គន្លឹះទាំង ៣​ យ៉ាងដែលអាចធ្វើអោយអ្នកមានគំនិតច្នៃប្រឌិតនៅក្នុងខ្លួន

ចែករំលែក

អ្នកច្នៃប្រឌិត​អស្ចារៗ​ក្នុងពិភពលោក​បច្ចុប្បន្ននេះ​ប្រហែល​កំពុង​ទទួលទានអាហារ ​និងរស់​ក្នុងតំបន់​ Silicon ​Valley ​របស់​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​លោក​អ្នកមិន​ចាំបាច់​ទៅ​នៅទីនោះ​ដើម្បីក្លាយ​ខ្លួន​ជាអ្នក​ច្នៃប្រឌិតនោះ​ទេ។​ ហើយ​ពិសេស​ជាងនេះ​ទៅទៀតនោះ​ លោកអ្នក​មិនចាំបាច់តែ​ជាសហគ្រិនទេ​។ មនុស្ស​យើងគ្រប់គ្នា​សុទ្ធតែមាន​សក្តានុពល​ដើម្បីច្នៃប្រឌិត​អ្វីម្យ៉ាង​ មិន​ត្រឹមតែក្នុង​មុខជំនួញទេ​ តែនៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​នៃជីវិត​។

ដូច្នេះ​តើធ្វើដូចម្តេច​ទើបយើងមាន​ភាពច្នៃប្រឌិត​កាន់តែច្រើន? ​លោក​អ្នក​អាចរៀនបើក​គន្លឹះ​នៃភាពច្នៃប្រឌិត​ក្នុងខ្លួន​លោកអ្នក​តាមរយៈ​ជំហាន​ទាំង​បីខាងក្រោមនេះ​៖

 

១/ បំបែកធាតុគំនិតអ្នកដទៃ

អ្នកច្នៃប្រឌិត​កម្របង្កើត​វត្ថុថ្មីណាស់។​ ភាពច្នៃ​ប្រឌិតភាគ​ច្រើន​កើត​ឡើង​នៅពេល​នរណាម្នាក់ចេះ​កែខៃ​ ពង្រីក​ ឬផ្លាស់ប្តូរ​ផលិតផល​មួយដែល​មានរួច​ជាស្រេច​។​ លោក​ Steve ​Jobs ​មិនមែន​ជាអ្នក​បង្កើត​ទូរសព្ទ និង​ម៉ាស៊ីន​ថត​រូបទេ ប៉ុន្តែ​លោក​ចេះ​ប្រមូល​របស់​ទាំងអស់នោះ​មក​បញ្ចូលគ្នា។​ ដោយសារ​តែ​ការច្នៃប្រឌិតតែងតែ​លាក់ខ្លួននៅ​ក្នុងការផ្លាស់​ប្តូររបស់ ឬសេវាកម្ម​ដែល​មានស្រាប់ លោក​អ្នកគ្រាន់តែគិត​រកវិធីបំបែក​ការច្នៃប្រឌិត​របស់អ្នកដទៃ​ ហើយ​ចាប់ផ្តើមពិនិត្យ​ឡើងវិញ​គ្រប់ផ្នែក​ទាំងអស់​នៃការច្នៃប្រឌិតនោះ​ លោកអ្នក​នឹង​រក​ឃើញអ្វី​ដែលថ្មី​ជាក់ជា​មិនខាន។

 

២/ រៀនបង្ហាញចិត្តអាណិតអាសូអ្នកដទៃ

បើវែកញែក​រកខ្លឹម​សារៈគោល​ ភាព​ច្នៃប្រឌិត​មិនមាន​អ្វីក្រៅ​ពីមធ្យោបាយ​ថ្មីក្នុង​ការដោះស្រាយ​បញ្ហា​ចាស់នោះទេ។​ ហើយលោក​អ្នកមិនអាច​ដោះ​ស្រាយបញ្ហាបាន​ទេ​បើគ្មាន​ចិត្តអាណិត​អាសូនោះ​។ នៅពេល​លោក​អ្នកគិត​ដល់ការប្រឹងប្រែង​របស់អ្នក​ដទៃ​ លោក​អ្នក​ក៏កំពុង​តែនឹក​ស្វែង​រករបៀប​ជួយ​គេដែរ។

 

៣/ នឹកស្រមៃរកដំណោះស្រាយ

 

ដើម្បីផ្លាស់​ប្តូរអ្វីមួយ​ លោក​អ្នកត្រូវ​តែចាប់​ផ្តើមគិត​ជាមុន​។ ​គំនិត​ច្នៃប្រឌិតបំផុត​កើត​ឡើង​នៅពេលលោក​អ្នកគិត​ដោយ​សេរីគ្មាន​អ្វីរំខាន។​ ប្រសិន​បើលោក​អ្នកចង់ធ្វើ​ជាអ្នកច្នៃប្រឌិត​ ត្រូវចាក​ចេញ​ពីពិភព​នៃការ​ពិត​មួយរយៈ​ពេល​។​ លោក​ Albert​ Einstein ​បាន​យល់​ដឹង​នូវអំ​ណាច​នៃការនឹក​ស្រមៃ​តាំងពី​នៅក្មេង។​ ពេល​អាយុ​១៦​ឆ្នាំ​ លោក ​Albert​ Einstein​ បាន​ប្រើប្រាស់​ការស្រមើ​ស្រមៃ​ការពិសោធ​ក្នុងគំនិត​ដើម្បី​រកល្បឿន​ពន្លឺ។ ​ច្រើន​ឆ្នាំ​ក្រោយ​ពី​បានល្បី​ឈ្មោះ​ពេញ​ពិភព​លោក​ហើយ ​លោក ​Albert ​Einstein ​បាន​ប្រាប់​​គេ​ឯង​ថា​ការនឹ​ក​ស្រមៃ​មានសារៈសំខាន់​ជាងចំណេះដឹង​ ព្រោះ​ចំណេះ​ដឹង​មាន​ដែនកំណត់​ តែ​ការ​នឹក​ស្រមៃ​គ្រប​ដណ្តប់​លើ​ពិភពលោក​ទាំង​មូល៕

 

ប្រែសម្រួល ៖ វេហា

ប្រភព ៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *