ការគិតទំាង ៣ យ៉ាង​ដែល​អាចធ្វើអោយអ្នកមានបញ្ហា​ក្នុង​ជីវិត និងក្លាយទៅជាមនុស្សបរាជ័យទាំងមិនដឹងខ្លួន

ចែករំលែក

ព្រះតេជព្រះ​គុណ​ Dalai​ Lama​ ធ្លាប់​មានដីកាថា​ នៅ​ពេលដែល​លោកអ្នក​សម្រេច​ថា អ្វីដែលលោក​អ្នកដឹង​មានសារៈសំខាន់​ជាង​អ្វីដែល​គេ​បង្រៀន​ឱ្យលោក​​អ្នកជឿនោះ​ លោក​អ្នក​នឹងបង្កើន​ល្បឿន​ឆ្ពោះទៅរ​កភាព​សម្បូរ​រុងរឿង។​ ជោគជ័យកើតចេញ​ពីខាងក្នុង​ មិនមែន​បានមក​ពីខាងក្រៅទេ​។

ការកំណត់​ព្រំដែនជំនឿ​អាចរារាំងលោកអ្នក​មិនឱ្យរីកចម្រើន​ ឬ​ទៅណា​បានវែងឆ្ងាយ​ទេ។​ ខាងក្រោម​នេះជាជំនឿ៣​យ៉ាងដែល​គួរតែបោះបង់​ចោល​ដើម្បីធ្វើឱ្យ​ជីវិតឈានទៅរក​គោលដៅ​ដែលលោកអ្នក​ចង់បាន​៖

១/ អ្នកដទៃកំណត់ជោគជ័យរបស់លោកអ្នក

នៅពេលលោក​អ្នកស្តាប់​ឮរឿងរ៉ាវ​របស់​មនុស្សជោគជ័យ​ច្រើនប្រភេទ​រាល់ថ្ងៃ ​លោកអ្នក​ហាក់វង្វេង​នឹងនិយមន័យ​របស់ជោគជ័យ។​ ពេល​ខ្លះ​និយមន័យ​របស់​ជោគជ័យ​គឺការរស់នៅ​តាមរបៀប​ដែលគ្រួសារ​លោកអ្នករំ​ពឹងចង់បាន​។ លោកអ្នកប្រហែល​ជាចង់ឱ្យភ្នែករបស់​សង្គមមើលមក​ក្នុងផ្លូវល្អ​ ដូច្នេះ​កត្តាខាងក្រៅជា​អ្នកកំណត់ជោគជ័យ​របស់លោកអ្នក​។​ ប៉ុន្តែ​នៅទីបំផុត​ មានតែ​ខ្លួនលោកអ្នកទេ​ដែលជាអ្នកកំណត់​និយមន័យជោគជ័យ​សម្រាប់ខ្លួនឯង​ព្រោះ​ក្តីសុខពិតប្រាកដ​កើតចេញ​ពីខាងក្នុងចិត្ត​។

 

២/ លោកអ្នកគិតថាទាល់តែមានផែនការពេញមួយជីវិតទើបចាប់ផ្តើម

អ្នកខ្លះ​ទើបតែរៀនចប់ក៏សំឡឹង​មើលវិសាលភាព​នៃលទ្ធភាព​ដែលមាន​នៅខាងមុខ​ ហើយ​គិតថា​គេត្រូវតែមានផែនការពេញ​មួយជីវិត​ទើបអាច​ចាប់ផ្តើ​មបាន។​ រឿងបែប​នេះក៏អាចកើតមានចំពោះ​សហគ្រិនជើង​ចាស់ដែល​ចង់ចាប់ផ្តើមគម្រោងថ្មីៗ​ដែរ។​ សច្ចភាព​ដែលសាមញ្ញ​បំផុត​តែមនុស្ស​ច្រើន​មើលរំលងនោះគឺថា​ បើមិនព្រមបោះជំហាន​ទៅមុខទេ​ លោកអ្នក​មិនអាចចេញ​ដំណើរ​ទៅ​ណារួចឡើយ​។​ មនុស្ស​ដែលភ័យខ្លាច​ក្នុងការចាប់ផ្តើម​ ច្រើន​តែគិត​ថាប្រសិន​បើគេបោះជំហាន​ទៅលើផ្លូវ​ណាមួយហើយ​ គេនឹង​មិនអា​ចកែខៃ​ស្ថានការបានទេ។​ ផ្ទុយទៅវិញ​ ដើម្បី​ជោគជ័យ​ ត្រូវ​ចាប់ផ្តើ​មអនុវត្ត​ដោយប្រុង​ប្រយ័ត្នមួយជំហានម្តង​ ហើយនៅ​ពេលដល់ផ្លូវបំបែក​ លោកអ្នកនឹង​ដឹងដោយ​ខ្លួនឯង​ថាតើត្រូវជ្រើសរើស​ផ្លូវណាមួយ​មិនខានឡើយ​។

 

៣/ លោកអ្នកភ័យខ្លាចបរាជ័យ

បុគ្គលដែលសម្រេច​បានជោគជ័យ​តែងស្គាល់​ពាក្យមួយឃ្លាថា​ ធ្លា​ប់សាក​ល្បង​ ធ្លាប់​បរាជ័យ​ មិនខ្វល់ថាវា​ទៅជាយ៉ាងណាទេ​ បរាជ័យ​ហើយ​បរាជ័យទៀត​ ត្រូវ​តែបរាជ័យ​ឱ្យបានល្អ​។

បរាជ័យ​មិនមែនជា​ទីបញ្ចប់​នៃពិភពលោក​នេះទេ​។​ តាមការពិត​ បរាជ័យ​មធ្យោបាយ​ចម្បង​មួយ​ដែលលោកអ្នក​នឹងរៀនសូត្រ​អភិវឌ្ឍភាព​ក្លាហាន​។ បរាជ័យបង្រៀន​លោកអ្នកឱ្យចេះ​ឱនលំទោន​ យល់ចិត្តអ្នកដទៃ​ និងចេះច្នៃ​ប្រឌិត។​ នៅពេលលោកអ្នក​យល់ច្បាស់​ថា​បរាជ័យជារឿង​មិនអាចជៀសរួច​ ហើយវា​ជាផ្នែកមួយនៃដំណើរឈានទៅ​រកជោគជ័យ​ លោកអ្នកនឹងមិនសូវ​ខ្លាចទៀតទេ​៕

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *