វិធីទាំង ​៥ ​យ៉ាងដែលប្រើ​សម្រាប់​លើក​ទឹកចិត្ត​សហគ្រិនអោយឆ្ពោះ​ទៅ​រកភាព​ជោគជ័យ

ជីវិត

ជោគជ័យ​ដែលលោកអ្នក​ចង់បាននោះតាម​ពិតស្ថិត​នៅក្នុងខ្លួន​លោក​អ្នករួច​ជាស្រេច​ទៅហើយ​។ ប៉ុន្តែ​នៅគ្រប់រឿងរ៉ាវ​ជោគជ័យ​ទាំងអស់​សុទ្ធតែ​មានពេលបរាជ័យ​បើមិនម្តង​ក៏ច្រើន​ដងដែរ​ដែលធ្វើ​ឱ្យសហគ្រិន​បាក់​ទឹកចិត្ត ​និង​គិត​ថាបាត់​បង់​ឱកាស​។ សាកនឹក​ដល់រឿង​រ៉ាវ​របស់​លោក ​Steve​ Jobs ​ដែល​ត្រូវ​គេបណ្តេញ​ចេញពីក្រុមហ៊ុន​របស់ខ្លួន​ឯង។ ក្នុងកាលៈទេសៈ​បែបនេះ​ លោក​អ្នកពិត​ជាត្រូវជ្រើសរើស​យក​ជំហាន​ត្រឹមត្រូវ​ដើម្បីកុំ​ឱ្យបាត់បង់​ទាំងខ្លួន​ឯង​ទៀត​។

១/ ត្រូវយកចិត្តទុកដាក់ និងគិតគូរដល់សុខភាពរាងកាយគ្រប់ពេល

យើងច្រើនតែ​ភ្លេចគិតដល់រាងកាយ​នៅពេលចិត្ត​របស់យើង​ត្រូវ​ញាំញី​ដោយអារម្មណ៍​ស្មុគស្មាញ​។ ប៉ុន្តែ​ការរក្សា​ទម្លាប់​ថែទាំសុខភាព​គឺជា​គន្លឹះ​ជោគជ័យសម្រាប់​សហគ្រិន​ ជាពិសេស​នៅពេល​ប្រឈម​នឹង​ឧបសគ្គ​។ លោក​អ្នក​អាចមានជម្រើស​ច្រើនដើម្បី​រក្សាសុខភាព​រាងកាយ​ពេលពិបាក​ចិត្ត ដូច​ជាទៅហាត់​យោគៈ ​អង្គុយ​ក្នុងបន្ទប់ស្ងាត់​ធ្វើ​សមាធិ ដើរ​រត់​កម្សាន្ត​នៅ​ក្បែរមាត់​ទឹក​ជាដើម។

 

២/ អានរឿងប្រលោមលោក

បោះជំហាន​ចេញពី​ពិភពរបស់​លោកអ្នក​រយៈពេល​មួយ​ម៉ោង​ និង​អានប្រលោមលោក​ល្អៗ​។ ក្នុងពេល​ដែល​ពិភពលោក​កំពុង​តែមាន​ល្បឿន​លឿនឡើងៗ​ដូច​សព្វថ្ងៃ​នេះ ការអាន​ប្រលោមលោក​អាច​មានប្រយោជន៍​ច្រើនសម្រាប់​សហគ្រិន​។ ក្រោយពី​អានប្រលោម​លោករួច​ហើយ មនុស្ស​យើង​ច្រើនតែ​មាន​អារម្មណ៍ស្រស់​ថ្លា និងគិត​បានច្បាស់​ជាង​មុន ហើយ​ប្រហែល​ជា​រៀនប្រើប្រាស់​វិធីសាស្រ្ត​ថ្មីៗ​ដើម្បីដោះ​ស្រាយបញ្ហា​ចំពោះមុខ​បាន​ថែម​ទៀត។

 

៣/ ស្តាប់ពីមនុស្សដែលបានឆ្លងកាត់មុន

ពិភព​សហគ្រិន​សម្បូរ​រឿងរ៉ាវ​បរាជ័យ​ និងជោគជ័យ​ណាស់​ដែល​ជា​ប្រភពលើក​ទឹកចិ​មនុស្សឱ្យ​សម្រេច​បានជោគជ័យ​ថ្មីៗ។ ស្វែង​រករឿងរ៉ាង​ទាំង​នោះហើយ​រៀនសូត្រ​ពីបទពិសោធន៍​ចាស់ៗ។ សាកល្បង​គន្លឹះខ្លះៗ​ដែល​សហគ្រិន​ជោគជ័យ​បានអនុវត្ត​កន្លង​មកដើម្បី​ជម្នះឧបសគ្គ។

 

៤/ សាកសួរមនុស្សដែលយើងចាត់ទុកថាជាគ្រូ

មនុស្ស​ចូលចិត្តផ្តល់​ដំបូន្មាន​គេណាស់ ដូច្នេះ​ត្រូវ​ឆ្លៀត​ឱកាស​ទាញ​យកប្រយោជន៍​ដាក់​ខ្លួនឱ្យ​បានច្រើន។ សូមគិត​ដល់​មនុស្ស​ដែល​លោក​អ្នកគិត​ថាអាច​ផ្តល់​ការណែនាំ​ត្រង់ចំណុច​ណាមួយ​ដែលលោក​អ្នកយល់​មិន​ដល់ ឬដឹងមិន​ច្បាស់។ អ្នកខ្លះ​ទៀត​អាចនឹង​ឱ្យមិនត្រឹម​តែ​ដំបូន្មាន​ទេ តែ​ថែម​ទាំង​ផ្តល់ការ​គាំទ្រ​ផ្នែក​សម្ភារៈ​ថែមទៀត​ដូច​ជាវិនិយោគ​ទុន​ជាដើម។

 

៥/ សរសេរគំនិត និងមេរៀនទាំងអស់ទុក

មិនថា​ជាគេហ​ទំព័រ​ផ្ទាល់ខ្លួន ឬសៀវភៅ​កំណត់ហេតុ​ផ្ទាល់​ខ្លួនទេ មេដឹក​នាំនិងសហគ្រិន​ដែលមាន​ការគិតគូរ​ខ្ពស់​តែងតែ​រក្សាទុក​បទពិសោធន៍​គ្រប់យ៉ាងដែល​បាន​ឆ្លងកាត់​។ ហើយ​ភាគច្រើន​នៃអ្នក​ទាំងនេះ​ក៏បាន​ប្រែក្លាយកំណត់​ហេតុ​ផ្ទាល់ខ្លួនរបស់​គេទៅជាសៀវភៅ ឬជាប្រលោម​លោកលក់​បាន​លុយកាក់​ច្រើន​ថែមទៀត​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *