១០​ចំណុច​​សម្គាល់​ថា ​សង្សារ​អ្នក​លួច​មាន​ថ្មី និង​ដំណោះ​ស្រាយ​ឱ្យ​អ្នក​ទី​បី​ខ្ទាត​ចេញ

ស្នេហា

ជា​យុវវ័យ អ្នក​ណា​ក៏​ធ្លាប់​មាន​អារម្មណ៍​មួយ​នេះ​បន្លាច​ខ្លួន​ឯង​ សង្ស័យ​គេ ហើយ​ពេល​ខ្លះ​គិត​ថា​ដូចជា​ចម្លែក​ៗ គេ​តែង​ខ្លួន​ហើយ​លាក់​ទូរសព្ទ​ សួរ​មិន​សូវ​ឆ្លើយ​ចំ​សំណួរ! ស្រី​ៗ​ឧស្សាហ៍​ណាស់​អា​រឿង​សង្ស័យ​ថា គេ​ប្រហែល​កំពុង​​ទាក់​ទង​ស្រី​ថ្មី​ម្នាក់​ទៀត ឬ​មាន​A ​B​ C​ D ? មុន​នឹង​ឈាន​ដល់​ការ​វាយ​តម្លៃ ស្រីៗ​គួរ​សង្កេត​មើល​សកម្មភាព​របស់​មិត្ត​ប្រុស​លើ​ប៉ុន្មាន​ចំណុច​នេះ​សិន​ ដូច​ជា៖​

ទី​១ គេ​មាន​ពេល​ច្រើន​អត់​សម្រាប់​យើង​? គេ​ខុស​ពី​មុន? គេ​រវល់​ជាង​មុន?គេ​មាន​ពិបាក​ចិត្ត​ចំពោះ​ការ​រវល់​ហ្នឹង​អត់?

ទី២ គេ​ប្រចណ្ឌ​យើង​ខ្លះ​អត់?ពេល​យើង​ស្លៀក​ពាក់​ថ្មី តែង​ខ្លួន​ស្អាត​ៗ គេ​មាន​សួរ​ថា​យើង​ទៅ​ណា ទៅ​ជាមួយ​អ្នក​ណា?

ទី៣ គេ​មាន​និយាយ​ទូរសព្ទ​លួច​លាក់ ឬ​ដូរ​ Password អត់​?

ទី៤ មាន​ចុង​សប្តាហ៍​ណា​មួយ គេ​រវល់ ហើយ​មិន​ខ្វល់​ខល​មក​យើង​មួយ​ថ្ងៃ​បី​ដង ពេល​ក្រោក​ ពេល​បាយ ពេល​គេង​អត់​?

ទី៥ គេ​មាន​គេច​ៗ​ពី​ការ​និយាយ​គ្នា​រ៉ូមែនទិក ឬ​គេ​គេច​ៗ​មិន​ចង់​និយាយ​រឿង​អនាគត​អត់​?

ទី៦ គេ​ឆាប់​ខឹង​ពេល​យើង​សួរ​នាំ​អត់​?

ទី៧ គេ​មិន​សូវ​ចង់​ស្និទ្ធស្នាល​គ្នា​នៅ​មុខ​អ្នក​ផ្សេង​ដែរ​អត់​?

ទី៨ គេ​ប្តូរ​ម៉ូដ​សក់​ ប្តូរ​របៀប​ស្លៀក​ពាក់​ប្លែកៗ​?

ទី៩ ​គេ​ផ្តោត​អារម្មណ៍​បែប​ណា​លើ​យើង​នៅ​​ទី​សាធារណៈ ឬ​គេ​ទុក​យើង​ចោល​មួយ​ឡែក?

ទី១០ ឧស្សាហ៍​ប្រទះ​ឃើញ​គេ​លួច​ញញឹម​ស្ងាត់​ៗ​អត់?

ទំាងអស់​នេះ​អាច​ថា​មិន​សុទ្ធ​តែ​បញ្ជាក់​ថា​ គេ​មាន​ថ្មី​លាក់​យើង​ទេ តែ​អាច​ថា​ មាន​ចំណុច​ច្រើន​គួរ​​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​! បើ​យើង​ឃើញ​ថា គេ​ពិត​ជា​មាន​ចំណុច​ដូច​ខាង​លើ​ច្រើន​ ភាគ​រយ​ច្រើន​ណាស់​ដែល​ថា​គេ​អាច​នឹង​កំពុង​ត្រូវ​បាន​ព្យាយាម​ជ្រៀត​ចូល​ដោយ​អ្នក​ទី​បី។ ​

ខាងក្រោមនេះជា​វិធីសាស្ត្រ​មួយ​ចំនួន​ទៀត​ដើម្បី​ដោះស្រាយ៖

​បង្កើត​ឡើង​វិញ​ឱ្យ​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​បាត់បង់​យើង ​

តាម​ពិត​ពេល​នេះ បើ​គេ​កំពុង​មាន​អ្នក​ថ្មី​ ហើយ​លាក់​យើង គឺ​គេ​កំពុង​សិ្ថត​ក្នុង​ការ​ស្ទាក់ស្ទើរ​រវាង ​ការ​សាក​ល្បង​ជាមួយ​អារម្មណ៍​ថ្មី ហើយ​និង​ការ​បាត់បង់​សេចក្តី​សុខ​ដែល​ធ្លាប់​មាន​ជាមួយ​យើង។ ដូច្នេះ​ចូរ​ដាក់​សំណួរ​ម៉ឺងម៉ាត់​ចំពោះ​ខ្លួន​យើង!

​តើ​អ្វី​ទៅ​ជា​បញ្ហា​ធំ​ក្នុង​ទំនាក់ទំនង​កន្លង​មក​របស់​យើង​និង​គេ?

​ហេតុអ្វី​អ្នក​ថ្មី​អាច​ជ្រៀត​ចូល​បាន??

​រំឭក​ឡើង​វិញ ពេល​ណា​មួយ​ធ្លាប់​ជា​វេលា​វិសេស​បំផុត​រវាង​គេ​និង​យើង?

​គិត​អំពី​សំណួរ​ទាំងនេះ! គិត​ជ្រៅ​ គិត​ច្បាស់ តែ​មិន​រាយមាយ​ទេ គឺ​គិត​ដោយ​ភ្លឺ​ស្វាង!

កុំ​ផឹក​ស្រា កុំ​ចរចា​ជាមួយ​អ្នក​ផ្សេង​ពី​​រឿង​សម្ងាត់​នេះ កុំ​​ឱ្យ​ឮ​ដល់​ត្រចៀក​គេ!និយាយ​រួម​កុំ​​ឱ្យ​គេ​ដឹង​ខ្លួន! ការ​ឈ្លោះ​គ្នា ការ​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ការ​ជំរុញ​ផ្លូវ​បែក​ឡើង​​ឱ្យ​មក​ដល់​កាន់​តែ​ឆាប់ ព្រោះ​នេះ​ជា​ដំណាក់​កាល​ផុយ​ស្រួយ។

កន្លែង​ណាត់​ជួប

ជា​ធម្មតា យើង​មិន​សម​ថា​ភ្លេច​កន្លែង​ដែល​ធ្លាប់​ណាត់​ជួប​គ្នា​ដំបូង​ទេ​ហ្ន៎?​ វា​សំខាន់! ជា​កន្លែង​អាច​ផ្តល់​ជំនួយ​​ឱ្យ​គេ​គិត​ឡើង​វិញ! ទៅ​កន្លែង​នោះ ធ្វើ​ហាក់​កំពុង​មាន​សុភមង្គល​ខ្លាំង ​ហើយ​ធ្វើ​​ឱ្យ​គេ​នឹក​ឃើញ​រឿង​ល្អ​ត្រឡប់​មក​វិញ!

បង្ហាញ​ឥរិយាបថ​លើក​ទោស

ការ​អភ័យទោស​​ឱ្យ​គ្នា​ជា​រឿង​ដែល​មនុស្ស​ស្រលាញ់​គ្នា​ពូកែ​ធ្វើ​ជា​ទី​បំផុត​។​គេ​ឈប់​អភ័យ​ទោស​លើក​លែង​តែ​គេ​អស់​ស្រលាញ់!​ អ្នក​នឹង​មិន​អាច​បន្ត​ជាមួយ​គ្នា​ទៀត​បាន​ទេ ប្រសិន​បើ​យើង​មិន​អាច​អត់​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។បំភ្លេច​ចោល កុំ​និយាយ​រម្លឹក​​អ្វី​ដែល​បាន​កើត​ឡើង​ពី​មុន​មក​រវាង​គេ​និង​អ្នក​ផ្សេង។

កុំ​ទន់​ខ្សោយ ហើយ​រាយ​មាយ

វិធី​រាយមាយ​ទៅ​ទាក់​ទង​អ្នក​ផ្សេង​មិន​អាច​ជួយ​ឱ្យ​យើង​បាន​បេះដូង​គេ​ត្រឡប់​មក​វិញ​ទេ​ ថែម​ទំាង​បង្ក​ឱកាស​​ឱ្យ​គេ​អាច​ទម្លាក់​កំហុស​មក​លើ​យើង​វិញ​បាន។ អ្នក​គួរ​ធ្វើ​ឱ្យ​គាត់​ប្រចណ្ឌ តែ​ធ្វើ​តាម​របៀប​ឆ្លាត​វៃ​ មិន​មែន​របៀប​ធ្វើ​ឱ្យ​ខ្លួន​ឯង​អស់​តម្លៃ​នោះទេ​។

បង្ហាញ​ខ្លួន​យ៉ាង​មាន​កិត្តិយស​ជាមួយ​គេ

កុំ​បន្ទាប​ខ្លួន​ទៅ​ឈ្លោះ​ជាមួយ​អ្នក​ទី​បី!​ កុំ​ឱ្យ​តម្លៃ​ស្មើ​ភាព​គ្នា​ទៅ​កាន់​គេ ព្រោះ​នេះ​ជា​ឱកាស​ឱ្យ​គេ​បាន​ចេញ​មុខ​ប្រជែង​ជាមួយ​យើង​ពេញ​ទំហឹង៕

Leave a Reply

Your email address will not be published. Required fields are marked *