លក្ខណៈ​ពិសេស​៥​យ៉ាង​​ ដែល​នឹង​ជួយ​អ្នក​ឲ្យ​ឈាន​ដល់​ចំណុច​កំពូល និងទទួលបានជោគជ័យក្នុងជីវិត

ជីវិត

ពីបុរាណកាល​មក​បុគ្គល​ជោគជ័យ និង​អ្នក​មាន​ទ្រព្យ​​តាម​បែប​បុរាណ​គឺ​អ្នក​ដែល​ធ្វើ​ការ​មាន​ប្រាក់​ខែ​ខ្ពស់ និង​មាន​អាជីព​ច្រើន​ជា​ដើម។ បច្ចុប្បន្ន​នេះ មនុស្ស​មាន​ទ្រព្យ​ច្រើន​បំផុត​គឺ​មនុស្ស​ដែល​បង្កើត​ការងារ​អោយ​ខ្លួន​ឯង មាន​មហិច្ឆតា ជំនាញ​ធ្វើ​ពាណិជ្ជកម្ម​ ហើយ​​មាន​ឆន្ទៈ​ផ្សង​នឹង​គ្រោះ​ថ្នាក់។

 

 

ពេល​យើង​អាន​ពី​ប្រវត្តិ​របស់​មហាសេដ្ឋី​ជា​ច្រើន ពួក​គេ​មាន​លក្ខណៈសម្បត្តិ​ខុសៗ​គ្នា ប៉ុន្តែ​មាន​ចំណុច​ខ្លះ​គឺ​ពួក​គេ​ដូច​គ្នា​បេះដាក់។ ប្រសិន​បើ​អ្នក​កំពុង​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ ការ​ជ្រើសរើស​យក​លក្ខណៈ​ពិសេស​ទាំង​៥​ខាង​ក្រោម​ មក​ធ្វើ​អោយ​ទៅ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​គឺ​ជា​គំនិត​ល្អ។

 

១៖ កុំ​អាន​រឿង​ប្រឌិត

អាន​រឿង​ប្រឌិត​គឺ​ជា​ភាព​រីករាយ​មួយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​ប្រើពេល​វេលា​របស់​អ្នក​អោយ​ល្អ​បំផុត រឿង​មួយ​ក្នុង​ចំណោម​រឿង​ល្អ​បំផុត​គឺ​ កុំ​អាន​រឿង​ប្រឌិត។ រៀនសូត្រ​ពី​ពិភពលោក​​ពិត​ជា​មាន​​ប្រយោជន៍​​ជាង​ការ​កម្សាន្ត​សម្រាប់​ខ្លួន​អ្នក​​ជាមួយ​នឹង​ការ​អាន​រឿង​ប្រឌិត​​ឆ្ងាយ​ណាស់។ មាន​សៀវភៅ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​​ត្រូវ​បាន​រៀបរៀង​ឡើង​ដើម្បី​អប់រំ​អ្នក​អាន ហើយ​ផ្ដល់​ជូន​នូវ​ការ​យល់​ដឹង​ពី​ពិភពលោក​​ដ៏​មាន​តម្លៃ​។

អ្នក​អាច​ជ្រើសរើស​ប្រធានបទ​ជា​ច្រើន​រាប់​ពី​ សៀវភៅ​ណែនាំ​ពី​ការ​ប្រើ​ហិរញ្ញវត្ថុ ការ​វិនិយោគ ការទទួលទាន​ត្រឹមត្រូវ ឬ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ។ មិន​មាន​ដែន​កំណត់​នៃ​ការ​អាន​សៀវភៅ​ទាំងនោះ​ទេ ហើយ​សៀវភៅ​នៃ​មួយៗ​សុទ្ធតែ​ជួយ​អ្នក​អោយ​យល់​ពី​ពិភពលោកនេះ​កាន់​តែ​ច្បាស់។

 

២៖ ស្រាវជ្រាវ​ពី​បច្ចេកវិទ្យា​ថ្មី

ប្រសិន​បើ​អ្នក​ចង់​មាន​ទ្រព្យធន​ស្ដុកស្ដម្ភ អ្នក​ត្រូវ​តែ​ឈាន​មុខ​ដៃ​គូ​ប្រកួត​ប្រជែង។ នេះ​មាន​ន័យ​ថា ត្រូវ​ដឹង​ពី​បច្ចេកវិទ្យាថ្មី​ដែល​អាច​យក​មក​ប្រើ​បាន ហើយ​យល់​ពី​ការ​ពង្រីក​ដែល​អាច​ជួយ​អ្នក និង​អ្នក​ធ្វើ​ការ​អាជីព​របស់​អ្នក។ អាន​គេហទំព័រ​សំខាន់ៗ​ទាំង​អស់ ហើយ​ផ្ដោត​លើ​ព័ត៌មាន ជាពិសេស​គឺ​បច្ចេកវិទ្យា​ចុង​ក្រោយ និង​​របក​គំហើញ​វេជ្ជសាស្ត្រ។ អ្នក​មិន​ដឹង​ថា ការ​យល់​ពី​រឿង​ទាំង​អស់​នេះ​នឹង​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​មួយ​នោះ​ទេ។

 

៣៖ យល់ និង​រៀន​ពី​ឧស្សាហកម្ម​របស់​អ្នក​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ 

ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​លើ​ចំណុច​ពិសេស​របស់​អ្នក​មែន គឺ​ប្រភេទ​អ្នក​ជំនាញ​ដែល​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដូច្នេះ​អ្នក​ត្រូវ​ដឹង​ពី​ឧស្សាហកម្ម​របស់​អ្នក​ទាំង​ក្នុង​ និង​ក្រៅ។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ចេះ​តែ​ក្នុង​ឧស្សាហកម្ម​របស់​អ្នក​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ។

​បើ​អ្នក​ពិត​ជា​ចង់​ជោគជ័យ​ដូច​មហាសេដ្ឋី​ជា​ច្រើន​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​ត្រូវ​តែ​សម្លឹង​មើល​នៅ​ក្រៅ​ឧស្សាហកម្ម​របស់​អ្នក​​ដើម្បី​រៀន​ពី​ទីផ្សារ​ផ្សេង​ទៀត​ដែរ។ អ្នក​ត្រូវ​តែ​អាច​ប្រមូល​ព័ត៌មាន​ ប្រៀបធៀប ពី​ឧស្សាហកម្ម​ជា​ច្រើន​ ដើម្បី​កំណត់​ជ្រុង​មួយ​ដែល​អ្នក​ត្រូវ​សម្រេច​អោយ​បាន។

 

៤៖ ត្រូវ​ច្បាស់​ថា លុយ​មិន​មែន​ជា​គោលដៅ​តែ​មួយ​គត់​នោះ​ទេ

បុគ្គល​ជោគជ័យ​ជា​ច្រើន​នាពេល​បច្ចុប្បន្ន​ មិនមែន​ជា​អ្នក​ចាប់​ផ្ដើម​ជំនួញ​ដោយ​សម្លឹង​រក​តែ​ចំណូល​តែ​មួយ​មុខ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ចង់​​រក​លុយ​រាប់​លាន​ដុល្លារ ដូច្នោះ​អ្នក​ត្រូវ​​មាន​គោលដៅ​ធំ​ជាង​ការ​រក​លុយ​មួយ​លាន​ដុល្លារ។ អ្នក​ត្រូវ​តែ​មាន​ប្រាថ្នា​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ជំនួញ​របស់​អ្នក ប្រសិន​បើ​អ្នក​ចង់​ជោគជ័យ។

អ្នក​ត្រូវ​បង្តើត​ផលិតផល ឬ​សេវាកម្ម​ដ៏​អស្ចារ្យ ហើយ​បង្កើត​ម៉ូដែល​ពាណិជ្ជកម្ម​ដែល​ជួយ​អ្នក​អោយ​ធ្វើ​​ការ​បាន​ល្អ​ក្នុង​ការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​ទៅ​មហាជន។ មាន​ប្រាថ្នា​សម្រាប់​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ខណៈ​ដែល​អ្នក​ស្វែង​រក​វិធី​ដើម្បី​ជួយ​អ្នក​ដទៃ ហើយ​គិត​លុយ​ពី​សេវាកម្ម​នោះ។

 

៥៖ លីលក​ពេល​​ដើម្បី​ធ្វើ​ឲ្យ​លើស​គេ

ប្រសិនបើ​មាន​រឿង​មួយ​ដែល​មហាសេដ្ឋី​ទាំង​ឡាយ​​​​ធ្វើ​ដើម្បី​ទទួល​បាន​សំណាង​របស់​ពួក​គេ នោះ​គឺ​ការ​ធ្វើ​ការ​ពេល​ដែល​អ្នក​ផ្សេង​មិន​ធ្វើ។ គន្លឹះ​មួយ​ក្នុង​ចំណោម​គន្លឹះ​សំខាន់ៗ​ជា​ច្រើន​គឺ​ ការ​ក្រោក​​ពី​ព្រលឹម​ ឬ​នៅ​ដល់​យប់​ជ្រៅ​ដើម្បី​ធ្វើ​ការ​អោយ​បាន​ច្រើន។ ប្រើពេល​ទាំង​នោះ​ រៀន ឬ​ធ្វើ​ការ​បន្ថែម ដែល​ពិត​ជា​ធ្វើ​អោយ​អ្នក​ខុស​ពី​ដៃ​គូ​ប្រកួត​ប្រជែង​របស់​អ្នក។ បុគ្គល​ជោគជ័យ​បំផុត​នា​ពេល​បច្ចុប្បន្ន​គឺ​ អ្នក​ដែល​មិន​ខ្លាច​ក្នុង​ការ​បោះបង់​ការ​កម្សាន្ត​ពេល​យប់ និង​ចុង​សប្ដាហ៍​ដើម្បី​ធ្វើ​ការ និង​រៀនសូត្រ។

ប្រសិន​បើ​អ្នក​ពិត​ជា​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់ និង​ចាប់​ផ្ដើម​គ្រប់គ្រង​ទម្លាប់​ទាំង​នេះ អ្នក​អាច​ចាប់​ផ្ដើម​បង្វឹក​ខ្លួន​ឯង​អោយ​គិត និង​ធ្វើ​ដូច​ជា​មហាសេដ្ឋី​ទាំង​ឡាយ រៀបចំ​គោលដៅ​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង និង​ទីបំផុត​ឈាន​ដល់​គោលដៅ​របស់​អ្នក​ដោយ​ជោគជ័យ៕

ប្រែសម្រួល៖ សិដ្ឋ

ប្រភព៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *