​ទម្លាប់សំខាន់ៗ ​ពេលព្រឹកមួយចំនួនដែលអាចធ្វើអោយអ្នក​ធ្វើ​ការ​បាន​ច្រើន និង​កាន់តែ​សប្បាយ​ចិត្ត

ជីវិត

ព្រឹកព្រលឹម​ជាពេលដែល​មនុស្សភាគច្រើន​ខ្ជិលមិនចង់​ក្រោកពីគេង​។ ប៉ុន្តែអាថ៌កំបាំង​នៃជោគជ័យ​របស់មនុស្សភាគ​ច្រើនក៏ស្ថិត​នៅពេលព្រឹក​ព្រលឹម​នេះដែរ​។ ហេតុដូច្នេះ​ហើយបាន​ជាអ្នកជំនួញ​ល្បីឈ្មោះភាគ​ច្រើនក្រោក​ពីគេង​នៅប្រហែល​ម៉ោង៥ព្រឹក​ ហាត់ប្រាណ​ ទទួលទានអាហារ​ពេលព្រឹក​ទៀងទាត់​ និងរៀបចំ​ផែនការ​។ ប្រសិន​បើលោកអ្នក​ចង់បានជីវិត​ដែលកាន់តែ​រីករាយ និងសម្រេច​បានសមិទ្ធផល​កាន់តែច្រើន ​សូមបង្កើត​ទម្លាប់ទាំង៥​នេះឱ្យបាន៖

១/ ក្រោកពីព្រឹកព្រលឹម

ការសិក្សា​រកឃើញថា​មនុស្សដែលជោគជ័យ​ក្នុងមុខជំនួញច្រើន​តែជាអ្នកដែល​ក្រោកពីព្រឹក​ព្រលឹម។ ប្រសិនបើ​លោកអ្នកកំណត់​នាឡិកា​រោទិ៍​នៅពេលទៀបភ្លឺ ​លោកអ្នកនឹង​មានពេលចាប់ផ្តើម​ធ្វើការបាន​កាន់តែច្រើន​ មុនពេលដែល​មនុស្សផ្សេង​ទៀតភ្ញាក់​ពីដំណេក។

២/ ទទួលអាហារពេលព្រឹក

ការ​ចំណាយ​ពេលខ្លះ​ដើម្បីទទួលទាន​អាហារពេលព្រឹក​ទៀងទាត់​ផ្តល់ប្រយោជន៍​ច្រើនដល់សុខភាព​ជាងការប្រញាប់ប្រញាល់​ទៅធ្វើ​ការគ្មាន​អ្វីទ្រាប់ពោះ​។ អតីត​នាយករដ្ឋមន្រ្តី​ស្រីទីមួយ​របស់ចក្រភព​អង់គ្លេស​មាន​ទម្លាប់ទទួលទាន​អាហារពេល​ព្រឹក​មុនចាប់​ផ្តើម​ធ្វើការ។

៣/ រៀបចំផែនការ

នៅរៀង​រាល់ព្រឹក​លោក Steve Jobs សំឡឹង​មើលកញ្ចក់​រួចសួរខ្លួន​ឯងថា​ បើថ្ងៃ​នេះជាថ្ងៃ​ចុងក្រោយ​នៃជីវិត​របស់ខ្ញុំ​ តើខ្ញុំ​នឹងចង់​ធ្វើអ្វី​ដែលខ្ញុំ​ប្រុង​ធ្វើនៅ​ថ្ងៃនេះ​ទេ​? បើមាន​ចម្លើយ​បដិសេធ​ច្រើន​ពេក​ចំពោះសំណួ​រនេះ​ មានន័យ​ថា វាជា​សញ្ញា​ដែលប្រាប់ថា​ត្រូវផ្លាស់​ប្តូរហើយ​។ ទម្លាប់​ពេលព្រឹក​របស់លោក Steve Jobs ឆ្លុះ​បញ្ចាំង​នូវសារៈ​សំខាន់​នៃ​ការ​មានយុទ្ធសាស្រ្ត​ប្រចាំថ្ងៃ​។

៤/ កុំនៅសំងំស្ងៀម

ពេលព្រឹក​មិនត្រឹមតែ​ជាពេលល្អ​ដើម្បីហាត់ប្រាណ​ទេ តែវា​ថែមទាំង​ជួយសម្រួល​អារម្មណ៍ និងធ្វើឱ្យ​យើងគ្រប់គ្រង​អារម្មណ៍បាន​ល្អទៀតផង​។ ​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក​លោកស្រី Condeleeza Rice មាន​ទម្លាប់ក្រោក​ពីដំណេក​នៅម៉ោង ៤និង៣០នាទី ព្រឹក​ដើម្បី​ហាត់ប្រាណ​ ហើយស្ថាបនិក​បណ្តាញ​សង្គម​ Tumblr ​គឺលោក Tim Karp ដើរទៅ​ធ្វើការ​រាល់ព្រឹក​។

៥/ ទម្លាប់ដឹងគុណ

នេះជា​ទម្លាប់អស្ចារ​បំផុតនៅ​ពេលព្រឹក គឺការ​ចំណាយ​ពេលពីរបីនាទី​សម្តែងការ​ដឹងគុណ​។ លោកស្រី Oprah Winfrey តែងតែ​ចំណាយ​ពេលព្រឹក​ដើម្បី​ស្តាប់​និងសរសើរ​សំឡេង​បក្សី និងមើល​ថ្ងៃរះ​។ មហាសេដ្ឋី John Paul DeJoria ក៏មាន​ទម្លាប់​ចំណាយពេល​៥នាទី​រាល់ព្រឹក​ដើម្បី​សម្តែងការ​ដឹងគុណ​ចំពោះ​អ្វីៗដែល​លោកមាន​។ ចំណែក​មេដឹកនាំ​សាសនា​ក្នុងលោក​ក៏ច្រើន​មាន​ទម្លាប់ផ្សាយ​មេត្តាចិត្ត​នៅពេលព្រឹកដែរ៕

ប្រភព ៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *