វិធី​ងាយៗ ដែលអាចជួយអោយអ្នកកែប្រែកែ​ទម្លាប់​អាក្រក់ ចេញពីជីវិតរបស់អ្នកបាន

ចែករំលែក

ទម្លាប់​ចាប់ផ្តើមផ្លាស់ប្តូរ​នៅពេលយើង​ចាប់ផ្តើមកែប្រែទស្សនៈ​របស់យើង​។ អារម្មណ៍​ជាកម្លាំងដ៏ខ្លាំងខ្លា​បំផុតនៅក្នុង​ខ្លួនមនុស្ស​យើង។ ស្ថិតនៅ​ក្រោម​ឥទ្ធិពល​នៃអារម្មណ៍​ មនុស្សយើងអាច​ធ្វើអ្វីៗបានទាំងអស់​។ អារម្មណ៍​ជា​ឥន្ធនៈសម្រាប់​យន្តហោះ​ ចំណែកចិត្តជា​អាកាយានិក​ ហើយកាលណា​អារម្មណ៍​និងចិត្តរួមគ្នា​ មនុស្សអាចរុញ​ច្រានពិភពលោក​នេះបាន​។​ អ្នកនិពន្ធ​សៀវភៅ ​7 Strategies for Wealth & Happiness ​លោក​ Jim ​Rohn​ បាន​បង្ហាញ​អារម្មណ៍មូលដ្ឋាន​៤​ដែលអាច​ប្រើប្រាស់​ដើម្បី​ធ្វើសកម្មភាព​អស្ចារបំផុត​ក្នុង​ការ​ផ្លាស់ទម្លាប់​មិន​ល្អ ​និង​កែ​ប្រែមាគ៌ា​ជីវិត​៖

១/ ស្អប់ខ្ពើម

អារម្មណ៍​ស្អប់ខ្ពើម​ច្រើន​តែត្រូវ​គេស្គាល់​ក្នុងន័យ​អវិជ្ជមាន​ ប៉ុន្តែ​បើប្រើ​ប្រាស់ក្នុងផ្លូវ​ល្អ អារម្មណ៍​មួយនេះអាច​កែប្រែ​ជីវិត​មនុស្ស​បាន។ មនុស្ស​ដែល​មានអារម្មណ៍​ស្អប់ខ្ពើម​បានដើរ​ដល់ចំណុច​មួយដែល​មិនអាចត្រឡប់​ក្រោយ​វិញ​បាន​។ ក្នុងន័យ​វិជ្ជមាន​អារម្មណ៍មួយ​នេះស្តែង​ចេញមកនៅ​ពេលមនុស្ស​ណាម្នាក់​និយាយថា​ គ្រប់គ្រាន់​គឺគ្រប់គ្រាន់​ហើយ​។ គេឆ្អែត​នឹងភាពក្រីក្រ​ ភ័យ​ខ្លាច ការមើល​ស្រាល និងការ​ឈឺចាប់​ទាំងអស់។​ គេសម្រេចចិត្ត​ថា នឹង​ឈប់​រស់របៀប​នេះ​តទៅទៀត​។

២/ សម្រេចចិត្ត

មនុស្សយើង​ភាគច្រើនត្រូវ​ការឱ្យគេរុញ​ច្រានរហូតទាល់​ច្រកដើម្បី​សម្រេចចិត្ត​។ ការសម្រេចចិត្ត​កែប្រែជីវិត​ប្រៀបដូច​ជាសង្រ្គាម​ស៊ីវិល​ក្នុងខ្លួន​មនុស្សម្នាក់​។ មានទាហាន​អារម្មណ៍​ពីរក្រុមដែល​ចាំតែផ្តល់ហេតុផល​ប្រជែងគ្នា​ ហើយប្រយុទ្ធគ្នា​ដើម្បីដណ្តើប​ការកាន់កាប់​លើចិត្តរបស់​យើង។​ មិនខ្វល់​ថា​លោកអ្នកធ្វើអ្វី​ទេ ត្រូវ​តែសម្រេច​ចិត្ត។​ ការសម្រេច​ចិត្តខុសប្រសើរ​ជាងការ​មិនសម្រេចចិត្ត​ទាល់តែ​សោះ។ មនុស្ស​យើងគ្រប់​គ្នាត្រូវតែ​ប្រឈម​នឹងព្យុះ​នៃអារម្មណ៍ ​ហើយត្រូវរៀប​ចំអារម្មណ៍​ទាំងនោះ​ឱ្យមាន​សណ្តាប់ធ្នាប់​។

៣/ ឆន្ទៈ

តើមនុស្សម្នាក់អា​ចមានឆន្ទៈបាន​ដោយរបៀបណា​? ឆន្ទៈ​ជាការ​តាំងចិត្ត​ដែលកើត​ចេញពី​ខាងក្នុង​ខ្លួនមនុស្សម្នាក់​ៗ ប៉ុន្តែ​គេអាច​ដាសវា​ឱ្យភ្ញាក់​ពី​ដំណេកដោយ​កម្លាំងខាងក្រៅ​ខ្លួនមនុស្ស​បាន​។ ពេលវេលា​និងការរៀបចំ​អាច​ធ្វើឱ្យអ្វីៗ​ស្ទើរតែគ្រប់​យ៉ាងរុញ​ច្រាន​ឆន្ទៈបាន​។ សម្រាប់​អ្នកខ្លះ​ កត្តា​ជំរុញ​ឆន្ទៈ​អាចជាចម្រៀង​មួយបទ​ ឬសម្តីល្អ​មួយឃ្លា​ ឬក៏សៀវភៅ​មួយក្បាល​។ ហេតុ​ដូច្នេះហើយ​ នៅពេល​ស្វែងរក​គន្លឹះចុច​បើកឆន្ទៈ​ លោក​អ្នកគួរស្វាគមន៍​រាល់​បទពិសោធន៍​វិជ្ជមាន​ទាំងអស់​ក្នុងជីវិត​។ កុំបង្កើត​រនាំងការពារខ្លួន​ពី​បទពិសោធន៍ជីវិត​ព្រោះថា​រនាំង​ដែលការពារ​លោកអ្នក​មិនឱ្យ​ខកចិត្ត​ ក៏ការពារ​ពន្លឺ​ព្រះអាទិត្យ​មិនឱ្យចាំង​ចូលជីវិត​លោកអ្នក​បាន​ដែរ។

៤/ តាំងចិត្ត

ការតាំង​ចិត្តគឺជាការអះអាង​ប្រាប់ខ្លួនឯងថា​ ខ្ញុំនឹង…​។ នៅ​ពេលមនុស្ស​ណាម្នាក់តាំង​ចិត្តធ្វើអ្វីមួយ​ គ្មាននរណា​អាចបញ្ឈប់​គេបានទេ​។ ពេល​មនុស្សណាម្នាក់​តាំងចិត្ត​រឹងប៉ឹង​ដើម្បីធ្វើអ្វី​ហើយ ​ពេលវេលា​ ជោគវាសនា​ និង​កាលៈទេសៈក៏​មិនអាច​រារាំងគេ​បានដែរ​។ សូមមើល​របៀបកូនក្មេង​រៀន​ដើរ​ដោយ​ការព្យាយាម​ក្រោក​ឈរម្តង​ហើយម្តង​ទៀតរហូត​ដល់គេ​ចេះដើរ​យ៉ាងស្ទាត់​ជំនាញបាន​។ បន្ទាប់​មកសូមសួរខ្លួន​ឯងថា តើខ្ញុំត្រូវការ​ពេលយូរប៉ុណ្ណា​ដើម្បី​ធ្វើឱ្យ​ក្តីសុបិន​របស់ខ្ញុំក្លាយ​ជាការពិត​? អ្នកជំនាញ​នឹងឆ្លើយ​សំណួរនេះ​ថា ​យូរប៉ុណ្ណា​ក៏ដោយ​ឱ្យតែ​សម្រេចបាន៕

ប្រភព ៖ Success Magazine

Leave a Reply

Your email address will not be published. Required fields are marked *