អាជីវក​ម្ម ឬជំនួញរបស់​អ្នក​កាន់​តែ​រឹងមាំ បើសិនជាអ្នករក្សាផ្នត់គំនិតទាំង ៥ យ៉ាងនេះនៅក្នុងខ្លួនរបស់អ្នក

ជំនួញ

ធ្វើ​ជា​សហគ្រិន​មិនគ្រាន់​តែ​បើក​ដំណើរការ​អាជីវកម្ម​របស់​អ្នក​នោះ​ទេ។ មនុស្ស​ទិញ​អ្វី​​ម្យ៉ាង​ពី​នរ​ណា​ម្នាក់ ឬ​គំនិត​ដែល​នៅ​ពី​ក្រោយ​អាជីវកម្ម។ ពួក​គេ​សម្រេច​ចិត្ត​ទិញ​ពេល​ពួក​គេ​ស្គាល់​សហគ្រិន​ ហើយ​ចូល​ចិត្ត​គេ ឬ​ចូល​ចិត្ត​អាជីវកម្ម​នោះ និង​​មាន​ទំនុក​ចិត្ត។​ អ្នក​ត្រូវ​តែ​បន្ត​រីកចម្រើន​ក្នុង​នាម​ជាបុគ្គល​ដែល​ជា​សហគ្រិន​ទទួ​ល​បាន​ការ​ទុក​ចិត្ត​ពី​អតិថិជន និង​អ្នក​ណែនាំ​ផលិតផល​របស់​អ្នក​ទៅ​កាន់​អតិថិជន។

 

មាន​វិធី​៥​ដែល​​សាមញ្ញ ប៉ុន្តែ​សំខាន់​ដែល​អ្នក​អាច​រីកចម្រើន និង​ក្លាយ​ជា​សហគ្រិន​​រឹងមាំ។ វិធី​នេះ​នឹង​ធ្វើ​អោយ​អ្នក​លូតលាស់​នៅ​ក្នុង​ជីវិត និង​​ពាណិជ្ជកម្ម​របស់​អ្នក ប្រសិន​បើអ្នក​តាំង​ចិត្ត​​​​ធ្វើ​អោយ​​ជាក់លាក់។ មិន​ថា​អ្នក​រក​លុយ​បាន​ប៉ុន្មាន​នោះ​ទេ អ្នក​តែង​តែ​នៅ​មាន​វិធី​ដើម្បី​លូតលាស់៖

 

១៖ បង្កើត​ទម្លាប់​ដើម្បី​សុខភាព

ទម្លាប់​គឺ​ជា​គន្លឹះ​ដើម្បី​​ការ​ផ្លាស់​ប្ដូរ​​នៅ​ក្នុង​ជីវិត។ ប្រការ​នេះ​មិន​អាច​ជា​រឿង​ដែល​ត្រូវ​ចុះ​ក្នុង​បញ្ជី​សម្រាប់​អនុវត្ត​នោះ​ទេ វា​ត្រូវ​ជា​របៀប​ដែល​អ្នក​រស់​នៅ។ បង្កើត​ទម្លាប់​ដែល​ធ្វើ​អោយ​សុខភាព​ល្អ​គឺ​ជា​របៀប​រស់​នៅ​ដែល​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​រៀងរហូត។ បង្កើត​​ទម្លាប់​ដែល​ជួយ​អ្នក​សម្រេច​គោលដៅ​ជីវិត និង​ជំនួញ​របស់​អ្នក។ ហើយ​ទង្វើ​នេះ​ក៏​អាច​មាន​ន័យ​ថា គេច​ចេញ​ពី​​រឿង​ដែល​មិន​ល្អ​សម្រាប់​ការ​រស់​នៅ និង​ជះ​ផល​មិន​ល្អ​ដល់​ជំនួញ​របស់​អ្នក​ដែរ។ ហាត់ប្រាណ ទទួល​ទាន​អាហារ​ល្អ និង​អាន គឺ​ជា​ទម្លាប់​ខ្លះ​ៗ​ដែល​ជួយ​អ្នក​អោយ​រីក​ចម្រើន។

 

២៖ បន្ត​ធ្វើ​ជា​សិស្ស

ដើម្បី​ឈាន​ដល់​កម្រិត​ជា​អ្នក​ជំនាញ​អ្នក​ត្រូវ​តែ​បន្ត​រៀន​សូត្រ។​ រឿង​ថ្មី​តែង​តែ​មាន​សម្រាប់​អ្នក​រៀន​ជា​និច្ច​ដើម្បី​ធ្វើ​អោយ​អ្នក​កាន់​តែ​ច្បាស់​ និង​មាន​ជំនាញ​លើ​អ្វី​ដែល​អ្នក​ធ្វើ។ អ្នក​ត្រូវ​តាំង​ចិត្ត​អាន​សៀវភៅ​ល្អ​ជា​រៀង​រាល់​សប្ដាហ៍។ មាន​សៀវភៅ​ជា​ច្រើន​ដែល​បាន​បញ្ចូល​វគ្គ​សិក្សា​នៅ​មហាវិទ្យា​ល័យ​ទាំង​អស់​ក្នុង​នោះ។

ចូល​រៀន​វគ្គ​ខ្លី ជួល​គ្រូ​បង្រៀន ឬ​ប្រើ​អ៊ីនធឺណិត​ដើម្បី​រៀន នឹង​ធ្វើ​អោយ​អ្នក​មាន​ចំណេះ​ដឹង​អាច​រៀបយុទ្ធសាស្ត្រ​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​បាន។

៣៖ ដុះ​ខាត់​ប្រាជ្ញា​របស់​អ្នក​ជាមួយ​សហគ្រិន​ដែល​ដើរ​មុន​អ្នក​

និយាយ​ជាមួយ​សហគ្រិន​ណា​ដែល​ជោគជ័យ ហើយ​ពួក​គេ​អាច​នឹង​ប្រាប់​អ្នក​ពី​ផ្នែក​ដ៏​ធំ​មួយ​​នៃ​ជោគជ័យ​របស់​ពួកគេ​គឺ​បាន​មក​ពី​អ្នក​​បង្វឹក។ អ្នក​បង្វឹក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​រឿង​ដែល​អ្នក​កំពុង​ធ្វើ។ ពួក​គេ​បាន​ដោះ​ស្រាយ​រឿង​ដែល​អ្នក​មិន​ទាន់​យល់។ ពួក​គេ​មាន​បទពិសោធន៍​ជីវិត​ដែល​​មាន​ប្រយោជន៍​ដល់​អ្នក។

 

៤៖ កុំ​ស្កប់ស្កល់​សូម្បី​តែ​ជាមួយ​នឹង​រឿង​ជោគជ័យ​

ការ​ស្កប់ស្កល់​សម្លាប់​ការ​លូតលាស់​លឿន​បំផុត។ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ជោគជ័យ​ហើយ ឬ​អ្នក​សប្បាយ​នឹង​ស្ថានភាព​បច្ចុប្បន្ន​ អ្នក​កំពុង​ប្រឈម​នឹង​ការ​ថយ​ក្រោយ។​ អ្នក​ត្រូវ​ដឹង​គុណ​គ្រប់​យ៉ាង​ដែល​អ្នក​មាន​​ក្នុង​ជីវិត និង​ជំនួញ ប៉ុន្តែ​កុំ​ច្រឡំ​ការ​ដឹង​គុណ និង​ការ​ស្កប់ស្កល់។ សូម្បី​នៅ​ពេល​អ្នក​សម្រេច​ជោគជ័យ​ក្នុង​កម្រិត​មួយ​ហើយ កុំ​អោយ​ការ​ស្កប់​ស្កល់​រារាំង​អ្នក​ពី​ការ​កំណត់​គោលដៅ​ធំ​មួយ​ទៀត​នៅ​ខាង​មុខ។

 

៥៖ ផ្ដោត​លើ​ហេតុផល​របស់​អ្នក​អោយ​កាន់​តែ​ធំ

អ្នក​ចាប់​ផ្ដើ​ម​ជំនួញ និង​របៀប​នៃ​ការ​រស់​នៅ​​គឺ​ដោយ​សារ​ហេតុផល។ អ្នក​ដែល​ធ្វើ​​ជំនួញ​ដើម្បី​តែ​លុយ​ជោគជ័យ​គឺ​មិនមែន​សម្រាប់​រយៈ​ពេល​វែង​ទេ។ ពេល​អ្នក​ចាប់​ផ្ដើម​ពាណិជ្ជកម្ម​ដើម្បី​ដោះ​ស្រាយ​បញ្ហា ហេតុផល​ដែល​អ្នក​ផ្ដោត​លើ​នោះ​នឹង​ជួយ​អោយ​អ្នក​រីក​ចម្រើន។

ធ្វើ​អោយ​អាជីវកម្ម​មួយ​រីកចម្រើន​គឺ​ជា​រឿង​លំបាក។ រស់​នៅ​ប្រកប​ដោយ​សេរី​ភាព និង​បង្កើត​ឥទ្ធិពល​លើ​សង្គម​កាន់​តែ​លំបាក។ ទោះ​យ៉ាង​ណា​អ្នក​អាច​ធ្វើ​រឿង​ទាំង​ពីរ​នេះ​បាន​ដោយ​បង្កើត​ជំនួញ​ដែល​អ្នក​ស្រលាញ់ ពេល​អ្នក​បន្ត​ប្រឹង​ប្រែង​នៅ​ក្នុង​ការងារ​ហើយ​អ្នក​រីកចម្រើន ពេល​អ្នក​ដឹង​ថា តែងតែ​មាន​កម្រិត​នៃ​​ជោគជ័យ​មួយ​ទៀត​ដែល​អ្នក​ត្រូវ​រត់​ទៅ​អោយ​ដល់ អ្នក​នឹង​មិន​បាត់បង់​មហិច្ឆតា​ដើម្បី​ចាប់​ផ្ដើម​ជំនួញ​ទេ៕

 

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *