ជីវិតនឹងកាន់តែប្រសើរឡើង បើសិនជាអ្នកអនុវត្តន៍តាមវិធីទាំងអស់នេះ

ជីវិត

សុភមង្គល និងជោគជ័យ​របស់មនុស្សយើង​អាស្រ័យលើការ​គិតគំនិត​ស្ថាបនា ធ្វើការ​ដោយមានឆន្ទៈ​ និងបង្កើតទំនាក់ទំនង​រឹងមាំជាមួយ​អ្នកដទៃ​។ រឿងដែលល្អ​នោះគឺថាមនុស្ស​យើងអាចគ្រប់គ្រង​លើចំណុចទាំងអស់​នេះបានប្រសិនបើ​យើងសម្រេចជ្រើសរើស​ដើម្បីអភិវឌ្ឍខ្លួន​។ ខាងក្រោម​នេះជាចំណុច​ដែលត្រូវយកចិត្ត​ទុកដាក់រាល់ថ្ងៃ​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍខ្លួន​៖

១/ យកចិត្តទុកដាក់ចំពោះចិត្តខ្លួនឯង

ចិត្តរបស់​ជាធាតុ​ដែលជំរុញឱ្យ​អ្នកមានអារម្មណ៍​ល្អឬអាក្រក់។ ហើយ​អារម្មណ៍របស់អ្នក​ជំរុញឱ្យអ្នកធ្វើ​សកម្មភាព​។ លោកអ្នក​មិនអាចមាន​ទំនុចចិត្ត​បានទេប្រសិន​បើគំនិតរបស់​អ្នកពោពេញទៅ​ដោយចម្ងល់ និងការវាយតម្លៃ​មិនចេះ​ចប់​។ ការគ្រប់គ្រង​ចិត្តត្រូវប្រើពេល​ខ្លះ ប៉ុន្តែជំហា​នដំបូងគឺត្រូវដឹងខ្លួន​។ ត្រូវដឹងគ្រប់ពេល​នៃដំណើររបស់​ចិត្តដោយសួរខ្លួន​ឯងថា តើពេលនេះ​មានអ្វីនៅក្នុងចិត្ត​ ហេតុបានជា​បែបនេះ តើគំនិត​ទាំងនេះជួយអ្វី​បានទេ?

២/ ញែកអារម្មណ៍ចេញពីកិច្ចដែលអ្នកធ្វើ

យកចិត្តទុកដាក់​ចំពោះចិត្តខ្លួនឯង​មិនមែនមានន័យថា ត្រូវព្រងើយ​កន្តើយ ឬលាក់អារម្មណ៍នោះ​ទេ។ ប៉ុន្តែត្រូវបែង​ចែកអារម្មណ៍ឱ្យដាច់​ចេញពីសកម្មភាព​។ ឧទាហរណ៍ថា បើអ្នកមិនសប្បាយ​ចិត្តនឹងធ្វើការជា​មួយដៃគូក្នុង​គម្រោងណាមួយ​ អ្នកអាចទទួល​ស្គាល់អារម្មណ៍​នោះ រួចសម្រេចចិត្ត​ដាច់ដោយ​ឡែករកវិធី​ដោះស្រាយស្ថានការ​ជាក់ស្តែង។

៣/ ឈប់ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ

នៅជុំវិញខ្លួន​តែងតែមាន​មនុស្សដែលជោគជ័យ​ជាងអ្នកជានិច្ច​។ ល្បែង​ប្រៀបធៀបនឹង​ធ្វើឱ្យអ្នកមិនស្គាល់​ភាពស្កប់ស្កល់ទេ​។ អ្នកត្រូវតែមាន​គោលដៅ និងដែនកំណត់ផ្ទាល់​ខ្លួនដើម្បីស្វែង​រកខ្លឹមសារពិត​នៃជីវិត និងការព្យាយាម​របស់ខ្លួន​។ ខ្លឹមសារ​ជីវិតជាកត្តា​កំណត់ដែន​នៃការប្រៀបធៀប​ខ្លួនឯងជាមួយ​អ្នក​ដទៃ​។

៤/ បង្កើតពេលសម្រាប់ខ្លួនឯងឱ្យបានរាល់ថ្ងៃ

ពេលវេលា​ជាទ្រព្យសម្បត្តិ​ដែលមានតម្លៃបំផុត​។ ប្រសិនបើមនុស្ស​យើងយកចិត្តទុកដាក់លើ​របៀបប្រើប្រាស់​ពេលវេល យើងនឹង​មានឱកាសរស់ជីវិត​ដែលមានខ្លឹមសារ​ដូចក្តីប្រាថ្នា​។ រកពេលពីរបីនាទី​ដើម្បីគិតរក​របៀបដែល​អ្នកចង់ប្រើប្រាស់​ពេលវេលាដើម្បី​ឱ្យមានប្រយោជន៍​សម្រាប់ខ្លួនឯង​។

៥/ ធ្វើការងារថ្មីរាល់សប្តាហ៍

ភាពមមាញឹក និងទម្លាប់រាល់ថ្ងៃ​ធ្វើឱ្យមនុស្ស​វីវក់ក្នុងអន្ទាក់​នៃការងារ​។ ដើម្បីដោះខ្លួន​ចេញពីអន្ទាក់​បែបនេះ នៅរាល់​សប្តាហ៍ត្រូវកែ​ប្រែចំណុច​មួយចំនួនដែលអ្នក​មិនពេញចិត្តចំពោះ​ខ្លួនឯង តាមរយៈ​បង្កើតទម្លាប់ និងរៀន​ជំនាញថ្មីៗ​ដូចជារៀន​ធ្វើម្ហូប ឬអាន​សៀវភៅជាដើម​។

៦/ ស្តាប់សូម្បីតែក្នុងពេលដែលអ្នកចង់និយាយ

ការស្តាប់ជា​មធ្យោបាយរៀនសូត្រ​ដ៏មានឥទ្ធិពល​បំផុត ហើយក៏​ជាមធ្យោបាយនៃការ​បង្កើតទំនាក់ទំនង​ដែរ។ ប៉ុន្តែនៅ​ក្នុងសម័យ​បច្ចេកវិទ្យា​ដែលចូលចិត្តល្បឿន​ខ្លាំងជាងគេ​នេះ មនុស្សមើល​រំលងចំណុច​មួយនេះ។ ពេលសួរ​សំណួរ ត្រូវចាំស្តាប់​ចម្លើយជាជាង​ស្តាប់ទាំងគិត​រកពាក្យឆ្លើយ​តបវិញ។ ការស្តាប់​គេនិយាយ​ដោយយកចិត្តទុក​ដាក់គឺជាការ​ឱ្យតម្លៃខ្ពស់បំផុត​ទៅអ្នកនិយាយ៕

ប្រភព ៖ Success  Magazine

Leave a Reply

Your email address will not be published. Required fields are marked *