ការងារមួយចំនួនដែលអ្នកត្រូវធ្វើ បើសិនអ្នកចង់ក្លាយជាមនុស្សជោគជ័យ

ជីវិត

កាត់បន្ថយទម្លាប់មិនសូវមានប្រយោជន៍តាមរយៈការបង្កើតទម្លាប់ល្អៗដើម្បីប្រែក្លាយខ្លួនជាសហគ្រិនជោគជ័យ។ តើអ្នកដឹងទេថាការបង្កើតមុខជំនួញថ្មីៗជួបបរាជ័យច្រើនជាងជោគជ័យ? តើអ្នកដឹងទៀតទេថាហេតុអ្វីបានជាគេពិបាកបង្កើតជំនួញថ្មីឱ្យបានជោគជ័យ? មានកត្តាជាច្រើន ប៉ុន្តែកត្តាមួយចំនួនទាក់ទងនឹងរបៀបដែលស្ថាបនិកមុខជំនួញទាំងនេះចំណាយពេលក្រៅពីការងារ។ អ្នកអាចបង្កើនផលិតភាពការងារក្នុងពេលទំនេរបានតាមរយៈការអនុវត្តដូចខាងក្រោមនេះនៅពេលទំនេរ​​៖

១/ ហាត់ប្រាណ

ការហាត់ប្រាណមានប្រយោជន៍ទាំងផ្លូវកាយនិងផ្លូវចិត្ត។ មនុស្សដែលហាត់ប្រាណបាន៣០នាទីក្នុងមួយថ្ងៃ មានខួរក្បាលភ្លឺស្វាងច្រើនជាងមនុស្សដែលមិនហាត់ប្រាណ។ ជាងនេះទៅទៀត អ្នកហាត់ប្រាណមានអារម្មណ៍ល្អ មិនសូវមានភាពតានតឹង និងគិតបានរហ័សហើយច្បាស់លាស់។

 

២/ មានទម្លាប់ដែលចូលចិត្តក្រៅពីការងារ

តើអ្នកធ្លាប់សង្កេតឃើញ​មនុស្សជោគជ័យភាគច្រើន​តែងមានជីវិតផ្ទាល់ខ្លួនរីករាយនិងគួរឱ្យចាប់អារម្មណ៍ទេ ក្រៅពីការងារ? ជីវិតរីករាយនេះអាចកើតមានដោយសារគេជ្រើសរើសទម្លាប់ល្អៗមកធ្វើនៅពេលទំនេរពីការងារ។

 

៣/ រៀនយល់ដឹងអ្វីៗដែលថ្មី

ជោគជ័យអាចមានន័យថាការចិញ្ចឹមចិត្តឱ្យស្រឡាញ់ការរៀន។ បើអ្នកចង់បង្កើតការស្រឡាញ់ចំណេះដឹងដាក់ខ្លួន អ្នកត្រូវតែយល់ដឹងអ្វីៗដែលថ្មីជានិច្ច។ មនុស្សខ្លះចូលចិត្តរៀនភាសា ចំណែកមនុស្សខ្លះទៀតចូលចិត្តស្វែងយល់ដំណើរវិវត្តន៍នៃបច្ចេកវិទ្យា។ ភាគច្រើននៃចំណេះដឹងថ្មីៗទាំងនេះអាចជួយដល់ពាណិជ្ជកម្មរបស់គេវិញយ៉ាងច្រើន។

 

៤/ អានសៀវភៅ

វិធីល្អបំផុតដើម្បីដើរឱ្យទាន់ដំណើរអភិវឌ្ឍរបស់ពិភពលោកនេះគឺការអាន។ ទោះបីជាអ្នកស្វែងយល់ពត៌មានក្នុងស្រុកក្រៅស្រុក ឬសិក្សាប្រវត្តិរូបបុគ្គលជោគជ័យក្នុងប្រវត្តិសាស្រ្តក៏ដោយ ការអានសៀវភៅជួយអ្នក​បានយ៉ាងច្រើន​ព្រោះវាបង្កើតគំនិតច្នៃប្រឌិត ព្រមទាំងស្រូបយកទិន្នន័យនិងចំណេះដឹងដែលអ្នកត្រូវការចាំបាច់ក្នុងជីវិត។

 

៥/ ចែករំលែកទៅសង្គមវិញ

បើអ្នកដើរដល់ដំណាក់កាលមួយដែលលែងដឹង​ថាអ្វីសំខាន់បំផុតក្នុងជីវិតអ្នកក្រៅពីការងារ អ្នកគួរតែឆ្លៀតឱកាសខ្លះដើម្បីចែករំលែកអ្វីៗដែលអ្នកមានទៅឱ្យមនុស្សដែលត្រូវការ។ ការចែករំលែកទៅក្នុងសហគមន៍របស់អ្នកនឹងជួយផ្តល់គំនិតថ្មីដែលអាចយកមក​ប្រើប្រាស់ដើម្បីអភិវឌ្ឍមុខជំនួញឱ្យកាន់តែរីកចម្រើនបាន។

 

ប្រែសម្រួល​៖ វេហា

ប្រភព​៖ Entrepreneur

Leave a Reply

Your email address will not be published. Required fields are marked *