វិធីសាស្រ្ត ៦ យ៉ាងដែលធ្វើអោយអ្នកគ្រប់គ្រងមនុស្សយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!

ជីវិត

ជាទូទៅ ផ្នែកមួយដែលសំខាន់បំផុតដែលអ្នកត្រូវពង្រឹង ប្រសិនជាអ្នកចង់ក្លាយជាមនុស្សជោគជ័យនៅថ្ងៃខាងមុខ គឺធ្វើយ៉ាងណាអោយអ្នកចេះគ្រប់គ្រងមនុស្សបានល្អ។ មនុស្សគ្រប់គ្រងមនុស្សមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាមិនដូចជាមនុស្សគ្រប់គ្រងវត្ថុឥតជីវិតនោះឡើយ។

តើធ្វើយ៉ាងណាដើម្បីអោយអ្នកដឹកនាំល្អម្នាក់គ្រប់គ្រងមនុស្សអោយបានប្រសិទ្ធិភាព? ខាងក្រោមនេះជាវិធីទាំង៦យ៉ាងដែលអ្នកអាចអនុវត្តបាន៖

១. កុំធ្វើអោយគេខ្លាចក្នុងការនិយាយ រឺបញ្ចេញមតិ

ប្រសិនជាអ្នកចង់អោយការងារបានរីកចម្រើនទៅមុខ ខណះដែលអ្នកដែលនៅក្រោមបង្គាប់ខ្លួនពោរពេញទៅដោយគំនិតល្អ និងសមត្ថភាពខ្ពស់ អ្នកត្រូវធ្វើអោយយ៉ាងណាអោយពួកគេមានអារម្មណ៍មួយដែលមិនភ័យខ្លាចនៅក្នុងការបញ្ចេញរបស់ពួកគេ។ ការធ្វើបែបនេះធ្វើអោយពួកគេមានគំនិតច្នៃប្រឌិត ហើយហ៊ានបង្ហាញមកកាន់អ្នក ដូច្នេះអ្នកនឹងអាចបានប្រយោជន៍ពីពួកគេផង។

២. ប្រើប្រាស់មនុស្សតាមជំនាញ

ការប្រើប្រាស់មនុស្សតាមជំនាញគឺជារឿងដែលសំខាន់បំផុតមួយ ព្រោះថាបើកាលណាអ្នកមិនដឹងពីសមត្ថភាពរបស់គេត្រូវជាមួយផ្នែកអ្វីនោះទេ មិនថាអ្នកមានការងារច្រើនល្អប៉ុណ្ណាក៏ដោយ ក៏ពួកគេមិនអាចប្រើប្រាស់ទេពកោសល្យបានតាមសមត្ថភាពពិតប្រាកដរបស់ពួកគេដែរ។

៣. ធ្វើអោយគេស្រលាញ់ការងារច្រើនជាងប្រាក់ខែ

ប្រាក់បៀរវត្សអាចជាហេតុផលចម្បងមួយដែលធ្វើអោយមនុស្សជ្រើសរើសធ្វើការងារមួយ ប៉ុន្តែការគ្រប់គ្រងមនុស្សអោយជោគជ័យគឺនៅពេលដែលអ្នកអាចធ្វើអោយគេយល់ថាការងារមានតម្លៃជាងប្រាក់ដែលអ្នកផ្តល់អោយគេទៅទៀត។ អ្នកត្រូវតែបង្ហាញអោយគេឃើញថាអ្នកកំពុងតែជួយគេ ជៀសជាងអោយគេយល់អ្នកកំពុងតែជួលគេ។

៤. ផ្តល់អារម្មណ៍ទុកចិត្តអោយអ្នកក្រោមបង្គាប់

នៅក្នុងនាមជាមេដឹកនាំដ៏ល្អម្នាក់ អ្នកគួរតែធ្វើអោយអ្នកដទៃមានអារម្មណ៍សុវត្ថិភាពមួយ ពោលគឺពួកគេអាចទុកចិត្តលើអ្នកបាន។ កាលណាដែលអ្នកបង្ហាញអ្នកជាមនុស្សដែលគួរអោយគោរពទុកចិត្ត ពួកគេនឹងធ្វើអោយអ្នកលើសពីអ្វីដែលអ្នករំពឹងទុកពីពួកគេទៀតផង។

៥. សរសើរ និងពេញចិត្តការងាររបស់អ្នកក្រោមបង្គាប់

ការអោយតម្លៃទៅលើស្នាដៃរបស់បុគ្គលិកនីមួយៗ ថ្វីត្បិតតែពួកគេមិនបានសម្រេចអ្វីធំណាស់ណាក៏ដោយ គឺសុទ្ធតែជារឿងដ៏ចាំបាច់មួយប្រសិនជាអ្នកចង់អោយមនុស្សដែលនៅក្រោមបង្គាប់នោះគោរព និងស្រលាញ់អ្នក។ ជៀសវាងស្តីបន្ទោសនៅពេលដែលពួកគេធ្វើខុស អ្នកគួរតែព្យាយាមប្រាប់ពីកំហុស និងលើកទឹកចិត្តអោយពួកគេរៀនសូត្រពីកំហុសនោះវិញ។

៦. យកចិត្តទុកដាក់លើយោបល់ពួកគេ

មិនថាអ្នកពូកែខ្លាំងប៉ុណ្ណានោះទេ ពេលខ្លះអ្នកក៏ត្រូវការការជួយជ្រោមជ្រែងពីអ្នកដទៃដែរ ដោយការជ្រោមជ្រែងនោះអាចតាមរយះការបញ្ចេញមតិជាដើម។ ដូច្នេះប្រសិនអ្នកមនុស្សដែលនៅក្រោមបង្គាប់របស់អ្នកមានបានបញ្ចេញគំនិតអ្វីមួយនោះ អ្នកគួរព្យាយាមចំនាយពេលយកវាទៅគិត ក្រែងលោហ៍វាអាចមានប្រយោជន៍សម្រាប់អ្នក។ លើសពីនេះទៅទៀត វាក៏អាចធ្វើអោយពួកគេមានអារម្មណ៍ថាអ្នកអោយតម្លៃទៅពួកគេផងដែរ៕

អត្ថបទល្អផ្សេងទៀត៖ ខុងជឺ៖ អ្នកដឹកនាំប្រទេស និងរដ្ឋ ត្រូវជ្រើសរើសយកគោលការណ៍គុណធម៌មកដឹកនាំ!

តាម​ការ​សិក្សា​ទស្សន​វិជ្ជា​បូព៌ា​ប្រទេស គេបាន​ចាត់​ទុក ខុង ជឺ ជា​បិតា​សីល​ធម៌ ដែល​មាន​លក្ខណៈ​ជា​សាសនា ការ​អប់រំ​ និង​ជា​ច្បាប់​សីល​ធម៌​។ អ្នកប្រាជ្ញ ខុង ជឺ មាន​លក្ខណៈ​ជា​លទ្ធិ​មួយ ដែល​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា ​សីលធម៌ គុណ​ធម៌ មនុស្ស​ធម៌ ជា​ពិសេស​ចំពោះ​ជន​ជាតិ​ចិន​នា​សម័យ​នោះ។

ទស្សនៈ ខុង ជឺ ស្ដីពី​មនុស្ស​គ្រប់​រូប​ដែល​ល្អ​ជាង​គេ គឺជា​អ្នក​ដែល​រស់​នៅ​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មាន​គុណ​ធម៌ និងមេត្តា​ករុណា។ ការ​រស់​នៅ​ល្អ គឺ​អាច​សម្រេច​បាន​តែ​នៅ​ក្នុង​ទំនាក់​ទំនង ៥យ៉ាង ​របស់​មនុស្ស ​ដែល​ស្គាល់​ខ្លួន​ឯង ដោយ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ គុណ​ធម៌ កត្តញ្ញ​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន។

ទំនាក់​ទំនង​ទាំង​នោះ​មាន​ដូច​ជា “អ្នក​ដឹក​នាំ”​ ចំពោះ​មន្រ្តី​របស់​រដ្ឋ, “ឪពុក​ម្ដាយ” ចំពោះ​កូន, “ប្ដី” ចំពោះ​ប្រពន្ធ, “មនុស្ស​ចាស់” ចំពោះ​ក្មេង ហើយ​និង​មិត្ត​ភក្ដិ​ចំពោះ​មិត្ត​ភក្ដិ។ ខុង ជឺ យល់​ថា ដើម្បី​ឲ្យ​សង្គម​មាន​សណ្ដាប់​ធ្នាប់​ល្អ លុះ​ត្រា​តែ​ក្នុង​សង្គម​នោះ​មាន​ការ​ប្រតិបត្តិ​ត្រឹម​ត្រូវ តាម​ឈ្មោះ​ជា​មុន​សិន។

បាន​ន័យ​ថា មនុស្សម្នាក់ៗ​ ត្រូវ​តែ​ស្គាល់​ឈ្មោះ និង​មុខ​ងារ​តួនាទី​របស់​ខ្លួន​ឲ្យ​ច្បាស់។ គ្រប់​ឈ្មោះ​ទាំង​អស់​សុទ្ធ​តែ​មាន​មុខ​ងារ​ខុសៗ​គ្នា។បើ​ឈ្មោះ​ណា​មួយ​បំពេញ​មុខ​ងារ​របស់​ខ្លួន​មិន​ត្រឹម​ត្រូវ អ្នក​តំណាង​ឲ្យ​ឈ្មោះ​នោះ ក៏​មិន​ចាត់​ទុក​ថា​ជា​បុគ្គល​ល្អ​បាន​ដែរ។

ខុង ជឺ បាន​ជំរុញ​សាវ័ក​ឲ្យ​រិះ​គន់​អ្នក​គ្រប់​គ្រង​ប្រសិន​បើ​ពួក​គេ​ឃើញ​អ្នក​គ្រប់​គ្រង​អសីល​ធម៌។ គាត់​បាន​ចាប់​អារម្មណ៍​ក្នុង​សិទ្ធិ​អំណាច​នយោបាយ ហើយ​បង្កើត​គុណ​ធម៌ មិន​ប្រែ​ប្រួល​ ៥យ៉ាង ​ដែល​គាត់​បាន​ជឿ​ថា អ្នក​គ្រប់​គ្រង​គួរ​តែ​អនុវត្ត ក្នុង​ការ​គ្រប់​គ្រង​ប្រជា​ជន​របស់​ខ្លួន។ គុណ​ធម៌​ទាំង​នោះ​រួម​មាន មេត្តាធម៌, ភាពម៉ឺងម៉ាត់, ភាព​ស្មោះត្រង់, បញ្ញា និង​សច្ចធម៌។

ទស្សនៈ​ខុង ជឺ ឲ្យ​តម្លៃ​មនុស្ស​លើ​សីល​ធម៌ គុណធម៌ និង​យុត្តិធម៌។ ខុង ជឺ បាន​ហាម​មិន​ឲ្យ​ធ្វើ​សង្រ្គាម​ជា​ដាច់​ខាត បើ​ទោះ​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។ លោក​ចាត់​ទុក​ថា​សង្រ្គាម​ជា​ប្រភព​អមនុស្ស​ធម៌។

លោក​មិន​ពេញ​ចិត្ត ​ចំពោះ​អំពើ​ឃោរ​ឃៅ អមនុស្ស​ធម៌ ដែល​មនុស្ស​មួយ​ចំនួន​បាន​ប្រព្រឹត្ត​ទៅ​លើ​សត្វ និង​ទៅ​លើ​មនុស្ស​គ្នា​ឯង ដូច​ករណី​កង​ទ័ព​ចាប់​ឈ្លើយ​សង្រ្គាម​មក​កាត់​ដៃ កាត់​ជើង បោះ​ទៅ​លើ​ចុង​លំ​ពែង ចាប់​មនុស្ស​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ​ដូច​ស្រុះ​មាន់ ។ល។

អំពើ​ទាំង​នេះ​សុទ្ធ​សឹង​ជា​អំពើ​អមនុស្ស​ធម៌។ សីល​ធម៌ ខុង ជឺ សង្កត់​ធ្ងន់​ទៅ​លើ​ទស្សនៈ​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​ស្មារតី​អៀន​ខ្មាស ត្រូវ​ចេះ​យល់​នូវ​អ្វី​ដែល​ត្រឹម​ត្រូវ និង​មាន​យុត្តិ​ធម៌​ក្នុង​ជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *