ទម្លាប់​ដ៏ល្អៗមួយចំនួនដែលតែងតែធ្វើអោយមនុស្សជោគជ័យរកនៅប្រកបដោយសុភមង្គល

ជីវិត

មនុស្សយើង​ទាំងអស់ចង់បានជីវិតដែល​មានសុភមង្គល​​ប៉ុន្តែប្រសិន​បើយើងមិនយកចិត្តទុក​ដាក់​ទេ យើងនឹងភ្លេច​ខ្លួនក្នុងភាពវីវក់​នៃការងារ​ ភាពតាន​តឹងក្នុងផ្លូវ​អារម្មណ៍​ និងបញ្ហាមិនសប្បាយ​ចិត្តជាច្រើនទៀត​។ វិបត្តិទាំង​នេះសុទ្ធតែកើត​ឡើងនៅពេលដែល​យើងកំពុងតែខិតខំ​ប្រឹងប្រែង​ដើម្បីសម្រេច​ក្តីសុបិន និងគោលដៅ​ក្នុងជីវិត។

សុភមង្គលមិន​មែនជាអ្វីដែល​មករក​យើង ឬជាវត្ថុ​ដែលអ្នក​ដទៃ​អាចយកមកប្រគល់ជូន​យើងបានទេ​។ សុភមង្គល​កើតចេញពី​ទម្លាប់ល្អ​ដែលយើង​បង្កើតឡើង ហើយតាម​ពិតទៅទម្លាប់​នាំទៅរកសុភមង្គល​នេះគឺជាទង្វើ​ងាយៗ​ដែលយើងមើលរំលង​នៅពេលមាន​ភាពមមាញឹក​ក្នុងការងារ​ពេក។ ខាង​ក្រោមនេះជាទម្លាប់​ទាំង៥ដែល​មនុស្សជោគជ័យ​ពិតប្រាកដតែង​ធ្វើដើម្បី​មាន​សុភមង្គលក្នុងជីវិត​៖

១/ មនុស្សជោគជ័យចេះស្រឡាញ់ និងទទួលស្គាល់ខ្លួនឯង

របៀបដែល​លោកអ្នកយក​ចិត្តទុកដាក់ និង​ឱ្យតម្លៃខ្លួន​ឯងគឺ​ជាខ្នាត​វាស់​ស្ទង់របៀប​ដែលលោក​អ្នករំពឹង​ចង់ឱ្យមនុស្ស​ជុំវិញខ្លួន​ឱ្យតម្លៃ​លោកអ្នក​។ ជំហានទីមួយ​ទៅរកការ​ស្រឡាញ់​ខ្លួនឯងគឺត្រូវ​យកចិត្ត​ទុកដាក់ចំពោះ​សុខភាព។ មនុស្ស​ជោគជ័យដឹង​ថាសុខភាពល្អ​មិនមែនគិតត្រឹម​តែលើរាង​កាយ​ខាងក្រៅទេ តែគេគិត​ទាំងសុខភាព​ផ្លូវចិត្ត​ទៀត​ផង។

 

២/ មនុស្សជោគជ័យមិនអណ្តែតអណ្តូងទៅក្នុងអតីតកាលឬអនាគតកាលទេ

មនុស្សជោគជ័យ​ដឹងថាការរស់​នៅក្នុងអតីត​កាលបាន​ត្រឹមតែ​នាំមកនូវវិប្បដិសារ និងអារម្មណ៍ខុស​ឆ្គងដែលគេ​មិនអាចផ្លាស់​ប្តូរបាន​តែប៉ុណ្ណោះ។ អ្នកទាំងនោះ​ក៏ដឹងទៀតថា​ការរស់នៅ​ដើម្បីតែ​អនាគត​នឹង​ធ្វើឱ្យគេភ្លេច​រស់ក្នុងបច្ចុប្បន្ន​នេះ ហើយការ​អណ្តែតអណ្តូង​ទៅក្នុងអនាគត​គឺជាការរស់​នៅក្នុងក្តីកង្វល់​តែប៉ុណ្ណោះ​។ មនុស្សជោគជ័យ​ដឹងច្បាស់​ថាមធ្យោបាយ​តែមួយគត់ដើម្បីរស់នៅ​ប្រកបដោយ​សុភមង្គល​គឺត្រូវយក​ចិត្តទុក​ដាក់​ចំពោះ​បច្ចុប្បន្ន។

 

៣/ មនុស្សជោគជ័យឱ្យតម្លៃលើបទពិសោធន៍ជាងសម្ភារៈនិយម

ការរស់នៅ​ក្នុងពិភព​លោកសព្វថ្ងៃ​នេះ មនុស្ស​ងាយ​នឹងធ្លាក់​ចូល​ក្នុងអន្ទាក់ដែលធ្វើ​ឱ្យចិត្តចេះតែចង់បា​នច្រើនៗ​មិនព្រមឈប់​សោះ។ គ្រប់កន្លែង​ទាំងអស់ដែលយើង​ក្រឡេកមើល​ទៅឃើញមានសារ​ប្រាប់យើងថា​យើងត្រូវការច្រើនទៀត​។ ប៉ុន្តែសូមចងចាំថា​សុភមង្គលមិនមែន​កើតចេញ​ពីសម្ភារៈ​ខាងក្រៅខ្លួន​ទេ សុភមង្គលពិត​ប្រាកដកើត​ចេញពីបទពិសោធន៍​នៃជីវិត ​ហើយ​សុភមង្គល​គឺការបំពេញកិច្ចកា​រដែលយើង​ស្រឡាញ់។

 

៤/ មនុស្សជោគជ័យចេះបែងចែកមនុស្សដែលគួរសេពគប់

មនុស្សយើង​ប្រែប្រួលទៅតាម​បរិស្ថានសង្គម​ដែលយើង​រស់នៅ​។ ​មនុស្សដែល​លោកអ្នក​សេពគប់រាល់​ថ្ងៃជះឥទ្ធិពល​លើ​ទម្លាប់​​ ឥរិយាបថ​ និងផ្នត់​គំនិតរបស់​លោក​អ្នក​។ ប្រសិន​បើមនុស្ស​ជុំវិញខ្លួន​លោក​អ្នកគិត​វិជ្ជមាន ​និង​មានទស្សនៈទូលំទូលាយចំពោះជីវិត លោកអ្នកក៏នឹងគិតដូចគេដែរ។ តែផ្ទុយទៅវិញ បើសង្គម​លោកអ្នកគិត​តែពីនិយាយ​ដើមគេ ច្រណែន​ឈ្នានីស​គ្នា ​សូមកុំសង្ឃឹមថា​នឹងរស់នៅ​បានសុខឱ្យ​សោះ។ មនុស្សជោគជ័យ​មិនមែន​កាត់​ផ្តាច់ខ្លួនទាំង​ស្រុងពីសង្គម​អវិជ្ជមាន​ទេ គេគ្រាន់​តែមិនសូវទាក់ទង​ឱ្យជិត​ស្និទ្ធ។

 

៥/ មនុស្សជោគជ័យតែងតែគិតវែងឆ្ងាយ

មនុស្សជោគជ័យ​មិនបណ្តែតបណ្តោយ​ឱ្យរឿងកំប៉ិកកំប៉ុក​ចូលទៅ​ស៊ីរូង​សុភមង្គលក្នុងជីវិត​គេទេ​។ គេដឹងថា​ខ្លួនគេមិនអាច​គ្រប់គ្រង​អ្វីៗគ្រប់​យ៉ាង​បា​នទេ ហេតុដូច្នេះ​ហើយ គេក៏មិន​បណ្តោយ​ឱ្យស្ថានការ​គ្រប​ដណ្តប់​លើផ្លូវ​ចិត្តគេទាំងស្រុង​ឡើយ។ គេថែមទាំងដឹង​ទៀតថាបរាជ័យ​គឺជាចំណែក​មួយនៃដំណើរ​ជីវិត ហើយការចេះ​គិតវែងឆ្ងាយ​គឺជាគន្លឹះ​ដើម្បីរក្សាសុភមង្គ​លក្នុងពេលមាន​បញ្ហា៕

ប្រភព ៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *