​ក្លាយ​ជា​ប្រពន្ធ។

៤. អត់​លុយ

នេះ​ជា​បញ្ហា​ធំ​សម្រាប់​ជីវិត​គូ​តែ​ម្ដង។ ជួន​កាល​មនុស្ស​ស្រី​​ នៅ​ពេល​និយាយ​ដល់​រឿង​រៀបការ​អាច​នឹង​នឹក​ឃើញ​មុន​គេ​ដល់​ការ​តុបតែង​ស្អាត​ៗ​ក្នុង​ពិធី ប៉ុន្តែ​ខាង​ប្រុស​អាច​នឹង​មាន​សម្ពាធ​មួយ​ថ្លៃ​បណ្ណាការ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ជីវិត​ក្រោយ​មង្គលការ​ទៅ​ជា​យ៉ាង​ណា តើ​គេ​អាច​ចិញ្ចឹម​យើង​បាន​ដែរ​ឬ​ក៏​អត់។

៥. គេ​មាន​បទពិសោធន៍​មិន​ល្អ​កន្លង​មក

បុរស​ដែល​មាន​ឪពុក​ម្ដាយ​លែងលះ​គ្នា​ ឬ​ធ្លាប់​ឃើញ​ប្ដី​ប្រពន្ធ​គេ​បែកបាក់​គ្នា អាច​នឹង​​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​ការ​កសាង​គ្រួសារ ព្រោះ​ខ្លាច​ជួប​ប្រទះ​បញ្ហា​នេះ​ដែរ។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ពេល​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គាត់​ជឿជាក់​លើ​ស្នេហា​របស់​យើង​បំផុត។

៦. គេ​នៅ​ជាប់​រវល់​ការងារ​ខ្លាំង

មនុស្ស​ប្រុស​ភាគ​ច្រើន​រមែង​ចាត់​ទុក​ការងារ​ជា​អាទិភាព​ទី​មួយ​ដែល​ត្រូវ​ជោគជ័យ​ស្រាប់​ទៅ​ហើយ ព្រោះ​គេ​ត្រូវ​ការ​ស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច និង​ភាព​ជោគជ័យ​ក្នុង​ជីវិត​ឲ្យ​បាន​ឆាប់​បំផុត។ ដូច្នេះ​ហើយ​ទើប​គេ​លះបង់​ខ្លាំង​ជាមួយ​ការងារ។ បើ​គេ​មាន​គំនិត​បែប​នេះ អ្នក​គួរ​រង់​ចាំ ព្រោះ​គ្រប់​យ៉ាង​ដែល​គេ​ធ្វើ​គឺ​ដើម្បី​អនាគត​របស់​អ្នក​ទាំង​ពីរ។

៧. សម្ពាធ​ឪពុក​ម្ដាយ

ក្នុង​ជីវិត​ពិត ជីវិត​គូ​មិន​មែន​ជា​រឿង​របស់​មនុស្ស​តែ​ពីរ​នាក់​ទេ មិន​ថា​ឪពុក​ម្ដាយ​យើង​មិន​ពេញ​ចិត្ត​គាត់ ឬ​ឪពុក​ម្ដាយ​របស់​គាត់​មិន​ពេញ​ចិត្ត​យើង គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ស្នេហា​របស់​យើង​មិន​រលូន​ដូច​គ្នា។

៨. មិន​ឲ្យ​តម្លៃ​លើ​ការ​រៀបការ

មនុស្ស​ប្រុស​ខ្លះ​ពេញ​ចិត្ត​​នឹង​ការ​រស់​នៅ​ជាមួយ​គ្នា​ធម្មតា​ៗ ​ខ្លះ​ក៏​គិត​ថា​​សំបុត្រ​អាពាហ៍ពិពាហ៍​ក៏​គ្រាន់​តែ​ជា​ក្រដាស​មួយ​សន្លឹក ឬ​ការ​រៀប​ចំ​ពិធី​មង្គលការ​ក៏​គ្រាន់​តែ​ជា​ការ​ចំណាយ​លុយ​ចោល​ឥត​ប្រយោជន៍។ បើ​គេ​មាន​គំនិត​បែប​នេះ អ្នក​ត្រូវ​មក​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់​ថា​ការ​គិត​របស់​យើង​ និង​ការ​គិត​របស់​គាត់​ដូច​គ្នា​​ឬ​អត់។

បើ​យើង​ពិត​ជា​ចង់​រៀបការ​ពិត​មែន ប៉ុន្តែ​ខាង​ប្រុស​មិន​ទាន់​ត្រៀម​ខ្លួន​​ល្អ អ្នក​គួរ​តែ​និយាយ​គ្នា​តាម​សម្រួល ចិត្ត​ត្រជាក់ ស្ដាប់​ហេតុផល​គ្នា​ទៅ​វិញ​ទៅ​មក និង​អត់​ធ្មត់​រង់​ចាំ។ ជម្រើស​ល្អ​គឺ​គួរ​តែ​ដាក់​គោលដៅ​តែ​ម្ដង​ថា​គ្រោង​រៀបការ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត បើ​ដល់​ពេល​កំណត់​ហើយ​គេ​នៅ​តែ​ព្រងើយ​ៗ អ្នក​ប្រហែល​ជា​ត្រូវ​ពិចារណា​តែ​ម្ដង​ថា​ត្រូវ​​ដើរ​ចេញ ឬ​សុខ​ចិត្ត​រង់ចាំ​រហូត​ដល់​ខក​ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *